ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលតាមច្បាប់ប្រឆាំងអំពើពុករលួយបានឈានដល់ទីបញ្ចប់កាលពីថ្ងៃទី០៧ខែមេសា។ ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ប្រកាសលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិនេះទេនៅថ្ងៃសុក្រនេះ។ ក្រុមអ្នករិះគន់បានស្នើថាអង្គភាពប្រឆាំងអំពើពុករលួយគួរតែប្រកាសលទ្ធផលបន្ទាប់ពីការបិទបញ្ចប់ការប្រកាសទ្រព្យសម្បត្តិនេះ។
ការប្រកាសទ្រព្យសម្បត្តិនេះត្រូវបានធ្វើឡើងចាប់ពីខែមករារហូតដល់ថ្ងៃទី៧ខែមេសាហើយមន្ត្រីរដ្ឋាភិបាលប្រមាណ២៥.០០០នាក់ត្រូវបានតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិហើយមន្ត្រីណាដែលមិនបានប្រកាសទ្រព្យសម្បត្តិត្រូវមានទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យជាប្រាក់២លានរៀល (ស្មើនឹង៥០០ដុល្លារអាមេរិក) ស្របតាមច្បាប់ប្រឆាំងអំពើពុករលួយ។
លោកសុន ឆ័យ សមាជិកសភាគណបក្សសម រង្សី បានថ្លែងថាការប្រកាសទ្រព្យសម្បត្តិ មិនមានន័យអ្វី ដែល នឹងជួយធ្វើឱ្យមនុស្សភ័យខ្លាច ឬ បន្ថយសកម្មភាពពុករលួយនោះ។
«ការដោះស្រាយបញ្ហាពុករលួយគ្មានប្រសិទ្ធភាពដោយសារតែការប្រកាសទ្រព្យសម្បត្តិបែបនេះទេ ហើយវាធ្វើឱ្យអ្នកប្រកាសទ្រព្យសម្បត្តិធុញទ្រាន់ដែរ។ វាមិនដឹងជាប្រកាសធ្វើអ្វី។ វាអត់ប្រយោជន៍។ ខ្ញុំនិយាយថាវាពិបាកនឹងផ្តន្ទាទោសទៅទៀត។ អ្នកណាមានភាពជិតស្និទ្ធជាមួយមន្ត្រីមានអំណាចជាន់ខ្ពស់ អង្គភាពប្រឆាំងអំពើពុករលួយប្រហែលជាមិនហ៊ានប៉ះពាល់ទេ»។
លោកស្រីម៉ម ស៊ីថា ប្រធានគណៈកម្មាធិការឯករាជ្យប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា លោកស្រីបានទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិជាសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅបន្ទាប់ពីការផុតកំណត់នៃការប្រកាសទ្រព្យសម្បត្តិបានចូលដល់ទីបញ្ចប់នោះ។
លោកស្រីម៉ម ស៊ីថា បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសសេចក្តីជូនដំណឹងជាសាធារណៈទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិហើយការបញ្ចប់ការប្រកាសទ្រព្យសម្បត្តិគួរតែត្រូវបានប្រកាសជាសាធារណៈដោយគ្មានការបិទបាំងទេ។
«អ្នកដែលមិនបានទៅប្រកាសទ្រព្យសម្បត្តិទាន់តាមការកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវមានទោស។ យើងចាំមើលថាតើអ្នកណាខ្លះពាក់ព័ន្ធនឹងការមិនចូលទៅប្រកាសទ្រព្យសម្បត្តិទាន់ពេលវេលានោះហើយថាតើអង្គភាពប្រឆាំងអំពើពុករលួយបានចាត់ការទៅតាមសេចក្តីជូនដំណឹងរបស់ខ្លួនដែរឬអត់។ ការប្រកាសទ្រព្យសម្បត្តិត្រូវបានចប់។ វាជានីតិវិធីអនុវត្តន៍ច្បាប់ប្រឆាំងអំពើពុករលួយនោះ»។
លោកបូ ផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថាអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលគ្រប់ចំនួននៃមន្ត្រីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិដែលបានចុះបញ្ចី។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនថាក្រសួងស្ថាប័នចំនួន៣៧បានរាយការណ៍ឱ្យអង្គភាពប្រឆាំងអំពើពុករលួយនូវបញ្ចីឈ្មោះមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិសរុបចំនួន២៤.៨៥៤នាក់៕