ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រាវជ្រាវ​ស្នើ​ឱ្យ​កម្ពុជា និង​ថៃ​ដក​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ចេញពី​រឿង​វប្បធម៌


លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង​ទី​២)​ ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) នៅ​ចំពោះ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី George Yeo
លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង​ទី​២)​ ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) នៅ​ចំពោះ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី George Yeo

ខណៈ​ដែល​កម្ពុជា​ និង​ថៃ​កំពុង​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​ជ្រៅ​ទៅៗ ​ក្នុង​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​ ក្រុម​អ្នក​ស្រាវជ្រាវ​យល់ថា​ ការអភិវឌ្ឍ​ និង​ការស្វែង​យល់​គ្នា​ឱ្យ​បាន​ច្រើន​ជាងមុន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​នឹង​ជួយ​ទប់​ស្កាត់​ជម្លោះ​នានា​ដែល​អាច​នឹង​កើត​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ពេល​អនាគត។

អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើងថា​ គេ​គួរ​ដកយក​ជម្លោះ​នយោបាយ និង​យោធាចេញ​ពី​ទំនាក់​ទំនង​កម្ពុជា និង​ថៃ​ដើម្បី​ឱ្យ​ជីវភាព​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​វិល​មករក​ជីវភាព​ធម្មតា​វិញ។

ពួកគេ​ក៏​បាន​ស្នើ​ឡើង​ផង​ដែរ​ថា ការសិក្សា​ពី​ប្រវត្តិសាស្រ្ត​ពិត​ដោយ​លុបចោល​នូវ​ភាព​ព្រងើយ​កន្តើយ​ដែល​មាន​ក្នុង​ពេល​កន្លង​មក ​នឹង​នាំ​ទៅដល់​ការរស់នៅ​ដោយ​សុខស្រួល​នៃ​ប្រទេស​ទាំងពីរ។

ការ​លើក​ឡើង​នេះ​ស្របពេល​ដែល​កម្ពុជា​ និង​ថៃ​កំពុង​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​ព្រំដែននៅ​ត្រង់​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​ឈាន​ទៅ​ដល់​ការប្រយុទ្ធ​បង្ហូរ​ឈាមគ្នា និង​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា និង​ថៃ​នៅ​តំបន់​នោះ។

លោក ចន ប៊ឺហ្គីស ​អ្នកនិពន្ធ​សៀវភៅ​ស្រាវជ្រាវ​ដែលមាន​ចំណងជើង​ថា «រឿងនិទាន​ឆ្លាក់​ក្នុង​ផ្ទាំងសីលា»​ បាន​ថ្លែង​ប្រាប់​ដល់​ក្រុម​អ្នកចូលរួម​ស្តាប់​នៅ​ឯ​មូលនិធិ​សង្គម​អាស៊ី​កាលពី​យប់​ថ្ងៃពុធក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា​ បើ​ជម្លោះ​នយោបាយ​នៅ​ផ្ទៃក្នុងថៃ​បាន​ស្ងប់​ស្ងាត់​វិញ​ ហើយ​កម្ពុជា​មាន​ប្រព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​នោះ​ការដោះស្រាយ​បញ្ហានៅ​តាម​ព្រំដែន​មិន​ជា​ការលំបាក​ពេកទេ។ លោក ប៊ឺហ្គីស បន្តថា៖

«ប្រសិនបើ​ប្រទេស​ថៃ​មាន​រដ្ឋាភិបាល​ដែលមាន​ស្ថិរភាព​មួយ​ដោយ​មិន​មាន​មនុស្ស​ចេញ​មក​ដើរ​តវ៉ា​តាម​ផ្លូវ​ដោយ​យក​ហេតុផល​ពី​ការបាត់​បង់​ទឹកដី​ទៅ​ឱ្យ​កម្ពុជា​ដើម្បី​ដាក់​កំហុស​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា ពួកគេ​មិនសម​ដឹកនាំ​ប្រទេស​ នោះ​គេ​ក៏​មិន​ចាំបាច់​មាន​ការ​ចរចា​ច្រើន​ហើយ​សភាពការណ៍​ក៏​ស្ងប់​ស្ងាត់​ដែរ។ រីឯ​កម្ពុជា​វិញ​ប្រសិន​បើ​គេ​អាច​ឈាន​ទៅ​ដល់​ប្រព័ន្ធដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​បើកចំហរ​នោះ ពួកមេដឹកនាំ​ក៏មិនមាន​លេស​ណា​មក​ប្រឈម​មុខ​ជាមួយ​ប្រទេស​ថៃ​ដែរ»។

លោក ចន ប៊ឺហ្គីស ក៏​ធ្លាប់​ធ្វើការ​ជា​អ្នក​យកព័ត៌មាន​ឱ្យ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ផងដែរ។ លោកបានដក់​ចិត្តជាប់​នឹង​ស្នាដៃ​ប្រាសាទ​បុរាណ​ខ្មែរ ​និង​ប្រវត្តិសាស្រ្ត​ខ្មែរ​ខណៈ​ពេល​ចុះយក​ព័ត៌មាន​អំពី​ជន​ភៀសខ្លួន​ខ្មែរ​ក្នុង​ឆ្នាំ​១៩៧៩។

យ៉ាងណា​ក៏ដោយ​ លោក ប៊ឺហ្គីស​ក៏ទទួល​ស្គាល់​ដែរ​ថា ​ទំនាស់​រវាង​កម្ពុជា​ និង​ថៃ​មាន​លក្ខណៈ​ស៊ីជម្រៅ​ជាង​បញ្ហា​ទាំងនេះ​គឺ​រហូត​ទៅដល់​កត្តា​ប្រវត្តិសាស្រ្ត​រវាង​ប្រទេស​ទាំង​ពីរដែល​តម្រូវ​ឱ្យ​មាន​ការសិក្សា​ច្បាស់​លាស់។ លោក​សម្តែង​ក្តី​សង្ឃឹមថា ក្នុង​រយៈ​ពេល​យូរ​ គឺ​ការ​អប់រំ​ពី​ប្រវត្តិសាស្រ្តពិត​ដល់​ក្មេងជំនាន់​ក្រោយ​ក៏​ជា​ការជួយ​បន្ធូរបន្ថយ​ការយល់​ច្រឡំ​លើ​គ្នា​ផង​ដែរ។​ ក្នុង​នោះ​រួម​មាន​ការសិក្សា​សម្រាប់​សិស្សានុសិស្ស​ថៃ​អំពី​ប្រវត្តិប្រាសាទ​អង្គរវត្ត និង​សម្រាប់​កម្ពុជា​គឺ​ពី​ជំនឿ​សាសនា​ដែល​ខ្លួន​បាន​យក​មក​ពី​ប្រទេស​ជិតខាង​ជាដើម។ លោក បន្តទៀត​ថា៖

«ខ្ញុំ​មាន​ការ​ស្លុត​ចិត្ត​បន្តិច ដែល​ឃើញថាភាគីទាំងពីរ​មិនយល់​ដឹង​ពី​គ្នា​ទៅវិញ​ទៅមក​ដូចនេះ។ ក្រៅតែ​ពី​សង្គ្រាម​ដែល​គេ​គ្រប់​គ្នា​បានដឹង​ គឺ​ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅមក​ស្ទើរតែ​កម្រិត​សូន្យ»។

លោក សាស្រ្តាចារ្យ​ ធីទីណាន ពុងស៊ុធីរ៉ាក់ (Thitinan Pongsudhirak) នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិភាក្សា​នោះ​បាន​យល់​ស្រប​ហើយ​បាន​បញ្ជាក់ថា​ បញ្ហា​ប្រឈម​រយៈ​ពេល​វែង​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ជួប​ប្រទះ​នោះគឺ​រួម​មាន​ការ​រៀបចំ​ឡើង​វិញ​នូវ​ឯកសារ​សិក្សា​ប្រវត្តិសាស្រ្ត​ផងដែរ និង​ការណ៍​ដែល​លុប​ចោល​នូវ​ការ​ដក់​គំនិត​អគតិ​រវាង​គ្នា​ទៅវិញ​ទៅមក។ ​លោក សាស្រ្តាចារ្យ ពុងស៊ុធីរ៉ាក់ ក៏បាន​ទទួលស្គាល់​ថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ជា​ពិសេស​អ្នក​នៅ​សងខាង​ព្រំដែនមាន​ការរស់​នៅ​តាម​ធម្មតា​ក្នុង​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ​ប្រសិនបើ​គ្មាន​ការ​ចូល​ពាក់ព័ន្ធ​ពី​កត្តា​ខាងក្រៅ និង​ធ្វើ​ឱ្យ​វា​ក្លាយ​ជារឿង​នយោបាយ។ លោក​បន្ត​ថា៖

«បើយើង​យក​រដ្ឋាភិបាល​ និង​កងទ័ព​ទាំងនោះ​ចេញ​ យើង​ឃើញថា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ គឺ​អត់មាន​បញ្ហា​អ្វីទេ។ ពួកគេ​ដោះដូរ​ទំនិញ​គ្នា​តាំងពីឆ្នាំ​១៩៦២ ​ដល់ឆ្នាំ​២០០៨ ​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ​ហើយ​ជាការណ៍​ពិត​ទៅទៀត​គឺ​ប្រជាពលរដ្ឋ​ថៃ​ កម្ពុជា​ និង​ទេសចរ​បរទេស​អាច​ទៅ​ទស្សនា​ប្រាសាទ​នោះ​បាន»។

ជម្លោះ​កម្ពុជា​ និង​ថៃ​បាន​រីកធំ​ឡើង​បន្តិចម្តងៗ​ក្រោយ​ពី​អង្គការ​យូណេស្កូ​បាន​ទទួល​ស្គាល់​ប្រាសាទ​ព្រះវិហារ​កាល​ពីខែ​កក្កដា​ឆ្នាំ​២០០៨ថា ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ថៃ​អះអាង​ថា ​ដី​នៅ​ជាប់​ប្រាសាទ​ជា​របស់​ខ្លួន​ ហើយ​ទាមទារ​ដាក់​គម្រោង​គ្រប់គ្រង​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​កម្ពុជាហើយ​ចលនា​ជាតិ​និយម​ថៃ​ដឹកនាំ​ដោយ​ក្រុម​សម្ព័ន្ធភាព​ប្រជារាស្រ្ត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​បំផុស​ឱ្យ​មាន​ការ​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​ហើយ​បាន​ទម្លាក់​ចោល​រដ្ឋាភិបាល​មុនៗដែល​ឈានទៅមាន​ការចែក​ជា​ក្រុម​ការពារ​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង។

លោក ពុងស៊ុធីរ៉ាក់ បាន​បញ្ជាក់ថា កម្ពុជា​គ្រាន់​តែ​ជា«កូនអុក»មួយ​នៃ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​ប៉ុណ្ណោះ​ហើយ​វាជា«​កម្មពារ​»របស់​លោក​នាយករដ្ឋ​មន្រ្តី ថៃ​អាភីស៊ីត​វិចាជីវ៉ា​ដែល​បាន​លេង​ក្នុង​នយោបាយ​របស់​ក្រុម​សម្ព័ន្ធភាព​ប្រជារាស្រ្ត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ខិតខំ​បំផុស​គោលគំនិត​ជាតិនិយម​ជ្រុលព្រោះ​ពេល​ឥឡូវនេះ​ពួកគេ​ក៏​កំពុង​រកលេស​ទម្លាក់​លោក​នាយករដ្ឋ​មន្រ្តី​រូបនេះ​ដែល​ពួកគេ​ធ្លាប់​គាំទ្រ។ លោក ពុងស៊ុធីរ៉ាក់ បញ្ជាក់​ថា៖

«យើង​ក៏​ត្រូវ​យល់​ផងដែរ​ថា​ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​មាន​ដូច​ជា​ប្រទេស​ថៃ​គឺ​ផ្តល់​នូវ​និន្នាការ​មួយ​ដាក់ការ​ស្តី​បន្ទោស​ទៅ​លើ​អ្វី​មួយ​ផ្សេង ​ឬក៏​ទៅលើ​អ្នក​ខាងក្រៅ ​ហើយ​គេ​ក៏​ឈាន​ទៅរក​ស្មារតី​ជាតិនិយម ​ហើយ​កេងប្រវ័ញ្ញ​ពី​មនោសញ្ចេតនា​ជាតិនិយម​ដោយ​ស្តី​បន្ទោស​អ្នក​ដទៃ។ ដូច្នេះ​នេះ​គឺ​ជា​អ្វី​ដែល​យើង​អាច​យល់​បាន​ថា​ហេតុអ្វី ​បាន​ជា​ជម្លោះ ​នេះ​កាន់​តែ​ធ្ងន់​ទៅៗ»។

លោក កឹម សុស​ អ្នកវិភាគ​ឯករាជ្យ​មួយ​ ដែល​ជា​វាគ្មិនមួយ​រូបក្នុង​កម្មវិធីពិភាក្សា​នោះដែរ​បាន​យល់​ស្រប ហើយ​បន្ថែមថា ការណ៍​ដែល​នាំ​ឱ្យ​មាន​ផ្ទុះ​អាវុធ​កន្លង​មក និង​ការអូស​បន្លាយ​ជម្លោះ​នេះគឺ​មកពីភាគី​ទាំងពីរ​មិនបាន​អត់​ធ្មត់​គ្រប់គ្រាន់​ ឬក៏ប្រើប្រាស់​យន្តការ​ច្បាប់ និង​គតិបណ្ឌិត​ក្នុងការ​ដោះស្រាយជម្លោះ​នោះ​ទេ។ លោក កឹម សុស បន្ត​ថា៖

«អ្វី​ដែលខ្ញុំ​មើល​ឃើញ​គឺ​ខ្ញុំ​អាច​សង្ខេប​មក​ត្រឹម​ពាក្យ​ពីរបី​ម៉ាត់​ នោះ​គឺ​មានការ​ប្រើប្រាស់​អារម្មណ៍ ​ការប្រើប្រាស់​សាច់ដុំ គឺ​មិនមែន​គំនិតប្រាជ្ញា​ច្រើន​ប៉ុន្មាន​ទេ មិនមាន​យន្តការ​ច្បាប់​ច្រើន​ដើម្បី ​ដោះស្រាយ​បញ្ហា​ទេ»។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏ឯកភាព​ដែរថា​ការងាក​មក​កែ​ប្រែ​ការយល់​ខុសឆ្គង​ពីគ្នា​ទៅវិញ​ទៅមក​នៃ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​នឹង​មិនអាច​ធ្វើបាន​ក្នុង​ពេល​ឆាប់​ៗនេះ​ទេគឺ​ត្រូវ​ចំណាយ​ពេល​យូរ​ទៅ​ទៀត​ ហើយ​គេ​មិន​គួរ​យក​ប្រាសាទ​នានា​មក​ធ្វើ​ជា​លេស​ក្នុង​ការ​ឈ្លោះគ្នា​ទេ​តែ​គួរ​តែ​យក​វា​ជា​កន្លែង​អប់​រំ​ពី​ប្រវត្តិសាស្រ្ត ​និង​អាច​ឱ្យ​ទេសចរ​មក​ទស្សនា​ដើម្បី​ស្ងើចសរសើរ​ពី​ការ​ចេះ​យោគយល់​និង​រួម​រស់​ជាមួយ​គ្នា​ដោយ​ភាព​សុខសាន្ត៕

XS
SM
MD
LG