សមាជិកចំនួនដប់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានកំណត់គោលដៅទាក់ទាញទេសចរឲ្យបានកាន់តែច្រើនថែមទៀតពីប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ចំនួនបី គឺប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសជប៉ុន។ នេះបើយោងតាមលោក ជេរ៉ូ វ៉ាស៊ីក រដ្ឋមន្ដ្រីក្រសួង វប្បធម៌ និងទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីបណ្ដាប្រទេសអាស៊ានបានបញ្ចប់កិច្ចប្រជុំលើកទី១០ ជាមួយរដ្ឋមន្ដ្រីក្រសួងទេសចរណ៍មកពីប្រទេសចិន កូរ៉េ និងជប៉ុន នៅថ្ងៃអង្គារ៍នេះ ក្នុងទីក្រុងភ្នំពេញ។
លោកជេរ៉ូ វ៉ាស៊ីក មានប្រសាសន៍ក្នុងសន្និសីទកាសែតដោយប្រៀបធៀបយុទ្ធសាស្ដ្រទាក់ទាញទេសចរ ពីទ្វីបអឺរ៉ុបដែលប្រទេសមួយចំនួនក្នុងទ្វីបនេះកំពុងជាប់ផុងជាមួយវិបត្តិសេដ្ឋកិច្ចនៅឡើយ ដែលវិបត្តិនេះបានចាប់ផ្ដើមចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។
«ឥឡូវនេះយើងផ្ដោតទេសចរក្នុងចំណោមប្រទេសអាស៊ាននិងដៃគូមកពីប្រទេសជប៉ុន កូរ៉េ និង ប្រទេស ចិន រួមទាំងប្រទេសឥណ្ឌាផងដែរ។ ប្រសិនបើអ្នកទស្សនាមកពីប្រទេសទាំងនេះ មកកំសាន្ដក្នុងបណ្ដាប្រទេសអាស៊ាន វានឹងផ្ដល់ផលចំណូល យើងចាត់ទុកថា វានៅមានវិបត្ដិសេដ្ឋកិច្ចនៅក្នុងទ្វីបអឺរ៉ុប នៅឡើយ។ ដូច្នេះហើយយើងផ្ដោតលើទេសចរអាស៊ាន បូកជាមួយប្រទេសដៃគូចំនួនបី បូកជាមួយនឹង ប្រទេសឥណ្ឌាមួយទៀត ដែលជាទីផ្សាររបស់យើង»។
ប្រទេសអាស៊ានបានលើកផែនការថានឹងបង្កើនការស្រូបយកទេសចរឲ្យបានចំនួនយ៉ាងតិច៨៧លាន នាក់នៅឆ្នាំ២០១៥ ខណៈដែលប្រទេសទាំងដប់នេះទទួលបានភ្ញៀវទេសចរមកពីគ្រប់ជ្រុងជ្រោយពិភព លោកបានចំនួន៧០លាននាក់ កាលពីឆ្នាំ ២០១០ ក្នុងនោះទេសចរចំនួន ១០លាននាក់ មកពីប្រទេស ចិន កូរ៉េខាងត្បូង និងប្រទេសជប៉ុន។
លោកស៊ុនរ៉ាម ពូសប៉ាណាថន (Sunram Pushpanathan) អគ្គលេខាធិការរងរបស់សមាគមអាស៊ាន មាន ប្រសាសន៍ថា ប្រសិនបើបណ្ដាប្រទេសអាស៊ានអាចធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនិងភាពងាយស្រួលនានាអាចនឹងទាញកំណើនទេសចររហូតទៅដល់ជាង៩០លាននាក់នៅឆ្នាំ២០១៥។ ក្នុងនោះ ប្រទេសទាំងអស់ក្នុងសមាគមអាស៊ានត្រូវបង្កើតផលិតផលក្នុងតំបន់ បង្កើតទីផ្សាររួមគ្នាបង្កើតធនធានមនុស្សនិងបង្កើនល្បឿននៃការសម្រួលផ្នែកពាណិជ្ជកម្មដើម្បីគាំទ្រដល់ការផ្សាភ្ជាប់របស់ អាស៊ាន ជាមួយពិភពលោក។
ដោយឡែកលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា មានប្រសាសន៍ថា អាស៊ានបានស្នើឲ្យមានការហោះហើរត្រង់កាន់តែច្រើនពីប្រទេសមហាសេដ្ឋកិច្ចទាំងបីក្នុងទ្វីបអាស៊ីនេះ។
លោក ម៉ូ ជុល មីន (Mo Chul Min) អនុរដ្ឋមន្ដ្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេស កូរ៉េខាងត្បូងក៏បានយល់ស្របដូចគ្នានេះដែរ។
«ខ្ញុំគិតថា អ្វីដែលសំខាន់ជាងនេះ គឺបង្កើតការហោះហើរត្រង់ពីទីក្រុងសំខាន់ៗរបស់បណ្ដាប្រទេសអាស៊ានមកកាន់ទីក្រុងសំខាន់ៗរបស់ប្រទេសកូរ៉េ។ វានឹងជួយបង្កើនទេសចរកាន់តែច្រើនមកកាន់ប្រទេសអាស៊ាន»។
លោក ម៉ូ ជុល មីន បញ្ជាក់ថា កាលពីឆ្នាំ ២០១០កូរ៉េខាងត្បូងទទួលទេសចរបានចំនួនមួយលាននាក់ពីប្រទេសទាំងដប់របស់អាស៊ាន ហើយប្រជាពលរដ្ឋកូរ៉េចំនួនបីលាននាក់ បានចេញទៅទស្សនាប្រទេស អាស៊ាន ក្នុងនោះទេសចរកូរ៉េចំនួន២០ម៉ឺននាក់ បានមកទស្សនាប្រទេសកម្ពុជាតាមជើងហោះហើរត្រង់ មកកាន់ខេត្តសៀមរាប។
ដោយឡែក លោក លីន សាន អគ្គនាយករដ្ឋបាលទេសចរណ៍ចិន ក៏បានជំរុញ និងគាំទ្រការប្តូរទេសចរជាមួយបណ្ដាប្រទេសសមាជិកអាស៊ានផងដែរដោយលោកសង្កត់ធ្ងន់លើការបង្កើតផ្លូវសម្រាប់ការទស្សនារបស់ទេសចរនិងបរិស្ថានល្អសម្រាប់ទេសចរ៕