ជនជាច្រើននាក់ក្នុងបណ្តាអ្វីដែលហៅថា ពួកបាតុករអាវក្រហមដែលបានចំណាយពេលវេលាជាងពីរខែធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅលើផ្លូវនៃរាជធានីនៃប្រទេសថៃមកពីក្រុមជនក្រីក្រក្នុងតំបន់ជនបទរបស់ប្រទេសនិងវណ្ណៈកម្មករក្នុងទីក្រុង។
ក៏ប៉ុន្តែ សមដូចលោក Aubrey Belford រាយការណ៍ពី Ban Pheu ក្នុងសំបុកពួកអាវក្រហមក្នុងផ្នែកឦសាននៃប្រទេសថៃ ជនជាតិថៃសម្បូរធនធានច្រើននាក់ក៏គាំទ្រចលនានេះដែរ ហើយពួកគេក៏ព្រួយបារម្ភដែរអំពីអំពើហិង្សាដែលកើតមានក្នុងក្រុងបាងកក។ លោក ឈឹម សុមេធ ប្រែសម្រួលសេចក្តីរាយការណ៍នេះដូចតទៅ៖
អ្នកស្រី Uraiwan Suwannasang ជាស្ត្រីមេផ្ទះម្នាក់មានជីវភាពល្អប្រសើរ។ ផ្ទះអ្នកស្រីនៅក្នុងក្រុង Ban Pheu នាប៉ែកឦសានប្រទេសមានដាក់តាំងជ័យភ័ណ្ឌនិងរូបថតធំៗរបស់កូនអ្នកស្រីបីនាក់ដែលសុទ្ធតែមានបរិញ្ញាប័ត្រ ហើយកំពុងធ្វើការក្នុងស.រ.អ.។
អ្នកស្រីUraiwan និងលោក Teerapon ជាស្វាមីអ្នកស្រីដែលជានាយកសាលាបឋមសិក្សាចូលនិវត្តន៍ម្នាក់ ជាអ្នកគាំទ្រខ្លាំងក្លាដល់ពួកអាវក្រហមប្រឆាំងនឹងរដ្ឋាភិបាលដែលបានកាន់កាប់ផ្នែកកណ្តាលនៃក្រុងបាងកកដោយធ្វើបាតុកម្មជាងពីរខែមកហើយ។
អំពើហិង្សាយូរៗម្តងបានបណ្តាលឱ្យមនុស្សជាង៦០នាក់ស្លាប់ចាប់តាំងពីពេលដែលបាតុកម្មនេះបានចាប់ផ្តើមមាន។ ជាងពាក់កណ្តាលនៃមនុស្សស្លាប់ទាំងនេះបានបាត់បង់ជីវិតក្នុងអំពើហិង្សាដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុននៅពេលដែលរដ្ឋាភិបាលបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើជំរុំពួកបាតុករនៅកណ្តាលក្រុងបាងកក។
ពួកបាតុករច្រើននាក់មកពីតំបន់ឦសាននៃប្រទេសថៃដែលជាតំបន់ជនបទរាំងស្ងួតមួយដែលក្រីក្រជាងកន្លែងឯទៀតៗរបស់ប្រទេស។ ក៏ប៉ុន្តែអ្នកស្រី Urawan និងស្វាមីអ្នកស្រីមិនមែនជាជនក្រីក្រទេ។
អ្នកស្រី Uraiwan និយាយថា អ្នកស្រីមិនដែលយកចិត្តទុកដាក់ខ្លាំងក្នុងនយោបាយទេ រហូតដល់រដ្ឋប្រហារកាលពីឆ្នាំ២០០៦ដែលបានទម្លាក់នាយករដ្ឋមន្ត្រី Thaksin Shinawatra ពីតំណែង។
ភាគច្រើននៃប្រជាប្រិយភាពរបស់ Thaksin បានមកពីគោលនយោបាយនានា ដូចជាការថែរក្សាសុខភាពដោយបង់សោហ៊ុយតិចនិងការឱ្យខ្ចីប្រាក់ក្នុងតំបន់ជនបទដែលបានជួយកសិករជាច្រើននាក់ឱ្យគេចផុតពីភាពទីទាល់ក្រ។ ក៏ប៉ុន្តែអ្នកស្រី Uraiwan ថ្លែងថា អ្នកស្រីមានធនធានច្រើនមិនអាចទទួលអត្ថប្រយោជន៍ពីគោលនយោបាយទាំងនេះទេ។
អ្នកស្រីនិយាយថា ការគាំទ្ររបស់អ្នកស្រីដល់ពួកអាវក្រហមគឺអំពីអំពើយុត្តិធម៌ និងភាពត្រឹមត្រូវ ទោះណាជាអ្នកស្រីបានថ្លែងដែរថា ការតម្លើងប្រាក់បៀវត្សសម្រាប់ពួកគ្រូបង្រៀននៅពេល Thaksin កាន់តំណែងបានធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីស្រួលជាងមុនដែរ។
ជាញឹកញយ វិបត្តិនយោបាយរបស់ប្រទេសថៃបានត្រូវចាត់ទុកថា ជាការប្រយុទ្ធមួយរវាងពួកអាវក្រហមមកពីតំបន់ជនបទក្រីក្រនិងរដ្ឋាភិបាលមួយដឹកនាំដោយពួកវរជនរាជានិយមនិងមានធនធានច្រើនមួយក្រុម។ ក៏ប៉ុន្តែ វិបត្តិនេះក៏មានទំហំធំដែរក្នុងតំបន់។ ជាឧទាហរណ៍ ក្នុងផ្នែកខាងត្បូងនៃប្រទេសថៃការគាំទ្រដល់ពួកបាតុករមានកម្រិតទាប ទោះណាជាក្នុងចំណោមពួកជនក្រីក្រក៏ដោយ។ នៅក្នុងប៉ែកឦសានប្រទេស ស្ថានការណ៍ផ្ទុយពីនេះ ពីព្រោះពួកមនុស្សច្រើននាក់ក្នុងវណ្ណៈកណ្តាលគាំទ្រចលនាប្រឆាំងនឹងរដ្ឋាភិបាលនេះ។
នៅក្នុងរោងម៉ាស៊ីនមួយនៅជាយក្រុង Udon Thani លោក Narong Meephet ឃើញ Thaksin ថា ជាវីរបុរសនយោបាយម្នាក់និងជាបុរសគម្រូម្នាក់ខាងវិស័យជំនួញ។
លោក Narong មានបុគ្គលិក២០នាក់ដែលជួសជុលទ្បាននិងត្រាក់ទ័រ។ លោកនិយាយថា លោកមានធនធានច្រើនមិនអាចទទួលអត្ថប្រយោជន៍ពីគោលនយោបាយរបស់ Thaksin ទេ។ លោកថ្លែងថា ចលនាអាវក្រហមគឺអំពីការចាត់ចែងសេដ្ឋកិច្ចឱ្យបានល្អប្រសើរជាងមុន និងបំណងរបស់ប្រជារាស្ត្រក្នុងមូលដ្ឋានចង់ឱ្យមានការគោរពច្រើនជាងមុនពីពួកវរជនក្នុងក្រុងបាងកក។
លោកណារ៉ុងនិយាយថា លោកជាបុរសម្នាក់ដែលរកធនធានដោយខ្លួនឯងដោយមានឋានៈកើនទ្បើងពីឋានៈជាកសិករក្រីក្រម្នាក់នៅជិតក្រុងបាងកកទៅជាអ្នកមានជំនួញដោយខ្លួនឯង ក្រោយពីបានធ្វើការយ៉ាងឧស្សាហ៍ជាជាងម៉ាស៊ីននិងជាអ្នកលក់ដូរឥវ៉ាន់ក្នុងភូមិភាគមជ្ឈឹមបូព៌ានិងប្រទេសជប៉ុន។
លោកថ្លែងថា កម្លាំងពិតប្រាកដរបស់ Thaksin គឺការបង្រៀនប្រជារាស្ត្រឱយជួយខ្លួនឯងតាមរយៈគោលនយោបាយនានាដូចជាកម្មវិធីឱ្យប្រជារាស្ត្រក្នុងតំបន់ជនបទខ្ចីប្រាក់ជាដើម។
លោកណារ៉ុងនិយាយថា នៅពេលខ្លះលោកបានធ្វើវិភាគទានពី២០ដុល្លារទៅ៤០ដុល្លារឱ្យដល់ចលនាអាវក្រហម ក៏ប៉ុន្តែលោកមិនមែនជាអ្នកគាំទ្រធំដុំម្នាក់ទេ។ លោកយល់ថា ប្រមាណពាក់កណ្តាលនៃពួកអ្នកជំនួញក្នុងក្រុង Udon Thani ដែលជាច្រើននាក់ជាជនអម្បូរចិន បានគាំទ្រពួកអាវក្រហម។ ពួកអ្នកជំនួញពាក់កណ្តាលទៀតជាអ្នកមានសមានចិត្តដល់ពួកអាវលឿងដែលជាគូប្រជែងរបស់ពួកអាវក្រហម ហើយប្រឆាំងនឹង Thaksin។
នៅក្នុងតំបន់នេះ ដូចជាកន្លែងឯទៀតក្នុងប្រទេសថៃដែរ ពួកប៉ូលិសច្រើននាក់ជាអ្នកគាំទ្រពួកអាវក្រហម ដែលនាំឱ្យគេហៅពួកប៉ូលិសទាំងនេះថា ជាពួក “ប៉េងប៉ោះ”។
លោក Danai Saribot ជាមេប៉ូលិសក្នុងស្រុក Ban Pheu។ លោក Danai និយាយថា រវាង៦០និង៧០ភាគរយនៃពួកប៉ូលិសរបស់លោកជាពួកអាវក្រហម ក៏ប៉ុន្តែលោកថ្លែងទទូចថា ពួកគេធ្វើសកម្មភាពនយោបាយតែនៅពេលណាក្រៅម៉ោងធ្វើការរាជការ។
ក៏ប៉ុន្តែនៅខាងក្រៅនៅក្នុងកន្លែងចតទ្បាន ប៉ូលិសម្នាក់ក្នុងបណ្តាពួកប៉ូលិសនៅក្រោមបង្គាប់លោកដាណៃ គឺលោកSakda Muthasin បានដើរ ហើយនិយាយថា ពួកប៉ូលិសភាគច្រើនគាំទ្រ Thaksin ជាផ្នែកដោយសារប្រាក់បៀវត្សប៉ូលិសបានកើនទ្បើងនៅពេលរដ្ឋាភិបាលគាត់កាន់តំណែង។
ក៏ប៉ុន្តែ លោក Sakda ក៏និយាយដែរថា លោកក៏ខឹងដែរដល់រដ្ឋាភិបាលអំពីការស្លាប់មនុស្សក្នុងក្រុងបាងកក។ លោកថ្លែងថា ប្រសិនបើមានការបង្ក្រាបនៅទូទាំងប្រទេស ហើយអាជ្ញាធរសុំឱ្យលោកចូលរួមក្នុងការបង្ត្រាបនេះ លោកនឹងមិនគោរពតាមបញ្ជាទេ។ លោកពោលថា លោកនឹងការពារពួកបាតុករប្រឆាំងនឹងរដ្ឋាភិបាល៕