ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងចាប់ផ្តើមធ្វើការចុះឈ្មោះអ្នកបោះឆ្នោតគ្រប់អាយុ១៨ឆ្នាំ ដែលមិនទាន់បានចុះឈ្មោះចាប់ពីខែតុលាដល់ខែធ្នូ។ ស្មៀនឃុំ សង្កាត់នៅទូទាំងប្រទេសកម្ពុជាមានភារកិច្ចចុះឈ្មោះអ្នកបោះឆ្នោតនេះស្របតាមគោលការណ៍ច្បាប់។ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល បានត្រៀមជួយណែនាំប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោតតាមការផ្សាយវិទ្យុ និងទូរទស្សន៍។ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតឃុំ សង្កាត់នៅក្នុងឆ្នាំ២០១២ និងការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០១៣។
នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវដល់អ្នកមានសិទ្ធិបោះ ឆ្នោត ចាប់ពីអាយុ១៨ឆ្នាំដែលមិនទាន់បានចុះឈ្មោះប្រមាណ៣២០០០០នាក់ឱ្យទៅចុះឈ្មោះបោះ ឆ្នោតនៅតាមឃុំ សង្កាត់ចាប់ពីខែតុលា។
ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅទូទាំងប្រទេសកម្ពុជាមាន ចំនួន៨៦០០០០០នាក់។ ឈ្មោះក្នុងបញ្ជីបច្ចុប្បន្នមាន៨៣៣១៩០៦នាក់ ហើយប្រជាពលរដ្ឋអាយុ១៨ឆ្នាំ ដែលមិនទាន់បានចុះឈ្មោះ មានប្រមាណ៣២០០០០នាក់។
លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងប្រាប់សន្និសីទកាសែតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការចុះឈ្មោះមនុស្សប្រមាណ៣២០០០០នាក់ សម្រាប់ឆ្នាំ២០១០ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែតុលាដល់ថ្ងៃទី៣១ខែធ្នូ។
លោកអ៊ឹម សួស្តីបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ១៨ឆ្នាំឡើងទៅគិតដល់ត្រឹមថ្ងៃទី៣១ខែធ្នូ ហើយដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់ទីលំនៅចូលក្នុងឃុំ សង្កាត់ មានសិទ្ធិសុំចុះឈ្មោះបោះឆ្នោតក្នុងការិយាល័យណាមួយក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ។
លោកកុយ ប៊ុនរឿន តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោះហាក់ដូចជាមានឆន្ទៈក្នុងការជំរុញឱ្យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយបំផុសប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែលក្ខខណ្ឌច្បាប់មួយចំនួនបានបង្កការស្មុគស្មាញដល់ដំណើរការចុះឈ្មោះ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់ទីលំនៅ។
លោកកុយ ប៊ុនរឿនបានបន្តថា អត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋខ្មែរចំនួន៤០០០០០០នាក់ នឹងត្រូវអស់សុពលភាពនៅក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ ដែលជាឆ្នាំបោះឆ្នោតឃុំ សង្កាត់។ ប្រជាពលរដ្ឋខ្មែរមានឈ្មោះស្ទួនប្រមាណ៥០០០០០នាក់នៅក្នុងបញ្ជីផ្លូវការឆ្នាំ២០០៩។
លោកអ៊ឹម សួស្តីបានថ្លែងថា ក្រសួងមហាផ្ទៃកំពុងពិចារណាចេញអនុក្រឹត្យមួយដើម្បីពន្យារសុពល ភាពអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាព។ ឈ្មោះស្ទួនមានមិនដល់៥០០០០០នាក់ទេ។
លោកអ៊ឹម សួស្តីបានបញ្ជាក់ថា ស្មៀនឃុំ សង្កាត់ត្រូវចុះលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ អ្នកបោះឆ្នោតនោះទៅក្នុងគល់ និងចុងសន្លឹកបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោតចំពោះអ្នកសុំចុះឈ្មោះថ្មី។
លោកយោន តេង មេឃុំបាក់ដាវ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងថា លោកបាន ត្រៀមណែនាំដល់សហសេវិករបស់លោកនៅតាមភូមិឱ្យប្រាប់ប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំ ឱ្យមកចុះឈ្មោះបោះឆ្នោត។
«ខ្ញុំត្រៀមលក្ខណៈប្រមូលអ្នកមានអាយុ១៨ឆ្នាំ ដែលមានសិទ្ធិបោះឆ្នោត និងមិនទាន់ចុះឈ្មោះនៅ តាមភូមិឱ្យមកចុះឈ្មោះបោះឆ្នោត។ ខ្ញុំដាក់កម្លាំងនៅតាមភូមិនីមួយៗ ដើរប្រមូលអ្នកមិនទាន់បាន ចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញសំណុំឯកសារសម្រាប់ចុះឈ្មោះ ពីព្រោះការចុះឈ្មោះនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់»។
លោកគល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) បានថ្លែងថា អង្គការរបស់លោកនឹងជួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ដល់ប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំ ឱ្យមកចុះឈ្មោះបោះឆ្នោត។ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតឃុំ សង្កាត់នៅក្នុងឆ្នាំ២០១២ និងការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០១៣៕