វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១០នៅថ្ងៃព្រហស្បតិ៍នេះថា ករណីជម្លោះដីធ្លីភាគច្រើនបានកើតឡើងជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីរដ្ឋាភិបាលមានអំណាច អ្នកជំនួញមានប្រាក់ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន។
អ្នកចូលរួមប្រមាណ២០០នាក់ពីតំណាងជនរងគ្រោះដោយការរំលោភដីធ្លីទូទាំងប្រទេសតំណាងអង្គការសង្គមស៊ីវិល និងតំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចូលរួមក្នុងការផ្សព្វផ្សាយរបាយការណ៍ស្តីពីការវិភាគទិន្នន័យករណីវិវាទដីធ្លីនៅកម្ពុជាឆ្នាំ២០១០នៅសណ្ឋាគារអ៊ីមភើរៀល ក្នុងទីក្រុងភ្នំពេញ។
លោកឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការវិភាគទិន្នន័យករណីវិវាទដីធ្លីនៅកម្ពុជាឆ្នាំ២០១០នេះថា នៅឆ្នាំ២០១០ អង្គការមិនមែនរដ្ឋាភិបាលបានកត់ត្រា២៨២ករណីវិវាទដីធ្លី ដែលកំពុងតែកើតមានឡើងពាក់ព័ន្ធជាមួយ៥គ្រួសារឡើងទៅ។ ចំនួនទំនាស់ដីធ្លីនៅតែបន្តកើនឡើងថែមទៀតនៅឆ្នាំ២០១០នេះ។
លោកឈិត សំអាតបានបញ្ជាក់ថា មានកត្តាផ្សេងៗជាច្រើន ដែលនាំឱ្យមានករណីទំនាស់ដីធ្លីទាំងនេះ ដូចជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទ ក៏ដូចជាការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលមានទ្រង់ទ្រាយធំ។
«ការអង្កេតរបស់អង្គការមិនមែនរដ្ឋាភិបាលឲ្យដឹងថា មាន២០ភាគរយនៃករណីវិវាទដីធ្លីបានដោះស្រាយ ហើយ ចំណែកឯ៦០ភាគរយនៃវិវាទផ្សេងទៀតមិនទាន់បានដោះស្រាយនៅឡើយទេ។ ទំនាស់នេះបានធ្វើឱ្យមានផលប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានរកឃើញថា ចំនួន១៥៧លើ២៨២ករណីជម្លោះដីធ្លីបានបង្ហាញថា មានការជាប់ពាក់ព័ន្ធរបស់អ្នកមានអំណាច ឬ អ្នកមានប្រាក់ និងចំនួន១៥១ករណីជាប់ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន។
របាយការណ៍នេះបានបញ្ជាក់ថា ករណីជម្លោះដីធ្លីមួយចំនួនទៀតបាននាំទៅដល់ការប្រើប្រាស់ការគំរាមកំហែង ឬ អំពើហិង្សា និងការចាប់ខ្លួនដោយដីការបស់តុលាការ និងមួយចំនួនឈានដល់ការឃុំខ្លួនដែលមានចំនួន៥៥ករណី។ របាយការណ៍នេះបានសរសេរថា ករណីជម្លោះដីធ្លីចំនួន១០៥ករណីស្មើនឹង៣៧ភាគរយមានជាប់ពាក់ព័ន្ធនឹងចំនួនគ្រួសារពី៥ទៅ៥០។
ចំនួន២៣ភាគរយបានកើតឡើងដោយមានជាប់ពាក់ព័ន្ធនឹងចំនួនគ្រួសារចាប់ពី២០០គ្រួសារឡើងទៅ។
របាយការណ៍នេះបានបន្ថែមថា ជម្លោះដីធ្លីចំនួន១៥១ករណី ស្មើនឹង៥៣ភាគរយ បានកើតឡើងលើប្រភេទដីសម្រាប់វិស័យកសិកម្ម ចំនួន៦៧ករណី ស្មើនឹង២៨ភាគរយ បានកើតឡើងលើប្រភេទដីលំនៅដ្ឋាន និងចំនួន២៨ករណី ស្មើនឹង១០ភាគរយបានកើតឡើងលើប្រភេទដីព្រៃ។
របាយការណ៍នេះបានបន្តថា ចំនួន២២ភាគរយស្មើនឹង៦៣លើ២៨២ករណីត្រូវបានដោះស្រាយមួយផ្នែក ឬទាំងស្រុង។ ចំនួន៦២ភាគរយស្មើនឹង១៧៧លើ២៨២ករណីមិនទាន់ត្រូវបានដោះស្រាយ។ ចំនួន១២មិនត្រូវបានអើពើដោះស្រាយ និង២៥ករណីត្រូវបានរាយការណ៍ថា មិនមានព័ត៌មាន។
លោក James Heenan តំណាងស្តីទីរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នេះថា បញ្ហាសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន គឺជាអាទិភាពយុទ្ធសាស្ត្រមួយរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិនៅកម្ពុជា។ ជម្លោះដីធ្លីតែងតែបញ្ចប់ដោយការបណ្តេញប្រជាពលរដ្ឋចេញ។
លោកយិន ជាវ អាយុ៣៤ឆ្នាំ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានចូលរួមនៅក្នុងការផ្សព្វផ្សាយរបាយការណ៍នេះ បាននិយាយយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋចំនួន២២០គ្រួសាររងផលប៉ះពាល់ដីកសិកម្មផង និងដីលំនៅដ្ឋានផង។ ក្រុមហ៊ុនឈូសឆាយយកអស់។ សព្វថ្ងៃនេះគឺមិន ទាន់បានដោះស្រាយនៅឡើយទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី មិនអាចធ្វើការទំនាក់ទំនងដើម្បីសេចក្តីអត្ថាធិប្បាយបានទេ៕