ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពូជ​សត្វ​​​និង​រុក្ខជាតិ​ត្រូវ​បាន​រក​ឃើញ​ថ្មី​នៅ​តំបន់​ទន្លេ​មេគង្គ


មន្ត្រី​ការពារសត្វ​ព្រៃ​ខ្មែរ​កំពុង​ពិនិត្យ​មើល​កាម៉េរ៉ា​ថត​សត្វ​កម្រ​នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ​​កាល​ពី​ឆ្នាំ​១៩៩៩។ ដោយ​សារ​សង្គ្រាម​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​និង​តំបន់​ទន្លេ​មេគង្គ អ្នក​អភិរក្ស​និង​ស្រាវជ្រាវ​សត្វ​ព្រៃ​​ទើប​តែ​មាន​ឱកាស​រក​ឃើញ​
មន្ត្រី​ការពារសត្វ​ព្រៃ​ខ្មែរ​កំពុង​ពិនិត្យ​មើល​កាម៉េរ៉ា​ថត​សត្វ​កម្រ​នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ​​កាល​ពី​ឆ្នាំ​១៩៩៩។ ដោយ​សារ​សង្គ្រាម​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​និង​តំបន់​ទន្លេ​មេគង្គ អ្នក​អភិរក្ស​និង​ស្រាវជ្រាវ​សត្វ​ព្រៃ​​ទើប​តែ​មាន​ឱកាស​រក​ឃើញ​

ពូជ​សត្វ​និង​រុក្ខជាតិ​ត្រូវ​បាន​រក​ឃើញ​ថ្មី​នៅ​ក្នុង​ប្រទេស​ចំនួន​៦ តាម​បណ្ដោយ​ទន្លេ​មេគង្គ។ អង្គការ​មូលនិធិ​សម្រាប់​អភិរក្ស​ធម្មជាតិ​ WWF​ បាន​ឲ្យដឹង​នៅ​ថ្ងៃពុធ​នេះ​ថា ​គេ​បាន​រក​ឃើញពូជ​រុក្ខជាតិ​ស៊ី​សត្វ​ល្អិត​ជា​អាហារ​ សត្វ​ត្រី​ដែល​មាន​ចង្កូម ​និង​បាន​រកឃើញ​កង្កែប​ចម្លែកដែលមានសម្លេង​យំ​ដូច​ចង្រិត​ ដែល​កំពុង​រស់​នៅ​ក្នុង​បណ្ដា​ប្រទេស​នៃ​មហា​តំបន់​ទន្លេ​មេគង្គ។ សត្វ និង​រុក្ខជាតិ​ទាំង​នេះ​ ទាម​ទារ​ឲ្យ​មាន​ការ​អភិរក្ស​ជា​បន្ទាន់​ដើម្បី​ចៀស​វាង​ការ​វិនាស​ផុត​ពូជ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ​WWF ​បញ្ជាក់​ថា ​សត្វ​និង​រុក្ខជាតិ​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​សត្វ និង​រុក្ខជាតិ​ចំនួន​១៤៥ ​ដែល​បាន​រក​ឃើញ​ក្នុង​បណ្ដា​ប្រទេស​មហា​តំបន់​ទន្លេមេគង្គដែល​មាន​កម្ពុជា​ វៀតណាម​ ឡាវ ​ភូមា ​ថៃ​ និង​ខេត្ត​យូណាន​នៃ​ប្រទេស​ចិន​ កាលពី​ឆ្នាំ​ ២០០៩។ ​នៅ​ក្នុងនោះ​ដែរ ​គេ​បាន​រកឃើញប្រភេទ​រុក្ខជាតិ​ថ្មីៗ​ និង​ពពួក​ថនិកសត្វ ​ឬ​សត្វ​ចិញ្ចឹម​កូននឹង​ទឹកដោះ​ចំនួន​ប្រាំ​ប្រភេទ ​គឺ​ជ្រឹង​ចំនួន​ពីរ​ប្រភេទ​ និង​កណ្ដុរ​ចំនួន​បី​ប្រភេទ។ គេ​ក៏​បាន​រក​ឃើញពស់​មានពិស​មួយ​ប្រភេទនិងពស់​គ្មាន​ចង្កូម​មួយ​ប្រភេទ​ផង​ដែរ។

លោក ស្ទូអ៊ើត ឆេបមែន​ នាយក​កម្មវិធី​អភិរក្ស​នៃ​អង្គការ ​WWF ​ប្រចាំ​មហា​តំបន់​ទន្លេ​មេគង្គ​ មានប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ​«អត្រា​នៃ​របក​គំហើញ​ទាំងនេះ ​គឺ​ជា​ភាពអស្ចារ្យមួយសម្រាប់​យុគសម័យ​បច្ចុប្បន្ន»។ លោក​បាន​បន្ថែម​ថា «​ជា​រៀងរាល់​ឆ្នាំ​ការរក​ឃើញ​សត្វ ​និង​រុក្ខជាតិថ្មីៗបាន​បន្ដ​កើន​ឡើង។ ហើយ​ទន្ទឹម​នឹង​នេះ ​វា​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ការពារថែម​ទៀត​ដែរ ដើម្បី​ធានា​ថា ​ធនធាន​ជីវចម្រុះ​ដ៏​សម្បូរ​បែប​នៅ​ក្នុង​តំបន់​មេគង្គ​ត្រូវ​បាន​អភិរក្ស»។ លោក​ ទេព ​អស្នារិទ្ធ ​មន្ដ្រី​ផ្នែក​ព័ត៌មាន​របស់​អង្គការ​ WWF ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ចំណោម​របក​គំហើញ​ថ្មី​នោះ ​រុក្ខជាតិ​ចំនួន​បី​ប្រភេទត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា។ រុក្ខជាតិ​ទាំង​នោះរួម​មាន​រុក្ខជាតិ​ស៊ីសត្វ​ល្អិត​ដែល​មាន​នៅ​លើភ្នំ​បូកគោ​ រុក្ខជាតិ​មួយ​ប្រភេទ​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​ជាប់​នឹង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ​និង​មួយ​ប្រភេទ​ទៀត​នៅ​ខេត្តរតនគិរី។ លោក​ថ្លែង​ដូច្នេះ​ថា៖

«នៅ​ក្នុង​ស្រុកខ្មែរ​យើង​ មានតែ​បី​ប្រភេទ​ទេ ​ពិសេស​រុក្ខជាតិ​ថ្មី»។

សូម​បញ្ជាក់​ថា​ របាយការណ៍​ស្ដីអំពី​របក​គំហើញ​សត្វ ​និង​រុក្ខជាតិ​ថ្មីៗ​នៅ​ក្នុង​បណ្ដា​ប្រទេស​នៃ​មហាតំបន់​ទន្លេ​មេគង្គត្រូវ​បាន​ចេញ​ផ្សាយ​១១​ថ្ងៃ​ប៉ុណ្ណោះ​ មុន​នឹង​ការ​បើក​កិច្ចប្រជុំ​ស្ដីអំពី​ជីវៈចម្រុះ​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ទីក្រុង​ណាហ្គោយ៉ា​ប្រទេស​ជប៉ុន។ អង្គការ ​WWF ​បាន​អំពាវ​នាវ​ឲ្យ​បណ្ដា​ប្រទេស​ដែល​នឹង​ចូល​រួម​កិច្ចប្រជុំនោះ ​គិតគូរ​អំពី​ការ​ផ្ដល់​មូលនិធិ​សម្រាប់​ទ្រទ្រង់​ការ​អភិរក្ស​សត្វនិង​រុក្ខជាតិ​ប្រភេទ​ថ្មី​ដែល​ត្រូវ​បានរកឃើញ​ទាំងនេះ៕

XS
SM
MD
LG