អាជ្ញាធរខេត្តមណ្ឌលគីរី និងអង្គការអភិរក្សសត្វព្រៃ នៅថ្ងៃច័ន្ទនេះ បានបើកយុទ្ធនាការ ប្រឆាំងនឹងការទិញលក់ និងបរិភោគសាច់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើ នៅក្នុងខេត្តនេះ។ ខេត្តមណ្ឌលគីរី គឺជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនរបស់ប្រទេសកម្ពុជា ដែលការកាប់បំផ្លាញព្រៃឈើ និងការប្រមាញ់សត្វបានរីករាលដាលយ៉ាងខ្លាំង។
នៅថ្ងៃច័ន្ទនេះ អាជ្ញាធរខេត្តមណ្ឌលគីរី និងអង្គការអភិរក្សសត្វព្រៃ WWF បានចាប់ផ្ដើមយុទ្ធនាការទប់ស្កាត់ការការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ និងការបរិភោគសាច់សត្វព្រៃប្រយោជន៍ដើម្បីថែរក្សាការពារពពួកសត្វកម្រ និងព្រៃឈើមានតម្លៃនៅក្នុងប្រទេសឡើងវិញ។
នេះគឺជាយុទ្ធនាការលើកដំបូងនៅក្នុងប្រទេស សម្រាប់រយៈពេលមួយឆ្នាំដែលក្រោមប្រធានបទ "និយាយថា មិនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ" និងរៀបចំដោយរដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានរដ្ឋបាល និងអភិរក្សធម្មជាតិ របស់រដ្ឋាភិបាល និងអង្គការ WWF។
យុទ្ធនាការនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលខ្មែរកំពុងបង្ហាញអំពី ការបង្រ្កាបគួរឲ្យភ្ញាក់ផ្អើល ទប់ទល់នឹងការកាប់បំផ្លាញព្រៃឈើដែលគេបានរិះគន់ថា ត្រូវបានបំផ្លាញយ៉ាងហិនហោច។
ក្រុមប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានផងដែរ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងយុទ្ធនាការនេះ នៅក្នុងទីរួមខេត្តមណ្ឌលគីរី។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ដើម្បីកាត់បន្ថយនូវបទល្មើសព្រៃឈើ និងសត្វព្រៃ អ្នកលក់ និងអ្នកទិញត្រូវនិយាយថា មិនពាក់ព័ន្ធនឹងផលិតផលព្រៃឈើនិងសត្វព្រៃខុសច្បាប់។
សេចក្ដីប្រកាសព័ត៌មានដដែលបានជំរុញឲ្យបណ្ដាភោជនីយដ្ឋានឈប់លក់សាច់សត្វព្រៃ និង ជំរុញឲ្យអតិថិជនឈប់សួររកទិញសាច់សត្វព្រៃតទៅទៀត។
បើយោងតាមក្រុមមន្ដ្រីអង្គការក្រៅរដ្ឋាភិបាល ការជួញដូរសត្វព្រៃ និងការកាប់បំផ្លាញសត្វព្រៃ នៅក្នុងខេត្តមណ្ឌលគីរីគឺជាបណ្ដាញលួចលាក់។
លោក ហេង សំណាង អភិបាលរងខេត្តមណ្ឌលគីរី ដែលបានធ្វើជាអធិបតីនៅក្នុងការបើកយុទ្ធនាការនៅព្រឹកមិញនេះ មានប្រសាសន៍ថា ជនល្មើសក្នុងឧក្រិដ្ឋកម្មព្រៃឈើ និងក្នុងការបំផ្លាញសត្វព្រៃ នឹងត្រូវផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់។
«បើសិនណាជាជួបនៅក្នុងករណីហ្នឹងគឺយើងត្រូវមានការបង់ផាកពិន័យ ដើម្បីឲ្យរាងចាលទៅតាម ប្រភេទសត្វដែលកម្រ ឬក៏សត្វមធ្យម ឬក៏សត្វសម្បូរ។ បើថា តូចតាចទេ គឺមួយគុណនឹង៥ ឬគុណនឹង១០។ តែបើធ្ងន់ធ្ងរ យើងអាចបញ្ជូនទៅតុលាការដើម្បីកាត់ទោស»។
ក៏ប៉ុន្ដែ លោក សម សារិន អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក ដែលឃ្លាំមើលសកម្មភាពបទល្មើសជាច្រើន ប្រចាំខេត្តមណ្ឌលគីរី ហាក់ដូចជាមិនសូវមានការជឿជាក់លើប្រសិទ្ធិភាពនៃយុទ្ធនាការនេះនៅឡើយ។
«ខ្ញុំដូចជាមិនសង្ឃឹមប៉ុន្មានទេ ក៏ប៉ុន្ដែនេះគឺជាការចូលរួមចំណែកមួយដើម្បីពញ្ញាក់ស្មារតី ពិសេស អ្នកមានតួនាទីជាអ្នកការពារអភិរក្ស ជួយបំផុសទៅដល់ប្រជាពលរដ្ឋដើម្បីឲ្យគាត់កាត់បន្ថយ»។
ជាច្រើនឆ្នាំមកហើយ ស្របពេលដែលការកាប់បំផ្លាញព្រៃឈើខុសច្បាប់ត្រូវប្រព្រឹត្តយ៉ាងបង្ហិនបង្ហោច ការប្រមាញ់ និងការចាប់ និងការជួញដូរសត្វព្រៃនៅក្នុងប្រទេសកម្ពុជាក៏មានចំនួនច្រើនណាស់ដែរ។ សត្វព្រៃមួយចំនួនត្រូវលក់សម្រាប់បម្រើជាចំណីដ៏ពិសេសនៅក្នុងស្រុក និងមួយចំនួនទៀតត្រូវនាំចេញតាមបណ្ដាញខុសច្បាប់ទៅលក់នៅក្រៅប្រទេស។
នៅតាមហាង ភោជនីយដ្ឋានមួយចំនួននៅទូទាំងប្រទេសកម្ពុជា រាប់បញ្ចូលទាំងហាងនៅក្នុងក្រុងភ្នំពេញផងដែរ គេអាចសួររកសាច់សត្វព្រៃជាអាហារយ៉ាងពេញនិយម ដែលធ្វើឲ្យសត្វព្រៃមួយចំនួនប្រឈមមុខនឹងការបាត់ផុតពូជ។
រីឯសត្វព្រៃខ្លះមិនត្រឹមតែស្ថិតនៅក្នុងតម្រូវការជាអាហារតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែគឺស្ថិតនៅក្រោមតម្រូវការសម្រាប់ការប្រើប្រាស់ជាឱសថបុរាណផងដែរ៕