ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​សន្តិសុខ​តំបន់​បារម្ភ​អំពី​សុវត្ថិភាព​ជនស៊ីវិល​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ


ជន​​ភៀស​សឹក​​​ខ្មែរ​កំពុង​ចែក​សម្ល​គ្នា​សម្រាប់​បាយ​ល្ងាច​នៅ​ឯ​ជំរុំ​ភៀសសឹក ​មួយ​នៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ចម្ងាយ​ប្រមាណ​៣២៥គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥​ខែមេសា​ឆ្នាំ​២០១១។
ជន​​ភៀស​សឹក​​​ខ្មែរ​កំពុង​ចែក​សម្ល​គ្នា​សម្រាប់​បាយ​ល្ងាច​នៅ​ឯ​ជំរុំ​ភៀសសឹក ​មួយ​នៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ចម្ងាយ​ប្រមាណ​៣២៥គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥​ខែមេសា​ឆ្នាំ​២០១១។

អ្នក​វិភាគ​នយោបាយ​និង​អ្នក​ស្រាវជ្រាវ​បាន​ស្នើ​ឲ្យ​សមាគម​អាស៊ាន​បង្កើត​យន្តការ​មួយ​សម្រាប់​ការពារ​ជន​ស៊ីវិល​ដែល​រង​គ្រោះ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ។

ក្រុម​អ្នក​វិភាគ​នយោបាយ​និង​អ្នក​ស្រាវជ្រាវ​ខាង​ដំណោះ​ស្រាយ​ជម្លោះ​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វ៊ិក​បាន​លើក​ឡើង​នៅ​ថ្ងៃពុធ​ទី​២៧​ខែ​មេសា​នេះ​ថា​ យន្តការ​ដោះស្រាយ​ជម្លោះ​និង​ការ​ការពារជន​ស៊ីវិល​គួរ​តែ​ត្រូវ​បានបង្កើត​ឡើង​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ជន​ស៊ីវិល​នៅ​កម្ពុជា​និង​ថៃ​ដែល​កំពុង​មាន​ជម្លោះ។

រូបភាពនិង​សេចក្តី​រាយការណ៍​នៃ​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​សុក្រទី​២២​ខែ​មេសា​សប្តាហ៍​មុន៖


ការ​លើក​ឡើង​នេះ​នៅ​ចំពេល​ដែល​ប្រទេស​ទាំង​ពីរបាន​វាយ​ប្រយុទ្ធគ្នា​ដោយ​អាវុធ​ជា​ថ្មី​ទៀត​អស់រយៈ​ពេល​ប្រាំមួយ​ថ្ងៃ​ជាប់ៗ​គ្នាហើយ ​រហូត​មក​ដល់​ថ្ងៃ​ពុធនេះ​ ដោយ​បណ្តាល​ឲ្យ​ទាហាន​នៃ​ភាគី​ទាំង​សងខាង​យ៉ាងតិច​ចំនួន​១៣​នាក់​ស្លាប់​និង​រាប់សិបនាក់​ទៀត​រង​របួស។

ជនស៊ីវិល​ម្នាក់​ក៏​ត្រូវ​បាន​រាយការណ៍​ថា​ បាន​ស្លាប់​នៅ​ដោយសារ​ការ​វាយ​ប្រយុទ្ធគ្នា​នេះ​ដែរ។ នេះ​បើ​ផ្អែក​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ ដែល​បាន​ចេញ​ផ្សាយតាម​គេហ​ទំព័រ​អ៊ីនធើណិត​របស់​ខ្លួននៅ​ថ្ងៃ​ពុធនេះ។ ជន​ស៊ីវិលយ៉ាង​តិច​ចំនួន​៦៦.០០០​នាក់​ផ្សេង​ទៀត​បាន​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ព្រំដែន​រៀងៗ​ខ្លួន​ ដើម្បីស្វែង​រក​ទីជម្រក​បណ្តោះអាសន្ន​ប្រកប​ដោយ​សុវត្ថិភាព។

បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថានខ្មែរ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​សន្តិភាព​ បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ ខ្មែរ​ នៅ​ឯ​កិច្ច​ប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​សម្រាប់​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វីក (CSCAP)​ ដែល​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធនេះ​ថា​ សមាគម​អាស៊ាន​ត្រូវមាន​កាតព្វកិច្ច​ការពារ​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ដែល​មាន​ការ​ប្រយុទ្ធ​គ្នាដោយ​អាវុធ​កើតឡើង​ក្នុង​តំបន់​នេះ។ លោក​ វណ្ណារិទ្ធ​ បន្ត​ថា៖

«មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ យើង​មិន​ទាន់​មាន​យន្តការ​ណា​ដែល​ច្បាស់លាស់​ទេ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ក្នុង​ការ​ការពារ​ជនស៊ីវិល​នៅ​ពេល​មាន​សង្រ្គាម។ ​នៅ​ក្នុង​បរិបទ​សង្រ្គាម​អន្តរជាតិដូច​ជា​សង្គ្រាម​ព្រំដែន​កម្ពុជា-ថៃ​ហ្នឹង។ អាហ្នឹង​ក៏​ជា​កាតព្វកិច្ចមួយ ​ខ្ញុំ​គិត​ថា ជា​កាតព្វកិច្ច​របស់​អន្តរជាតិ​ដែរ​ ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ជន​ស៊ីវិលដែល​ទទួល​រង​គ្រោះ​ពី​សង្រ្គាម​ព្រំដែន​កម្ពុជា​-ថៃ​ហ្នឹង»។

លោក​សាស្ត្រាចារ្យ​ ខេវិន​ ក្លេមិន្ទស៍ ​(Kevin Clements) នាយក​មជ្ឈមណ្ឌល​ជាតិ​ដើម្បី​ការ​សិក្សាអំពី​សន្តិភាព​និង​ជម្លោះ​នៃ​ប្រទេស​ណូវែលហ្សេឡង់​ មាន​ប្រសាសន៍​ជាមួយ​វីអូអេ ខ្មែរ នៅ​ក្នុង​កិច្ច​ប្រជុំ​ថា​ ថៃ​មាន​កាតព្វកិច្ចមួយ​ដោយមិន​ត្រូវ​បង្កើត​ឲ្យ​មាន​ស្ថានភាព​ដែលបង្ក​អសុវត្ថិភាពដល់​ជន​ស៊ីវិលកម្ពុជា​ឡើយ​ ហើយផ្ទុយ​មក​វិញ​ កម្ពុជា​ក៏​មាន​កាតព្វកិច្ច​ធ្វើ​ដូចគ្នា​ដែរ​ចំពោះ​ជនស៊ីវិល​ថៃ។ លោក​សាស្ត្រាចារ្យ​ ខេវិន ក្លេមិន្ទស៍ ​មាន​ប្រសាសន៍​បន្ថែម​ថា កម្ពុជា​ និងថៃ ត្រូវ​សម្លឹងមើល​ប្រយោជន៍​រួម​ រវាង​ប្រទេស​ទាំងពីរ ​និង​នៅក្នុង​តំបន់​ទាំងមូល ជាជាង​ប្រយោជន៍​នយោបាយ​នៃ​ប្រទេស​តែ​ម្ខាងៗ​ ហើយ​ត្រូវចាត់​ទុកបញ្ហា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ជាកត្តា​ចម្បង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​នេះប្រកប​ដោយ​ប្រសិទ្ធិភាព។ លោក​សាស្ត្រាចារ្យ​ ក្លេមិន្ទស៍ ​មាន​ប្រសាសន៍​ថា៖

«ប្រសិន​បើ​យើង​ក្រឡេក​មើល​របៀប​មួយ​ដែល​ប្រទេស​ម្ខាងៗអាច​ឈរ​ឲ្យ​ផុត​ពីនយោបាយ​ក្នុង​ស្រុក​របស់​ខ្លួន​ ហើយ​ដាក់​បញ្ហា​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​របស់​ពួកគេ​ជា​រឿងសំខាន់​ក្នុងជម្លោះ​នោះ ខ្ញុំ​យល់ថា យើង​នឹង​អាចចាប់​ផ្តើម​គិត​ឃើញដំណោះស្រាយបញ្ហានេះ​បាន​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​កាន់​តែ​ខ្ពស់»។

សហរដ្ឋ​អាមេរិក​និងអង្គការ​សហប្រជាជាតិ​បាន​អំពាវនាវឲ្យ​កម្ពុជា​និង​ថៃ អត់​ធ្មត់​ជា​អតិបរមា និង​ព្យាយាម​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះព្រំដែន​រវាងប្រទេស​ទាំង​ពីរ​ តាម​រយៈ​យន្តការ​តំបន់​អាស៊ាន​ដែល​បច្ចុប្បន្ន​ឥណ្ឌូនេស៊ីធ្វើជា​ប្រធាន។

កម្ពុជា​បាន​យល់​ព្រម​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​ដើម្បី​ឃ្លាំមើល​បទឈប់​បាញ់​គ្នា​អចិន្ត្រៃយ៍​មួយ​នៅ​តាមតំបន់​ព្រំដែន​កម្ពុជា​-ថៃ​ ប៉ុន្តែថៃហាក់​ដូច​ជាសម្តែង​ការ​មិន​យល់​ព្រមដោយ​នៅ​តែ​ប្រកាន់​ជំហរ​ចង់ដោះស្រាយ​បញ្ហាជាមួយ​កម្ពុជា​ដោយ​ផ្ទាល់។

ប៉ុន្តែ​គោល​ជំហរ​របស់​ថៃនេះ​ ត្រូវ​បាន​បដិសេធ​ដោយ​ភាគីកម្ពុជា​ ដោយ​កម្ពុជា​លើក​ឡើង​ថា​ យន្ត​ការ​ដោះស្រាយ​ជម្លោះ​ទ្វេ​ភាគី​គ្មាន​ប្រសិទ្ធិភាពទេ​ចាប់​តាំងពី​ជម្លោះបាន​ផ្ទុះ​ឡើង​ បន្ទាប់​ពី​ការ​សម្រេចចិត្តរបស់​អង្គការ​យូណេស្កូ​ ក្នុង​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០០៨​មកនោះ។

តែ​ទោះ​ជាយ៉ាង​នេះក្តី​ មេដឹកនាំ​កម្ពុជានិងថៃត្រូវ​បាន​រំពឹង​ថា​ នឹង​ជួប​ចរចា​គ្នា​ដើម្បីឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​មួយ​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​លើក​ទី​១៨ក្នុង​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​៧​និង​ទី៨​ខែ​ឧសភា​ខាង​មុខនេះ។

សាស្ត្រាចារ្យ​ ខេវិន​ ក្លេមិន្ទស៍​ មាន​ប្រសាសន៍​ថា​ ក្រៅ​ពី​តំបន់​អាស៊ាន​ ប្រទេស​ទាំង​ពីរ​ក៏​អាច​សម្លឹង​មើលភាគី​ទី​៣​ផ្សេង​ទៀត​ដែល​ពួកគេ​ជឿទុកចិត្ត​ ឧទាហរណ៍​ដូចជា​លោក ណែលសិន​ មែនដិឡា (Nelson Mandela) នៃ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ជាដើម​ ដើម្បី​ស្វែង​រក​ដំណោះស្រាយជម្លោះរបស់​ពួក​គេ​ តាម​របៀប​មួ​យ​ដែល​ប្រទេសទាំងពីរ​អាច​ទទួល​យក​បាន ដើម្បី​ធានាសុវត្ថិភាព និង​សន្តិសុខ​ដល់ជនស៊ីវិលនៃ​ប្រទេស​ទាំងពីរ៕

XS
SM
MD
LG