បើទោះបីជាលោក ជា វិជ្ជា មេដឹកនាំសហជីពកម្ពុជាបានស្លាប់បាត់បង់ជីវិតដោយសារឃាតករមិនស្គាល់មុខបានបាញ់សម្លាប់ក៏ដោយ ប៉ុន្តែតាមរយៈខ្សែភាពយន្តឯកសាររឿង “អ្នកណាសម្លាប់ជា វិជ្ជា?” បុព្វហេតុនៃការតស៊ូរបស់លោកដើម្បីទាមទារសិទ្ធិកម្មករនៅតែត្រូវបានគេចងចាំជានិច្ច។
ពីមួយកន្លែងទៅមួយកន្លែងដែលមានការបញ្ចាំងខ្សែភាពយន្តឯកសាររឿង “អ្នកណាសម្លាប់ជា វិជ្ជា?” តែងតែមានសំណួរដែលផុសចេញក្រុមអ្នកទស្សនាដែលផ្តោតទៅលើអ្នកដែលនៅពីក្រោយខ្នងនៃការបញ្ជាឱ្យមានការសម្លាប់អតីតមេសហជីពដ៏ល្បីល្បាញរូបនេះនឹងការចង់ដឹងពីស្ថានភាពរបស់កម្មករក្នុងការតវ៉ាឱ្យមានការគោរពសិទ្ធិការងាររបស់ពួកគេ។
ដូចដែលចំណងជើងនៃខ្សែភាពយន្តឯកសារនេះបញ្ជាក់ នៅក្នុងសាច់រឿងពុំបានបង្ហាញឱ្យបានច្បាស់ពិតប្រាកដថា ឃាតករជាអ្នកណា ហើយអ្នកណានៅពីក្រោយខ្នងឃាតករនោះឡើយ។ ភាពយន្តគ្រាន់តែបានបង្ហាញការជាប់ពាក់ព័ន្ធគ្នាពីអ្នកដែលអាចទទួលយកបញ្ជាពីអ្នកនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការត្រូវកម្ចាត់អ្នកដែលគេយល់ថា ជាឧបសគ្គ និងបង្ហាញសាក្សីដែលបញ្ជាក់ថា ជនពីរនាក់ដែលជាប់ចោទថា ជាឃាតករគឺជាមនុស្សដែលត្រូវគេប្រឌិតដើម្បីទម្លាក់កំហុសដាក់តែប៉ុណ្ណោះ។
ប៉ុន្តែអ្វីដែលលោក រីច ហ្ការ៉េលឡា ផលិតករខ្សែភាពយន្តអាចប្រាប់ដល់អ្នកចូលរួមទស្សនានៅឯទីស្នាក់ការធំនៃសហព័ន្ធការងារ និងសមាជនៃអង្គការឧស្សាហកម្មអាមេរិកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនឃើញមានស្ថានភាពអ្វីល្អប្រសើរសម្រាប់កម្មករឡើយនាពេលបច្ចុប្បន្ននេះ។ លោកថ្លែងដូច្នេះថា៖
«ការសម្លាប់លោក ជា វិជ្ជា បានធ្វើឱ្យចុះខ្សោយដល់ចលនាសហជីពការងារយ៉ាងខ្លាំងហើយវាបង្ហាញថា ចលនាមួយគឺបង្កើតឡើងដោយមនុស្សជាច្រើនរូបមែន ប៉ុន្តែនៅ ពេលដែលយើងមានមេដឹកនាំម្នាក់ដែលមានប្រជាប្រិយភាពដូចនេះគឺមានអត្ថន័យសំខាន់ខ្លាំងណាស់»។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានឃាតករបាញ់សម្លាប់ទាំងព្រឹកព្រលឹមកាលពីដើមឆ្នាំ២០០៤ ខណៈលោកកំពុងអង្គុយអានកាសែត នៅតូបលក់កាសែតជិតវត្តលង្កាក្នុងទីក្រុងភ្នំពេញ។
នៅក្នុងចំណោមសកម្មជនសិទ្ធិកម្មករនៅបរទេស លោក ជា វិជ្ជា ត្រូវបានគេប្រៀបប្រដូចទៅនឹងលោកម៉ាទីន លូថឺ ឃីង (Martin Luther King) សកម្មជនសិទ្ធិពលរដ្ឋសហរដ្ឋអាមេរិកដ៏មានប្រជាប្រិយភាពបំផុត ដោយសារតែអ្នកទាំងពីរត្រូវបានគេសម្លាប់ពេលអាយុបាន៣៩ឆ្នាំដូចគ្នា និងការតស៊ូដើម្បីសិទ្ធិសេរីភាពជនទន់ខ្សោយដូចគ្នា។
ការវិវត្តនាពេលថ្មីៗនេះទាក់ទងនឹងសិទ្ធិសេរីភាពរបស់កម្មករនៅ កម្ពុជាបានធ្វើឱ្យមានការព្រួយបារម្ភពីក្នុងចំណោមសកម្មជនអន្តរជាតិ។
លោក ធីម រ៉ាយអឹន នាយកកម្មវិធីនៃមជ្ឈមណ្ឌលសាមគ្គីភាព ឬភាសាអង់គ្លេសហៅថា Solidarity Centre បានបញ្ជាក់ថា ច្បាប់ការងារដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃមានលក្ខណៈល្អប្រសើរ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបញ្ហានេះកំពុងទទួលរងការគំរាមកំហែង។ លោកបន្តថា៖
«បញ្ហាដែលកំពុងកើតឡើងនៅពេលឥឡូវនេះគឺមានការប៉ុនប៉ងផ្លាស់ប្តូរខ្លះៗនៃច្បាប់ការងារ និងធ្វើឱ្យចុះខ្សោយចំណុចដែលនិយាយពីសិទ្ធិរបស់កម្មករហើយការព្រួយបារម្ភនោះគឺមិនមែនមានតែក្នុងចំណោមក្រុមសហជីពនៅកម្ពុជាទេ ប៉ុន្តែវាជាការព្រួយបារម្ភរបស់ចលនាការងារអន្តរជាតិផងដែរ»។
ក្រុមអ្នកតាមដានផ្តល់ការសង្កេតថា ក្នុងរយៈពេលចុងក្រោយ ក្រុមតំណាងសហជីពមិនសូវទទួលរងការវាយប្រហារដោយអំពើហិង្សា ដោយការបាញ់សម្លាប់ដូចពេលមុនទេ ប៉ុន្តែពួកគេនៅតែត្រូវទទួលរងការចោទប្រកាន់តាមផ្លូវតុលាការចំពោះការងាររបស់គេនៅឡើយ។
កាលពីពាក់កណ្តាលខែកញ្ញាកន្លងមកនេះក្រុមសហជីពកម្មករមួយចំនួនបានដឹកនាំកម្មកររាប់ម៉ឺននាក់តវ៉ាទាមទារឱ្យមានការដម្លើងប្រាក់ខែបានយ៉ាងតិចបំផុតរហូតដល់ចំនួន៩៣ដុល្លារ ប៉ុន្តែមានតំណាងកម្មករមួយចំនួនត្រូវបានថៅកែរោងចក្រប្តឹងទៅតុលាការដោយចោទប្រកាន់ថា បានធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ប្រមាណ១៥លានដុល្លារដោយសារតែបាតុកម្មនេះ។ អ្នកតវ៉ាខ្លះត្រូវបានថៅកែបញ្ឈប់មិនទាន់ឱ្យចូលធ្វើការវិញទេ។
លោក ធីម រ៉ាយអឹន ដែលមជ្ឍមណ្ឌលរបស់លោកបានជួយរៀបចំការដាក់បញ្ចាំងខ្សែភាពយន្តរឿងឃាតកម្មលើលោកជា វិជ្ជា បានបញ្ជាក់ថា៖
«សម្រាប់ក្រុមអ្នកទាមទារសិទ្ធិរបស់កម្មករ ការចាប់អារម្មណ៍មិនគួរតែផ្តោតលើក្រុមហ៊ុនថៅកែរោងចក្រតែមួយផ្នែកទេ គឺត្រូវផ្តោតលើក្រុមហ៊ុនម្ចាស់យីហោធំៗដែលជាអ្នកទិញផលិតផលទាំងនោះផងដែរ»។
លោកបានពន្យល់ថា ក្រុមអ្នកបញ្ជាទិញអាចនឹងដាក់លក្ខខណ្ឌទៅឱ្យថៅកែរោងចក្រគោរពបានតាមច្បាប់ការងារ។ ក្រុមអ្នកបញ្ជាទិញពីបរទេសមួយចំនួនមានដូចជាក្រុមហ៊ុន Gap, H and M, Levi Strauss, Adidas, Target, Sears Holdings Corp, Children’s Place និងCharles Koma ជាដើម។
ចំណែកលោក រីច ហ្ការីលឡាយល់ថា ការមានប្រធានសហជីពដែលខ្លាំងក្លាក្នុងការតវ៉ាដូចជាលោក ជា វិជ្ជា ដែលអាចបង្កើតបរិយាកាសចរចារជាមួយម្ចាស់រោងចក្រដើម្បីឱ្យមានស្ថានភាពការងារល្អគឺបានន័យថា គាត់មិនត្រឹមតែធ្វើការងារល្អសម្រាប់ក្រុមកម្មករប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ដូចជាធ្វើការងារដើម្បី ផលប្រយោជន៍ម្ចាស់រោងចក្រផងដែរ ដោយអាចលក់ផលិតផលសម្លៀកបំពាក់បានច្រើនថែមទៀត៕