ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនធានធម្មជាតិមិនមែន តែងតែនាំឱ្យ មានភាពរុងរឿងទេ


ដើម្បីស្តាប់ព័ត៌មាននេះ

មិនថាឡើយប្រទេសមានសង្គ្រាម ឬសន្តិភាព អ្នកជំនាញនិយាយថា ធនធាន
ធម្មជាតិ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ ពីព្រោះការដែលមានភាពសម្បូរ
ធនធានធម្មជាតិហួសប្រមាណនឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតត្រូវបាន
បំភ្លេច ។ លើសពីនេះទៅទៀត ចំណូល ដែលបានមកពីធនធានធម្មជាតិអាច
ធ្វើឱ្យមានគម្លាតប្រាក់ចំណូលនៅក្នុងប្រទេស ហើយនាំឱ្យមានអំពើពុករលួយ
ប្រសិនបើគ្មានការគ្រប់គ្រងប្រកបដោយតម្លាភាពទេនោះ ។ អ្នកជំនាញឱ្យដឹង
ថា ធនធានធម្មជាតិអាចជាឱកាសមួយសម្រាប់ប្តូរសេដ្ឋកិច្ចក្រីក្រទៅជារុងរឿង
ប្រសិនបើរដ្ឋមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តយុទ្ធសាស្រ្ត គ្រប់គ្រងប្រ-
កបដោយប្រសិទ្ធិភាព ។

ប្រទេសដែលសម្បូរធនធានធម្មជាតិ ដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ
គ្រប់គ្រងធនធាន អាចរកជំនួយពីសហគមន៍អន្តរជាតិ។ ធននាគារពិភពលោក
គឺជាស្ថាប័នមួយ ក្នុងចំណោមស្ថាប័នទាំងឡាយ ដែលអាចផ្តល់ការសម្រប
សម្រួលដែលប្រទេសក្រីក្រត្រូវការ ។ ក្នុងឆ្នាំ២០០២ ធនាគារពិភពលោកបាន
ផ្សាយកម្មវិធីមួយឈ្មោះថា ការផ្តួចផ្តើមតម្លាភាពឧស្សាហកម្មនិស្សារណកម្ម
(EITI)ដែលមានទីតាំងនៅទីក្រុងអូស្លូ ប្រទេសណ័រវ៉េ ដើម្បីជួយប្រទេសក្រីក្រ
ក្នុងការពង្រីកការអភិវឌ្ឍ ទប់ស្កាត់អំពើពុករលួយ និងបង្ហាញអំពីការចូលរួមក្នុង
ការគ្រប់គ្រងពីសំណាក់រដ្ឋាភិបាល ឧស្សាហកម្មសង្គមស៊ីវិល និងពីគ្រប់ភាគី
ដែលមានចំណែកដើម្បីឱ្យការគ្រប់គ្រងធនធានធម្មជាតិទាំងមូល ដំណើរការ
ទៅប្រកបដោយតម្លាភាព ។

សាស្ត្រាចារ្យ វីលាម អាស្ស៊័រ (William Ascher) មានប្រសាសន៍ថា វាជារឿង
សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រាកដថា ទាំងសហគ្រាសរដ្ឋ និងឯក
ជនដែលរុករកធនធានធម្មជាតិ គឺ ត្រូវតែប្រគល់ឱ្យរដ្ឋាភិបាលនូវតម្លៃធនធាន
តាំងពីចាប់ផ្តើមដំណើរការរុករក។ លោកផ្តល់អនុសាសន៍ថា ប្រទេសទាំងឡាយ
ដែលមិនមានចំណេះដឹង មិនមានជំនាញ និង មិនមានធនធានមនុស្សប្រកប
ដោយវិជ្ជាជីវៈ ត្រូវស្នើសុំជំនួយពីសហគមន៍អន្តរជាតិ ។

សាស្ត្រាចារ្យអាស្ស៊័រមានប្រសាសន៍ថា៖ “កុសលល្អសម្រាប់ប្រទេស ដែលមាន
ចំណូលទាបនោះគឺថា ទាំងអង្គការសហប្រជាជាតិ ធនាគារពិភពលោក និង
អង្គការដទៃទៀត មានសមត្ថភាពក្នុងការផ្តល់យោបល់ឱ្យរដ្ឋាភិបាលអំពីរបៀប
សរសេរកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ជាធម្មតា ជាមួយក្រុមហ៊ុនអន្តរជាតិ
ដើម្បីធ្វើឱ្យប្រាកដថា កិច្ចសន្យាមានភាពយុត្តិធម៌ទាំងសងខាង។

បណ្ឌិតផល ខូលីអ៊័រ (Paul Collier) សាស្រ្តាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ
អក់ស្វ៊័ត(Oxford) ចក្រភពអង់គ្លេស មានប្រសាសន៍ថា សេដ្ឋវិទូមួយក្រុមបាន
កសាងគេហទំព័រមួយឈ្មោះថា “naturalresourcecharter.org”សម្រាប់ផ្តល់
ជាដំបូន្មានស្តីអំពីការសម្រេចចិត្តគន្លឹះ ក្នុងការធ្វើឱ្យធនធានធម្មជាតិមានប្រ-
យោជន៍ដល់ការអភិវឌ្ឍ។ លក្ខន្តិកធនធានធម្មជាតិនេះ គឺជាគោលការណ៍មួយ
ឈុតសម្រាប់រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អំពីរបៀបប្រើប្រាស់ប្រកបដោយ
ប្រសិទ្ធិភាពនូវឱកាសដែលបង្កើតឡើងដោយធនធានធម្មជាតិ។ លក្ខន្តិកនេះ
ផ្តល់ការណែនាំនិងបទដ្ឋានក្នុងការផ្តល់ព័ត៌មាន និងកែលម្អការគ្រប់គ្រងធន
ធានធម្មជាតិ ។

លោកសាស្រ្តាចារ្យខូលីអ៊័រ មានប្រសាសន៍ថា៖“អ្នកត្រូវតែផ្តោតការយកចិត្តទុក
ដាក់ទៅលើជំហានសំខាន់បំផុត។ លក្ខន្តិកព្យាយាមជួយរដ្ឋាភិបាល ដែលមិន
មានសមត្ថភាពមើលឱ្យឃើញថា អ្វីទៅដែលជាបញ្ហាសំខាន់នោះ” ។

សាស្ត្រាចារ្យវីលាម អាស្ស៊័រ សង្កត់ធ្ងន់ទៅលើជំហានសំខាន់បីក្នុងការចាប់ផ្តើម
ការគ្រប់គ្រងធនធានធម្មជាតិ ។ ជំហានទាំងបីនោះ រួមមានគោលនយោបាយ
សារពើពន្ធ កិច្ចសន្យា និងតម្លាភាព ។

សាស្ត្រាចារ្យអាស៊្ស័រមានប្រសាសន៍ថា៖ “កន្លែងចាប់ផ្តើមនោះគឺគោលនយោ
បាយសារពើពន្ធ ដែលការចាត់ចែងសារពើពន្ធរវាងរដ្ឋាភិបាល និងភ្នាក់ងាររដ្ឋ
ទាំងឡាយដែលបានចូលរួម។ បញ្ហាទីពីរ ដែលត្រូវព្រួយបារម្ភនោះគឺលក្ខណៈ
នៃកិច្ចសន្យារវាងរដ្ឋាភិបាល និងសហគ្រាសឯកជនដែលបានចូលរួម។និងទី
បីគឺការធ្វើឱ្យប្រកដថា នឹងមានតម្លាភាពទាំងដំណើរការកិច្ចសន្យា និងដំណើរ
ការផ្សេងៗទៀតក្រោយពីមានកិច្ចសន្យា” ។

លោកសាស្ត្រចារ្យវីលាម អាស៊្ស័រក៏ចង្អុលបង្ហាញដែរថា កាតព្វកិច្ចរបស់ភ្នាក់ងារ
រដ្ឋាភិបាលគួរតែសាមញ្ញ ច្បាស់លាស់ និងមិនផ្លាស់ប្តូរ។ ក្រុមការងារអន្តរក្រ-
សួងអាចល្អតែក្នុងករណី ដែលគេមានកិច្ចសហប្រតិ្តការល្អជាមួយគ្នា និង ធ្វើ
យ៉ាងណាកុំឱ្យកាតព្វកិច្ចរបស់ក្រុមការងារនោះត្រួតស៊ីគ្នា ។

លោកសាស្ត្រាចារ្យមានប្រសាសន៍ថា៖ “នៅពេលដែលអ្នកផ្តល់ឱ្យភ្នាក់ងារមួយ
នូវកិច្ចការជាច្រើន ដែលមានភាពចម្រូងចម្រាស់នឹងភ្នាក់ងារផ្សេងទៀត វា
បង្កើតស្ថានភាពលំបាកមួយ ហើយភ្នាក់ងារនោះនឹងត្រូវសម្រេចថា តើទិស
ដៅនិមួយៗនឹងត្រូវទទួលក្នុងត្រឹមកម្រិតណា។ ភ្នាក់ងារនិមួយៗជាធម្មតានឹង
ជ្រើសយកអ្វី ដែលជាផលប្រយោជន៍សម្រាប់ភ្នាក់ងារ ជាជាងផលប្រយោជន៍
សម្រាប់ជាតិទាំងមូល” ។

លោក Somit Varma ប្រធាននាយកដ្ឋានឥន្ធនៈ ឧស្ម័ន រ៉ែ និងគីមីនៃធនាគារ
ពិភពលោក បានប្រាប់ វីអូអេ ផ្នែកខេមរភាសានៅឯការិយាល័យរបស់លោក
នារដ្ឋធានីវ៉ាស៊ីនតោនថា ការគ្រប់គ្រងធនធានធម្មជាតិត្រូវតែរៀបចំឡើងដើម្បី
ផលប្រយោជន៍ដល់គ្រប់ភាគីដែលមានចំណែកប្រកបដោយយុត្តិធម៌។ ហើយ
ប្រព័ន្ធដ៏មាំទាំមួយ ត្រូវតែមាន ដើម្បីធ្វើឱ្យប្រាកដថា ក្នុងពេលសម្បូរធនធាន
រដ្ឋាភិបាលមានចំណេញ ហើយវានៅតែមាននិរន្តភាពសម្រាប់វិនិយោគិនក្នុងការ
រកកម្រៃនៅពេលធនធានថយចុះ ។

“នៅជុំវិញគម្រោងមានសហគមន៍ ។ រដ្ឋាភិបាល សាលាក្រុងមានធនធាន។ មិន
មែនតែរដ្ឋាភិបាលកណ្តាលប៉ុណ្ណោះទេ សង្គមស៊ីវិល ផ្នែកឯកជន អ្នកផ្គត់ផ្គង់
ដែលផ្តល់សម្ភារៈសម្រាប់គម្រោង ក៏ចូលរួមដែរ ។ ដូច្នេះ មានអ្នកមានចំណែក
ជាច្រើន ក្នុងគម្រោងឧស្សាហកម្មនិស្សារណកម្ម ហើយអ្នកមានចំណែកនិមួយៗ
ត្រូវទទួលចំណែករបស់គេដោយយុត្តិធម៌” ៕

លោកសាស្រ្តាចារ្យ Paul Collier មានប្រសាសន៍ថា ការដាក់ឱ្យដេញថ្លៃប្រកដ
ប្រជា ដែលធ្វើឡើងក្នុងលក្ខណៈតម្លាភាព គឺ ជាដំណើរការល្អក្នុងការធ្វើឱ្យប្រា-
កដថា ចំណួលដែលបានមកពីធនធានធម្មជាតិ ធ្លាក់ទៅលើរដ្ឋាភិបាល និង
បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ។

“វាជារឿងសំខាន់ការដែលផ្តោតការយកចិត្តទុកដាក់តែទៅលើជំហានសំខាន់។ វាពិតជាមធ្យោបាយក្នុងការទទួលបានចំណូល។ ត្រូវតែមានការគ្រប់គ្រងប្រកប
ដោយតម្លាភាព ជាមួយនឹងផ្នែកឯកជន។ យើងចង់បានជាពិសេសគឺដំណើរ
ការដាក់ឱ្យដេញថ្លៃ ដែលវានឹងធ្វើឱ្យប្រាកដថា ចំណូលនឹងធ្លាក់ទៅលើរដ្ឋាភិ
បាល ។ ដោយមានការដាក់ឱ្យដេញថ្លៃ រដ្ឋាភិបាលមិនចាំបាច់ដឹងច្រើនពេក
ទេ។ តម្លៃនៃធនធាននឹងស្តែងចេញឯកឯងតាមរយៈដំណើរការដេញថ្លៃ ដែល
ក្រុមហ៊ុននិមួយៗដេញប្រជែងគ្នា” ។

សាស្ត្រាចារ្យPaul Collierក៏បានចង្អុលបង្ហាញផងដែរថា ដើម្បីដាក់ឱ្យរដ្ឋាភិបាល
មានគណនីយភាព គឺ ត្រូវការមហាជនខ្លាំងមួយក្រុម ដែលមានសមាសភាព
សកម្មជនរាប់រយនាក់ ។ មហាជនមួយក្រុមនេះត្រូវតែមានចំណេះដឹងអំពីកិច្ច
ការគ្រប់គ្រងធនធានធម្មជាតិ ហើយពួកគេត្រូវតែព្រួយបារម្ភ។

“ប្រជាពលរដ្ឋធម្មតាមានការទទួលខុសត្រូវចំពោះសង្គម ដែលបន្សល់នូវកេរ
ដំណែលដល់កូនចៅរបស់គេ ។ ដូច្នេះ គ្មានអ្វីសំខាន់ជំនួសឱ្យក្រុមមហាជន
សកម្មដែលប្រកបដោយចំណេះដឹង ។ វាជាការពិបាកក្នុងការជូនដំណឹងដល់
ប្រជាពលរដ្ឋនៅក្នុងសង្គមមួយដែលគ្មានកាសែតល្អ ដែលព័ត៌មានមានកម្រិត
គ្មានទស្សនាវដ្តីល្អ និងមិនសូវមានកម្មវិធីវិទ្យុល្អ ។ ចលនានេះ មិនចាំបាច់ត្រូវ
ការអ្នកទាំងអស់គ្នាក្នុងសង្គមមានចំណេះដឹងអំពីការគ្រប់គ្រងធនធានធម្មជាតិ
ទេ ។ យើងត្រូវការតែមហាជនខ្លាំងមួយក្រុម ដែលមានចំនួនបីបួនពាន់នាក់
ដែលយល់អំពីបញ្ហា និងអាចធ្វើឱ្យរដ្ឋាភិបាលមានគណនីយភាព” ។

លោកសាស្រ្តចារ្យPaul Collierមានប្រសាសន៍ថា អង្គការសង្គមស៊ីវិលអាចជួយ
កសាងក្រុមមហាជនខ្លាំងមួយ ហើយអាចជាស្ពានមួយដើម្បីចម្លងព័ត៌មានដល់
ប្រជាពលរដ្ឋដទៃទៀត ។ ដូច្នេះប្រសិនបើយើងចាប់ផ្តើមពីបីបួនរយនាក់ ចំនួន
នឹងកើនឡើងយ៉ាងលឿនទៅដល់ពីរបីពាន់ដើម្បីធ្វើឱ្យរដ្ឋាភិបាលមានគណនីយ
ភាព ។

យោងតាមគេហទំព័រ naturalresourcecharter.org ប្រទេសទាំងឡាយ
ដែលសម្បូរធនធានធម្មជាតិ ហើយដែលទទួលបានជោគជ័យក្នុងការគ្រប់គ្រង
ចំណូល ដែលបានពីធនធានធម្មជាតិ រួមមានប្រទេស Botswana; Chile;
Oman និង ប្រទេសម៉ាឡេស៊ី ។ តួនាទីរបស់រដ្ឋាភិបាលផ្តល់វិភាគទានយ៉ាង
ច្រើនសន្ធឹកសន្ធាប់ដើម្បីសម្រេចជោគជ័យនេះ ។

ធនធានធម្មជាតិគឺជាឱកាសល្អដ៏សម្បើមមួយសម្រាប់ប្រទេសដែលមានវា ពី
ព្រោះតែវាអាចប្រែក្លាយសេដ្ឋកិច្ចក្រីក្រឱ្យទៅជារុងរឿង។ ប៉ុន្តែអ្នកជំនាញនានា
បានប្រាប់ វីអូអេ ផ្នែកខេមរភាសាថា ឱកាសល្អអាចមានតែក្នុងករណី ដែល
ឥស្សរជនក្នុងរដ្ឋាភិបាលប្តេជ្ញាកសាងអនាគតរុងរឿង ជាជាងប្លន់យកធនធាន
ធម្មជាតិក្នុងរយៈពេលខ្លីមួយ ដែលនៅទីបំផុត ឥស្សរជនទាំងនេះមិនបានប្រ-
យោជន៍អ្វីពីអំពើប្លន់របស់ខ្លួនទេ ពីព្រោះកូនចៅរបស់គេធំដឹងក្តីក្នុងសង្គមមួយ
ដែលពេញដោយភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG