ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​នឹង​យក​សេចក្តី​ថ្លែង​ការណ៍​​អ.ស.ប.​ជា​មូលដ្ឋាន​ដោះស្រាយ​​ជម្លោះ​ព្រំដែន


លោក​ ហោ ណាំហុង រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រោយ​កិច្ច​ពិគ្រោះ​ជាមួយ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​​ញូវយ៉ក​អំពី​បញ្ហា​ជម្លោះ​​យោធា​នៅ​ព្រំដែន​ខ្មែរ​ថៃ។ ក្រុម​ប្រឹក្សា​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​បង្
លោក​ ហោ ណាំហុង រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រោយ​កិច្ច​ពិគ្រោះ​ជាមួយ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​​ញូវយ៉ក​អំពី​បញ្ហា​ជម្លោះ​​យោធា​នៅ​ព្រំដែន​ខ្មែរ​ថៃ។ ក្រុម​ប្រឹក្សា​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​បង្

ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃ​បាន​អះអាង​ថា​ ខ្លួន​នឹង​គោរព​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ដោះស្រាយ​ជម្លោះ​ព្រំដែន​ រវាង​ប្រទេស​ជាតិ​ទាំងពីរ ​ដោយ​សន្តិវិធី។​ សមាគម​អាស៊ាន​នឹង​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​នៅ​ទីក្រុង​ហ្សាការតា​ ​ប្រទេស​ឥណ្ឌូ​នេស៊ី​ ​នៅ​សប្តាហ៍​ក្រោយ​ ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។

មន្ត្រី​ផ្លូវការ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ប្រទេស​កម្ពុជា​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​អំពី​បទ​ឈប់បាញ់​ ​អំពី​ការ​ចរចា​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​និង​អំពី​តួនាទី​អាស៊ាន​នៅ​ក្នុង​បញ្ហា​ជម្លោះ​ខ្មែរ-ថៃ​នេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា​ ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​បង្ហាញ​នូវ​ភាព​អត់ធ្មត់​ជា​អតិបរមា​ ​និង​ជៀស​វាង​សកម្មភាព​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ទទូច​បន្ថែម​ទៀត​ឲ្យ​ភាគី​ទាំងអស់​បង្កើត​យន្តការ​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ​ហើយ​អនុវត្ត​បទ​ឈប់បាញ់​គ្នា​ឱ្យ​បាន​ពេញលេញ​ ​និង​ដោះស្រាយ​ស្ថានភាព​ដោយ​សន្តិភាព​ ​និង​តាមរយៈ​ការ​ចរចា​ប្រកប​ដោយ​ប្រសិទ្ធិភាព។

លោក​កុយ គួង​ ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់ ​VOA​ ​ថា​ ​ប្រទេស​កម្ពុជា​អនុវត្ត​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

«ខ្លឹមសារ​នៃ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​របស់​ប្រទេស​កម្ពុជា​ច្រើន​ណាស់។ ​ដូច​ជា​ ​បទ​ឈប់បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ ​ការ​គាំទ្រ​តួនាទី​សកម្ម​របស់​អាស៊ាន​ក្នុង​ជម្លោះ​ខ្មែរ-ថៃ​ ​និង​ជំរុញ​ឱ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​សហការ​ជាមួយ​អង្គការ​អាស៊ាន។​ ជំហរ​នេះ​បាន​ធ្វើ​ឡើង​ស្របនឹង​ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ចង់​ឱ្យ​មាន​ភាគី​ទីបី​គឺ​អាស៊ាន​ក៏​បាន​ អង្គការ​សហ​ប្រជាជាតិ​ក៏បាន​ ​មួយណា​ក៏​បាន​ ​ឱ្យ​តែ​ចូល​រួម​ដោះស្រាយ​ក្នុង​បញ្ហា​ជម្លោះ​ខ្មែរ-ថៃ។ ​មួយ​ណា​ដែល​អាច​ដោះស្រាយ​ឱ្យ​កម្ពុជា​បាន​ ​កម្ពុជា​សូមស្វាគមន៍»។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា​ ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ច​ខំប្រឹងប្រែង​យ៉ាង​សកម្ម​របស់​អាស៊ាន​ក្នុង​បញ្ហា​នេះ​ ​និង​លើក​ទឹកចិត្ត​ឲ្យ​ភាគី​ទាំងអស់​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​អាស៊ាន​ក្នុង​ករណី​នេះ។ ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ស្វាគមន៍​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​នៅ​ថ្ងៃ​ទី២២ ​ខែកុម្ភៈ​នេះ។

លោក​កុយ គួង​បាន​បញ្ជាក់​ថា​ ​ក្រោយពី​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ​ប្រទេស​កម្ពុជា​នឹង​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​ដែល​នឹង​កោះប្រជុំ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ ​ដែល​ជា​ប្រធាន​អាស៊ាន​ ​នៅថ្ងៃ​ទី២២​ ​ខែ​កុម្ភៈ​នេះ​ ​ដើម្បី​ដោះស្រាយ​ជម្លោះ​ខ្មែរ-ថៃ។

«បើ​យើង​អាច​ទទួល​យក​ការ​ចរចា​ទ្វេភាគី​បាន​ ​យើង​មិន​ចាំបាច់​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ​ដើម្បី​កោះ​ប្រជុំ​ជា​បន្ទាន់​នោះ​ទេ​ ​ហើយ​មក​ដល់​ពេល​នេះ​ ​អាស៊ានគួរ​យល់​ថាអាស៊ាន​មិនអាច​រុញ​ឱ្យ​កម្ពុជា-ថៃ​ដោះស្រាយ​ជម្លោះ​ដោយ​ទ្វេភាគី​ ដោយ​គ្មាន​ភាគី​ទីបី​ចូលរួម​នោះ​ទេ»។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា​ ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ចំពោះ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។

ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ Kyodo ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោកកាស៊ីត ភិរម​ ​រដ្ឋមន្ត្រី ​ការ​បរទេស​ថៃ​ ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជាអនុវត្ត​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ដែល​ទទូល​ឲ្យ​ភាគី​ទាំងពីរ​ឱ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ការ​ចរចា។

ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ​បាន​អះអាង​រៀងៗ​ខ្លួន​អំពី​ការ​ទទួល​បាន​ជោគជ័យ​នៅ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​បូរី​ញួយ៉ក​នេះ៕

XS
SM
MD
LG