ប្រទេសកម្ពុជាបានប្រកាសជ្រើសរើសកងទ័ពបន្ថែមទៀតចំនួនជាង៥.០០០នាក់ សម្រាប់យកទៅដាក់ពង្រាយនៅតាមក្រវាត់ព្រំដែន និងការពារក្នុងប្រទេសបន្ទាប់ពីប្រទេសកម្ពុជានិងប្រទេសថៃ មានជម្លោះប្រដាប់អាវុធលក្ខណៈទ្រង់ទ្រាយធំដែលធ្វើឲ្យភាគីទាំងសងខាងបានស្លាប់ និងរងរបួស។
យោងតាមសេចក្តីសម្រេចចំនួនពីរច្បាប់ដាច់ដោយឡែកៗពីគ្នារបស់រដ្ឋាភិបាលដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីខែឧសភាកន្លងទៅនេះ បានអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន៥.០០០នាក់សម្រាប់យកទៅបំពេញឲ្យកងពលធំអន្តរាគមន៍លេខ០២ចំនួន៣.០០០នាក់ កងពលតូចថ្មើរជើងលេខ៤១ចំនួន១.០០០នាក់និងកងពលតូចថ្មើជើងលេខ៤២ចំនួន១.០០០ នាក់។
នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យជ្រើសរើសពលទាហានចំនួន៣៥០នាក់សម្រាប់យកទៅបំពេញឲ្យអង្គភាពបញ្ជាការដ្ឋានអង្គរក្សអគ្គបញ្ជាការដ្ឋាន។
លោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា ការជ្រើសរើសកងទ័ពបន្ថែមនេះមិនមែនដោយសារតែកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃទេ។
លោកបានមានប្រសាសន៍ថានេះជាផែនការរបស់រដ្ឋាភិបាលក្នុងការជ្រើសរើសពលទាហានបន្ថែមចំនួន៥.០០០នាក់ ក្នុងមួយឆ្នាំ ដើម្បីយកទៅជំនួសយោធិនដែលចូលនិវត្តន៍។
«មូលហេតុសំខាន់ គឺយើងវាមានរាល់ឆ្នាំ យើងមានទាហានបាត់បង់ពលកម្មនិងចូលនិវត្តន៍។ អញ្ចឹង ក្នុងបរិមាណគិតក្នុងមួយឆ្នាំប្រហែលជា៥.០០០នាក់ ដែលត្រូវបាត់បង់ពលកម្ម សោធននិវត្តន៍ និងចូលនិវត្តន៍។ អញ្ចឹងក្នុងរយៈកាលផែនការ៥.០០០នាក់ក្នុងមួយឆ្នាំ ត្រូវគ្រប់ចំនួនដែលបាត់បង់ពលកម្ម និងចូលនិវត្តន៍»។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការជ្រើសរើសកងទ័ពបន្ថែមនេះ បានកើតមានឡើងក្រោយពីកងទ័ពថៃ និងកម្ពុជា បានវាយប្រយុទ្ធគ្នាលក្ខណៈទ្រង់ទ្រាយធំចំនួន១២ថ្ងៃជាប់ៗគ្នាកន្លងទៅនេះ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងនៅតំបន់ថ្មដូនខេត្តឧត្តរមានជ័យជាប់ និងខេត្តសុរិន្ទ ប្រទេសថៃ។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានមានប្រសាសន៍ទៀតថា យើងបានចាប់ផ្តើមបង្កើតគណៈកម្មការជ្រើសរើសកងទ័ព ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគនិងគណៈបញ្ជាការឯកភាពខេត្ត។
លោកបានមានប្រសាសន៍ទៀតថា ការជ្រើសរើសកងទ័ពនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត មិនមែនធ្វើឡើង ដោយបង្ខិតបង្ខំទេ។
លោកនាង ខេន មេបញ្ជាការកងពលតូចថ្មើជើងលេខ៤១ ប្រចាំទិសខេត្តឧត្តរមានជ័យ បាននិយាយថា ចំនួនកងទ័ពដែលគ្រោងជ្រើសរើសបន្ថែមចំនួន១.០០០នាក់មិនគ្រប់គ្រាន់ទេសម្រាប់កងពលតូចរបស់លោក។
«បើនិយាយឲ្យការណ៍ពិតទៅអត់ទាន់គ្រប់គ្រាន់ទេ ត្រូវថែមតទៅទៀត»។
យ៉ាងណាក៏ដោយលោក នាង ខេនបញ្ជាក់បន្ថែមថាអ្វីៗគឺត្រូវតាមការគិតគូរ របស់ព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិបាលកម្ពុជា។
«ការងារទាំងអស់រដ្ឋាភិបាលជាអ្នកលើកគម្រោងឡើងទៅព្រឹទ្ធសភា រដ្ឋសភា»។
លោកប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងលោកហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនអាចស្នើសុំ ដើម្បីទំនាក់ទំនងបានទេនៅថ្ងៃពុធនេះ។
ប្រទេសកម្ពុជា មានច្បាប់កាតព្វកិច្ចយោធា ដែលត្រូវចូលបម្រើកងទ័ពចាប់ពីអាយុ១៨ឆ្នាំរហូតដល់៣០ឆ្នាំ។ ច្បាប់នេះតម្រូវឲ្យបំពេញកាតព្វកិច្ចរយៈពេល១៨ខែ៕