ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ចង់​បាន​របាយការណ៍​ពីការ​ដោះ​លែង​អតីត​មេប៉ូលីសខេត្ត


រូបភាព​រថយន្ត​ដឹក​ឈើ​នៅ​​ក្នុង​ប្រទេស​កម្ពុជា។ លោក យឿង បាលួង​ ​អតីត​ស្នងការ​ខេត្តរតនគីរី​ ​ត្រូវបាន​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគា​រយៈ​ពេល​១៣​ឆ្នាំ​ ​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ ​ខេត្ត​រតនគីរី។
រូបភាព​រថយន្ត​ដឹក​ឈើ​នៅ​​ក្នុង​ប្រទេស​កម្ពុជា។ លោក យឿង បាលួង​ ​អតីត​ស្នងការ​ខេត្តរតនគីរី​ ​ត្រូវបាន​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគា​រយៈ​ពេល​១៣​ឆ្នាំ​ ​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ ​ខេត្ត​រតនគីរី។

ភ្នំពេញ៖ លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​ទៅលើ​ករណី​ទណ្ឌិត​ យឿង​ បាលួង ​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ដោះលែង​ចេញ​ពី​ពន្ធនាគារ។ ទណ្ឌិត​ យឿង បាលួង ​អតីត​ស្នងការ​ខេត្តរតនគីរី​ត្រូវបាន​តុលាការ​កាត់ឱ្យ​ជាប់​ពន្ធនាគារ​ រយៈពេល១៣​ឆ្នាំពីបទ​ជាប់ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក៏ប៉ុន្តែ​លោក​ទើបតែ​ជាប់ពន្ធនាគារ​បាន​៥ឆ្នាំ​ប៉ុណ្ណោះ​ ត្រូវបាន​អនុរក្ស​ពន្ធនាគារ ​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​រហូត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​បណ្តាល​ឱ្យមនុស្ស​បីនាក់​របួស។

លោក​យឿង បាលួង ​អតីត​ស្នងការ​ខេត្តរនគីរី ​ត្រូវបាន​តុលាការ​កាត់​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​ ១៣ឆ្នាំ​ ពីបទ​ជាប់ពាក់ព័ន្ធ​នឹង​អំពើពុក​រលួយ​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅតំបន់​កន្ទុយនាគ​ខេត្តរនគីរី។

ពិរុទ្ធជន​យឿង បាលួង​ ត្រូវបាន​អនុរក្ស​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំកាល​ពីថ្ងៃទី​១៥ ខែមករា​កន្លង​ទៅ​នេះ​ដោយ​សង្ស័យ​ថា​ជា​ការដោះលែង​ដោយ​ខុស​ប្រក្រតី។ នេះ​បើតាម​ការអះអាង​របស់​មន្រ្តី​សិទ្ធិមនុស្ស។

លោក​យឿង បាលួង​ បន្ទាប់ពី​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​បីរូប​ទទួល​រងរបួស​ដែល​បច្ចុប្បន្ន​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ វៀតណាម។

លោកស្រី​មូរ សុខហួរ ​អ្នកតំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​នៃ​មណ្ឌល​ខេត្ត​កំពត​បាន​សរសេរ​លិខិត មួយ​ច្បាប់​កាលពី​ថ្ងៃទី២៨ ខែម​ករា តាមរយៈ​លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា ​ដើម្បី​ផ្ញើ​ជូន​ទៅ​លោក ឧបនាយករដ្ឋមន្រ្តី​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ឱ្យ​ឆ្លើយបំភ្លឺ​និង​ផ្តល់​របាយការណ៍​ស្តីពី​ការស៊ើបអង្កេត​រក​អ្នកទទួលខុស​ត្រូវ​ចំពោះ​ឧបទ្ទវហេតុ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​និង​ដោះលែង​ទណ្ឌិតយឿង បាលួង​ឲ្យ​នៅ​ក្រៅឃុំ។

លោក​ហេង សំរិន​ ប្រធា​នរដ្ឋសភា​កាលពី​ថ្ងៃអង្គារ​ បាន​បញ្ជូន​លិខិត​នេះ​ទៅ​ក្រសួងមហាផ្ទៃ ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​និង​ឆ្លើយបំភ្លឺ។

លោកស្រី​មូរ សុខហួរ​ បាន​មានប្រសាសន៍ថា​ ការស៊ើបអង្កេត​ជារឿង​សំខាន់​ណាស់​ពីព្រោះ​ពាក់ព័ន្ធ​ទៅ នឹង​នីតិវិធី​របស់​រដ្ឋាភិបាល។

លោកស្រី​បាន​មានប្រសាសន៍​ទៀតថា​យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា ​ជាប្រទេស​មួយ​ដែល​យកច្បាប់មក​អនុវត្ត​ដើម្បី​កុំឲ្យ​មានភាពលំអៀង​និង​ការរើសអើង។

«ខ្ញុំ​ចង់ដឹង​ថា ​តើនរណា​ជា​អនុញ្ញាត​ឲ្យ​ទណ្ឌិត​នេះ​ចេញ?​ តើ​នរណា​ទទួល​ខុសត្រូវ​ទៅលើ​ការអនុញ្ញាត​នោះ។ ដូច្នេះ​ ការចេញ​នេះ ​ការចេញ​ដោយ​មាន​ការរំលោភ​ទៅលើ​ច្បាប់​នីតិវិធី​នៅក្នុង​ការគ្រប់គ្រង​ ទណ្ឌិត»។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ ​អ្នកនំាពាក្យ​ក្រសួងមហា​ផ្ទៃ​ពុំអាច​ស្នើសុំ​ទំនាក់ទំនង​បានទេ​ នៅថ្ងៃអង្គារ​នេះ​ ក៏ប៉ុន្តែ​កាលពី​សប្តាហ៍​មុន ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ​បាន​បញ្ចប់​ការស៊ើបអង្កេត​របស់​ខ្លួន​ហើយ​ពាក់ព័ន្ធទៅ​នឹង​ករណី​ដោះលែង​ទណ្ឌិតយឿង បាលួង​ នេះ។

លោក​គុយ ប៊ុនសន ​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ពន្ធនាគារ​របស់​ក្រសួងមហាផ្ទៃ​មិនបាន​បញ្ជាក់​លម្អិត​អំពី​របាយការណ៍​នេះទេ​ដោយ​លោក​គ្រាន់តែ​បាន​មាន​ប្រសាសន៍​យ៉ាង ​ដូច្នេះថា៖

«ជា​ការចប់​សព្វគ្រប់​ហើយ​បាន​បញ្ជូន​របាយការណ៍​ស្ថិត​ក្នុង​ការធ្វើ​សេចក្តី​សម្រេច»។

លោកប៉ែន​ ប៊ុនណា​ មន្រ្តី​ផ្នែក​ស៊ើបអង្កេតរ​បស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តរតនៈគីរី​ បាន​មាន​ប្រសាសន៍​ថា​មាន​របាយការណ៍​ពីរ​ផ្ទុយគ្នា​បាន​លើក​ឡើង​រវាង​របាយការណ៍​របស់​ប៉ូលីស​និង​សាក្សី​ឃើញ​ផ្ទាល់ភ្នែក។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ប៉ូលីស​បាន​និយាយ​ថា ​លោក​យឿង បាលួង ​មិន​បាន​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួន​លោក​ផ្ទាល់​ទេ​គឺ​ក្មួយប្រុស​របស់​លោក​ជាអ្នកបើកបរ។ ចំណែក​ឯ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​ថា​លោក​យឿង បាលួង​ បាន​បើកបរ​តែ​ម្នាក់​ឯង​ទេ ​នៅក្នុង​ឧបទ្ទវហេតុ​នោះ។

លោក​ប៉ែន ប៊ុនណា ​បាន​មានប្រសាសន៍​ទៀតថា ​យើងចង់​ឲ្យ​ក្រសួង​មហាផ្ទៃ​បំភ្លឺ​ឲ្យ​បាន​ច្បាស់ ដើម្បី​បង្ហាញ​ការពិត ​និង​ភាពស្មើ​គ្នា​ចំពោះ​មុខច្បាប់៕

XS
SM
MD
LG