<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជាបានបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសសាយថ្មីAH1N1
ជាលើកដំបូងដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដែលងាយប្រឈមមុខនឹងជំងឺ
នេះ។ យុទ្ធនាការនេះមានរយៈពេល១០ថ្ងៃ ចាប់តាំងថ្ងៃទី២៤មិនាឆ្នាំ២០១០។
លោកវេជ្ជបណ្ឌិត សាន់ ចាន់សឿន ប្រធានកម្មវិធីជាតិចាក់ថ្នាំបង្ការ បានឲ្យដឹង
ថា យុទ្ធនាការចាក់ថ្នាំឲ្យប្រជាជនដែលងាយរងគ្រោះដោយសារជំងឺនេះ ដូចជា
បុគ្គលិកសុខាភិបាល ស្រ្តីមានផ្ទៃពោះ កុមារមានអាយុចាប់ពី៦ខែដល់២ឆ្នាំ និង
អ្នកមានជំងឺសួតរាំរ៉ៃដែលអ្នកទាំងនោះសរុបមានចំនួន៣០ម៉ឺននាក់នៅខេត្តក្រុង
ចំនួន៤គឺខេត្តកណ្តាល កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំ និងក្រុងភ្នំពេញ។
លោកបានឲ្យដឹងបន្តថា មានប្រជាពលរដ្ឋ ដែលងាយប្រឈមនឹងជំងឺគ្រុនផ្តា-
សាយថ្មី AH1N1មានប្រហែលជា១លាន៥សែននាក់នៅកម្ពុជាហើយប្រជាជន
ប្រមាណជា ១,២លាននាក់ទៀតនៅក្នុងខេត្តក្រុងចំនួន ២០ផ្សេងទៀត នឹងត្រូវ
បានទទួលវ៉ាក់សាំងនេះពីខែឧសភារហូតដល់ខែមិថុនាដូច្នេះ លោកបានបញ្ជាក់
បន្ថែមថា វ៉ាក់សាំងចំនួន៣០ម៉ឺនដូសដែលជាអំណោយរបស់ប្រទេសបារាំងបាន
នឹងកំពុងប្រើប្រាស់ក្នុងការចាក់ថ្នាំបង្ការនេះ។
«ពេលនេះយើងកំពុងធ្វើយុទ្ធនាការ ហើយប្រជាជនបានចូលរួមច្រើនក្នុងការ
ទទួលវ៉ាក់សាំងនេះ ។ វ៉ាក់សាំងនេះគេបានផ្តល់ឲ្យយើង១,៥លានដូស ហើយ
លើកនេះយើងប្រើ៣សែនដូស»។
សូមបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយថ្មីAH1N1មានចំនួន១,៥លាន
ដូសដែលបានមកពីប្រទេសបារាំង បើគិតជាទឹកប្រាក់មានចំនួនស្នើនឹង៧ដុល្លារ
អាមេរិចក្នុង១ដូស។ ដូច្នេះទឹកប្រាក់សរុបទាំងអស់ប្រមាណជាង១០លានដុល្លារ
អាមេរិក។ប្រទេសកម្ពុជាត្រូវបានគេរកឃើញថា មានជំងឺគ្រុនផ្តាសាយប្រភេទ
ថ្មីAH1N1នៅក្នុងខែមិថុនាឆ្នាំ២០០៩ ហើយរហូតមកដល់ពេលនេះមានអ្នកឆ្លង
ជំងឺនេះប្រមាណជា៥៧០នាក់ ក្នុងនោះមាន៦នាក់បានស្លាប់។
នៅមន្ទីរពេទ្យបង្អែកចំការមន យុទ្ធនាការចាក់ថ្នាំបង្ការ AH1N1នឹងត្រូវបញ្ចប់
ក្នុងថ្ងៃសុក្រនេះ ដែលមានស្រ្តីមានផ្ទៃពោះ និង ឪពុកម្តាយជាច្រើន បានពរកូន
ដែលមានអាយុពី៦ខែដល់២ឆ្នាំ មកចាក់ថ្នាំបង្ការនេះ ដោយអ្នកទាំងនោះបាន
សម្តែងការរីករាយជាខ្លាំងនៅពេលវ៉ាក់សាំងនេះបានមកដល់ប្រទេសកម្ពុជា។
នៅក្នុងចំណោមអ្នកទាំងនោះ ស្រ្តីម្នាក់ឈ្មោះ ឌុប វីរុន បានពរចៅស្រីដ៏ស្រស់
ស្អាតម្នាក់ដែលមានអាយុ៦ខែ មកចាក់វ៉ាក់សាំងAH1N1 ដោយម្តាយទារកនេះ
បានស្លាប់កាលពីខែតុលាឆ្នាំ២០០៩ដោយសារមានជំងឺAH1N1នេះ។
អ្នកស្រីឌុប វីរុនបានឲ្យដឹងថា អ្នកស្រីមានការត្រេកអរណាស់នៅពេលវ៉ាក់សាំង
នេះបានមកដល់ប្រទេសកម្ពុជា ពីព្រោះសព្វថ្ងៃនេះក្រុមគ្រួសារអ្នកស្រីមានការ
បារម្ភជាខ្លាំងអំពីការឆ្លងជំងឺនេះ ដោយសារជំងឺនេះបានឆក់យកជីវិតកូនរបស់
អ្នកស្រីម្នាក់ទៅហើយទំរាំមានវ៉ាក់សាំងAH1N1នេះ។
«យើងបានវ៉ាក់សាំងមក ធ្វើឲ្យក្នុងគ្រួសារដែលធ្លាប់មានជំងឺហ្នឹងសប្បាយចិត្ត
ជាពិសេស ខ្ញុំបានបាត់បង់កូនស្រី។ អញ្ជឹងនៅពេលមានវ៉ាក់សាំងនេះ ខ្ញុំរីករាយ
ជាខ្លាំង។ ចៅខ្ញុំបានចាក់វ៉ាក់សាំងនេះ យើងមិនមានការភ័យខ្លាចតទៅទៀត»។
ជាមួយគ្នានេះដែរ អ្នកស្រីកើ យ៉ុម អាយុ៤០ឆ្នាំ មានផ្ទៃពោះ៧ខែ បានឲ្យដឹងថា
នៅពេលអ្នកស្រីមានផ្ទៃពោះ អ្នកស្រីតែងតែបារម្ភជាខ្លាំងពីការឆ្លងជំងឺ AH1N1
ក៏ប៉ុន្តែក្តីបារម្ភនេះត្រូវរលាយបាត់ បន្ទាប់ពីអ្នកស្រីបានទទួលវ៉ាក់សាំងការពារ។
លោកវេជ្ជបណ្ឌិតពៅ លីណា ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការនៅរាជធានីភ្នំពេញបាន
ឲ្យដឹងថា នៅក្នុងទីក្រុងភ្នំពេញប្រជាពលរដ្ឋ ដែលត្រូវទទួលបានការចាក់វ៉ាក់
សាំងនេះមានចំនួនជាង៧ម៉ឺននាក់។ ហើយរហូតមកដល់ថ្ងៃនេះមានប្រជាពល
រដ្ឋចំនួនជាង៥ម៉ឺននាក់បានមកទទួលវ៉ាក់សាំងនេះ។
លោកបានឲ្យដឹងបន្ថែមថា មានប្រជាពលរដ្ឋជាច្រើនដែលមិនថិតនៅក្នុង
គម្រោងនៃអ្នកដែលត្រូវទទួលបានវ៉ាក់សាំង ក៏បានមកទទូចសុំចាក់ផងដែរ។
ក៏ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានផ្តល់ឲ្យនោះទេ។
«ប្រជាជនផ្អើលចង់ចាក់វ៉ាក់សាំងនេះគ្រប់គ្នា ទាំងចាស់ទាំងក្មេង ប៉ុន្តែយើងមាន
គោលការណ៍របស់យើងមួយគឺយើងឲ្យអាទិភាពទៅលើស្រី្តមានផ្ទៃពោះនិងកុមារ
ដែលមានអាយុពី៦ខែទៅ២ឆ្នាំ ទៅលើបុគ្គលិកសុខាភិបាលទាំងអស់នេះ ដែល
ធ្វើការនេះអាចឆ្លង អ្នកដែរមានជំងឺរ៉ាំរ៉ៃ រលាកសួត ឬ អ្នកដែលមានជំងឺរបេង
អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកដែលមានផ្ទុកមេរោគអេដស៍ក៏ទទួលថ្នាំនេះ
ដែរ»។
ជំងឺគ្រុនផ្តាសាយថ្មីAH1N1នេះមានរោគសញ្ញា ដូចជាគ្រុនក្តៅខ្លាំងលើសពី៣៨
អង្សាសេ ក្អក ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ អស់កម្លាំងល្ហិតល្ហៃ និងហៀរ
សំបោរ។ជំងឺនេះឆ្លងពីអ្នកជំងឺតាមរយៈការក្អក និយាយនិងកណ្តាស់ ហើយក៏
អាចឆ្លងបានផងដែរ តាមរយៈការប៉ះពាល់របស់អ្វីមួយ ដែលមានជាប់មេរោគ
ហើយយកដៃនោះមកប៉ះពាល់មាត់ ច្រមុះ ឬភ្នែក។
ក្រុមគ្រូពេទ្យក៏បានផ្តល់យោបល់ផងដែរថា ដើម្បីជៀសផុតពីជំងឺនេះប្រជាពល
រដ្ឋទាំងអស់នៅពេលក្អក ឬកណ្តាស់ សូមខ្ទប់មាត់ និងច្រមុះដោយប្រើក្រដាស
អនាម័យ កន្សែងឬក្រម៉ា លាងដៃជាប្រចាំជាមួយទឹកនឹងសាប៊ូ កុំខាកស្តោះតាម
ទីសាធារណៈ ជៀសវាងទំនាក់ទំនងជិតដិតជាមួយអ្នកជំងឺ៕