ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​នៃ​ភាគី​ទាំង​សងខាង​ក្នុង​សំណុំ​រឿង​០០២​ត្រៀម​ប្តឹង​ឧទ្ធរណ៍


មួយ​ថ្ងៃ​បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​បញ្ជូន​ដីកា​ដំណោះ​ស្រាយ​ ឬ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ទាំង​បួន​នាក់​មក​ ​ក្រុម​មេធាវី​ការពារ​ក្ដី ​និង​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ ​បាន​ត្រៀម​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង។

ក្រុម​មេធាវី​ការពារ​ជន​ជាប់ចោទ​ និង​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រៀបចំ​ការ​ប្ដឹង​ឧទ្ធរណ៍​ ​បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​បញ្ជូន​ដីកា​បញ្ជូន​អតីត​មេ​ដឹកនាំ​កំពូលៗ​នៃ​របប​ខ្មែរ​ក្រហម​ដ៏​សម្លាប់​រង្គាល​ចំនួន​បួន​នាក់​ក្នុង​សំណុំ​រឿង​០០២ទៅ​ជំនុំ​ជម្រះ។

បណ្ដឹង​ឧទ្ធរណ៍​នេះ​ដែល​ធ្វើ​ឡើង​ស្រប​គ្នា​ជាមួយ​នឹង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​សាលាក្ដី​ខ្មែរក្រហម​នោះ​ បាន​អនុម័ត​នូវ​ការធ្វើ​វិសោធន​កម្ម​សម្រាប់​ការ​ផ្ដល់​សំណង​ដ៏​ចម្រូង​ចម្រាស់​សម្រាប់​ជន​រងគ្រោះ។

លោក​អាង ឧត្តម ​សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​អៀង សារី​ ​មាន​ប្រសាសន៍​ថា​ ​ក្រុម​មេធាវី​របស់​លោក​កំពុង​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សំអាង​មួយ​ចំនួន​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ដែល​បាន​សរសេរ​នៅ​ក្នុង​ដីកា​ដំណោះ​ស្រាយ​ ឬ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​នោះ​ ​ជាពិសេស​ទាក់ទង​ទៅ​នឹង​នីតិ​វិធី​និង​យុត្តាធិការ​របស់​សាលាក្ដី។

“គឺការ​អនុវត្ត​ច្បាប់​ខុស​គោល​ការណ៍។ ​ឧបមាថា​ ​តុលាការ​មិន​មាន​យុត្តាធិការ​កាត់​សេចក្ដី​លើ​ចំណុច​ណា​ ​ឧបមាថា​ ​តុលាការ​ជាតិ​មាន​យុត្តាធិការ​កាត់​ ​និង​អនុវត្ត​ច្បាប់​អន្ដរជាតិ​ដោយ​ផ្ទាល់​យ៉ាង​ម៉េច​កើត?​ យើងនឹង​ធ្វើ​ការ​តតាំង​បែប​ហ្នឹង"។

សហ​ចៅក្រម​ស៊ើប​អង្កេត​ ​លោក​យូ ប៊ុនឡេង ​និង​លោក​ម៉ាកសែល ឡឺម៉ុង​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បញ្ជូន​ដីកា​បញ្ជូន​សំណុំ​រឿង​០០២​ ​ទៅកាន់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដើម្បី​កំណត់​កាល​បរិច្ឆេទ​ កាត់ទោស​អតីត​បង​ធំ​ទីពីរ​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​របស់​ខ្មែរ​ក្រហម​គឺ​នួន ជា​ ​អតីត​ប្រមុខ​រដ្ឋ ខៀវ សំផន​ ​អៀង សារី ​អតីត​បង​ធំ​ទីបី ​និង​ជា​អតីត​រដ្ឋមន្ដ្រី​ការបរទេស​ ហើយ​និង​ប្រពន្ធ​របស់​គាត់​ អៀង​ ធារិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច។

សហ​ចៅក្រម​ស៊ើបអង្កេត​បាន​រកឃើញ​ថា​ ​មាន​ជន​រងគ្រោះ​ចំនួន​ពី​១,៧​ទៅ២,២​លាន​នាក់​បាន​ស្លាប់និង​ត្រូវ​បាន​សម្លាប់ ​នៅ​ក្រោម​អំណាច​គ្រប់គ្រង​នៃ​ជន​ជាប់​សង្ស័យ​ទាំង​បួន​នាក់​នេះ។

លោក​អាន់ឌ្រូ ​អ៊ីននូស៊ី​ (Andrew Innuzzi) ​អ្នក​ប្រឹក្សា​ច្បាប់​សម្រាប់​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​នួន ជា​ ​មាន​ប្រសាសន៍​ថា​ ​ក្រុម​របស់​លោក​កំពុង​ពិចារណា​ក្នុង​ការ​ធ្វើ​បណ្ដឹង​ឧទ្ធរណ៍​ ​ក៏ប៉ុន្ដែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ ​ថា​តើ​ក្រុម​ការពារ​ក្ដី​របស់​លោក​នឹង​ធ្វើ​ការ​ប្ដឹង​ប្រឆាំង​លើ​ចំណុច​ណា​មួយ​ក្នុង​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​នោះ​ទេ។

សហ​មេធាវី​ការពារ​ជន​ជាប់​ចោទ​ និង​សហ​ព្រះ​រាជ​អាជ្ញា​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ប្ដឹង​សារទុក្ខ​ប្រឆាំង​នឹង​ដីកា​ដំណោះ​ស្រាយ ​ឬ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត។​ ក៏​ប៉ុន្ដែ​សហ​ព្រះ​រាជអាជ្ញា​ទំនង​ជា​មិន​ទាន់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ណា​មួយ​នៅ​ឡើយ។

លោក​អាន់ឌ្រូ ខេលី​ (Andrew Cayley) ​សហ​ព្រះ​រាជ​អាជ្ញា​អន្ដរ​ជាតិ​ ​បាន​ប្រាប់​ VOA​ សម្លេង​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នេះ​ថា​ ​លោក​កំពុង​តែ​ពិចារណា​លើ​ឯកសារ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត។

ដោយ​ឆ្លៀតឱកាស​ក្នុង​ការ​ប្រកាស​ពី​ដីកា​ដំណោះ​ស្រាយ​ ​លោក​សហ​ចៅក្រម​ស៊ើប​អង្កេត​សញ្ជាតិ​បារាំង​ ​ម៉ាកសែល ឡឺម៉ុង​បាន​ជូន​ដំណឹង​អំពី​ការ​លាលែង​ពី​ការងារ​របស់​លោកនៅ​ខែធ្នូ​ខាង​មុខ​នេះ។​ ជា​មួយ​គ្នានេះ​ ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​សម្រេច​ថា​ ​ក្នុង​ចំណោម​ជន​រងគ្រោះ​សរុប​ចំនួន​ជាង​៤.០០០​នាក់ ​ដែល​បាន​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​០០២​ មាន​តែ​ជន​រងគ្រោះ​ចំនួន​២.១២៣​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ទទួល​ស្គាល់​ គឺ​មាន​ន័យ​ថា​ ​ជន​រងគ្រោះ​ប្រមាណ​ជាង​២.០០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ទាត់​ចោល។​ ក៏​ប៉ុន្ដែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​ជំរុញ​ជា​ខ្លាំង​ដើម្បី​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ទទួល​យក​ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​ស្រី​ស៊ាល​ ស្ទូហ្ស៊ិនស្គី​ ​មេធាវី​របស់​កម្ម​វិធី​ពិសេស​សម្រាប់​សេវា​កម្ម​ជន​ស៊ីវិល​របស់​ភ្នាក់ងារអភិវឌ្ឈន៍​អាល្លឺម៉ង់ ​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ជន​រងគ្រោះ​ចំនួន​៥៣២​នាក់​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ករណី​០០២​ ​លោក​ស្រី​មាន​ប្រសាសន៍​ថា​ ​លោកស្រី​កំពុង​តែ​រៀបចំ​យ៉ាង​ប្រញាប់​ប្រញាល់​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍។

“យើង​កំពុង​តែ​រៀបចំ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ទៅ​នឹង​ដីកា​ទាត់​ចោល​ជន​រងគ្រោះ​ដែល​ស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ ​ហើយ​យើង​រវល់​ខ្លាំង​ណាស់​ក្នុង​ពេល​នេះ​ ​ពីព្រោះ​យើង​មាន​ពេល​ត្រឹម​តែ​ ១០ថ្ងៃ​ទេ​សម្រាប់​ប្ដឹង​សារទុក្ខ"។

លោក​ស្រីស៊ាល ស្ទូហ្ស៊ិនស្គី ​(Silke Stuzensky)​ ​ចាត់​ទុក​ថា​ ​ការ​ទាត់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​នៃ​ជន​រងគ្រោះ​យ៉ាង​ច្រើន​បែប​នេះ​ ​ប្រៀប​ដូច​ជា​ការ​ដក​ហូត​សិទ្ធិ​របស់​ពួក​គេ​មិន​ឲ្យ​ចូល​រួម​ក្នុង​ដំណើរ​ការ​ក្ដី​នេះ​ទេ។

លោក​ហង្ស ឆាយា​ នាយក​ប្រតិបត្តិ​របស់​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​ ​មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​ចំនួន​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ទាត់​ចោល​ដ៏​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ។​ លោក​ហង្ស ឆាយា​ មាន​ប្រសាសន៍​ថា​ ​ក្រុម​មេធាវី​នឹង​ចុះ​ទៅ​តាម​ខេត្ត​មួយ​ចំនួន​នៅ​ចុង​សប្ដាហ៍​នេះ​ ​ដើម្បី​ពន្យល់​ជន​រងគ្រោះ​អំពី​ការ​បដិសេធ​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ ​ហើយ​ពួក​គេ​នឹង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀតដើម្បីជួយ​ជ្រោម​ជ្រែង​ជន​រងគ្រោះ​មួយ​ចំនួន​ឲ្យ​មាន​លទ្ធ​ភាព​ទទួល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី។

លោក​ប៊ូ ម៉េង​ ​អតីត​អ្នកទោស​គុក​ទួលស្លែង​ ​មាន​ប្រសាសន៍​ ​បើ​ទោះ​ជា​ក្រុម​ជន​រងគ្រោះ ​ឬ​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បដិសេធ​ដើម​បណ្ដឹ​រដ្ឋ​ប្បវេណី​របស់​ជន​រងគ្រោះ​ក៏​ដោយ​ ​ក៏​នៅ​តែ​មិន​អាច​កែប្រែ​ការ​សម្រេច​ចិត្ត​នោះ​បាន​ដែរ។

“បើ​ជំទាស់​ទៅ​ ​ប្រៀប​ដូច​រទេះ​ភ្លើង​ចេះ​តែ​ទៅ​មុខ​ហើយ"។

នៅ​ពេល​ដែល​មាន​មតិ​មួយ​ចំនួន​បង្ហាញ​ពី​កង្វល់​ចំពោះ​ការ​ទាត់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ របស់​ជន​រងគ្រោះ​នោះ​ ​លោក​ឆាំង យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជាយល់​ឃើញ​ថា​ ​ចំនួន​ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ចំនួន​២.១២៣​នាក់​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​នេះ​ ​គឺ​ជា​ចំនួនយ៉ាង​ច្រើន​ ​ដែល​បង្ក​ឲ្យ​មាន​កង្វល់​ចំពោះ​ប្រសិទ្ធិ​ភាព​របស់​ផ្នែក​គាំទ្រ​ជន​រងគ្រោះ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ ​លោក​ឆាំង យុ ​មាន​ប្រសាសន៍​ថា​ ​ អង្គភាព​នេះ​មាន​ភាព​ទន់​ខ្សោយ​ជា​ខ្លាំង​ក្នុងការ​សហ​ការ​ជា​មួយ​ជន​រងគ្រោះ៕

XS
SM
MD
LG