កម្ពុជានឹងផលិតរថយន្តដោយខ្លួនឯងនៅឆ្នាំ២០១២ខាងមុខនេះ។ រថយន្តដែលនឹងចូលក្នុងទីផ្សារក្នុងស្រុកនាពេលអនាគតដ៏ខ្លីខាងមុខនេះគឺជាប្រភេទរថយន្តដើរដោយថាមពលអគ្គីសនី ហើយគឺជារថយន្តដែលត្រូវបានបង្កើតឡើងដោយខ្មែរម្នាក់ដែលបានប្រឹងប្រែងតស៊ូស្រាវជ្រាវដោយខ្លួនឯងដើម្បីផលិតរថយន្តតាមការស្រមៃរបស់ខ្លួន។
ក្រោយពីតស៊ូផលិតរថយន្ដម៉ាក អង្គរ តាមរបៀបសិប្បកម្មអស់រយៈពេលឆ្នាំ៩មក ក្តីស្រមៃរបស់លោក ញាន ផល្លឹក បានក្លាយជាការណ៍ពិត ដោយលោកបានរកឃើញក្រុមហ៊ុនចម្រុះមួយដែលសុខចិត្តដាក់ទុនវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្ដដែលលោកជាអ្នកគូសម៉ូតដោយផ្ទាល់។
ក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅកម្ពុជា និងក្រុមហ៊ុនជូលាង អ៊ីនធើប្រាយចំកាត់ (Chau Leong Enterprise Co,Ltd) នៅទីក្រុងហុងកុង បានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ លើកិច្ចព្រមព្រៀងវិនិយោគរួមគ្នា ដើម្បីបង្កើតរោងចក្រផលិតរថយន្តដំបូងបំផុតនៅកម្ពុជា ដោយដាក់ឈ្មោះរថយន្ដនោះថារថយន្ដអង្គរ ដែលដើរដោយថាមពលអគ្គិសនី ឬជារថយន្ដប្រើអាគុយ។
លោក ញាន ផល្លឹក មានប្រសាសន៍ថា លោកសប្បាយរីករាយនឹងបង្ហាញស្នាដៃរបស់លោក។ លោកបន្តថា៖
«ជាមោទនភាពរបស់ខ្ញុំ។ សប្បាយចិត្តណាស់ក្នុងមួយជីវិតខ្ញុំ។ ខ្ញុំខំប្រឹងធ្វើអ្វីៗដែលជាស្នាដៃរបស់ខ្ញុំនេះបានតជាស្នាដៃសម្រាប់ជាកេរដំណែលសម្រាប់កូនខ្មែរជំនាន់ក្រោយ។ សប្បាយចិត្តត្រង់ថា មួយជីវិតយើងមានស្នាដៃសម្រាប់ប្រទេសខ្មែរ»។
លោក ញាន ផល្លឹក មានដើមកំណើតនៅទីក្រុងភ្នំពេញក្នុងគ្រួសារជាអ្នកជំនួញមានជីវភាពធូរធារ។ នៅក្នុងឆ្នាំ១៩៧៥ លោករៀនបានថ្នាក់ទី១ទំនើបដែលស្នើនឹងមធ្យមសិក្សាកំរិត២ ឬទុតិយភូមិហើយលោកក៏មិនបានរៀនបន្ថែមអីលើសពីនេះទៀតដែរ។
នៅក្នុងអំឡុងពេលសិក្សាលោកបានឲ្យដឹងថា លោកជាសិស្សពូកែប្រចាំសាលាផ្នែកគណិតវិទ្យានិងរូបវិទ្យា។
កាលពីចុងឆ្នាំ២០០២ លោក ញាន ផល្លឹក បានខិតខំផលិតរថយន្តធុននេះតាមរយ:ការកាត់ផ្សាតដែកដែលលោកទិញនៅទីផ្សារក្នុងប្រទេសឲ្យចេញជាគ្រោងរថយន្ដប្រើដោយដៃទាំងពីររបស់លោកសុទ្ធសាទ។ រថយន្ដទី១របស់លោកមានពីរកៅអី រាងតូចច្រឡឹង ដែលដើរដោយម៉ាស៊ីនម៉ូតូកម្លាំងសេ១០០។ លោកបានចំណាយពេលប្រាំមួយខែដើម្បីផលិតរថយន្ដនោះ។ នៅចុងឆ្នាំ ២០០៣ លោក ផល្លឹក ក៏បានបង្កើតរថយន្តធ្វើដោយដៃជាលើកទីពីរ ទៀតដោយចំណាយពេលអស់១៥ខែ។ រថយន្ដម៉ាកអង្គរទីពីរនេះ អាចផ្ទុកមនុស្សបានចំនួនបួននាក់ ប៉ុន្ដែវាដើរដោយម៉ាស៊ីនរថយន្ដដែលមានកម្លាំង៦៦០CC និងអាចបើកបរក្នុងល្បឿនខ្ពស់បំផុត១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ លោកតែងតែបើករថយន្ដរបស់លោកបង្អូតគេអែងក្នុងទីក្រុងភ្នំពេញ និងនៅតាមទីសារធារណ:ដទៃទៀត។
ទោះជាយ៉ាងណា មហិច្ឆិតារបស់លោក មិនបានបញ្ចប់នៅត្រឹមរថយន្ដទី២នេះទេ។ នៅឆ្នាំ២០១០ រថយន្តអង្គរស៊េរីថ្មីមួយទៀតត្រូវបានបង្កើតឡើងដោយប្រើបច្ចកវិទ្យាអេឡិចត្រូនិកថ្មីៗយ៉ាងទំនើបដូចជាការបញ្ឆេះរថយន្ដដោយមិនចាំបាច់ប្រើកូនសោរ គឺគ្រាន់តែប្រើកាតស៊កចូលប្រអប់កុងតាក់តែប៉ុណ្ណោះ។ រីឯទ្វាររថយន្តត្រូវបានបញ្ជាស្វ័យប្រវត្តិដោយគ្រាន់តែលើកដៃដាក់ក្បែរទ្វាររថយន្តទ្វារនោះនឹងរបើកភ្លាមព្រមទាំងមានដំបូលលើកចុះឡើងបានដោយស្វ័យប្រវត្តិទៀតផង។ រថយន្ដអង្គរឆ្នាំ ២០១០ របស់លោក ញាន ផល្លឹក អាចស្គែនក្រយៅដៃបានចំនួន ៥០ក្រយ៉ៅដៃខុសៗគ្នាដែលជាប្រពន្ធ័សុវត្ថិភាពមួយសម្រាប់ការពារទប់ទល់នឹងការលួយរថយន្ដ។
បន្ទាប់ពីលោក ញាន ផល្លឹក បានបង្កើតរថយន្តទី៣នេះហើយ នៅដើមឆ្នាំ២០១០ លោកក៏បានដាក់តាំងពិព៌ណនៅទីលានមុខវត្តបុទុមក្នុងពិពណ៌ភូមិមួយផលិតផលមួយ។
លោកបានមានប្រសាសន៍ថា នៅពេលនោះបណ្ដាញផ្សព្វផ្សាយនានាចាប់អារម្មរណ៍លើរូបលោកជាច្រើន។ លោកថ្លែងដូច្នេះថា៖
«ការតាំងពិព័រណ៍នៅវត្តបុទុមនោះ ក្នុងកម្មវិធីភូមិមួយផលិតផលមួយនោះមកមានការចាប់អារម្មណ៍ពីក្រុមហ៊ុនហេងអភិវឌ្ឍន៍ គាត់អញ្ជើញខ្ញុំមកដើម្បីសហការដើម្បីបង្កើតជារោងចក្រផលិតរថយន្តនៅស្រុកខ្មែរ»។
លោក ញាន ផល្លឹក គឺជាម្ចាស់ស្ថានីយលាងរថយន្ដមួយក្នុងទីក្រុងភ្នំពេញ។ លោកបានយកកន្លែងលាងរថយន្ដនេះជាកន្លែងផលិតរថយន្ដរបស់លោកទាំងបីគ្រឿងនេះ។ លោកមានប្រសាសន៍ថា នេះគឺជាមោទនភាពរបស់លោក ក្នុងនាមជាកូនខ្មែរមួយរូប។
អាជីវកម្មលាងរថយន្ដជាទីដែលលោកបានឃើញរថយន្ដជាច្រើនប្រភេទក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ ដែលការឃើញនេះទំនងជាជំរុញឲ្យឧបនិស្ស័យរបស់លោកដែលស្រឡាញ់ផ្នែកគ្រឿងអេឡិចត្រូនិកកាន់តែខ្លាំងថែមទៀត។ លោក បញ្ជាក់ថា លោកមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាល ឬការរៀនសូត្រផ្នែកអេឡិចត្រូនិកនៅតាមសាលានោះទេ ក៏ប៉ុន្ដែលោកបានព្យាយាមស្វ័យសិក្សាលក្ខណៈបច្ចេកទេសរថយន្ដផ្សេងៗរបស់អតិថិជនដែលចូលមកស្ថានីយលាងរថយន្ដ របស់ លោកយ៉ាងចិត្តទុកដាក់អស់រយ:ពេលពីរឆ្នាំ មុននឹងអាចបង្កើតរថយន្ដដំបូងរបស់លោកនៅឆ្នាំ ២០០២ ហើយលោកបានពង្រីកការស្រាវជ្រាវរបស់លោកជាបន្ដបន្ទាប់បន្ថែមទៀតដោយមាន ជំនួយពីកូនស្រីរបស់លោក ដែលជាអ្នកជួយគូសប្លង់ និងរូបរាងរថយន្ដ។
រថយន្ដអង្គរដែលដើរថាមពលអគ្គិសនីបញ្ចេញដោយអាគុយនឹងក្លាយជារថយន្ដដំបូងគេដែលផលិតនៅកម្ពុជា។ លោក ញាន ផល្លិត បញ្ជាក់ថាប្រមាណជា៩០ភាគរយនៃធាតុផ្គុំរបស់រថយន្តនឹងត្រូវផលិតនៅកម្ពុជា ចំណែកឯ១០ភាគរយទៀតនឹងត្រូវនាំមកពីទីក្រុងហុងកុងដូចជាវត្ថុធាតុដើមផ្សំឲ្យទៅជាអាគុយជាដើម។
តាមគម្រោង រោងចក្រផលិតរថយន្ដអង្គរនេះនឹងត្រូវបានស្ថាបនាឡើងនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលនឹងប្រើកម្មករជំហានដំបូងប្រមាណជា៣០០នាក់ និងអាចផល្លិតរថយន្ដធុន ២កៅអី ៤កៅអី បានចំនួនពី៥០០ ទៅ១០០០ គ្រឿងក្នុងមួយឆ្នាំ ដោយមានតំលៃទាបបំផុតប្រមាណជា៥០០០ដុល្លាក្នុងមួយគ្រឿង។ ជំហានដំបូងក្រុមហ៊ុនចម្រុះនឹងផលិតត្រឹមតែប្រភេទរថយន្តធុនពីរកៅអី ដែលអាចបើកបរក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រភេទបួនកៅអី ដែលអាចបើកបរក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តនេះនឹងត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្នែកអេឡិចត្រូនិកយ៉ាងទំនើបដែលលោក ញាន ផល្លឹក ប្រើប្រាស់លើរថយន្ដចុងក្រោយសេរីឆ្នាំ ២០១០ របស់លោក។ រថយន្ដនេះអាចបើកបរបានចំងាយប្រមាណជា៥០០គីឡូម៉ែត្រ។ ហើយក្នុងករណីដែលរថយន្ដចុះខ្សោយថាមពល ឬអស់ថាមពលអាគុយ គេអាចបញ្ចូលភ្លើងឡើងវិញ ដែលនឹងត្រូវប្រើរយ:ពេលពី៣ ទៅ ៦ម៉ោង។
លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ មានប្រសាសន៍ថា រថយន្ដនេះនឹងមានវត្តមានយ៉ាងយូរបំផុតនៅពាក់កណ្តាលឆ្នាំ២០១២។ លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុនចម្រុះជាមួយនឹងក្រុមហ៊ុនមកពីទីក្រុងហុងកុងនេះ គ្រោងនឹងបង្កើនដើមទុនពីចំនួន២០ លានដុល្លារអាមេរិកនៅក្នុងដំណាក់កាលដំបូងដល់ចំនួន២០០លានដុល្លារ នៅពេលដែលការផល្លិតមានការរីកចម្រើន។ លោកស្រី ចាន់ហេងមានប្រសាសន៍ថា៖
«ការធ្វើអាជីវកម្មរថយន្តនេះ លក់យកចំណេញគឺមិនចំណេញប៉ុន្មាននោះទេ ពីព្រោះតម្លៃដែលយើងផលិតចេញហើយ យើងលក់តម្លៃទាប តែសំខាន់បំផុតគឺយើងចង់ធ្វើដូចម្តេចចង់បញ្ជេញស្នាដៃកូនខ្មែរឲ្យបរទេស និងពិភពលោកគេស្ងើចថា ខ្មែរយើងក៏ផលិតរថយន្តបានប្រើ ហើយមានគុណភាពល្អទៀតហើយម្យ៉ាងទៀតថា យើងចង់លើកស្ទួយប្រទេសជាតិយើង ហើយនិង ចង់រួមចំណែកជួយកាត់បន្ថយភាពក្រីក្រឲ្យកម្មករមានការងារធ្វើ។
លោកញាន ផល្លឹកនិយាយថា រថយន្តប្រើថាមពលអាគុយនេះនឹងផ្ដល់ផលចំណេញផ្នែកថវិកាប្រមាណ៨០ភាគរយបើធៀបទៅនឹងរថយន្តប្រើដោយប្រេងឥន្ធន: ក្នុងការបើកបរចម្ងាយ១០០គីឡូម៉ែត្រដូចគ្នា។ លោកអះអាងថា ក្នុងរយ:ចម្ងាយ១០០គីឡូម៉ែត្រ រថយន្ដនេះនឹងប្រើថាមពលអគ្គិសនីអស់៧គីឡូវ៉ាត់ ឬប្រមាណជា២ដុល្លារអាមេរិក តែឡានដែលប្រើប្រេងឥន្ធនៈ ត្រូវចំណាយយ៉ាងហោចណាស់ក៏១០ដុល្លារដែរ។
ទោះជាយ៉ាងនេះក្ដី បញ្ហាប្រឈមមួយសម្រាប់រថយន្ដនេះ គឺកម្ពុជាមានបណ្ដាញអគ្គិសនីគ្របដណ្ដប់នៅទូទាំងប្រទេសទើបតែបានប្រមាណជាង២០ភាគរយតែប៉ុណ្ណោះ ដូច្នេះការស្វែងរកការបញ្ចូលភ្លើងនៅពេលដែលថាមពលអាគុយរថយន្ដចុះខ្សោយនឹងក្លាយជាកង្វល់មួយសម្រាប់អ្នកប្រើប្រាស់។
លោក ញាន ផល្លឹក បានមានប្រសាសន៍ថា នៅពេលអនាគតក្រុមហ៊ុននឹងបង្កើតស្ថានីយ៍បញ្ចូលអាគុយនៅគ្រប់កន្លែង។
កម្ពុជាគឺជាប្រទេសត្រូវគេមើលឃើញថា តម្លៃប្រេងឥន្ធន:ខ្ពស់ជាងប្រទេសជិតខាង និងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
លោក អ៊ិត ប្រាង រដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានថ្លែងក្នុងពិធីចុះហត្ថលេខា បង្កើតរោងចក្រផលិតរថយន្ដថា រថយន្ដប្រើថាមពលអគ្គិសនី នឹងជួយដល់ការបន្សុតបរិដ្ឋាន រួមទាំងសមស្របតាមស្ថានភាពចរាចណ៍នៅកម្ពុជាទៀតផង៕