ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ Chevron​ ត្រូវ​បាន​ស្នើឱ្យ​បង្ហាញ​តម្លាភាព​ក្នុង​អាជីវកម្ម​ប្រេង


ក្រុម​អ្នក​តាមមើល​ដំណើរការ​អាជីវ​កម្ម​ឧស្សាហ​កម្ម​រ៉ែ​ប្រេងកាតគ្រោង​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ប្រេង​Chevron​ របស់​សហ​រដ្ឋ​អាមេរិក​បង្ហាញ​នូវ​តម្លាភាព​ក្នុង​ការ​ធ្វើអាជីវ​កម្ម​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​មួយ​ចំនួន​ទៀត។

ការ​ទាមទារ​នេះ​ធ្វើឡើង​ស្របពេល​ដែល​ក្រុម​ហ៊ុន​ប្រេង​ដ៏​ធំ​មួយ​នេះ​ត្រូវ​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គ្រប់​ភាគហ៊ុន​ទាំង​អស់​នៅ​ថ្ងៃពុធ​ទី​២៦ ​ខែឧសភា​នេះ​ក្នុង​ទីក្រុង​Houston រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក។

កញ្ញា ​លឹម​ សូលីន ​អ្នក​សម្រប​សម្រួល​កម្មវិធី​ប្រចាំ​តំបន់​ទទួល​បន្ទុក​ឧស្សាហ​កម្ម​យក​រ៉ែ​នៃ​អង្គការOxfam​ អាមេរិកាំង​ បាន​ប្រាប់​វីអូអេក្នុង​បទ​សម្ភាស​មួយ​ថា អង្គការ​Oxfam ​អាមេរិក​កាំងព្រមទាំង​ម្ចាស់​ភាគហ៊ុន​មួយ​ចំនួន​នៃ​ក្រុម​ហ៊ុន​Chevron ​បាន​ដាក់​សំណើ​ឱ្យ​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​អនុម័ត​យក​សេចក្តី​សម្រេច​ទាក់​ទងនឹង​គោល​នយោបាយ​ផ្សព្វ​ផ្សាយ​ការ​ចំណាយ​ប្រកប​ដោយ​តម្លាភាព​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

“អង្គការ​អុកស្វាម​និង​ម្ចាស់​ភាគហ៊ុន​មួយ​ចំនួន​ទៀត​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​និង​ដាក់​សេចក្តី​សម្រេច​ចិត្ត​នោះ​ ដើម្បី​ទាមទារ​ឱ្យ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​ហ៊ុន​ Chevron ​ហ្នឹង​ធ្វើការ​អនុម័ត​នូវ​គោល​នយោបាយ​ផ្សព្វ​ផ្សាយ​ពីការ​ចំណាយ​ដែល​ក្រុម​ហ៊ុន​ Chevron​ បាន​បង់​ទៅ​ដល់រដ្ឋា​ភិបាល​នៅ​ប្រទេស​កម្ពុជា​ក៏ដូច​ជា​ដល់​ប្រទេស​ដ​ទៃ​ទៀត​ដែល​Chevron​ កំពុង​ធ្វើការ”។

អង្គការ​អុកស្វាមអាមេរិកាំង​បាន​ឱ្យដឹង​ថា​ គ្រាន់​តែ​ក្នុង​ឆ្នាំ​២០០៨​ កន្លង​ទៅនេះ​ក្រុមហ៊ុន​Chevron ​បាន​បង់ពន្ធ​ជា​ប្រាក់​ជា​ង​៤០ពាន់​លាន​ដុល្លារ​ដល់​ទៅ​រដ្ឋា​ភិបាល​នានា​នៅ​ជុំវិញ​ពិភព​លោក។ ​តាម​ព្រឹត្តិការណ៍​កន្លងមក​ឱ្យដឹងថា​ ប្រាក់​ដែល​ក្រុម​ហ៊ុន​ប្រេង​នានា​បង់ជូន​ដល់​រដ្ឋា​ភិបាល​ម្ចាស់ផ្ទះ​តែងតែ​ត្រូវ​ភាគី​ទាំងពីរ​រក្សា​ទុក​ជាការ​សំងាត់​ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​គេច​ពន្ធ​ អំពើ​ពុករលួយ និង​ការ​ប្រើ​ប្រាស់​ប្រាក់​ចំណូល​មិន​ត្រឹម​ត្រូវ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អុកស្វាម​អាមេរិកាំងដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៤​ ខែ​ឧសភាបញ្ជាក់ថា​ “ដោយ​ឧស្សាហ​កម្ម​ប្រេងកាត​ទើប​តែ​ចាប់​ផ្តើម​នៅ​ប្រទេស​កម្ពុជា​ ការ​អនុវត្តប្រកប​ដោយ​តម្លាភាព​និង​គណនេយ្យ​ភាព​ជា​ការ​ចាំបាច់​ដើម្បី ​ធានា​ថា​ ​ប្រាក់​ចំណូល​បាន​មក​ពី​ធនធាន​ប្រេង​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​ ហើយ​ជួយ​ប្រទេស​កម្ពុជា​ចេញ​ពីភាព​ក្រីក្រ"។

លោក​ ម៉ម ​សម្បតិ្ត​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សម្ព័ន្ធ​ភាព​កម្ពុជា​ដើម្បីតម្លាភាព​ចំណូលធនធាន​ដែល​ត្រូវ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ បាន​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​ពិសេស​មួយ​ថា​ ការ​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​អាជីវ​កម្ម​រ៉ែនៅ​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ​ ហើយ​លោក​នឹង​ថ្លែង​បញ្ជាក់​ការ​គាំទ្រ​ដល់​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ដែល​បាន​ស្នើ​ឡើង​ដោយ​ម្ចាស់​ភាគ​ហ៊ុន​មួយ​ចំនួន ​និង​អង្គការ​Oxfam ​America។

“គម្រោង​សំណើនេះ​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ ជា​ពិសេស​គឺ​តម្រូវ​ឱ្យ​មាន​ការ​លាត​ត្រដាង​នូវ​ព័ត៌មាន​ ជាពិសេស​ទៅ​ហ្នឹង​ចំណាយ​ទាំង​អម្បាលម៉ាន​ ដែលផ្ញើ​ពី​ក្រុមហ៊ុន​ទៅ​ឱ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ហើយ​នៅ​ពេល​ណា​មាន​ព័ត៌មាន​នេះ​ហើយ ​គឺ​វា​អនុញ្ញាត​ឱ្យប្រជាជន​ខ្មែរ​ រួម​ទាំង​សម្ព័ន្ធ​ភាព​ តម្លាភាព​ចំណូល​មក​ពី​ឧស្ម័ន​ និង​រ៉ែ​នេះ​អាច​ធ្វើការ​ងារ​កាន់​តែប្រសើរ​ជាពិសេស​តម្រូវ​ឱ្យ​រាជ​រដ្ឋាភិបាល​យើង​គាត់​ទទួល​ខុសត្រូវ​ ឬ​គណ​នេយ្យ​ភាព​ទៅ​លើ​ការ​ប្រើប្រាស់​ធនធាន​ទៅ​លើ​វិស័យ​សំខាន់ៗ ​ដូចជា​វិស័យអប់​រំ​ វិស័យ​សុខាភិបាល​ ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជាពិសេស​ទៅ​ទៀត ​វា​ធ្វើ​ឱ្យ​កិច្ច​អភិវឌ្ឍន៍​លើ​វិស័យ​សេដ្ឋ​កិច្ច​កាន់តែ​រីក​ចម្រើន”។

លោក​ ម៉ម​ សម្បត្តិ​បាន​បញ្ជាក់បន្ថែម​ទៀតថា​ ​បើ​កាល​ណា​ក្រុមហ៊ុន​ Chevron ​អាច​ធ្វើ​ដូច្នេះ​បាន​ នឹង​នាំ​ឱ្យ​ក្រុម​ហ៊ុន​ដ​ទៃ​ទៀត​ ​ដែល​កំពុង​បោះ​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​រ៉ែ​ប្រេងកាត​នេះ​នឹង​យក​គម្រូ​តាម។

“Chevron ​គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​គាត់​គាំ​ទ្រ​លើ​គំនិត​ផ្តួចផ្តើម​ឧស្សាហ​កម្ម​និស្សារណ​កម្ម។​ ម៉្យាង​ទៀត​ក្រុមហ៊ុន​ Chevron​ គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​កំពុង​មាន​សកម្មភាព​សកម្ម​ជាង​គេ​ ​ក្នុង​ការ​រុករក​ប្រេង​ ឧស្ម័ន​នៅ​ក្នុង​ប្លុក​A ​ ​បើ​យើង​ប្រៀបធៀប​ទៅ​ហ្នឹង​ក្រុមហ៊ុន​ផ្សេងៗ​នៅក្នុង​ប្លុក​ផ្សេងៗ​គឺថា ​វា​មិន​ទាន់​សកម្ម​នៅ​ឡើយ​ទេ​ ​ហើយ​ក្នុង​ខណៈ​មួយ​ដែល​ក្រុម​ហ៊ុន​ Chevron​ ដែល​គាត់​ជា​អ្នក​គាំទ្រ​ EITI​ ​ហើយ​ព្រម​ទាំង​បាន​ពិចារណា​ក្នុ​ងការ​អនុម័ត​គោល​នយោបាយ​ទៅលើ​ការ​លាត​ត្រដាង​ចំណាយ​នេះ​វា​រិតតែ​មាន​សារៈ​ប្រយោជន៍​សំខាន់​ថែម​ទៀត​ ​ហើយ​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ប្រតិបត្តិ​នៃ​ការ​រុករក ​ឬ​ធ្វើ​អាជីវ​កម្ម​រ៉ែ​នៅ​ប្រទេស​កម្ពុជា”។

អង្គការ​ Oxfam ​America​និង​ក្រុម​ម្ចាស់​ភាគហ៊ុន​មួយ​ក្រុម​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សេចក្តី​សម្រេច​ចិត្ត​នេះ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ ​ហើយ​អាច​នឹង​រង់​ចាំ​ការ​បោះឆ្នោត​សម្រេច​ក្នុង​កិច្ច​ប្រជុំ​នោះ។

ក្រុមហ៊ុន​Chevron ​ក៏កំពុង​ស្ថិតក្រោម​សម្ពាធ​ពី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពន្លឿន​ល្បឿន​ផលិត​កម្ម​ប្រេង​ផង​ដែរ។ ​កាល​ពី​ខែ​មុន​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​ដាក់​ឱសាន​វាទ​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវ​កម្ម​ប្រេង​នៅ​ត្រឹម​ឆ្នាំ​២០១២​ ​បើ​មិន​ដូច្នោះ​ទេ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​សិទ្ធិ​ធ្វើ​អាជីវ​កម្ម៕

XS
SM
MD
LG