ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួនាទី​ព្រះមហាក្សត្រ​ខ្មែរ​ត្រូវ​គេ​មើល​ឃើញ​ថា​សំខាន់​ក្នុង​ការ​ឱ្យ​លោក​សម​រង្ស៊ី​ចូល​ស្រុក​វិញ


អ្នកគាំទ្រ​គណបក្ស​សម រង្ស៊ី​ ងើយ​ស្វាគម​អ្នកមើល​ពីលើ​នៅ​ជិត​ផ្សារ​មួយ​ក្នុង​​ទីក្រុង​ភ្នំពេញ​ ក្នុងកំឡុង​ពេល​ការប្រជុំគ្នា​​ឃោសនា​បោះឆ្នោត​ ក្នុង​ឆ្នាំ​២០០៨។
អ្នកគាំទ្រ​គណបក្ស​សម រង្ស៊ី​ ងើយ​ស្វាគម​អ្នកមើល​ពីលើ​នៅ​ជិត​ផ្សារ​មួយ​ក្នុង​​ទីក្រុង​ភ្នំពេញ​ ក្នុងកំឡុង​ពេល​ការប្រជុំគ្នា​​ឃោសនា​បោះឆ្នោត​ ក្នុង​ឆ្នាំ​២០០៨។

ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ត្រូវ​គេ​គិត​ថា​ប្រឈមមុខ​នឹង​សម្ពាធ​នយោបាយ​ក្នុង​ការ​សម្រេច​ព្រះទ័យ​លើក​លែង​ទោស​ដល់​លោក​សម រង្ស៉ី​ ទោះបី​ជា​ព្រះអង្គ​មាន​ព្រះរាជ​សិទ្ធិ​ក្តី។

ទោះ​បី​ជា​មន្ត្រី​រដ្ឋា​ភិបាល​បាន​បញ្ជាក់​ជា​ហូរ​ហែ​ថា​លោក​សម រង្ស៉ី​អាច​ត្រូវលើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​បាន​លុះត្រា​តែ​លោក​ទទួល​ទោស​ទណ្ឌ​២ភាគ៣​សិន​ក្តី ​តែ​អ្នក​វិភាគ​និង​អ្នក​ច្បាប់​បាន​អះអាង​ថា​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​បុព្វសិទ្ធិ​លើក​លែង​ទោស​បាន​ដោយ​មាន​ឬ​គ្មាន​ការ​ស្នើ​ពី​នាយក​រដ្ឋមន្ត្រី​មុន​ការ​ជាប់​ទោស។

លោក​សម រង្ស៊ី ​ត្រូវ​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃទី១៥​កន្លង​ទៅ​នេះ​ បាន​ប្រកាសដក​ហូត​សមាជិកភាព​សភា​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ចាម​ បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​កំពូល​បាន​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ឲ្យ​ជាប់​ពន្ធនាគារ​ពីរឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​នៅ​ខេត្ត​ស្វាយរៀង​ កាល​ពី​ចុង​ឆ្នាំ​២០០៩​ ដែល​មាន​ន័យ​ថា​បន្ថែម​ពី​លើ​ទោស​ទណ្ឌ​ ដាក់​គុក១០​ឆ្នាំ​ ផ្សេង​ទៀត​ពី​ការ​ផ្សព្វផ្សាយ​ឯកសារ​ព្រំដែន​ក្លែង​ក្លាយ។ តំណាង​រាស្ត្រ​គណបក្ស​សម​ រង្ស៉ី​២៤​រូប​កាល​ពី​ថ្ងៃ​១៨​មិនា​បាន​ស្នើ​ដល់​មហាក្សត្រ​ ដើម្បី​លើកលែង​ទោស​ដល់​មេដឹក​នាំ​ប្រឆាំង​លោក​សម រង្ស៉ី​ ដោយ​យល់​ឃើញ​ថា​ គ្មាន​វត្តមាន​លោក​ សម រង្ស៉ី​ ដែល​ជា​មេដឹក​នាំ​គណបក្ស​ធំ​ទី២​ក្នុង​ប្រទេស ​និង​ធ្វើ​ ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស។

បទសម្ភាសន៍២​ភាគ​របស់​វីអូអេ​ខ្មែរ​ជាមួយ​ លោក​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០១១


លោក ​អ៊ូ វីរៈ​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​ថា ​ការលើក​លែង​ទោស ពី​ព្រះ​មហាក្សត្រ​ពី​សម្តេច​ ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ នឹង​មាន​ប្រយោជន៍ សម្រាប់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​តាម​នីតិ​វិធី​មិន​ត្រូវការ​សំណើ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​ទេ។

«ដោយ​សារ​នាយក​រដ្ឋមន្ត្រី​មាន​អំណាច​ដូច្នេះ​ជា​ទូទៅ​ទាល់​តែ​មាន​ការ​ស្នើ​សុំ​ពី នាយក​រដ្ឋមន្ត្រី​ ហើយ​ដោយ​សារ​ករណី​លោក​ សម រង្ស៉ី​ជា​ករណី​ នយោ​បាយ ដូច្នេះ​ការ​លើក​លែង​ទោស​ឬ​មិន​លើក​លែង​ទោស​ប្រហែល​ ជា​ពឹង​ផ្អែក​ទៅ​លើ ការ​យល់​ព្រម​ពី​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា»។

លោក ​អ៊ូ វីរៈ​បាន​អះអាង​ថា​ការ​លើក​លែង​ទោស​នៅ​មាន​លក្ខណៈ​មិន​ ច្បាស់លាស់​នៅ​ឡើយ​ទេ​ ដោយ​សារ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​ថ្មីៗ​ថា​មិន​យល់​ព្រម​លើក​លែង​ទោស​ដល់​លោក​ សម រង្ស៉ី។

«ខ្ញុំ​ថា​ព្រះ​មហាក្សត្រ​នឹង​មាន​ការលំបាក​មួយ​ចំនួន​ដោយ​សារ​ក្នុង​ស្ថាន​ភាព​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា​បញ្ហា​នយោ​បាយ​ប្រហែល​ត្រូវ​ការ​ការ​យល់​ព្រម​ពី​នាយក​រដ្ឋមន្ត្រី​ ហេតុ​ដូច្នេះ​ប្រហែល​ជា​ព្រះ​មហាក្សត្រ​ត្រូវ​រង់ចាំ​សញ្ញា​ពី​នាយករដ្ឋមន្ត្រី»។

លោក ​កៅ សុផា​ អ្នក​ច្បាប់​ម្នាក់​ហើយ​ជា​មេធាវី​ផង​បាន​ថ្លែង​ថា​ ការ​លើក​លែង ទោស​លោក​ សម រង្ស៉ី​តាម​រដ្ឋធម្មនុញ​អាច​ធ្វើ​ទៅ​បាន​តែ ​ព្រះ​មហាក្ស​ខ្មែរ​តែង​តែ​រង់​ចាំ​ការ​ស្នើ​សុំ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​គោល​ការណ៍។

«ការ​លើក​លែង​ទោស​ទៅ​ដល់​ជន​ណា​ម្នាក់​ឬ​ទណ្ឌិត​ណា​ម្នាក់​ហ្នឹង​គឺ​លុះ​ត្រា​តែ មាន​ សំណើ​ពី​រាជ​រដ្ឋា​ភិបាល​ ដាក់​មក​ បាន​ព្រះ​មហាក្សត្រ​ឡាយ​ ព្រហស្ថ​លេខា​អញ្ចឹង​បើ​ដាក់​ Direct ​(ផ្ទាល់)​ទៅ​ព្រះ​មហាក្សត្រ​ ព្រះ​មហាក្សត្រ​ ក៏​គង់ធ្វើ​លិខិត​មក​ លោក​នាយក​រដ្ឋមន្ត្រី​ដដែល​ដើម្បី​ឲ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើ​ សំណើ​ទៅ​ព្រះ​មហាក្សត្រ​វិញ»។

តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ច្បាប់​កំពូល​របស់​ប្រទេស​នៃ​មាត្រា​ទី​២៧​ បាន​ចែង​ថា «ព្រះ​មហាក្សត្រ​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយ​ទោស​និង​លើក​លែង​ទោស»។

ក្រុម​អ្នក​ច្បាប់​ផ្សេងៗ​ទៀត​បាន​អះអាង​ក្នុង​លក្ខខណ្ឌ​ពុំ​ឲ្យ​ប្រាប់​ឈ្មោះ​បាន​បញ្ជាក់​ថា​រដ្ឋា​ភិបាល​យក​ច្បាប់​ដោយ​ឡែក​ជា​ទូទៅ​មួយ​ ទាក់​ទង​នឹង​ការ​បន្ធូរ​បន្ថយ​ទោស​ និង​លើក​លែង​ទោស​ ដល់​ទណ្ឌិត​នោះ​ ជា​អំណះ​អំណាង​ ក្នុង​ករណី​លោក​ សម រង្ស៉ី​ ជា​ពិសេស​ក្នុង​វគ្គ​មួយ​ដែល​បាន​ចែង​ពី​ការ​ជាប់​ទោស​២​ភាគ​៣ ទើប​អាច​ត្រូវ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​បាន។​ ក្រុម​អ្នក​ច្បាប់​ចាត់​ទុក​ថា ទោះ​ជា​ការ​ប្រទាញ​ប្រទង់​គ្នា​ក្នុង​ការ​បក​ស្រាយ​ច្បាប់​មែន​តែ​គេ​គួរគិត​ថាច្បាប់​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ លោក ​សុន ឆៃ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ជំទាស់​របស់​លោក ​សម រង្ស៉ី​បាន អះ​អាង​ថា ព្រះ​មហាក្សត្រ​ព្រះ​អង្គ​មាន​ព្រះរាជ​បុព្វសិទ្ធិ​ទាំង​ស្រុង​ក្នុង​ការ​លើក លែង​ទោស​ដល់​លោក​សម រង្ស៉ី​ និង​កូន​ចៅ​របស់​ព្រះអង្គ​ ហើយ ​នឹង​ការ​សម្រេច រឿង​នយោ​បាយ​សំខាន់ៗ​ ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ សំណើ​ណា​មួយ​ពី​នាយករដ្ឋមន្ត្រី​ទេ​ ជា​គោល​ការណ៍​ច្បាប់។

«តែ​ជា​ទម្លាប់​កន្លង​ទៅ​នេះ​ គឺ​ថា​ព្រះ​មហាក្សត្រ​លោក​ផ្តល់​ការ​យោគ​យល់​ពិសេស​មួយ​ដល់​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ផ្តល់​កិត្តិយស​ដល់​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ការ​ធ្វើ​សំណើ​លើក​លែង​ទោស​នេះ»។

លោក​ សុន​ ឆៃ​និង​អ្នក​ច្បាប់​មួយ​រូប​បាន​បន្ថែម​ថា​ប្រសិន​បើ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ដល់​លោក ​សម រង្ស៉ី ​នោះ​ទោស​ទណ្ឌ​លោក​ ទាំង​ឡាយ​និង​ត្រូវ​រលត់​ ហើយ​ លោក ​និង​បាន​ទទួល​បុព្វ​សិទ្ធិ​សភា​វិញ។ ដោយ​សារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​បញ្ជាក់​ថ្មីៗ​ថា​លោក​ នឹង​មិន​ធ្វើ​សំណើ​លើក​លែង​ទោស​នោះ​ ក្រុម​អ្នក​វិភាគ​ ដែល​កំពុង​តាម​ឃ្លាំ​មើល​ពី​ការ​សម្រេច​ ព្រះ​ទ័យ​យ៉ាង​ណា​របស់​ព្រះ​មហាក្សត្រ​នោះ ​បាន​អះអាង​ថា ​ការ​ធ្វើ​ឲ្យ​លោក​ ហ៊ុន ​សែន​យល់​ព្រម​ធ្វើ​សំណើ​លើកលែង​ទោស​លោក​ សម រង្ស៉ី​លុះ​ត្រា​តែ​មាន​ ការ​ចរចា​ ដោយ​សម្ងាត់​និង​មាន​សម្បទាន​ នយោ​បាយ​ណា​មួយ​រវាង​គណបក្ស​ជំទាស់​នឹង​គណបក្ស​គ្រប់​គ្រង​ប្រទេស៕

XS
SM
MD
LG