ចូលឆ្នាំខ្មែរ គឺជាឱកាសល្អសម្រាប់អ្នកទិញ។ ចាប់តាំងពីដើមខែមេសានេះមកម្ល៉េះ ហាងលក់ទំនិញតូចធំជាច្រើន នៅក្នុងរាជធានីភ្នំពេញបានដាក់លក់បញ្ចុះតម្លៃចាប់ពី១០ % រហូតដល់៧០% នូវ មុខទំនិញសម្រាប់ប្រើប្រាស់រាប់សិបប្រភេទ ដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប នាទិ្បកា គ្រឿងថែរក្សាសម្ផស្ស គ្រឿងអេឡិចត្រូនិច និងចំណីអាហារមួយចំនួនផងដែរប្រយោជន៍ដើម្បីស្រូបយកអតិថិជនឲ្យបានកាន់តែច្រើនក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ពិធីចូលឆ្នាំដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃពុធស្អែកនេះទៅ។ ហើយការបញ្ចុះតម្លៃភាគច្រើនធ្វើឡើងរហូតដល់ថ្ងៃសុក្រដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំ។
នៅជាន់ទី៣នៃផ្សារទំនើបសូរិយាដ៏អ៊ូរអរ សំឡេងតន្ត្រីចង្វាក់ប្រពៃណីបានលាន់ឮឡើងកងរំពងពីខាងក្នុងហាងលក់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនខេហ្វ័រ។ ក្នុងរយៈពេល១៥ថ្ងៃ ចាប់តំាងពីថ្ងៃទី៣ខែមេសាមក ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចមួយនេះបានបញ្ចុះតម្លៃរហូតដល់៥០% ជាមួយនឹងការផ្តល់វត្ថុអនុស្សាវរីយ៍ផងនៅលើគ្រប់មុខទំនិញអេឡិចត្រូនិចដែលមានតម្លៃចាប់ពី១ដុល្លាររហូតដល់ជាង១ម៉ឺនដុល្លារ។
ដោយសម្លឹងមើលទៅទូរទស្សន៍ឡាសៀរទំនើបៗ ដែលដាក់តាំងតម្រៀបគ្នាជាជួរ និងមានបិទផ្លាកបញ្ចុះតម្លៃផងនោះ លោកណឹប ចាន់ថាវី អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេហ្វ័រ បានឲ្យដឹងថា អតិថិជនតែងចង់បានរបស់របរប្រើប្រាស់ថ្មីៗ នៅពេលដែលឆ្នាំថ្មីចូលមកដល់ ដូច្នេះការបញ្ចុះតម្លៃក្នុងឱកាសចូលឆ្នាំខ្មែរនេះ គឺជាវិធីសាស្ត្រដ៏គួរឲ្យទាក់ទាញបំផុត។
«ក្នុងការចូលឆ្នាំខ្មែរឆ្នាំនេះ មិនត្រឹមតែយើងបញ្ចុះតម្លៃទេ គឺយើងមានរង្វាន់ថែមទៅទៀត។ ហ្នឹងគឺជាយុទ្ធសាស្ត្រ មួយទាក់ទាញអតិថិជន។ វាអាចកើនក្នុងការលក់រហូតទៅដល់ពី១៥% ទៅ២០% បើធៀបទៅនឹងអ្វីដែលយើងមិនបានធ្វើការបញ្ចុះតម្លៃ»។
ចុះពីជាន់ខាងលើ នៅជាប់នឹងជណ្តើរជាន់ផ្ទាល់ដី កៀកជាប់នឹងខ្លោងទ្វារចូលផ្សារទំនើបសូរិយា ឯណោះវិញ នាទិ្បកាដៃ ទូរស័ព្ទដៃ កាបួបយួរ និងគ្រឿងតុបតែងខ្លួនជាដើម ត្រូវគេរៀបដាក់ជាជួរនៅក្រោមដំបូលសំពត់តង់ប្លាស្ទីក ប្រមាណជា១០តូប ដោយភា្ជប់ជាមួយនូវផ្លាកបញ្ចុះតម្លៃធំៗព្យួរនៅពីមុខទៀតផង។
លោក ឈាន ហូរ ជំនួយការនាយកនៃក្រុមហ៊ុនលក់នាទិ្បកា Romanson ដែលចុះថ្លៃ២៥% រំពឹងទុកដោយផ្អែកលើចំនួនលក់ដែលមានសន្ទុះកើនឡើងថា លោកនឹងអាចលក់នាទិ្បកាបានចំនួន យ៉ាងតិច៥០គ្រឿងក្នុងរយៈពេល១៣ថ្ងៃនៃការបញ្ចុះតម្លៃនេះ។ ផ្ទុយទៅវិញ បើគ្មានការបញ្ចុះតម្លៃទេ ក្រុមហ៊ុនរបស់លោកត្រូវចំណាយពេលយ៉ាងតិចណាស់២ខែដើម្បីលក់បាននាទិ្បកាចំនួន៥០គ្រឿង ដែលមានតម្លៃចាប់ពី៩០ដុល្លាររហូតដល់៥០០ដុល្លារ។
«យើងត្រូវតែធ្វើការបញ្ចុះតម្លៃ ពេលយើងធ្វើការបញ្ចុះតម្លៃទៅ យើងរំពឹងថា យើងអាចលក់បាន៥០គ្រឿង។ មុនធ្វើការបញ្ចុះតម្លៃ យើងអាចលក់២ខែបានអស់»។
គួរកត់សម្គាល់ថា នៅប្រទេសជឿនលឿននានានៅក្នុងពិភពលោក ហាងលក់ទំនិញធំៗតែងតែបង្កើតកម្មវិធីបញ្ចុះតម្លៃនេះ នៅក្នុងឱកាសបុណ្យជាតិរបស់ពួកគេ ជាពិសេសនៅរៀងរាល់ដំណាច់ឆ្នាំ ដើម្បីលាងសម្អាតទំនិញចាស់ៗឲ្យអស់ ពីឃ្លំាងមុននឹងនាំទំនិញថ្មីចូល។ យុទ្ធសាស្ត្រនេះត្រូវគេទទួលស្គាល់ជាទូទៅថា ជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការទាក់ទាញអ្នកទិញ និងបង្កើនការលក់។
ដោយឡែក នៅប្រទេសកម្ពុជាការប្រើប្រាស់យុទ្ធសាស្ត្របញ្ចុះតម្លៃនេះបានរីកសុសសាយយ៉ាងខ្លាំងក្នុងរយៈពេល ២ឬ៣ឆ្នាំចុងក្រោយនេះ នៅពេលដែលមានការប្រកួតប្រជែងកាន់តែខ្លំាងឡើងក្នុងចំណោមហាងលក់ទំនិញនានា។
នៅតាមដងមហាវិថីព្រះសីហនុឆ្ពោះទៅកាន់វិមានឯករាជ្យ ដែលជាមហាវិថីពាណិជ្ជកម្មដ៏មមាញឹកមួយ ហាងលក់សម្លៀកបំពាក់បែបយុវវ័យ Belami បានបញ្ចុះតម្លៃរហូតដល់ទៅ៧០%។
លោក ស្រៀង លីណារ៉ូ ម្ចាស់ហាង Belami បាននិយាយថា ក្នុងឱកាសចូលឆ្នាំខ្មែរបែបនេះ ហាងនិមួយៗបានប្រកួតគ្នាបញ្ចុះតម្លៃដែលតម្រូវឲ្យហាងរបស់ធ្វើការបញ្ចុះតម្លៃដែរ បើមិនដូច្នោះទេ លោកមិនអាចអូសទាញអ្នកទិញបាននោះទេ។ ម្ល៉ោះហើយដើម្បីដណ្តើមបានអតិថិជន លោកសុខចិត្តចំណេញតិចហើយបញ្ចុះតម្លៃឲ្យបានច្រើនដែលលោកមិនធ្លាប់ធ្វើពីមុនមក។
«ឆ្នាំហ្នឹងគឺខ្ញុំបញ្ចុះតម្លៃពិសេសរហូតទៅដល់៧០% ។ ពីដើមឡើយមកអត់ដែលមានទេ គឺដោយសារតែគូប្រកួតប្រជែងហ្នឹងគឺគេធ្វើដល់៧០%។ អញ្ចឹង បើទោះបីខ្ញុំចំណេញអត់បានច្រើនប្រៀបធៀបទៅនឹងការដែលអត់បានបញ្ចុះតម្លៃមែន ប៉ុន្តែមានភ្ញៀវច្រើនទិញ ហើយប្រាក់ចំណេញហ្នឹងគឺបានលើសមុន»។
យ៉ាងណាក៏ដោយ ការប្រកួតប្រជែងគ្នានេះបានផ្តល់ផលចំណេញសម្រាប់ប្រជាជនខ្មែរដែលសម្លឹងរកទំនិញដែលមានតម្លៃថោក។
ក្នុងឈុតខោខាវប៊ូយ អាវយឺតរឹបរាង នារីសក់ទង់ដែងវ័យ២២ឆ្នាំ នាង ហេង ចរិយាបានដើរយឺតៗនៅក្នុងហាងលក់ សម្លៀកបំពាក់មួយដោយកែវភ្នែករបស់នាងរេចុះរេឡើងសំដៅរកទិញស្បែកជើងដែលមានពណ៌ស័ក្តិសមនឹងរូបនាង។ នាង ហេង ចរិយា ដែលមានមុខរបរជាគ្រួបង្រៀននៅសាកលវិទ្យាល័យ បាននិយាយថា នាងបានត្រៀមកញ្ចប់ប្រាក់ចំនួន២០០ដុល្លារ សម្រាប់ទិញរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនក្នុងឱកាសចូលឆ្នាំខ្មែរ។
«ឥឡូវហ្នឹងគឺគេចាប់នូវវិធីសាស្ត្របញ្ចុះតម្លៃ ជាពិសេសជិតដល់ថ្ងៃបុណ្យ។ ខ្ញុំគិតថា វាល្អមែនទែន ព្រោះយើងអាចទទួលយកបាននូវទំនិញដែលល្អ និងតម្លៃថោក»។
មិនត្រឹមតែប្រជាជនខ្មែរនោះទេ ដែលចាត់ទុកឱកាសចូលឆ្នាំខ្មែរនេះជាឱកាសល្អសម្រាប់ទិញទំនិញ សូម្បីតែជនបរទេសមួយចំនួនក៏យល់ឃើញដូចគ្នានេះដែរ។
នៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិចមួយ លោកស្រី នាយកមជ្ឈមណ្ឌលសន្តិភាពនិងវិបតិ្តដែលបានរស់នៅក្នុងប្រទេសកម្ពុជារយៈពេល១៣ឆ្នាំហើយនោះ បាននិយាយផងសើចសប្បាយផងនៅពេលលោកស្រីកំពុងទិញឆ្នាំងអ៊ុត ថា លោកស្រីតែងតែទិញទំនិញនៅរៀងរាល់ពេលបុណ្យចូលឆ្នាំខ្មែរ ព្រោះលោកស្រីអាចទទួលបានតម្លៃពិសេស ខុសពីថ្ងៃធម្មតា។
« រីករាយណាស់ដែលអាចទិញរបស់បញ្ចុះតម្លៃ និងទទួលបានកាដូពិសេសថែមទៀត។ វាពិតជាល្អខ្លំាងណាស់។ ពួកយើងតែងតែរង់ចាំថ្ងៃចូលឆ្នាំខ្មែរចូលមកដល់ ដើម្បីបោសសម្អាតផ្ទះរបស់យើង និងទិញរបស់ថ្មីៗដាក់ក្នុងផ្ទះ។
ថ្វីបើប្រជាជនមួយចំនួនទទួលបានផលប្រយោជន៍ពីការលក់ទំនិញចុះថ្លៃក្នុងរយៈពេលនេះ ក៏ប៉ុន្តែ មានប្រជាពលរដ្ឋមួយចំនួនទៀត កំពុងប្រឈមនឹងការតម្លើងថ្លៃសេវាកម្មដឹកជញ្ជូនដ៏ខ្ពស់ ដូចជាតម្លៃរថយន្តក្រុង និងតម្លៃតាក់ស៊ី ជាដើម។ តម្លៃសម្រាប់អ្នកធ្វើដំណើរម្នាក់បានកើនជាមធ្យមពី ១ម៉ឺនទៅ១៥.000 រៀល សម្រាប់ការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនទំាងពីរប្រភេទនេះ ទៅតាមខេត្តជិតឬឆ្ងាយ នៅទូទំាងប្រទេស ដោយសារតែចំនួនអ្នកដំណើរកើនឡើង៕