ខណៈដែលពិភពលោកអបអរនឹងការស្លាប់របស់មេដឹកនាំក្រុមអាល់ខៃដា (Al-Qaida) អូសាម៉ា ប៊ីនឡាដិន (Osama bin Laden) ប្រទេសប៉ាគីស្ថានមិនមានប្រតិកម្មអ្វីទេ។
ព័ត៌មានដែលថា កងកម្លាំងអាមេរិកបានសម្លាប់មេដឹកនាំក្រុម អាល់ខៃដា (Al-Qaida) នៅក្នុងផ្ទះមួយខ្នង ដែលមានចម្ងាយប្រហែលជា១០០ គីឡូម៉ែត្រពីទីក្រុងអ៊ីស្លាម៉ាបាដ បានធ្វើឲ្យក្រុមមន្រ្តីមានភាពស្ងៀមស្ងាត់ នៅព្រឹកថ្ងៃច័ន្ទនេះ។
ក្រសួងការបរទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការតាមគោលនយោបាយដែលបានប្រកាសដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលថានឹងកម្ចាត់ អូសាម៉ាប៊ីនឡាដិន នៅនឹងកន្លែង ទោះជានៅទីណាក៏ដោយ។ ក្រុមមន្រ្តីអាមេរិកថ្លែងថា គ្មានប្រទេសណាមួយត្រូវបានផ្តល់ព័ត៌មានពីការវាយប្រហារជាមុនទេ។
ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានចេញផ្សាយពីការស្លាប់របស់អូសាម៉ាប៊ីនឡាដិននេះយ៉ាងច្រើន ជាពិសេសអំពីប្រតិកម្មរបស់អ្នកវិភាគ និងអតីតសមាជិករដ្ឋាភិបាល។ ក្រុមខ្លះមានការខឹងសម្បារនឹងអាមេរិកក្នុងការបើកប្រតិបត្តិការបេសកកម្មឯកតោភាគីនៅប៉ាគីស្ថាន។
តាសនីម នូរ៉ានី (Tasneem Noorani) ជាអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថានថ្លែងថា លោករំពឹងថា ក្រុមភេរវជនប៉ាគីស្ថាន អាចនឹងវាយប្រហារតបទៅរដ្ឋាភិបាលវិញ។ លោក ថ្លែងដូច្នេះថា៖
«ក្រុមជ្រុលនិយមនៅប៉ាគីស្ថាននឹងឲ្យរដ្ឋាភិបាលប៉ាគីស្ថាន និងអាមេរិកទទួលខុសត្រូវចំពោះរឿងនេះ។ ខ្ញុំគិតថា នឹងមានអំពើភេរវកម្មថែមទៀតជាការសងសឹក»។
រដ្ឋាភិបាលប៉ាគីស្ថាន ប៉ាន់ប្រមាណថា មានជនស៊ីវិលប្រហែលជា ៣០.០០០ នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយភេរវជនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលប៉ាគីស្ថានក៏បានប៉ាន់ស្មានដែរថា កងកម្លាំងប៉ាគីស្ថាន ប្រមាណ៥.០០០ នាក់ បានស្លាប់នៅក្នុងការវាយប្រយុទ្ធប្រឆាំងនឹងក្រុមអាល់ខៃដា និងក្រុមភេរជនផ្សេងៗទៀត។
ថ្វីបើមានកិច្ចខិតខំប្រឹងប្រែងទាំងនោះក៏ដោយ ក៏ក្រុមមន្រ្តីអាហ្វហ្កានីស្ថាន និងអាមេរិក បានរិះគន់ប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះថា មិនបានប្រឹងប្រែងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទេ។
នៅក្នុងទីក្រុងកាប៊ុល ប្រធានាធិបតីអាហ្វហ្កាននីស្ថាន លោក ហាម៊ីដ ខាហ្សៃ (Hamid Karzai) បានស្វាគមន៍ព័ត៌មាននៃការស្លាប់របស់ប៊ីនឡាដិនដោយមានប្រសាសន៍ថា នេះជាការបង្ហាញថា មេដឹកនាំភេរវជនមិនបានលាក់ខ្លួននៅអាហ្វហ្កានីស្ថានទេ។
លោក ហាម៊ីដ ខាហ្សៃ បានមានប្រសាសន៍ថា លោកសង្ឃឹមថា សកម្មភាពរបស់ភេរវជននឹងត្រូវបានបញ្ឈប់ ក្រោយពីការស្លាប់របស់ប៊ីន ឡាដិននេះ ហើយពិភពលោកនឹងដឹងថា សង្គ្រាមប្រឆាំងនឹងភេរវកម្មមិនគួរត្រូវបានធ្វើឡើងនៅតាមភូមិអាហ្វហ្កានីស្ថានទេ។
ក្រសួងការបរទេសប៉ាគីស្ថាន បានសរសើរថា ការស្លាប់របស់ ប៊ីនឡាដិន គឺជាបញ្ហាចម្បងសម្រាប់ក្រុមភេរវជននៅជុំវិញពិភពលោក ហើយលោកបានថ្លែងបន្ថែមថា ការណ៍នេះ បង្ហាញថា ប៉ាគីស្ថានបានដោះស្រាយ ដើម្បីលុបបំបាត់អំពើភេរវកម្ម។ ក៏ប៉ុន្តែ ក្រុមអ្នករិះគន់ជាច្រើនថ្លែងថា ប៉ាគីស្ថាននឹងផ្តល់ជម្រកដល់ក្រុមភេរវជនជាបន្តទៀត។
លោក តាហ្វ៊ីក ហ្វាតេមី (Tariq Fatemi) អតីតឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅសហរដ្ឋអាមេរិកថ្លែងថា ការណ៍ដែលមេដឹកនាំភេរវជនត្រូវបានរកឃើញថា បានរស់នៅយ៉ាងសុខស្រួលក្នុងទីក្រុង ដែលជាមូលដ្ឋានកងយោធាដ៏ធំមួយនោះ គឺពិតជានាំឲ្យមានការសង្ស័យថា តើកងយោធាប៉ាគីស្ថានប្រហែលជាដឹង ឬមិនដឹងអំពីទីកន្លែងស្នាក់នៅរបស់ ប៊ីនឡាដេន។ លោកថ្លែងថា៖
«បើសិនជា មនុស្សរបស់យើងបានដឹងអំពីទីកន្លែងស្នាក់នៅរបស់ ប៊ីនឡាដេននោះ តើពួកគេបានប្រាប់អាមេរិកដែរឬទេ? បើពួកគេមិនបានប្រាប់ទេនោះ តើមូលហេតុអ្វី បានជាពួកគេមិនប្រាប់? មនុស្សជាច្រើននឹងចោទសួរថា តើវាជាបញ្ហាស្មុគស្មាញឬ? មនុស្សជាច្រើនទៀតនឹងចោទសួរថា តើវាជាបញ្ហានៃការគ្មានសមត្ថភាពឬ?»។
ក្រុមអ្នកយកព័ត៌មាននិងអ្នកវិភាគក្នុងប្រព័ន្ធផ្សព្វផ្សាយ បាននិយាយរួចទៅហើយថា ការណ៍នេះ អាចជាមិនបានរំពឹងទុកសម្រាប់ប៉ាគីស្ថាន ចំពោះរបៀបដែលបើកប្រតិបត្តិការត្រូវបានអនុវត្ត និងរបៀបដែលទីតាំងរបស់ប៊ីនឡាដិន ដែលទីបំផុតត្រូវបានរកឃើញនោះ។
ក៏ប៉ុន្តែ ពលរដ្ឋប៉ាគីស្ថានជាច្រើន ហាក់ដូចជារង់ចាំមើល ថាតើនឹងមានអ្វីកើតឡើងបន្ទាប់ពីនេះ។ មនុស្សជាច្រើនបង្ហាញការចាប់អារម្មណ៍ថានឹងមានការសប្បាយរីករាយ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់