ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​​ចោទ​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន​និង​ជំងឺ​អេដស៍​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស


ក្រុម​ប្រជា​ពលរដ្ឋ​ និង​មន្ត្រីឃ្លាំមើលការរំលោភ​សិទ្ធិមនុស្ស​ ​បាន​ចោទ​ប្រកាន់​អង្គការ​ទប់​ស្កាត់​គ្រឿងញៀន​និង​ជំងឺអេដស៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ ​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​អង្គការ​នេះ។​ ​ការ​ចោទ​ប្រកាន់​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ប្រជា​ពលរដ្ឋ​ប្រមាណ​៧រូប​ ​បាន​ធ្វើដំណើរ​រាប់​រយ​គីឡូម៉ែត្រ​មក​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីស្នាក់​សមាគមសិទិ្ធ​មនុស្ស​អាដហុក​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ក្រុម​ប្រជា​ពលរដ្ឋ​រងគ្រោះ​ចំនួន​ប្រាំបី​រូប ​ដែល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​ ​មកពី​ភូមិ​សាឯម​ ​និង​ភូមិ​កន្ទួត​ ​ស្រុក​ជាំក្សាន្ត​ ​ខេត្ត​ព្រះវិហារ​ ​បាន​ធ្វើការ​ចោទ​ប្រកាន់​ថា​ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ ដែល​មាន​ឈ្មោះថា​ ​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿងញៀន​និង​ជម្ងឺ​អេដស៍​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចែក​ជូន​ក្រុម​អ្នក​សារព័ត៌មាន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​ចោទ​ប្រកាន់​ថា​ ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នេះបាន​រំលោភ​យក​ដី​ប្រជា​ពលរដ្ឋ​ចំនួន​៥៧​គ្រួសារ​ ​នៅភូមិ​សាឯម​ ​និង​ភូមិ​កន្ទួត។ ការ​ចោទ​ប្រកាន់​នេះ​រួម​មាន​ ការ​រំលោភ​សេព​សន្ថវៈ​ជា​ច្រើន​ករណី​ ​ករណី​ធ្វើ​ទារុណកម្ម​លើ​ផ្លូវ​កាយ​ ​និង​ផ្លូវ​ចិត្ត​ ​ករណី​វាយដំ​ ​បង្ក​របួស​ស្នាម​ ​និង​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ជាដើម។

លោកស្រី​ឃីម ខុន​ អាយុ​៥៤​ឆ្នាំ ​ប្រជា​ពលរដ្ឋ​មួយរូប​ ​ដែល​ធ្លាប់​ស្នាក់​នៅ​ក្នុង​អង្គការ​នេះ​អស់​រយៈ​ ពេល​ពីរឆ្នាំ​មកហើយ​ ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា​ ​អ្នកស្រី​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​អង្គការ​នេះ ​ដោយសារ​តែ​កូន​ស្រី​របស់​អ្នកស្រី​អាយុ​១៣ឆ្នាំ​ត្រូវ​បាន​គេ​ចាប់រំលោភ ​ដោយ​ពុំ​មាន​ដំណោះ​ស្រាយ។

លោកស្រី​ឃីម ខុន​បាន​រៀបរាប់​ថា​ ​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿងញៀន ​និង​ជម្ងឺអេដស៍បាន​ចាប់​អ្នក​ស្រី​ដាក់​ខ្នោះ​ និង​វាយ​ធ្វើបាប​ ​នៅពេល​ដែល​អ្នកស្រី​តវ៉ា​អំពី​ករណី​រំលោភ​សេព​សន្ថវៈ​កូន​ស្រី​របស់​អ្នក​ស្រី។

«ចុង​ក្រោយ​ ​ជនល្មើស​ឲ្យ​រួច​ខ្លួន។​ ខ្ញុំ​ជាប់​ខ្នោះ​មួយយប់​ទល់ភ្លឺ។​ខ្ញុំ​ពីរនាក់​កូន​ត្រូវគេ​វាយ។ ​គេវាយ​ នឹង​ខ្សែ​ភ្លើង ហើយ​កូន​ខ្ញុំ​ ​គេទះ​ពីរដៃ»។

លោក​ប៉ោ ម៉ុក ​អាយុ​៧៤ឆ្នាំ​ ​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​៥៨គ្រួសារ​ ដែល​បាន​បាត់បង់​ដីធ្លី​ចំនួន​ ជាង​១០០​ហិកតា​ដោយសារ​តែ​អង្គការ​មួយ​នេះ​រំលោភ​យក​ ​បាន​និយាយ​ថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​អង្គការ​នេះ​មាន​សភាព​ភ័យខ្លាច​ ​ប្រៀបបី​ដូចជា​សហករណ៍​មួយ​ដែល​គ្រប់គ្រង​ដោយ​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ​ចន្លោះ​ពី​ឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

«ខ្លាច​ខ្លាំងណាស់​ ​ព្រោះ​គាត់​មាន​អាវុធយុទ្ធភណ្ឌ​ ​មាន​ប៉ូលិស​ ​មាន​ប៉េអ៊ឹម​ ​យក​ទៅ​គំរាម​បាញ់​ ​គំរាម​ បាទ។ ​អត់​មាន​អ្នកណាហ៊ាន។​ អ្នកណា​ធ្វើ​លើ​ដី​ហ្នឹង​ ​គេចាប់​យក​ដាក់​គុក»។

លោក​នី ចរិយា ​ប្រធាន​ក្រុម​ផ្នែក​ស៊ើប​អង្កេតរបស់​សមាគម​សិទ្ធិ​មនុស្ស​ ADHOC ​បាន​មាន​ ប្រសាសន៍​ថា​ ​សមាគម​សិទ្ធិ​មនុស្ស​ ADHOC ​បាន​ទទួល​ពាក្យ​បណ្តឹង​ពីរ​ដាច់​ដោយឡែកៗពីគ្នា​ពាក់​ព័ន្ធ​ទៅ​នឹង​កា​ររំលោភ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ​និង​ការ​គ្រប់គ្រង​បែប​រដ្ឋបាល​មិន​ត្រឹម​ត្រូវ។

លោក​នី ចរិយា​បាន​មានប្រសាសន៍​ទៀត​ថា​ ​ប្រសិន​ណា​ ​បើ​បាន​កើត​ឡើង​ដូច​មាន​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ​មែន​ ​នោះ​អង្គការ​នេះ​បាន​រំលោភច្បាប់។

«យើង​អាច​និយាយ​បាន​ថា ​ ​ជា​ការគ្រប់គ្រង​មួយ​បង្កើត​រដ្ឋ​នៅ​ក្នុង​រដ្ឋ​ក៏ថា​បាន​ ​ឬ​ក៏​ជា​តំបន់​មួយ​ដែល​អាច​ទៅ​ជាតំបន់​មួយ​អបគមន៍​នៅ​ក្នុង​តំបន់​នេះ​តែម្តង​ក៏​អាច​ថា​បាន ​ប្រសិន​បើ​រឿង​ហ្នឹង​ ​វា​កើត​ឡើង​ដូច​ប្រជា​ពលរដ្ឋ​លោក​មាន​ប្រសាសន៍»។

លោក​ប៉ែន លឹម ​ប្រធាន​អង្គការ​នេះ ​និង​ភរិយា​របស់​លោក​គឺ​ លោកស្រី​គង់ សុមាលី ​និង​លោក​តុល រ៉េត ​តំណាង​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿងញៀន​ និង​ជម្ងឺ​អេដស៍​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថា​ ធិប្បាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។​ ​ក៏ប៉ុន្តែមន្រ្តី​មួយរូប​ដែល​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​នេះ​ ​ហើយ​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​បដិសេធការ​ចោទ​ប្រកាន់​នេះ។

ចំណែក​លោក​សុខ ហៃ​ អភិបាល​ស្រុក​ជាំក្សាន្ត ​បាន​មាន​ប្រសាសន៍ថា​ លោក​បាន​ទទួល​ពាក្យ​ បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រំលោភ​សិទ្ធិ​នេះ​ហើយ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​នឹង​ធ្វើការ​ស្រាវជ្រាវ​ទៅលើអង្គការ​នេះ។

«ពាក់​ព័ន្ធ​នឹង​ការ​គំរាម​កំហែង​អី​ហ្នឹង​ ​គឺ​អាជ្ញាធរ​ស្រុក​កំពុង​ធ្វើការ​ស៊ើប​អង្កេតណា៎»។

អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿងញៀន ​និង​ជម្ងឺអេដស៍​ ដែល​មាន​ទីតាំង​នៅក្នុង​ឃុំ​កន្ទួត​ ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ ​បាន​ទទួល​ដី​សប្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋា​ភិបាល​ចំនួន​៥៦០​ហិកតា​ ​កាលពី​ឆ្នាំ​២០០៧។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​ បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ននេះមាន​ប្រជា​ពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​រស់នៅ​ ​ ក៏ប៉ុន្តែ​អង្គការ​នេះ​ពុំ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដល់​ពួកគេ​ទេ​ ​គឺ​ប្រជា​ពល រដ្ឋ​បាន​ទិញ​ក្នុង​មួយឡូត៍​ ដែល​មាន​ទំហំ​ប្រមាណ​៣០​ម៉ែត្រ​គុណនឹង​៥០ម៉ែត្រ​ ​តម្លៃ​ពី​៣០០០​រហូតដល់​៤០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG