ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាស៊ី​ជួបគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់


លោក​មូសាហ៊ីត ហ៊ូសសេនសៃ​ ​​អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ម៉ូស្លីម​របស់​ប្រទេស​ប៉ាគីស្ថាន ​និង​ជា​អគ្គ​លេខាធិការ​ ICCAPP​ (ស្តាំ) និងលោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន​ក្នុង​ពិធី​ចុះ​​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ភ្នំពេញ។​
លោក​មូសាហ៊ីត ហ៊ូសសេនសៃ​ ​​អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ម៉ូស្លីម​របស់​ប្រទេស​ប៉ាគីស្ថាន ​និង​ជា​អគ្គ​លេខាធិការ​ ICCAPP​ (ស្តាំ) និងលោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន​ក្នុង​ពិធី​ចុះ​​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ភ្នំពេញ។​

ភ្នំពេញៈ មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន​៩៥​ មកពី​ប្រទេស​អាស៊ីប៉ាស៊ីភិក​ចំនួ៤៤​ បាន​ជួប​ជុំ​គ្នា​នៅក្នុងសន្និសីទ​អន្តរជាតិ​ស្តីពី​គណបក្ស​នយោបាយ​នៅ​ថ្ងៃព្រហស្បត៍នេះ​ ដើម្បី​ពង្រឹង​តួនាទី​របស់​ពួកគេ​នៅក្នុងតំបន់ ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច ​ដោះស្រាយ​បញ្ហា​បរិដ្ឋាន ​និង​បញ្ហា​ថាមពល ហើយ​មេដឹកនាំ​ទាំងនោះ​ ​ក៏បានស្នើ​ឱ្យ​មានការ​សហការ​គ្នា​ឲ្យកាន់​តែ​ជិត​ស្និត​ផង​ដែរ​។

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះថា ប្រទេស​នៃ​តំបន់​អាស៊ីប៉ាស៊ីភិក​ទាំងអស់​ត្រូវតែ​រួបរួម​គ្នាសម្រាប់​ការរីក​ចម្រើនផ្នែក​សេដ្ឋកិច្ច​ផង ​និង​សម្រាប់​ដោះស្រាយ​បញ្ហា​នៅក្នុង​តំបន់​ផង។

«កិច្ច​ប្រឹងប្រែង​រួមគ្នា​រវាង​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាស៊ី គឺ​ជា​ការចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​ការ​ដោះស្រាយ​ទាំង​នៅក្នុង​ក្របខណ្ឌ​តំបន់​ ទាំង​នៅក្នុង​ក្របខណ្ឌ​ពិភពលោក​ទាំងមូល ​ដែល​ជំរុញ​បង្កើត​កំណើន​ផ្ទៃក្នុង តាមរយៈ​គោលនយោបាយ​ជំរុញ​កំណើន​សេចក្ដី​ត្រូវការ​ក្នុងស្រុក ​និងការ​លើកស្ទួយ​ពាណិជ្ជកម្ម​ផ្ទៃក្នុង​តំបន់»។

ប្រជាពលរដ្ឋ​នៅ​តំបន់​អាស៊ីប៉ាស៊ីភិក​ ​មាន​ចំនួន​៣.៩០០លាននាក់​។ នេះ​បើយោង​ទៅតាម​តួលេខ​នៅ​ឆ្នាំ២០០៨​។ រីឯ​ផលិតផល​សរុបក្នុងស្រុក​ ​(GDP)​ នៅ​ឆ្នាំ​២០០៩ ​មាន​ចំនួន​ជាង​១៦លាន ​និង​៧៧ម៉ឺនដុល្លារអាមេរិកគឺ​ស្មើ ​ប្រមាណ​ជា ១/៣​ នៃ ​GDP​ របស់​ពិភពលោក​។

លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍ថា​ តំបន់​អាស៊ី​នៅ​ទន់ខ្សោយ​នៅឡើយ​ដោយសារ​តែ​អត្រា​នៃ​ភាព​ក្រីក្រ​ខ្ពស់ ​និង​មាន​គម្លាត​ខ្លាំង​រវាង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក​ បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​លើកទឹក​ចិត្តដល់​ការរួបរួម​គ្នា​នៃ​បណ្តា​ប្រទេស​អាស៊ីប៉ាស៊ីភិក​ តាម​រយៈ​ខ្សែ​វីដេអូ​ពី​ទីក្រុងញូយ៉ក។

«អនាគត​របស់យើង​ពឹងផ្អែក​លើ​របៀប​ដែល​យើង​ធ្វើការ​រួមគ្នា​ និង​គោលដៅ​ដែល​អាច​កើតមាន»។

ជាមួយ​គ្នានេះ​ដែរ​លោក​ Dato Sri Mohamed Najibtun Haji Abdul Razak ​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស ម៉ាឡេស៊ី ​ក៏បាន​ជំរុញ​មេដឹកនាំ​គណបក្ស​នយោបាយ​ឲ្យ​ពង្រឹង​សាមគ្គីភាព​គ្នា​នៅក្នុង​តំបន់​ផងដែរ។

«ខ្ញុំ​សូម​ជំរុញ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​នៅទីនេះ ​ឲ្យ​បង្កើត ​និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា ហើយ​ជា​បន្ដ​បន្ទាប់​ត្រូវតែ​ផ្សព្វផ្សាយ​សារ​ដ៏មាន​សារៈ​សំខាន់​នេះ ដល់​ប្រជាពលរដ្ឋរ​បស់​អស់លោក​។ ​គឺជា​សារ​នៃ​ក្ដី​សង្ឃឹម ​និង​សារ​នៃ​អនាគត​ភ្លឺស្វាង»។

នៅ​ក្នុង​ពេល​ជាមួយ​គ្នានោះ ​លោក​ ហុន ហ័ងប៊ិញក្វាន ​សមា​ជិក​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​របស់​ប្រទេស​វៀតណាម​ បាន​សង្កត់ធ្ងន់​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​ផ្លាស់ប្តូរ​អាកាសធាតុ ​ភាពក្រីក្រ​ ការដោះស្រាយគ្រោះ​ថ្នាក់​ដោយ​ធម្មជាតិ​ និង​សន្តិសុខ​ស្បៀង​។ ហើយ​លោក​ក៏ចង់​ឲ្យ​មេដឹកនាំ​គណបក្ស​នយោបាយ​ ទាំងអស់​ចែក​រំលែក​ទស្សនៈ​គ្នា ​និង​ចែក​រំលែក​ការទទួល​ខុសត្រូវ​គ្នា​ទៅវិញ​ទៅមក។

រីឯលោក Honli Yuandiao សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស​របស់​គណបក្ស​កុម្មុយនីស្ត​ចិន មាន​ប្រសាសន៍ថា​ ប្រទេស​ចិន​នៅតែ​បន្ត​លើក​កម្ពស់​ទំនាក់​ទំនងនិង​ភាព​ជា​ដៃ​គូ​ជាមួយ​ប្រទេស​ជិតខាង​ ហើយ​ប្រទេស​ចិន​ និង​អនុវត្ត​គោលនយោបាយ​សន្តិសុខ​ និង​ការរីក​ចម្រើន​ជាមួយ​ប្រទេស​ជិតខាង​របស់​ផង​ខ្លួន​៕

XS
SM
MD
LG