វ៉ាស៊ីនតោន៖ កាលពីចុងសប្តាហ៍កន្លងមកនេះ អ្នកនិពន្ធសៀវភៅស្តីពីរបបខ្មែរក្រហមម្នាក់បានរៀបចំកម្មវិធីរៃអង្គាសថវិកាដើម្បីយកទៅជួយដល់វិស័យអប់រំនៅប្រទេសកម្ពុជា។
អ្នកនិពន្ធសៀវភៅប្រវត្តិផ្ទាល់ខ្លួនស្តីពីរបបខ្មែរក្រហមកំពុងរៃអង្គាសថវិកាដើម្បីយកទៅជួយកសាងសាលារៀនមួយនៅប្រទេសកម្ពុជា ដោយការប្តេជ្ញាចិត្តនិងក្តីសង្ឃឹមថា បើកុមារមានចំណេះដឹងគ្រប់គ្រាន់ ក្នុងពេលអនាគតពួកគេនឹងមានការពិចារណាត្រឹមត្រូវ មិនបម្រើមនោគមន៍វិជ្ជាផ្តេសផ្តាសដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងអន្លង់មហន្តរាយ ដូចសម័យប៉ុល ពតទៀតទេ។
លោកអ៊ឹង គីឡុង អាយុ៥០ឆ្នាំ ជាពលរដ្ឋខ្មែរអាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនស្តីពីរបបខ្មែរក្រហមដែលមានចំណងជើងថា “ស្លឹកមាស” ឬ“Golden Leaf” បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា លោកនិងក្រុមមិត្តភ័ក្រកំពុងជួយសាងសង់សាលាបឋមសិក្សាមួយក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដោយលោកបានមើលឃើញពីការលំបាកដែលសិស្សសាលានៅទីនោះកំពុងមានការខ្វះខាតចាប់តាំងពីសម្លៀកបំពាក់ សាលារៀនរខេករខាក មានជញ្ជាំងឈើធ្លុះធ្លាយ និងគ្រូបង្រៀននៅពុំទាន់ទទួលបានការឧបត្ថម្ភគ្រប់គ្រាន់ជាដើម។
“ខ្ញុំមកស្រុកគេនេះដូចជាមានសំណាងអញ្ចឹង ម៉្លោះហើយខ្ញុំចង់ជួយស្រុកខ្មែរ ព្រោះថា បើយើងចង់ជួយស្រុកខ្មែរ ទៅថ្ងៃមុខថ្ងៃក្រោយទៅ កូនខ្មែរមានមុខមានមាត់មានធ្វើអីជួយស្រុកទេសឱ្យបានល្អ ព្រោះថា ជំនាន់ពីដើមយើងអត់សូវចេះដឹងអី ដល់ពេលមានរឿងអីទៅ ដូចសម័យខ្មែរក្រហមអីអញ្ចឹង ពួកកូនក្មេងហ្នឹងទៅធ្វើជាកងខ្មែរក្រហម។ គ្នាអត់សូវចេះអក្សរចេះអី ម៉្លោះហើយយើងធ្វើសាលាឱ្យកូនក្មេងបានរៀនចេះដឹង។ ទៅថ្ងៃមុខថ្ងៃក្រោយទៅក្រែងបានប្រទេសយើងឡើង"។
ជាអ្នកដែលបានកើតក្នុងខេត្តបាត់ដំបង លោកអ៊ឹង គីឡុង បានមករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧៩។ ក្នុងសៀវភៅ «ស្លឹកមាស» ដែលចេញផ្សាយកាលពីខែសីហា ឆ្នាំ២០០៩កន្លងមកនេះ លោកអ៊ឹង គីឡុងបានបញ្ជាក់រៀបរាប់ថា លោកបានភៀសខ្លួនចេញពីប្រទេសកម្ពុជាជាមួយនឹងបងស្រី បន្ទាប់ពីម្តាយឪពុក និងបងប្អូនស្រីដទៃទៀតរបស់លោកត្រូវបានក្រុមខ្មែរក្រហមសម្លាប់ចោល ហើយតាមរយៈសៀវភៅនេះ លោកសង្ឃឹមថា នឹងអាចឱ្យអ្នកនៅក្រៅប្រទេសកម្ពុជា បានយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីប្រទេសកម្ពុជាក្នុងពេលអតីតកាល បច្ចុប្បន្នកាល និងស្មារតីតស៊ូនៃជនជាតិខ្មែរ។
«ខ្ញុំចង់ឱ្យប្រជាជនមួយពិភពលោកមើលមកស្រុកខ្មែរ ថា អូ៎ នេះស្រុកខ្មែរគឺជាដី គឺជាស្រុកកំណើតរបស់មនុស្សដែលអាចតស៊ូរស់បាន ដល់អញ្ចឹងទៅ មនុស្សដែលរស់នៅ គឺជាមនុស្សស្លឹកមាសស្លឹកធម្មតាគឺរលាយ និងរលួយ តែស្លឹកមាសឥតរលួយទេ វេទនាមែន ប៉ុន្តែចេះអាចនៅតស៊ូបាន។ សព្វថ្ងៃនេះ នៅស្រុកខ្មែរសុទ្ធតែស្លឹកមាសច្រើន ហើយទាំងអស់គ្នាដែលនៅរស់នៅសព្វថ្ងៃ”។
ក្រោយពីការចេញផ្សាយសៀវភៅនេះ លោកបានបង្កើតមូលនិធិ Golden Leaf សម្រាប់ការសិក្សាដើម្បី ជួយផ្តោតកាន់តែច្រើនលើវិស័យអប់រំនៅកម្ពុជា។ ក្រុមសមាជិកមូលនិធិនេះបានរៀបចំការជួបជុំគ្នាមួយនៅក្នុងទីក្រុង Portland រដ្ឋOregon កាលពីចុងសប្តាហ៍កន្លងមកនេះ នៅក្នុងកម្មវិធីដែលមានការជួបជុំទៅដោយមន្ត្រីសំខាន់ៗនៅក្នុងរដ្ឋ។ មានការចូលរួមពីបវកញ្ញាប្រចាំរដ្ឋ Oregon និងមន្រ្តីស្ថានទូតកម្ពុជាដើម្បីរៃអង្គាសថវិកាបន្ថែម។
លោកហែម ហេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកដែលបានចូលរួមក្នុងពិធីនោះ បានបញ្ជាក់ប្រាប់វីអូអេថា ចំនួនសកម្មភាពសប្បុរសរបស់ជនជាតិខ្មែរនៅអាមេរិក ជួយដល់ប្រទេសកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយ ហើយលោកបានលើកទឹកចិត្តឱ្យសហគមន៍ខ្មែរនៅអាមេរិកបន្តជួយឧបត្ថម្ភដល់ការងារខាងវិស័យអប់រំ និងវិស័យផ្សេងៗទៀតនៅកម្ពុជា។
«ក្នុងនាមយើងជាខ្មែរ ទោះបីជាយើងទៅរស់នៅដល់ទីណាក៏ដោយ ទោះបីយើងមានសញ្ជាតិណាក៏ដោយ ក៏យើងនៅមានឈាមជាខ្មែរដែរ។ ហើយនៅពេលណាដែលយើងនៅមានឈាមជាខ្មែរ យើងនៅតែនឹកឃើញខ្មែរយើងជានិច្ច។ ដូច្នេះហើយដើម្បីបញ្ជាក់នូវការនឹក និងការអាណិតអាសូរនេះ គឺស្នើសុំឱ្យបងប្អូនយើងជួយតាមលទ្ធភាពណាក៏បានដែរ ដើម្បីជួយនៅក្នុងការអភិវឌ្ឍប្រទេសជាតិផ្នែកអប់រំក្តី ផ្នែកសុខាភិបាលក្តី សង្គមកិច្ចក្តី គឺថា យើងអាចជួយឧបត្ថម្ភគាំទ្រនៅក្នុងការកសាងប្រទេសជាតិដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា»។
ក្រុមអ្នករៀបចំមានគម្រោងរៀបចំការជួបជុំដើម្បីរៃអង្គាសថវិកានេះជារៀងរាល់ឆ្នាំ ក្រោយពីជោគជ័យនៃពិធីមួយ កាលពីចុងសប្តាហ៍នេះ៕