ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន​សិទ្ធិ​អំណាច​ផ្លូវច្បាប់


សកម្មជន​ធ្វើ​យុទ្ធនាការ​​​​​នៅភ្នំពេញ​ប្រឆាំង​អំពើ​ពុករលួយ​
សកម្មជន​ធ្វើ​យុទ្ធនាការ​​​​​នៅភ្នំពេញ​ប្រឆាំង​អំពើ​ពុករលួយ​

ភ្នំពេញ៖ ស្ថាប័ន​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយនៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​សិទ្ធិ​អំណាច​ផ្លូវច្បាប់​ពីរដ្ឋាភិបាល​សម្រាប់​ដំណើរ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យ​មាន​ប្រសិទ្ធិភាពតាម​រយៈ​អនុក្រឹត្យ​ចំនួនបី។​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជាផ្នែក​មួយ​នៃ​កម្មវិធី​កំណែ​ទម្រង់​រដ្ឋ​របស់​រាជ​ រដ្ឋាភិបាលដើម្បី​ឱ្យ​មាន​អភិបាល​កិច្ច​ល្អ​ ​ពង្រឹង​នីតិរដ្ឋ​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ និ​ង កាត់​បន្ថយ​ភាព​ក្រីក្រ។ ​អង្គការ​សង្គម​ស៊ីវិល​បាន​និយាយ​ថា​ ​ខ្លួន​នឹង​តាម​ឃ្លាំមើល​ដំណើរការ​អនុវត្ត​ ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ។

នៅ​ថ្ងៃ​សុក្រនេះ​ ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​អនុក្រឹត្យ​ចំនួន​បី​សម្រាប់​ផ្តល់​សិទ្ធិ​អំណាច​ផ្លូវ​ច្បាប់​ដល់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ ​ដើម្បី​ដំណើរការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព។

អនុក្រឹត្យ​ទាំងបី​នេះ​រួមមាន​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ និង​ចាត់ចែង​ថវិកា​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ និង​អនុក្រឹត្យ​ស្តីពី​រូប​សញ្ញា​ និង​ត្រា​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ។

សេចក្តី​ថ្លែង​ការណ៍​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​អនុក្រឹត្យ​ទាំងបី​នេះ​គឺ​ជា​តម្រូវការ​ជា​បន្ទាន់​ ​ដើម្បី​ធានា​ឱ្យ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ ​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ។

សេចក្តី​ថ្លែង​ការណ៍​នេះបាន​បន្ថែម​ថា​ ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជាផ្នែក​មួយ​នៃ​កម្ម​វិធី​កំណែ​ ទម្រង់​រដ្ឋ​របស់​រាជ​រដ្ឋាភិបាល​ ​ដើម្បី​ឱ្យ​មាន​អភិបាល​កិច្ច​ល្អ​ ​ពង្រឹង​នីតិរដ្ឋ​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ ដោយ​ចីរភាព​ និង​កាត់​បន្ថយ​ភាពក្រីក្រ។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​សរសេរ​ថា​ ​កត្តា​សំខាន់​ចំនួន​បី​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក រលួយ​បាន​ផ្តោត​លើ​ទីមួយ៖ ​ការ​អប់រំ​ ​ផ្សព្វផ្សាយ​ ​បង្ការ​ ​ទប់ស្កាត់​ ​ទីពីរ៖ ការ​អនុវត្ត​ច្បាប់​បង្ក្រាប​ បទ​ល្មើស​ពុករលួយ​ ​និង​ទី៣៖​ ការ​ចូលរួម​ពី​មហាជន​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​ ​ដំណើរការ​មាន​ប្រសិទ្ធិភាព​ល្អ។

លោកស្រី​ម៉ម ស៊ីថា​ ​ប្រធាន​គណៈ​កម្មាធិការ​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ ​បាន​ថ្លែង​ថា​ ​អនុក្រឹត្យ​ ស្តីពី​ការ​រៀបចំ​ និង​ការប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ដំណើរការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព។

«នេះ​គឺ​ជាការ​ផ្តល់​អំណាច​ដល់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យ​ប្រតិបត្តិ។ ​រីឯ​ការ​ប្រតិបត្តិការ​យ៉ាង ណា​នោះ​ ​យើង​មិន​ទាន់​ដឹង​ទេ។ ​ប៉ុន្តែ​យើង​ឃ្លាំមើល​ប្រតិបត្តិការ​របស់​ស្ថាប័ន​នេះ​តទៅ​ទៀត​ ក្រោយពី​បាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ហើយ​នោះ។​ តើគេ​ប្រតិបត្តិការ​ស្រប​តាម​គោល​ការណ៍ និង​នីតិវិធី​ត្រឹមត្រូវ ​ឬ​អត់​ ​ហើយ​មាន​ប្រសិទ្ធិ​ភាព​ ឬអត់?»

លោក​សន ជ័យ​ ប្រធាន​គម្រោង​រួបរួមគ្នា​ ​ដើម្បី​គណនេយ្យ​ភាព​សង្គម​ ​បាន​ថ្លែង​ថា​ ​វា​អាច​នឹង​មាន​ ប្រសិទ្ធិភាព​ ​និង​អាច​អនុវត្ត​ទៅបាន​ ​ដរាបណា​អនុក្រឹត្យ​នេះ​មាន​ការ​ផ្តល់​យោបល់​ពី​សង្គម​ស៊ីវិល​ ដែល​ធ្វើការ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

«មុន​នឹង​មាន​ការ​អនុម័ត ​យើង​មិនត្រូវ​បាន​គេ​ផ្តល់​ឱកាស​នៃ​ការផ្តល់​យោបល់​លើ​អនុក្រឹត្យ​ទាក់ទង​នឹងច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ទេ។​ ខ្ញុំ​គិត​ថា​ ​វា​នឹង​អាច​មាន​ចំណុច​ចន្លោះ​ប្រហោង​មួយ​ចំនួន​ ក្នុង​ការជំរុញ ​និង​ការ​អនុវត្ត​ ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​នៅ​ប្រទេស​កម្ពុជា»។

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ព្រះ​រាជក្រម​របស់​ព្រះ​មហា​ក្សត្រ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម ​សីហមុនី​ ​នៅ​ថៃ្ង​ទី១៧​ ​ខែមេសា​ ឆ្នាំ​២០១០។

នៅ​ថ្ងៃទី​២៩​ ខែវិច្ឆិកា​ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​លោក​តុប ច័ន្ទសេរីវុឌ្ឍ​ ​ប្រធាន​ព្រះ រាជ​អាជ្ញា​អម​តុលាការ​សាលាដំបូង​ខេត្ត​ពោធិសាត់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ថ្ងៃទី១​ ខែធ្នូ​ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​រកឃើញ​ទោស​កំហុស​របស់​ភ្នាក់ងារ​ពន្ធដា​ចំនួន​៣០​នាក់​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដែល​បាន​ទារ​ប្រាក់​លើស​ពី​ម្ចាស់​យានយន្ត​ ​នៅក្នុង​ការលក់​ប័ណ្ណ​បង់ពន្ធ​ទោចក្រ​យានយន្ត​ប្រចាំ​ឆ្នាំ​២០១០៕

XS
SM
MD
LG