ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិក្ខា​សាលា​ទប់​ស្កាត់​ការ​នាំ​​ជ្រូក​ និង​ត្រី​ចូល​ពី​បរទេស


马里女难民和一个小孩2013年1月24日坐在靠近马里边界附近联合国难民署搭设的帐篷旁边
马里女难民和一个小孩2013年1月24日坐在靠近马里边界附近联合国难民署搭设的帐篷旁边

ក្រុម​អាជីវករ​ខ្នាត​តូច​និង​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ ចំនួន​មួយ​ថ្ងៃ​ ដើម្បី​រិះ​រក​វិធី​សាស្រ្ត​ក្នុង​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ និង​ ត្រី​ពី​បរទេស។​ អ្នក​ជំនាញ​របស់​USAID​ បាន​រក​ឃើញ​ថា ​កម្ពុជា​បាន​ខាត​បង់​ប្រាក់​ប្រមាណ​ជាង​45​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដោយ​សារ​តែ​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​តែ​មួយ​ប៉ុណ្ណោះ។

លោក​ ហេង​ រស្មី ​រាយ​ការណ៍​ជូន​ដូច​ត​ទៅ៖

ក្រសួង​ពាណិជ្ជ​កម្ម​សហ​ការ​ជា​មួយ ​និង​គម្រោង​ពង្រឹង​សហ​គ្រាស​ខ្នាត​តូច​បំផុត​ ខ្នាត​តូច​ និង​ខ្នាត​តូច​មធ្យម​នៅ​កម្ពុជា ​បាន​រៀបចំ​សិក្ខា​សាលា​ចំនួន​២ ​ដើម្បី​ពន្លឿន​ការ​ងារ​ការ​ពារ​ពាណិជ្ជ​ កម្ម​កម្ពុជា​ពី​ការ​នាំ​ចូល​ដោយ​មិន​ស្មោះ​ត្រង់។

កិច្ច​ប្រជុំ​ក្នុង​សិក្ខា​សាលា​ចំនួន​១​ថ្ងៃ ​រវាង​វិស័យ​ឯកជន​ និង​សាធារណៈ​នេះ​ មាន​អ្នក​ចូល​រួម​សរុប​ប្រមាណ​ជាង​៦០​នាក់ ​ដើម្បី​ពិភាក្សា​ និង​ផ្តោត​ទៅ​លើ​ការ​ទប់​ស្កាត់​ ការ​នាំ​ចូល​ជ្រូក ​និង​ត្រី​ យ៉ាង​គំហុក​ពី​ប្រទេស​វៀតណាម ​និង​ប្រទេស​ថៃ។

លោក​Curtis​ Hundley ​ប្រធាន​គម្រោង​ពង្រឹង​សហ​គ្រាស​ខ្នាត​តូច​បំផុត​ ខ្នាត​តូច ​និង​ខ្នាត​ មធ្យម​នៅ​កម្ពុជា ​ក្រោម​ជំនួយ​របស់​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​របស់សហ​រដ្ឋ​អាមេរិក​មួយ ​ដែល​មាន​ឈ្មោះ​ថា​ USAID​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា គោល​បំណង​នៃ​ការ​រៀបចំ​សិក្ខា​សិលា​នៅ​ថ្ងៃ​នេះ​ គឺ​ ដើម្បី​ឲ្យ​វិស័យ​ឯកជន​ និង​សាធារណៈ​យល់​ដឹង​អំពី​ឧបាស្រ័យ​ពាណិជ្ជ​កម្ម ​ដើម្បី​ការ​ពារ​អាជីវ​កម្ម​ ពី​ការ​លក់​បង្ខូច​ថ្លៃ​ ពី​ការ​នាំ​ចូល​យ៉ាង​គំហុក​ពី​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ។

លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាង​ក្នុង​១​ឆ្នាំៗ​ប្រមាណ​ជាង​ ១​លាន​ក្បាល​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាន​បាត់​បង់​ប្រាក់​ចំនួន​៤៥​លាន​ដុលា្លរ​សហ​រដ្ឋ​អាមេរិក​ក្នុង​១​ឆ្នាំ។

"ដូច្នេះ​ហើយ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គ្រួសារ​ខ្មែរ​យើង​រាប់​ពាន់​គ្រួសារ​ ដោយ​សារ​យើង​គិត​មើល​ទៅ​៤៥​លាន​ យើង​យកទៅ​ឲ្យ​ថៃ ​បាន​ន័យ​ថា ​ហូរ​ទៅ​ប្រទេស​ជិត​ខាង"។

ប្រទេស​កម្ពុជា​នៅ​ពេល​ដែល​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ WTO​ កាល​ពី​ឆ្នាំ​២០០៣ ​កម្ពុជា​ បាន​យល់​ព្រម​ឲ្យ​មាន​ការ​បើក​ចំហ​ទី​ផ្សារ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ឲ្យ​មាន​ ការ​ធ្វើ​ពាណិជ្ជ​កម្ម​ដោយ​សមធម៌​ ដែល​ជា​ការ​ឆ្លើយ​តប​នូវ​ការ​នាំ​ទំនិញ​ចូល​ពី​ទីផ្សារ​របស់​ប្រទេស​ផ្សេងៗ។

ប្រទេស​កម្ពុជា​មិន​បាន​យល់​ព្រម​ឲ្យ​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​របស់​ខ្លួន​លក់​ផលិត​ផល​បង្ខូច​ថ្លៃ​ដោយ​សារ​តម្លៃ​ទាប ​និង​មិន​ស្មោះ​ត្រង់ ​ឬ​ក៏​នាំ​ចូល​មក​កាន់​ទី​ផ្សារ​យ៉ាង​គំហុក ​ដែល​បាន​បំផ្លាញ​ដល់​ឧស្សាហ​កម្ម​នៅ​ក្នុង​ស្រុក។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​មុន​កម្ពុជា​អាច​ការ​ពារ​ខ្លួន​ឯង​តាម​រយៈ​ការ​ដាក់​ពន្ធ​គយ​ការ​ពារ​ខ្លួន​ត្រូវ​តែ​អនុម័ត​ច្បាប់​ស្តី​ពី​ឧបាស្រ័យ​ពាណិជ្ជ​កម្ម។

លោក​ទឹង​ វុទ្ធី ​អាយុ​៣៩​ឆ្នាំ ​អនុប្រធាន​សហ​គមន៍​ចិញ្ចឹម​ជ្រូក​មក​ពី​ខេត្ត​កំពង់​ចាម​ដែល​បាន​ ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​នោះ ​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា​ សព្វ​ថ្ងៃ​នេះ ​ការ​នាំ​ចូល​ជ្រូក​ពី ​ប្រទេស​វៀតណាម ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ជ្រូក​នៅ​ក្នុង​ស្រុក​ ​ពីព្រោះ​ជ្រូក​នាំ​ចូល​ពី​ បរទេស​មាន​តម្លៃ​ថោក​ជាង​ក្នុង​ស្រុក។

លោក​បាន​មាន​ប្រសាសន៍​ថា ​យ៉ាង​តិច​មាន​ជ្រូក​រស់​ចំនួន​១០០​ក្បាល​ដែរ​ ដែល​ត្រូវ​បាន​នាំ​ ចូល​តាម​ច្រក​ផ្សេងៗ​ ពី​ប្រទេស​វៀតណាម​មក​លក់​ក្នុង​ខេត្ត​កំពង់​ចាម​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ ខ្លាំង​ដល់​ការ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ស្រុក។

"កាល​ណា​ដែល​យើងចិញ្ចឹម​ថ្លៃ​ផលិត​បាន​ន័យ​ថា​ វា​ខ្ពស់​ណាស់។ ​សូម្បី​ចំណី​ក៏​វា​ថ្លៃ​ដែរ​ ហើយ​បើ​សិន​គេ​នាំ​មក​គេ​លក់​ទាប​ជាង​យើង​ អញ្ចឹង​យើង​គិត​ឃើញ​ថា ​គាត់​អត់​អាច​ចិញ្ចឹម​បាន​ទេ​ ដោយ​សារ​ការ​ផលិត​របស់​យើង​វា​ខ្ពស់។​ ​បើ​សិន​ជា​យើង​ចង់​បង្កើន​ឲ្យ​ឆាប់​ធំ ​ឲ្យ​ឆាប់​បាន​លក់​ ដើម្បី​តម្រូវ​ការ​ទីផ្សារ​ ទាល់​តែ​យើង​ទិញ​ចំណី​របស់​គេ។​ យើង​មិន​អាច​ប្រើ​តាម​ធម្មតា​ដូច​មុន​បាន​ទេ"។

លោក​សុខ ​សុភក្រ​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​មាន​ប្រសាសន៍​ថា​ ​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពល​រដ្ឋ​អំពី​ការ​នាំ​ចូល​ជ្រូក​ពី​បរទេស​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ក៏​ប៉ុន្តែ​យើង​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ផង​ដែរ​ ថា​តើ​នាំ​ចូល​ជ្រូក​ពី​បរទេស​នោះ​ ទាក់​ទង​ និង​ការ​លក់​បង្ខូច​ថ្លៃ​ ឬ​ក៏​ទាក់​ទង​ទៅ​នឹង​គុណ​ភាព​នៃ​សាច់​ជ្រូក។

"គោល​បំណង​របស់​រដ្ឋា​ភិបាល​ ឬ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​អន្តរ​ក្រសួង ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​ ដៅ​ការ​ពារ​ផល​ប្រយោជន៍​ផលិត​កម្ម​ក្នុង​ស្រុក​របស់​យើង​ មិន​មែន​ថា ​ជ្រូក​ទេ​ វា​អាច​ស៊ីម៉ង់​ ដែល​យើង​ទាញ​វិនិយោគ​មក​ផលិត​ក្នុង​ស្រុក​ ឬ​ក៏​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ក្បឿង​ ឬ​ផលិត​ផល​ផ្សេង​ទៀត​ ដែល​វា​អាច​ប៉ះ​ទង្គិច​ទៅ​នឹង​បញ្ហា​លក់​ខូច​តម្លៃ​ គឺ​យើង​ការ​ពារ​បាន​ដែរ"។

លោក​សុខ​ សុភក្រ​ បាន​បញ្ជាក់​ទៀត​ថា​ ​នៅ​ពេល​ដែល​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជ​កម្ម​ចូល​ជា​ធរមាន​នោះ​អាច​សង្ឃឹម​ថា ​និង​ទប់​ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក​ត្រី​ ឥដ្ឋ ​ក្បឿង​ និង​ទំនិញ​ផ្សេងៗ​ទៀត​ពី​ប្រទេស​ជិត​ខាង។

ពី​ទីក្រុង​ភ្នំពេញ ​ខ្ញុំ​ ហេង ​រស្មី ​វីអូអេ​ សំឡេង ​សរអ៕

XS
SM
MD
LG