ក្រសួងកសិកម្មបានផ្សព្វផ្សាយដល់ក្រុមហ៊ុនអង្ករកាលពីថ្ងៃអង្គារ៍នេះនូវនីតិវិធីដ៏មានសារៈសំខាន់សម្រាប់ការនាំចេញអង្ករនិងដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិនដែលជាវិធីមួយដើម្បីជំរុញការផលិត អង្ករប្រកបដោយអនាម័យ និងគុណភាពស្របតាមតម្រូវការរបស់ប្រទេសចិន។
នីតិវិធីសំខាន់ៗសម្រាប់នាំចេញអង្ករនិងដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិន បានផ្តោតលើវិធានការនៅ ក្នុងប្រទេសនាំចេញមានការត្រួតពិនិត្យមុនពេលនាំចេញ ការកំចាត់សមាសភាពចង្រៃមុនពេលនាំចេញ ប្រភពដើមនៃទំនិញនៅកន្លែងដាំដុះដែលគ្មានសមាសភាពចង្រៃ និងវិធីដែលមានការទទួលស្គាល់ជា ផ្លូវការ វិធានការភូតគាមអនាម័យនៅពេលដឹកជញ្ជូនមានការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃ តាមលក្ខណៈរូបសាស្ត្រ ឬ ប្រព្រឹត្តិកម្មគីមីវិធានការភូមគាមអនាម័យនៅច្រកនាំចូលមានការត្រួតពិនិត្យ ឯកសារការពិនិត្យភូតគាមអនាម័យ និងការធ្វើវិភាគសមាសភាពចង្រៃ វិធានការផ្សេងៗតម្រូវឱ្យមាន អាជ្ញាប័ណ្ណ ឬ លិខិតអនុញ្ញាត ការកំណត់នូវច្រកនាំចូល ការត្រួតពិនិត្យបែបបទនៅក្នុងប្រទេសនាំចូល និងវិធានការគ្រប់គ្រងហានិភ័យផ្សេងៗ ដើម្បីទប់ទល់នឹងសមាសភាពចង្រៃ។
លោកគិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយនីតិវិធីសម្រាប់នាំ ចេញអង្ករ និងដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិនថា តម្រូវការ និងលក្ខខណ្ឌទាំងនេះជួយការពារផល ប្រយោជន៍របស់ប្រទេសកម្ពុជានិងផលប្រយោជន៍នៃដៃគូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាស្របតាម កិច្ចព្រមព្រៀង។
«មូលដ្ឋានមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មនិងកាត់បន្ថយភាពក្រីក្រនៅជនបទព្រមទាំងមានភាពងាយស្រួលដល់វិស័យឯកជនក្នុងការនាំចេញអង្ករនិងដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិន»។
លោកជាង គឹម នាយកក្រុមហ៊ុនពាណិជ្ជកម្មអង្ករ BAYON RICE TRADING Co., Ltd បានថ្លែងថា តម្រូវការនិងលក្ខខណ្ឌសម្រាប់ការនាំចេញអង្ករនិងដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិនមិនមានលក្ខណៈស្មុគស្មាញទេហើយការផ្សព្វផ្សាយនីតិវិធីរបស់ក្រសួងកសិកម្មនេះគឺជាដំណឹងល្អសម្រាប់ក្រុមហ៊ុននាំចេញ អង្ករទាំងអស់នៅកម្ពុជា»។
លោកគិត សេង បានបញ្ជាក់ថាប្រទេសកម្ពុជាបានទទួលបរិមាណផលស្រូវសរុបប្រមាណប្រាំបីលាន តោននៅក្នុងឆ្នាំ២០១០។ របាយការណ៍បូកសរុបលទ្ធផលបញ្ចប់បណ្តោះអាសន្នការងារបង្កបង្កើនផល ស្រូវឆ្នាំ២០១០-២០១១ បានបង្ហាញថាការប៉ាន់ប្រមាណតុល្យភាពស្បៀងសម្រាប់ឆ្នាំ២០១០នេះ សល់ គិតជា អង្ករជាង២,៤២លានតោន ហើយបើគិតជាស្រូវ៧,៧៨លានតោន។
លោកអនុរដ្ឋលេខាធិការ គិត សេង បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការនាំចេញអង្ករ និង ដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិននិងប្រទេសដទៃទៀតដើម្បីធានានូវកំណើនសកម្មភាពសេដ្ឋកិច្ច បង្កើតការងារនិងបង្កើនប្រាក់ចំណូលនៅតំបន់ជនបទព្រមទាំងធានាសន្តិសុខស្បៀងសម្រាប់ប្រជា ពលរដ្ឋទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងបង្កើនការនាំចេញកសិផល។
ប្រទេសកម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការនាំចេញអង្ករនិងដំឡូងមី កម្ពុជាទៅកាន់ប្រទេសចិននៅក្នុងឆ្នាំ២០១០។ កិច្ចព្រមព្រៀងនាំចេញអង្ករនេះ ជួយភ្ជាប់ចំណងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយប្រទេសចិនដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ ប្រទេសកម្ពុជា បានសម្លឹងឃើញថាទីផ្សាររបស់ប្រទេសចិនគឺជាកន្លែងនាំចូលអង្ករពីប្រទេសកម្ពុជា ថៃនិងវៀតណាម៕