ក្រសួងសុខាភិបាល កំពុងធ្វើការវិភាគទៅលើសារធាតុដែលមាននៅក្នុងស្រាសក្រោយពីអ្នក ស្រុកចំនួន១៣នាក់បានស្លាប់បាត់បង់ជីវិតបន្តបន្ទាប់គ្នានិងចំនួន៦៩នាក់ទៀត បានធ្លាក់ខ្លួនឈឺ បន្ទាប់ ពីពួកគេបានទទួលទានស្រាសនៅក្នុងពិធីជួបជុំគ្នាមួយនៅក្នុងភូមិ។ មន្រ្តីសុខាភិបាលបានសន្និដ្ឋានជំហានដំបូងថាស្រាសនេះមានលាយសារធាតុថ្នាំពុលសម្លាប់សត្វល្អិត។
លោក គីម ស៊ូភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍នៅថ្ងៃអង្គារ៍នេះថា លោកបានបញ្ជូនវត្ថុវិភាគ ដែលរួមមាន ស្រាស និងឧបករណ៍មួយចំនួនសម្រាប់ដាក់ស្រា ទៅមន្ទីរ ពិសោធន៍របស់ក្រសួងសុខាភិបាលហើយ ដើម្បីពិនិត្យរកមើលមូលហេតុដែលបានបណ្តាលឲ្យប្រជាពលរដ្ឋនៅស្រុកអូរាំងឪ ខេត្តកំពង់ចាម បានស្លាប់បាត់បង់ជីវិតបន្តបន្ទាប់គ្នា បន្ទាប់ពីបានទទួលទានស្រាសរួចមក។
«ប្រជាពលរដ្ឋយើងគាត់បានទិញស្រាសយកមកពិសាររួមគ្នា អញ្ចឹងក្រោយពីពិសារទៅមាន ហេតុការណ៍ អាការៈធ្វើទុកទៅ ហើយក៏មានការស្លាប់ជាបន្តបន្ទាប់ទៅ»។
លោកបានមានប្រសាសន៍ថា យ៉ាងតិចមានមនុស្សចំនួន១៣នាក់បានស្លាប់បាត់បង់ជីវិតបន្តបន្ទាប់ គ្នានិង៦៩នាក់ផ្សេងទៀត បានធ្លាក់ខ្លួនឈឺក្រោយពីអ្នកភូមិព្រះធាតុ ស្រុកអូរាំងឪ ខេត្តកំពង់ចាម បានទទួលទានស្រាស នៅក្នុងពិធីជួបជុំគ្នាមួយតាមបែបជនបទ។
រហូតមកដល់ថ្ងៃអង្គារ៍នេះ លទ្ធផលដែលចេញពីមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាល ពុំទាន់បានបញ្ជាក់អំពីមូលហេតុពិតប្រាកដនៅឡើយទេ។
លោកគីម ស៊ូភីរុណ បាននិយាយថា ការស្លាប់បាត់បង់ជីវិតរបស់អ្នកស្រុកនេះ បណ្តាលមកពី សារធាតុពុលដែលមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត ហើយត្រូវបានគេលាយនៅក្នុងស្រាស។
«ទីមួយ គាត់អាចយកប៊ីដុង ឬក៏ដប និងយកទៅដាក់ស្រាមកហូប ដោយសារប៊ីដុង ដបហ្នឹង អាចគាត់ដាក់ថ្នាំបាញ់ស្មៅ ថ្នាំពុលសម្រាប់ចំការគាត់ហ្នឹង។ ទីពីរយើងអាចសន្និដ្ឋាន ក្រែងលោមកពីស្រាហ្នឹង គាត់លាយសារជាតិពុលអ្វីផ្សេងៗ»។
ក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបាននិយាយថា អ្នកស្រុកបន្ទាប់ពីទទួលទានស្រាស រួចមក ពួកគេមានអាការចុកពោះ ខ្យល់ចាប់ ស្រវាំងភ្នែក និងក្អួតធ្លាក់ឈាមរហូតដល់ស្លាប់។
លោកតែម មាន អាយុ៤៩ឆ្នាំ រស់នៅភូមិព្រះធាតុ ដែលកំពុងសម្រាកព្យាបាលនៅគ្លីនីកឯកជនមួយ បាននិយាយថា កាលពីសប្តាហ៍មុន លោកបានទទួលទានស្រាស នៅក្នុងពិធីកំដរបុណ្យសពមួយនៅក្នុងភូមិ ហើយក្រោយមក លោកមានអាការចុកពោះ។
លោកបានមានប្រសាសន៍ទៀតថា លោកបានរួចផុតជីវិត ដោយសារតែលោកបានទទួលទាន ស្រាតិចតួចតែប៉ុណ្ណោះ។ ចំណែកឯអ្នកភូមិផ្សេងទៀត ដែលទទួលទានស្រាច្រើនរហូតដល់ស្រវឹងនោះ ពួកគេបានស្លាប់ជាបន្តបន្ទាប់។
«ញ៉ាំស្រាហ្នឹង ខ្ញុំស្មានតែវាអត់ដឹងថា ស្រាទៅអញ្ចឹង ប៉ុន្តែគ្រាន់តែឈឺពោះ នៅតែឈឺពោះទៅលាបប្រេងក្រឡាក៏មិនបាត់លេបថ្នាំអ្វីក៏មិនបាត់ហើយដល់អ្នកគេឈឺពោះខ្លាំងៗហ្នឹង គេយកទៅពេទ្យៗ តែមួយយប់ងាប់ៗ»។
លោកងន់ គឹមហ៊ាន ប្រធានក្រុមប្រឹក្សាឃុំព្រះធាតុ បាននិយាយថា អាជ្ញាធរបានចុះណែនាំប្រជាពលរដ្ឋកុំឲ្យទទួលទានស្រា តទៅទៀត ដើម្បីជៀសវាងការស្លាប់បាត់បង់ជីវិតថែមទៀត។
លោកបានមានប្រសាសន៍ទៀតថា នេះគឺជាលើកទីមួយហើយ ដែលបានកើតឡើងនៅក្នុងឃុំរបស់លោក។
«សុំឲ្យគាត់ផ្អាកការហូបស្រា សូមឲ្យគាត់ហូបចុកអ្វីកុំអាលសិន ចាំឲ្យសមត្ថកិច្ចគេកំពុងចុះ ស្រាវជ្រាវសិក្សា ចំពោះស្រាដែលនៅទីនេះទាំងអស់សិន។ នេះមិនមែនជាជម្ងឺរាតត្បាតអ្វីទេ គឺពិតជាមានជាតិពុល។ ឈឺនេះ គឺសុទ្ធតែអ្នកហូបស្រាទាំងអស់ មិនមែនជម្ងឺរាតត្បាតទេ។ សូមឲ្យបងប្អូនកុំឲ្យមានការភិតភ័យអ្វីទំាងអស់»។
អ្នកស្រីកង គឹមធឿន ប្រធានមណ្ឌលសុខភាព ឃុំព្រះធាតុ បាននិយាយថា មន្រ្តីសុខាភិបាល បាន ចុះណែនាំដល់ប្រជាពលរដ្ឋសុំឲ្យផ្អាកការទទួលទានស្រាសមួយរយៈសិន។
អ្នកស្រីបានមានប្រសាសន៍ទៀតថា យើងបានដាក់មន្រ្តីសុខាភិបាល ដើម្បីតាមឃ្លាំមើលសុខភាព ប្រជាជននៅតាមភូមិ។
«យើងមានវិធានការ ម្សិលមិញខាងឡានខេត្តក៏ជួយអន្តរាគមន៍ ខាងពេទ្យស្រុករបស់យើងក៏នៅឈរប្រចាំការដែរ ហើយយើងមានវិធានការថា ពេលឈឺយើងមានបុគ្គលិកយើងប្រចាំការនៅហ្នឹង ដើម្បី បញ្ជូនគាត់ ហើយ និងពិនិត្យសុខភាពរបស់គាត់»។
អ្នកស្រីកង គឹមធឿន បានមានប្រសាសន៍ទៀតថា មន្រ្តីសុខាភិបាលនិងធ្វើការអង្កេតទៅលើកន្លែង បិតស្រានោះ ថាតើ និងគោរពទៅតាមបច្ចេកទេសឬក៏យ៉ាងណា៕