អ្នកតវ៉ាប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃសុក្រទី១៦ខែកញ្ញាសប្តាហ៍មុននេះ ទាក់ទងនឹងជម្លោះដីធ្លីយ៉ាងយូរនៅតំបន់បឹងកក់ ដែលរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុនចិនអភិវឌ្ឍ ហើយដែលមានទំនាក់ទំនងជាមួយឧកញ៉ាម្នាក់។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយល់ព្រមប្រគល់ដី១២,៤៤ហិកតាឲ្យគ្រួសារនៅសល់ ក្រោយពីការបណ្តេញចេញ។
ការសម្រេចរបស់លោកហ៊ុន សែនធ្វើឡើងក្រោយពីធានាគារពិភពលោកផ្អាកប្រាក់កម្ចីកាលពីខែសីហា។
អ្នកភូមិបឹងកក់ខ្លះបានកម្មសិទ្ធិពីសាលាក្រុង តែអ្នកមិនមានឈ្មោះបានដី នៅតែបន្តតវ៉ា។ សាលាក្រុងភ្នំពេញពន្យល់ថា ពួកគាត់មិនមានឈ្មោះពីព្រោះផ្ទះរបស់គាត់សង់នៅលើបឹង។
អំពើហិង្សាកើតឡើង ក្រោយពីក្រុមហ៊ុនបញ្ជូនម៉ាស៊ីនឈូសដី២គ្រឿងបំផ្លាញផ្ទះនានា ហើយប៉ូលីសបំបែកការតវ៉ា។
ប៉ូលិសកាន់ខែល ដំបងឆក់ ហើយបានប្រើអំពើហិង្សាបំបែកបាតុករប្រហែល១៥០នាក់ ដែលជួបជុំគ្នានៅបឹងកក់។
លោកអំ សំអាត សកម្មជនសិទ្ធិមនុស្សលីកាដូនិយាយថា៖ «នេះជាការរំលោភទៅលើសិទ្ធិមនុស្សចំពោះប្រជាពលរដ្ឋ ក៏ដូចជាការរំលោភទៅលើផ្ទះសម្បែងឬក៏សិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពីព្រោះយើងមិនទាន់បានធ្វើការចរចាដោយសន្តិវិធីដើម្បីរកដំណោះស្រាយសមរម្យផង ហើយយើងទៅបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់គាត់ទៀតគឺធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រ»។
ក្រុមសិទ្ធិមនុស្សនិងបុគ្គលិកជំនួយបរទេសនិយាយថា មន្ត្រីរដ្ឋាភិបាលបានប្រើកម្លាំងបណ្តេញអ្នកភូមិដើម្បីយកដីលក់ឲ្យឈ្មួញបរទេស និងឈ្មួញក្នុងស្រុក។
ក្រុមតាមដានការបណ្តេញមនុស្សចេញពីផ្ទះសម្បែងឲ្យដឹងថា អ្នកភូមិ៣ម៉ឺននាក់ត្រូវបណ្តេញចេញពីដីរបស់ខ្លួនក្នុងឆាំ្ន២០១០ និង២៧.០០០នាក់ក្នុងឆ្នាំ២០០៩។ គេរំពឹងថា ក្នុងពេលពីរបីឆ្នាំទៀតនឹងមានការបណ្តេញអ្នកភូមិប្រមាណ១៤ម៉ឺននាក់ ក្នុងនោះមាន៧ឬ៨ម៉ឺននាក់នៅភ្នំពេញ។
មន្ត្រីរដ្ឋាភិបាលអះអាងថា ផែនការនេះគឺអភិវឌ្ឍរាជធានីភ្នំពេញ។ មានពលរដ្ឋជិត៤ពាន់គ្រួសារពាក់ព័ន្ធក្នុងជម្លោះដីធ្លីនៅបឹងកក់តាំងពីឆ្នាំ២០០៦មក។
បឹងកក់នៅភ្នំពេញនេះត្រូវចាក់ដីបំពេញដើម្បីសង់ផ្ទះប្រណិតដោយក្រុមហ៊ុនចិនឈ្មោះ Inner Mongolia Erdos Hongjun Investemt Corp ដែលសន្យាចំណាយ៣ពាន់លានដុល្លារសាងសង់ផ្ទះ ស្លដែក និងផលិតអគ្គិសនីនៅកម្ពុជា។
អ្នកភូមិ២.៧៥២គ្រួសារត្រូវបានបណ្តេញចេញពីផ្ទះនៅតំបន់បឹងកក់ហើយ ហើយ១.៥០០គ្រួសារមិនព្រមចេញ ដោយនៅតវ៉ារាល់ថ្ងៃ បដិសេធសំណងចំនួន៨.៥០០ដុល្លារ ឬផ្ទះថ្នូរនៅក្រៅទីក្រុង។ ការទាមទារចុងក្រោយរបស់អ្នកភូមិគឺដីនៅនឹងកន្លែងទំហំ៦៤ម៉ែត្រការ៉េក្នុងមួយគ្រួសារ។
ក្រុមហ៊ុនស៊ូកាកូអ៊ីងទទួលបានសម្បទានដីបឹងកក់នេះ ហើយមានផែនការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្ទះសម្រាប់លក់។ បឹងកក់ធ្លាប់ជាកន្លែងប្រជាប្រិយសម្រាប់អ្នកទេសចរមើលថ្ងៃលិចនៅរាជធានីភ្នំពេញ ហើយមានភោជនីយដ្ឋាន និងផ្ទះសំណាក់ជាច្រើនរបស់ប្រជាជនក្នុងតំបន់នេះ៕