មេដឹកនាំពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជួបប្រជុំគ្នានៅសប្តាហ៍នេះក្នុងរដ្ឋធានីហ្សាការតាពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែឧសភាដើម្បីពិភាក្សាការអភិវឌ្ឍសេដ្ឋកិច្ចហើយនឹងបញ្ហាសន្តិសុខក្នុងតំបន់។ ទោះជាមិនមានចែងជាក់លាក់នៅលើរបៀបវារៈក៏ដោយ ការខិតខំប្រឹងប្រែងរបស់សមាគម អាស៊ាន ធ្វើការសម្រុះសម្រួលបញ្ចប់ជម្លោះព្រំដែនកម្ពុជាថៃ នឹងទំនងក្លាយជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សន្និសីទកំពូលនេះ។
លោក Michael Tene អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីនិយាយថាតួនាទី អាស៊ាន ក្នុងការព្យាយាមបញ្ចប់ជម្លោះព្រំដែនដែលកំពុងបន្តមានឡើងរវាងថៃនិងកម្ពុជា សឹងតែនឹងប្រាកដត្រូវលើកយកមកពិភាក្សានៅពេលប្រមុខរដ្ឋជួបគ្នានៅថ្ងៃទី៧ ខែឧសភា។
«ព្រឹត្តិការណ៍ក្នុងប្រទេសថៃ បញ្ហាព្រំដែនថៃនិងកម្ពុជាពិតជាបញ្ហាដ៏សំខាន់ដែលបានកើតឡើងនៅក្នុងតំបន់របស់យើង។ ដូច្នេះ ខ្ញុំជឿជាក់ថាបញ្ហាបែបនេះនឹងត្រូវលើកឡើងនៅក្នុងសន្និសីទកំពូល»។
ប្រទេសឥណ្ឌូណេស៊ី ជាប្រធានសមាគម អាស៊ាននៅឆ្នាំនេះហើយបានធ្វើជាគោលដៅដើម្បីប្រែក្លាយទៅជា អង្គការមួយដែលជាសមាគមមានភាពធូរលង់ទៅជាអង្គការមួយចូលរួមយ៉ាងសកម្មនៅក្នុងបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខក្នុងសាកលលោក។
ក៏ប៉ុន្តែការប៉ះទង្គិចកាលពីខែកុម្ភៈបានផ្ទុះឡើងរវាងសមាជិក អាស៊ាន ពីរគឺប្រទេសថៃនិងកម្ពុជា។ កងទ័ពប្រទេសទាំង២បានប្រយុទ្ធគ្នាចុះឡើងនៅតំបន់មួយជុំវិញប្រាសាទព្រះវិហាររបស់កម្ពុជា ដែលជាកន្លែងប្រវត្តិសាស្រ្តដែលប្រទេសទាំងពីរបានទាមទារថាជាផ្នែកមួយនៃកេរ្ត៍ដំណែលរបស់ខ្លួន។
ក្នុងឋានៈជាមេដឹកនាំ អាស៊ាន លោក Marty Natalegawa រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ីបានចាត់ទុកថាជម្លោះនេះជាករណីនៃការសាកល្បងចំពោះអ្វីដែលមេដឹកនាំអង្គការនេះ អាចធ្វើឲ្យសម្រេច ហើយលោកបានព្យាយាមយ៉ាងសកម្មដើម្បីចរចាបញ្ចប់ជម្លោះនេះ។ រហូតមកទល់ពេលនេះ ការខិតខំប្រឹងប្រែងរបស់លោកមិនបានជោគជ័យទេ ក៏ប៉ុន្តែលោក Surin Pitsuwan អគ្គលេខាធិការសមាគមន៍ អាស៊ាននិយាយថាលោក Natalegawa គួរតែបានទទួលកេរ្តិ៍ឈ្មោះចំពោះការខិតខំខាងការទូតដែលមិនធ្លាប់មានកាលពីពេលមុន។
«មិនដែលធ្លាប់មានជំនួបពិសេសរបស់រដ្ឋមន្រ្តីក្រសួងការបទេសលើបញ្ហារវាងរដ្ឋនិងរដ្ឋកាលពីពេលមុន។ យើងបានធ្វើឲ្យទៅជាប្រវត្តិសាស្រ្តនៅក្រោមការដឹកនាំឥណ្ឌូណេស៊ី។ មិនដែលធ្លាប់មានការប៉ុនប៉ងរបស់ប្រធានធ្វើដំណើរទៅរដ្ឋធានីរបស់ប្រទេសទាំងពីរហើយកាន់ដៃគ្នានិងពិភាក្សាហើយនិងព្យាយាមបញ្ចុះបញ្ចូលថានេះជាបញ្ហាដែលយើងទាំងអស់គ្នានឹងត្រូវដោះស្រាយជាមួយគ្នា»។
លោកនិយាយទៀតថាក្រៅពីការបន្តដោះស្រាយជម្លោះថៃនិងកម្ពុជា ពួកមេដឹកនាំសន្និសិទកំពូល ក៏នឹងទំនងជាពិភាក្សាពីរបៀបស្ថាបនាការខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីដើម្បីធ្វើឲ្យ អាស៊ាន ក្លាយជាសហគមន៍មានសេដ្ឋកិច្ចនិងនយោបាយបញ្ចូលគ្នានៅពេលអនាគត៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន