ប្រែសម្រួលដោយ សឹង សុផាត វីអូអេខ្មែរ វ៉ាស៊ីនតោន
អ្នកជំនាញខាងធនធានទឹកមួយក្រុមមកពីស្ថានីយ៍ឃ្លាំមើលកម្ពស់ទឹក Chiangsaen ចេញដំណើរតាមទូកនៅតាមបណ្តោយទន្លេមេគង្គ។
ពួកគេបានទម្លាក់បង្គោលពិសេសមួយពីចំហៀងទូក ដែលឧបករណ៍នេះអាចបាញ់កាំសម្លេង sonar ដល់បាតទន្លេហើយដែលនេះអាចឲ្យពួកគាត់វាស់ជម្រៅទឹកបានត្រឹមត្រូវ។
លោក Nappon Nampon និយាយថា លោកបានវាស់កម្ពស់ទឹកទន្លេមេគង្គអស់រយៈពេល៣៦ឆ្នាំមកហើយហើយឆ្នាំនេះមានកម្ពស់ទឹកទាបបំផុតដែលលោកមិនដែលធ្លាប់ឃើញពីមុន។
«ទូករបស់ចិនបានជាប់គាំងនៅបាតទន្លេ។ ហើយប្រទេសចិនក៏បានបើកបង្ហូរទឹកមកខ្លះរួចពួកគេក៏អាចជិះទូកឡើងទៅលើវិញ»។
មន្ត្រីគយរបស់ថៃនិយាយថាពាណិជ្ជកម្មតាមទន្លេមេគង្គបានធ្លាក់ចុះជាងពាក់កណ្តាលនៅឆ្នាំនេះខណៈដែលកប៉ាល់ដឹកទំនិញធំៗពីប្រទេសចិនដែលជាប្រទេសដៃគូពាណិជ្ជកម្មតាមទន្លេសំខាន់ជាងគេរបស់ប្រទេសថៃ លែងអាចបើកតាមទឹកទន្លេដ៏រាក់នេះបាន។
រដូវប្រាំងដែលមានជារៀងរាល់ឆ្នាំបានចាប់ផ្តើមឆាប់ជាងធម្មតានៅឆ្នាំនេះ និងបណ្តាលឲ្យកម្ពស់ទឹកទន្លេមេគង្គធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍និងធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ដែលរស់នៅតាមបណ្តោយទន្លេនេះ។
ភូមិ Pak-Ing ស្ថិតនៅជាប់នឹងទន្លេមេគង្គនៅម្ខាង និងម្ខាងទៀតជាប់នឹងទន្លេ Ing ដែលជាដៃរបស់ទន្លេមេគង្គ។
កសិករតែងបូមទឹកពីទន្លេ Ing ដើម្បីស្រោចស្រប់ដំណាំរបស់ពួកគាត់ ។ ក៏ប៉ុន្តែកសិករ Sriwan Suwandee និយាយថាទន្លេ Ing ដែលជាធម្មតាមានជម្រៅទឹកពី១ម៉ែត្រទៅ២ម៉ែត្រនោះ ឥឡូវនេះនៅសល់កម្ពស់ទឹកតិចជាងកន្លះម៉ែត្រ។
«យើងតែងបូមទឹកផឹកពីទន្លេមេគង្គ ក៏ប៉ុន្តែឥឡូវនេះកម្ពស់ទឹកទន្លេមានកម្រិតទាបខ្លាំងណាស់ ។ វិស័យកសិកម្មមិនល្អសោះ ហើយផលប៉ះពាល់មួយទៀតគឺមានទៅលើការនេសាទ។ គឺមិនមានត្រីទេ»។
អ្នកភូមិជាច្រើនសង្ស័យថា ទំនប់ទឹកនៅដើមទឹករបស់ប្រទេសចិន ហើយដែលមានតែទំនប់ទាំងនេះទេនៅតាមទន្លេមេគង្គនោះ បានរួមចំណែកដល់កម្ពស់ទឹកទាបបំផុតមិនធ្លាប់មាន។ ទំនប់ទឹកទាំងនេះត្រូវបានគេសាងសង់ ដើម្បីផលិតថាមពលវារីអគ្គិសនី។
នៅក្នុងព្រៃដែលនៅមិនឆ្ងាយប៉ុន្នានពីទន្លេមេគង្គ អ្នកភូមិមួយក្រុមមានការត្រេកអរនៅក្រោយពិធីសាសនាមួយដែលបានមានប្រសាសន៍ថា ដើមឈើមានភាពសក្ការៈ។ អ្នកចូលរួមម្នាក់នៅក្នុងការប្រារព្ធពិធីនោះ គឺលោក Niwat Roykaew
ប្រធាននៃបណ្តាញក្រុមសកម្មជនមួយ ដែលចង់ឃើញឲ្យមានការគ្រប់គ្រងទន្លេមេគង្គល្អជាងមុន។ លោកនិយាយថាពួកគេក៏ចង់ឲ្យប្រទេសចិនចែករំលែកព័ត៌មានច្រើនជាងមុនអំពីអ្វីដែលខ្លួនកំពុងតែធ្វើជាមួយនឹងទំនប់ទឹកទាំងនេះ។
«គឺមានទំនប់ទឹកទី១ ទំនប់ទឹកទី២ ទំនប់ទឹកទី៣ និង ឥឡូវនេះមានទំនប់ទឹកទី៤ ។ បញ្ហានោះជាអ្វី? គឺប្រទេសចិនមិនផ្តល់ព័ត៌មានអ្វីសោះ។ គេមិននិយាយប្រាប់អ្វីៗទាំងអស់ជាមួយប្រជារាស្ត្រអំពីទន្លេនេះទេ»។
លោក Jeremy Bird ប្រធានគណៈកម្មការទន្លេមេគង្គ និយាយថា ទំនប់វារីអគ្គិសនីរបស់ចិនមិនមែនជាមូលហេតុនៃភាពរីងស្ងួតនេះទេ។ លោកនិយាយថា ថ្វីបើគេមិនមានព័ត៌មានច្រើនអំពីទំបន់វារីអគ្គិសនីរបស់ប្រទេសចិនក្តី ក៏អ្នកជំនាញរបស់គណៈកម្មការនេះបានគណនាឃើញថា បើទោះបីមិនមានទំនប់វារីអគ្គិសនីនៅប្រទេសចិនក្តីក៏ទឹកទន្លេមេគង្គមិនមានកម្ពស់ខ្ពស់ជាងនេះប៉ុន្មានដែរ។
លោកក៏និយាយដែរថា នៅពេលប្រទេសចិនសាងសង់ទំនប់ទាំងនោះ ហើយវាមានដំណើរការពេញលេញក្នុងការផលិតអគ្គិសនីទំនប់ទឹកទាំងនោះនឹងជួយចែកចាយទឹកនៅក្នុងរដូវដែលមានភាពរីងស្ងួតបំផុត។ រឿងនេះគឺដោយសារថាដើម្បីផលិតអគ្គិសនីបាន គេត្រូវបើកបង្ហូរទឹកជាប្រចាំ។
«តាមពិតទៅ កំណើននៃកម្ពស់ទឹកនៅរដូវប្រាំងនឹងផ្តល់ឱកាសល្អដល់ប្រទេសនៅខាងក្រោមទៅវិញទេ ពីព្រោះថាវាផ្តល់ឱកាសឲ្យប្រទេសទាំងនោះអាចយកទឹកនេះទៅប្រើក្នុងប្រព័ន្ធស្រោចស្រប់ក្នុងវិស័យឧស្សាហកម្ម និង ការប្រើប្រាស់នៅតាមទីក្រុង»។
ក៏ប៉ុន្តែលោកបានកត់សម្គាល់ថា ទំនប់ទឹកទាំងនោះអាចបង្កើតឲ្យមានបញ្ហាមួយទៀត។
«ប៉ុន្តែ ដូចដែលខ្ញុំបាននិយាយមកថា វាក៏ធ្វើឲ្យយើងមានការបារម្ភខ្លះដែរ ទាក់ទងនឹងការកាត់បន្ថយកំណដីល្បប់នៅក្នុងទន្លេ។ ហើយដីល្បប់នេះមានជីជាតិខ្លាំងណាស់។ ដីល្បប់នេះក៏ផ្តល់ជីជាតិដល់តំបន់ដីសណ្តផងដែរ»។
មេដឹកនាំក្រុមប្រទេសសមាជិករបស់គណៈកម្មការទន្លេមេគង្គនេះ ដែលរួមមានកម្ពុជា លាវ ថៃ និង វៀតណាមនឹងជួបប្រជុំគ្នានៅប្រទេសថៃនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានអ្នកតំណាងមកពីប្រទេសចិននិងភូមាចូលរួមផងដែរ។
មេដឹកនាំទាំងនោះនឹងពិភាក្សាគ្នាអំពីភាពរាំងស្ងួតនិងការចែករំលែកធនធានទន្លេសម្រាប់ជាប្រយោជន៍ដល់ជនគ្រប់រូបដែលរស់នៅតាមដងទន្លេនេះ។ពួកលោកក៏នឹងស្នើឲ្យប្រទេសចិនផ្តល់ព័ត៌មានច្រើនជាងមុនអំពីទំនប់ទឹករបស់ខ្លួននិងប្រយោជន៍ផ្សេងទៀតរបស់ទន្លេនេះ៕