ភ្នំពេញ៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានបញ្ហាវិវាទការងារចំនួន១៤៥ករណីនៅក្នុង២០១០ ប៉ុន្តែក្រុមប្រឹក្សាអាចមានលទ្ធភាពដោះស្រាយបានតែ៧០ភាគរយៈប៉ុណ្ណោះក្នុងចំណោមវិវាទទាំងអស់នេះ។ ចាប់តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៩បញ្ហាវិវាទការងារនេះមានការកើនឡើងយ៉ាងខ្លាំង។ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវការពារទាំងប្រយោជន៍របស់កម្មករ និងថៅកែរោងចក្រ។
ក្រុមមន្ត្រីក្រុមប្រឹក្សាអាជ្ញាកណ្តាលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាវិវាទការងារនៅក្នុងប្រទេស កម្ពុជាបានធ្លាក់ចុះចំនួន៣៥ករណីនៅក្នុងឆ្នាំ២០១០ បើប្រៀបធៀបនឹងឆ្នាំ២០០៩ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោកបានបង្ខំឱ្យរោងចក្រកាត់ដេរមួយចំនួនបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។
តួលេខរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបញ្ជាក់ថា ខ្លួនទទួលបានវិវាទការងារប្រមាណ១០០០ករណី ក្នុងរយៈពេលប្រាំបីឆ្នាំចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១០ ដែលរួមមាន៣១ករណីនៅក្នុងឆ្នាំ២០០៣ ចំនួន ១១៤ករណីនៅក្នុងឆ្នាំ២០០៤ ចំនួន៨១ករណីនៅក្នុងឆ្នាំ២០០៥ ចំនួន១២០ករណីនៅក្នុងឆ្នាំ២០០៦ ចំនួន ១៤៨ករណីនៅក្នុងឆ្នាំ២០០៧ ចំនួន១៥៩ករណីនៅក្នុងឆ្នាំ២០០៨ ចំនួន១៨០ករណីនៅក្នុងឆ្នាំ២០០៩ និងចំនួន១៤៥ករណីនៅក្នុងឆ្នាំ២០១០។
វិវាទការងារភាគច្រើន រួមមានការរំលោភសិទ្ធិកម្មករ ការទាមទារដំឡើងប្រាក់ឈ្នួល ការបិទរោងចក្រដោយមិនបើកប្រាក់ឈ្នួល ការមិនអនុញ្ញាតឱ្យកម្មករបង្កើតសហជីពនៅក្នុងរោងចក្រនិងកិច្ចសន្យារយៈពេលខ្លីជាដើម។
លោកសុខ ឡោ នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពី តួនាទីតុលាការ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារនៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari) ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបាន៧០ភាគរយនៃវិវាទការងារចំនួន១៤៥ករណី នៅក្នុងឆ្នាំ២០១០ បើប្រៀបធៀបនឹងឆ្នាំ២០០៩គឺមានចំនួន១៨០ករណី។
«តាំងពីឆ្នាំ២០០៣ដល់ឆ្នាំ២០១០ យើងបានទទួលសំណុំរឿងវិវាទការងារចំនួនជិត១០០០សំណុំរឿងនៅ ក្នុងវិស័យផ្សេងៗ ប៉ុន្តែសំណុំរឿងភាគច្រើននៅក្នុងវិស័យកាត់ដេរដែលជាវិស័យសេដ្ឋកិច្ចនាំមុខ យើង ទទួលសំណុំរឿងភាគច្រើនជាងគេនៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ យើងដោះស្រាយបាន ជោគជ័យ៧០ភាគរយ និងមានបញ្ហាប្រឈម៣០ភាគរយទៀត»។
លោកគង់ ផល្លៈ ប្រធានអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០០៩ សំណុំរឿងវិវាទការងារបានកើនឡើងច្រើនដល់១៨០សំណុំរឿង និងឆ្នាំ២០១០ វាបានធ្លាក់ទៅវិញ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យរោងចក្រកាត់ដេរមួយចំនួនបិទ»។
លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ការដោះស្រាយតាមរយៈយន្តការក្រុមប្រឹក្សា អាជ្ញាកណ្តាលនេះអាចជួយកាត់បន្ថយសំណុំរឿងកកស្ទះនៅក្នុងតុលាការ និងកាត់បន្ថយពេលវេលា សម្រាប់ដោះស្រាយទំនាស់ ហើយក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវតែការពារប្រយោជន៍របស់កម្មករ និងថៅ កែរោងចក្រ។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ករណីវិវាទការងារមិន មានការថយចុះទេនៅឆ្នាំ២០១០ ពីព្រោះប្រមាណ៨០ករណីត្រូវបានដោះស្រាយបញ្ចប់នៅក្រសួងការងារ និងនៅសហជីព ម្ចាស់រោងចក្រ។
«ករណីវិវាទការងារ ដែលថយចុះនេះ មានការដោះស្រាយករណីវិវាទការងារក្រៅរង្វង់ក្រុមប្រឹក្សាអាជ្ញា កណ្តាល។ ករណីវិវាទការងារមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រហែលជា៦០ករណីត្រូវបានដោះស្រាយរវាងថៅកែរោងចក្រ និងសហជីពប្រចាំរោងចក្រ ហើយប្រហែលជា២០ករណីត្រូវបានដោះស្រាយនៅក្រសួងការងារ»។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពកម្មករ បានថ្លែងថា សហជីពនិងកម្មករមានការយល់ដឹងច្រើនអំពី ការបង្រួមវិវាទការងារមួយៗមកដាក់បញ្ចូលជាវិវាទការងាររួម។
«ទោះបីជាចំនួនវិវាទថយចុះ ប៉ុន្តែលក្ខខណ្ឌការងារមិនល្អទេ និងមានលក្ខខណ្ឌអាក្រក់ ជាពិសេសប្រើកិច្ចសន្យាខ្លីសម្រាប់កម្មករ មិនផ្តល់សិទ្ធិឱ្យកម្មករចូលសហជីពនិងមិនផ្តល់សិទ្ធិចរចាដើម្បីដំឡើងប្រាក់ឈ្នួល»។
នៅក្នុងឆ្នាំ២០១០ រោងចក្រកាត់ដេរប្រមាណ៥០ត្រូវបានបិទទ្វារ ប៉ុន្តែរោងចក្រកាត់ដេរថ្មីជាច្រើនត្រូវបានបើកប្រតិបត្តិការ៕