ប្រទេសកម្ពុជា បានផ្តល់អំណាចដល់តុលាការធ្វើសេចក្តីសម្រេចលើការដាក់ពាក្យសុំរដ្ឋប្បវេណីរបស់អនិតិជន ដើម្បីការពារសិទ្ធិនឹងផលប្រយោជន៍របស់ខ្លួន។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់បន្ថែមថ្មីមួយនៅថ្ងៃពុធនេះ ដើម្បីអនុញ្ញាតឱ្យតុលាការធ្វើការដោះស្រាយទៅលើករណី រដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង ដែលបានស្នើសុំឲ្យតុលាការជួយការពារសិទ្ធិនឹងផលប្រយោជន៍របស់ខ្លួនតាមផ្លូវច្បាប់។
ច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណី ដែលមិនមែនជាបណ្តឹងថ្មីនេះ ផ្តល់សិទ្ធិអំណាចដល់តុលាការដោះស្រាយ ១១១ ចំណុចនៅក្នុងក្រមរដ្ឋប្បវេណីពាក់ព័ន្ធ នឹងអនីតិជនដែលទទួលបានអតាទិនភាព (ការបំពេញភាពស្របរហូតដល់មរតក)។
ច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណី ដែលមិនមែនជាបណ្តឹងថ្មីដែលមាន ៥៦ មាត្រានេះបានបញ្ជាក់បន្ថែមលើក្រមនីតិវិធីរដ្ឋប្បវេណី ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តនៅក្នុងឆ្នាំ២០០៦ កំពុងតែអនុវត្តបន្តការអនុវត្តន៍ចាប់ពីខែ កក្កដា ឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងថា ការអនុម័តច្បាប់នេះគឺជាសក្ខីភាពមួយ បង្ហាញឱ្យឃើញពីការគាំទ្រ និងការចូលរួមជម្រុញការងារកែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។
"ខ្ញុំសូមប្តេជ្ញាធ្វើការផ្សព្វផ្សាយ នឹងការគ្រប់គ្រងក្នុងការអនុវត្តន៍ច្បាប់របស់យើងនេះ ឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដូចដែលឯកឧត្តម នឹងលោកជំទាវចង់បានទាំងអស់គ្នា" ។
លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ច្បាប់នេះតម្រូវឱ្យតុលាការធ្វើសេចក្តីសម្រេចតាមពាក្យសុំរបស់ភាគី ដោយសារច្បាប់នេះគ្មានភាគី ជម្លោះ គ្មានដើមបណ្តឹង នឹងគ្មានចុងចោទទេ ប៉ុន្តែមានអ្នកដាក់ពាក្យសុំដើម្បីទទួលបាននូវសេចក្តីសម្រេចការពារផលប្រយោជន៍របស់ខ្លួន។
"ច្បាប់នេះមានសារៈសំខាន់សម្រាប់ការប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់គាត់ ឬការពារផលប្រយោជន៍របស់បុគ្គលដទៃដែលជាញាតិរបស់គាត់។ គាត់ត្រូវតែមានអំណាចតាមផ្លូវច្បាប់សិន។ អំណាចតាមផ្លូវច្បាប់នេះត្រូវប្រកាសដោយតុលាការ ដូចជាអ្នកបាត់ខ្លួន សួរថាទ្រព្យសម្បត្តិ នរណាជាអ្នកគ្រប់គ្រង?។ ការគ្រប់គ្រងនោះអាចធ្វើឱ្យខូចទ្រព្យសម្បត្តិ របស់អ្នកបាត់ខ្លួន ឬអ្នកកំពុងគ្រប់គ្រងបាត់ប្រយោជន៍ក៏មាន" ។
លោក ហ៊ី សោភា បានលើកឧទាហរណ៍ថា អនិតិជនចង់រៀបការ គាត់មានសិទ្ធិដាក់ពាក្យសុំទៅ តុលាការ ដើម្បីឱ្យតុលាការអនុញ្ញាតឱ្យគាត់រៀបការ។ បើអនីតិជនអាចទ្រទ្រង់ជីវភាពរបស់គាត់បាន និងមានការកេងប្រវ័ញ្ចណាមួយពីឱពុកម្តាយ អនីតិជននោះអាចដាក់ពាក្យសុំទៅតុលាការឱ្យតុលាការប្រកាសថា គាត់អាចធ្វើសកម្មភាពដូចជានិតិជន ដើម្បីគ្រប់គ្រងទ្រព្យ នឹងសកម្មភាពគតិយុត្តិផ្សេងទៀត។ បើប្តីប្រពន្ធព្រមព្រៀងលែងលះគ្នា ច្បាប់នេះតម្រូវឱ្យដាក់ពាក្យសុំទៅតុលាការដើម្បី ឱ្យតុលាការចេញសេចក្តីសម្រេចប្រកាសថាចំណងអាពាហ៍ពិពាហ៍ត្រូវបានកាត់ផ្តាច់។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសំ រង្ស៉ីបានបញ្ចាក់ថា យើងមិនចំាបាច់បង្កើតច្បាប់ថ្មីទេ ។ បើយើងឃើញមានមាត្រាមិនត្រឹមត្រូវណាមួយនៅក្នុងក្រមនិតិវិធីរដ្ឋប្បវេណី ឬក្រមរដ្ឋប្បវេណី យើងត្រូវធ្វើវិសោធនកម្មមាត្រានោះ ដើម្បីឱ្យការអនុវត្តន៍ទៅបានត្រឹមត្រូវ។
"ខ្ញុំឃើញមានចំណុចជាច្រើនដែលធ្វើឱ្យព្រួយបារម្ភពាក់ព័ន្ធនឹងសំណើនៃសេចក្តីព្រាងច្បាប់នេះ។ មានមូលដ្ឋានណាដែលអាចថា យើងចាំបាច់ឱ្យមានការបង្កើតឱ្យមានច្បាប់ថ្មីនោះទេ" ។
ប្រទេសកម្ពុជាមិនដែលមាននីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹងនេះទេ ប៉ុន្តែមានតែនីតិវិធីបណ្តឹង ៕