ភ្នំពេញ៖ អង្គការសកម្មភាពដើម្បីកុមារ គ្រោងនឹងយកកុមារីអាយុ១៤ឆ្នាំដែលទទួលរងនូវការរំលោភសេពសន្ថវៈទៅដាក់ក្នុងមជ្ឈមណ្ឌលអង្គការក្រៅរដ្ឋាភិបាលមួយ ដើម្បីបណ្ដុះបណ្តាលវិជ្ជាជីវៈដល់កុមារីរងគ្រោះនោះ។ ក៏ប៉ុន្តែក្រុមគ្រួសារកុមារីរងគ្រោះមិនទាន់សម្រេចចិត្តនៅឡើយទេ។
លោកអ៊ុក ពិសិដ្ឋ អ្នកសម្របសម្រួលអង្គការសកម្មភាពដើម្បីកុមារ ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប បានមានប្រសាសន៍ថា អង្គការរបស់លោកគ្រោងនឹងយកកុមារីជនរងគ្រោះមួយរូប អាយុ១៤ឆ្នាំយកទៅដាក់នៅក្នុងមជ្ឈមណ្ឌលរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះ។
កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅនេះ កុមារីមួយរូប ដែលមានឈ្មោះអក្សរកាត់ថា ថ.ទ. អាយុ១៤ឆ្នាំ ត្រូវបានជនជាតិខ្មែរមួយរូបចាប់រំលោភនៅក្នុងសណ្ឋាគារមួយនៃខេត្តសៀមរាប រហូតដល់បានសម្រេច។
បន្ទាប់ពីបានកើតហេតុរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ខ្លួនលោកម៉ាត់ រ៉ានី អាយុ៣២ឆ្នាំ ជាអនុប្រធានអង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្រ្តចម្រុះក្រោមបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភកុមារីរងគ្រោះអាយុ១៤ឆ្នាំនោះ។ ហើយតុលាការខេត្តសៀមរាបក៏បានចេញដីកាឃុំខ្លួនភ្លាមៗផងដែរ។
លោកអ៊ុក ពិសិដ្ឋបានមានប្រសាសន៍ថា បុគ្គលិករបស់លោកបានចុះទៅលើកទឹកចិត្តកុមារីរងគ្រោះ និងគ្រោងនាំយកមកស្នាក់នៅក្នុងមជ្ឈមណ្ឌលមួយ ដែលមានឈ្មោះថា ពន្ធកិច្ច និងស្តារនីតិ សម្បទា។
លោកបានមានប្រសាសន៍ថា គោលបំណងក្នុងការយកកុមារីរងគ្រោះមកមជ្ឈមណ្ឌលនេះគឺដើម្បីសុវត្ថិភាពដល់ជនរងគ្រោះ និងជួយសម្រួលដល់សុខភាពផ្លូវចិត្ត។
«យើងមើលទៅ យើងគិតថា វាអាចមានការគំរាមកំហែងផ្សេងទៀត ព្រោះថា អាចមានជនសង្ស័យដែលត្រូវបានតុលាការស្វែងរកទៀតនោះ មិនទាន់បានធ្វើការឃាត់ខ្លួននៅឡើយ អញ្ចឹងយើងខ្លាចកុមារពុំមានសុវត្ថិភាព»។
បងស្រីបង្កើតកុមារីរងគ្រោះ ភ.ទ. បាននិយាយថា ក្រុមគ្រួសាររបស់លោកស្រីមិនទាន់បានសម្រេចចិត្តនៅឡើយទេ។
លោកស្រីបានមានប្រសាសន៍ថា លោកស្រីចង់ឲ្យទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះដែរ ដើម្បីព្យាបាលរបួសផ្លូវចិត្ត។
«ចា៎ ខ្ញុំមានម៉េច ចង់ឲ្យតែប្អូនល្អដែរ។ ក្រែងនៅឯនេះ វាគិតគំនិតខ្លី។ ខ្ញុំក្រែងនៅទីនេះទៅ វាខ្វល់ ចិត្ត។ បើសិនណាទៅបានឃើញគេឯងទៅ ក្រែងវាធូរនៅក្នុងអារម្មណ៍ក្នុងចិត្តវា»។
មជ្ឈមណ្ឌលពន្ធកិច្ចនិងស្តារនីតិសម្បទាមានទីតាំងនៅក្នុងខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះទទួលតែកុមាររងគ្រោះ ដោយការកេងប្រវ័ញ្ចផ្លូវភេទ និងកុមារដែលទទួលរងនូវការជួញដូរផ្លូវភេទតែប៉ុណ្ណោះ។
លោកស សារ៉ា ប្រធានមណ្ឌលពន្ធកិច្ច និងស្តារនីតិសម្បទា បានបដិសេធ ពុំធ្វើអត្ថាធិប្បាយទេ។
«ថា ចែកចាយព័ត៌មានដើម្បីឲ្យខាងព័ត៌មានហ្នឹង ខាងខ្ញុំគឺរក្សាសម្ងាត់»។
អង្គការសកម្មភាពដើម្បីកុមារធា្លប់បានបញ្ជូនកុមាររងគ្រោះយ៉ាងតិចចំនួន១០រូបដើម្បីទៅសិក្សានិងស្នាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទាផ្សេងៗ ប្រយោជន៍ដើម្បីបង្ហាត់បង្រៀនវិជ្ជាជីវៈដល់កុមាររងគ្រោះទាំងនោះ៕