ភ្នំពេញ៖ មន្ត្រីរដ្ឋបាលជលផលបាននិយាយថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១០នេះ បទល្មើសជលផលបានថយចុះ ក៏ប៉ុន្តែសកម្មភាពបង្រ្កាបបទល្មើសបានកើនឡើង២០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ លោកណៅ ធួក ប្រធានរដ្ឋបាលជលផល បានអះអាងថា លោកបានបញ្ជូនសំណុំរឿង ១១១ករណីទៅតុលាការ និងបានដាក់ពន្ធនាគារជនល្មើស ៥៤នាក់។
លោកណៅ ធួក ប្រតិភូរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានមានប្រសាសន៍នៅថ្ងៃព្រហស្បត៍នេះថា បទល្មើសនេសាទនៅក្នុងរយៈពេលប្រាំពីខែដើមឆ្នាំនេះ មានការថយចុះបើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំទៅ។
លោកបានមានប្រសាសន៍ថា មូលហេតុដែលបណ្តាលឲ្យបទល្មើសនេសាទបានថយចុះ ដោយសារតែប្រជាពលរដ្ឋបានយល់ដឹងអំពីការប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងមន្រ្តីជលផលបង្កើនសកម្មភាពការងាររបស់ខ្លួនក្នុងការបង្រ្កាបបទល្មើសនេសាទបន្ថែមទៀត ។
«ដោយសារថាឆ្នាំនេះ គឺតាំងពីចុងខែប្រាំមក មុននឹងដាច់រដូវនេសាទ គឺយើងបានចាត់គណកម្មការប្រាំ ចុះទៅបង្រ្កាបបទល្មើសនេះ ហើយបានចល័តកម្លាំងពីកន្លែងមួយទៅកន្លែងមួយជួយគ្នា បង្កើនសកម្មភាពនិងយ៉ាងខ្លាំងក្លា» ។
យោងតាមរបាយការណ៍ប្រាំពីខែដើមឆ្នាំ២០១០ របស់រដ្ឋបាលជលផលបានឲ្យដឹងថា បទល្មើស នេសាទ ដែលមន្រ្តីជលផលបានបង្រ្កាប បានមានចំនួន ១៧៧២ករណី គឺបានកើនឡើងចំនួន២៧៨ករណី លើសពីឆ្នាំទៅ ។
របាយការណ៍ដដែលបានបញ្ជាក់ថា មន្រ្តីជលផល បានរឹបអូសស្បៃមុងប្រមាណ៣២១.០០០ម៉ែត្រ លូស្បៃមុងនិងសាច់អួនជាង៣៧០០មាត់ អួនអូស៨០វង់ អាំងវ៉ិចទ័រឆក់ត្រីចំនួន៨៥៤៨គ្រឿង ព្រួលឬស្សី ជាង២៤៧.០០០ម៉ែត្រ និងស៊ងជាង៣៤៥កន្លែង ។
លោកណៅ ធួក បានមានប្រសាសន៍ថា ក្នុងចំណោមបទល្មើសនេសាទទាំងនោះ រដ្ឋបាលជលផល បានបញ្ជូនសំណុំរឿងចំនួន១១១ករណីទៅតុលាការ។ ក្នុងនោះ មានជនសង្ស័យចំនួន៤៣នាក់ ហើយតុលាការបានឃុំខ្លួនមនុស្សនៅក្នុងពន្ធនាគារចំនួន៥៤នាក់។ ព្រមទាំងពិន័យអន្តរកាលជាង២៤៧លានរៀល។
លោកគី វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មានប្រសាសន៍ថា បទល្មើសនេសាទ នៅក្នុងខេត្តកំពង់ធំ មានមិនតិចជាង៧០ករណីទេ នៅក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំនេះ។
លោកបានលើកឡើងថា លោកបានបញ្ជូនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទ ចំនួន១៣ករណី។
«នៅក្នុង២០១០នេះ ពីដើមឆ្នាំទល់និងពេលនេះ គឺយើងបានខិតខំទប់ស្កាត់នូវការបង្រ្កាបបទល្មើសតាំងពីនៅតាមដងទន្លេ»។
លោកគល់ ឆាំ ប្រធានសហគមន៍នេសាទព្រៃប្រស់ ខេត្តកំពង់ធំ បានមានប្រសាសន៍ថា បទល្មើស នេសាទនៅក្នុងសហគមន៍របស់លោកថយចុះ ដោយសារតែសមាជិកសហគមន៍បានបង្កើនវិធានការការពារ។
«ការយាមកាមរបស់គណៈកម្មការ ហើយនិងការដើរប្រកាស ចាក់មេក្រូ ប្រកាសតាមសមាជិកសហគមន៍ តាមភូមិឲ្យយល់ពីភារកិច្ច ការបិទនេសាទរដូវត្រីពង»។
កាលពីថ្ងៃទី៩ខែមេសា កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានដាក់វិធានការឲ្យមន្រ្តីរដ្ឋបាលជលផល ពង្រឹងការគ្រប់គ្រងទៅលើធនធានជលផល។ ក៏ប៉ុន្តែបទល្មើសជលផលនៅតែបន្តកើតមានឡើង ជាពិសេស នៅរដូវបិទនេសាទនេះ បើតាមការបញ្ជាក់របស់មន្រ្តីជលផល៕