ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវកម្មធនធានរ៉ែរឹងនឹង ចាប់ផ្តើមក្នុងពេល៥ឬ៦ឆ្នាំ ភាគ​១


អាជីវកម្មធនធានរ៉ែរឹងនឹង ចាប់ផ្តើមក្នុងពេល៥ឬ៦ឆ្នាំ ភាគ​១
អាជីវកម្មធនធានរ៉ែរឹងនឹង ចាប់ផ្តើមក្នុងពេល៥ឬ៦ឆ្នាំ ភាគ​១
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បាននិយាយថា ប្រទេសកម្ពុជានឹងអាចទាញ
យកចំណូលពីធនធានរ៉ែរឹងរបស់ខ្លួន នៅឆ្នាំ ២០១៥ ឬ ២០១៦ បន្ទាប់ពីបាន
ចំណាយពេលរង់ចំាអស់រយៈពេលយ៉ាងហោចណាស់ជិត២សតវត្សរ៍ រួចមក។

ធនធានរ៉ែរឹងគឺជាប្រភេទធនធានដែលបានពីការជីកយកពីក្នុងដី និងលើដី មាន
ដូចជា រ៉ែលោហៈ ដូចជា មាស ប្រាក់ សំណ ស្ពាន់ បុកស៊ីត ទង់ដែង រ៉ែដែក រ៉ែ
អលោហៈ ដូចជា ថ្ម ក្រួស ខ្សាច់ និងដីឥដ្ឋជាដើម។

លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល មានប្រសាសន៍
ក្នុងសន្និបាតបូកសរុបការងារប្រចំាឆ្នាំ កាលពីដើមខែមិនានេះថា ក្នុងពេល៥ឬ៦
ឆ្នាំក្រុមហ៊ុនធំៗមួយចំនួននឹងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែលោហៈនៅប្រទេសកម្ពុជា
បន្ទាប់ពីក្រុមហ៊ុននេះបង្ហាញលទ្ធផលសិក្សាវិជ្ជមានកាលពីដើមឆ្នាំ២០១០នេះ។

« គេបង្ហាញផលវិជ្ជមាន បានន័យថា ប្រហែលជាអាចធ្វើអាជីវកម្ម ហើយយើង
ដឹងថា ក្រុមហ៊ុនហ្នឹងគេមានទុន មានបច្ចេកទេសគ្រប់សព្វដើម្បីធ្វើអាជីវកម្ម។
ហើយយើងលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាងឲ្យគេ ធ្វើម៉េច
ឲ្យបានឆាប់។ យ៉ាងយូរ៦ឆ្នាំបានធនធានមកប្រើប្រាស់»។

ក្នុងពេលជាមួយគ្នានោះ លោកសុខ ឡេងអគ្គនាយកនៃអគ្គនាយកដ្ឋានធនធាន
រ៉ែនៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនចំនួន៦
ក្នុងចំណោមក្រុមហ៊ុនចំនួន២០ដែលកំពុងស្រាវជ្រាវ និងរុករករ៉ែ នៅកម្ពុជាគឺជា
អ្នកចាប់ផ្តើមធ្វើអាជីវកម្មធនធានរ៉ែលោហៈមុនដំបូងគេក្នុងរយៈពេល៥ឆ្នាំខាង
មុខ។

លោក សុខ ឡេងមិនបញ្ជាក់ពីឈ្មោះក្រុមហ៊ុនដែលនឹងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែ
នោះទេ ប៉ុន្តែលោកមានប្រសាសន៍ថា ក្រុមហ៊ុនដែលអាចនឹងចាប់ផ្តើមធ្វើអាជីវ
កម្មនោះគឺជាក្រុមហ៊ុនដែលកំពុងសិក្សាស្រាវជ្រាវ និងរុករករ៉ែរឹងនៅភាគឥសាន
នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនៈគីរី មណ្ឌលគីរី និងខេត្តក្រចេះជាដើម។

ប្រទេសកម្ពុជាត្រូវគេដឹងថា ជាប្រទេសមានសក្តានុពលធនធានរ៉ែ ចាប់តំាងពី
អំឡុងទសវត្សរ៍១៩៦០និង១៩៧០មកម្ល៉េះ។ ការអង្កេតភូគព្ភសាស្ត្របានបង្ហាញ
ថា ប្រទេសកម្ពុជាមានធនធានរ៉ែជាង២០ប្រភេទខុសៗគ្នា ដែលមាននៅទីតាំង
ចំនួន១៤៥កន្លែងនៅទូទំាងប្រទេស។ ក្នុងនោះ រ៉ែសំខាន់ដែលត្រូវបានរកឃើញ
រួមបញ្ចូលទំាងរ៉ែបុកស៊ីត ទង់ដែង ស័ង្កសី មាស ប្រាក់ ត្បូងថ្ម រ៉ែដែក នីកែលនិង
ថ្មក្រានីត នេះបើយោងទៅតាមសៀវភៅស្តីពីសេដ្ឋកិច្ចកម្ពុជា ការអង្កេតពីភាពរីក
ចម្រើន បញ្ហានិងក្តីសង្ឃឹម ដែលបានចេញផ្សាយកាលពីខែកុម្ភៈ។ ក្រៅពីនោះ
កម្ពុជាក៏សម្បូរធនធានរ៉ែអលោហៈផងដែរ ដូចជា ខ្សាច់ និងថ្មជាដើម។

រ៉ែលោហៈ និងអលោហៈទំាងនេះត្រូវគេរកឃើញនៅខេត្តប៉ៃលិន កំពង់ធំ កំពត
បាត់ដំបង ពោធិសាត់ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តស្ថិតនៅភាគឥសាននៃ
ប្រទេស។

ចាប់តំាងពីឆ្នាំ២០០៦មក រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាបណ្ណរុករករ៉ែ និងធ្វើ
អាជីវកម្មរ៉ែលោហៈ រ៉ែបុកស៊ីត រ៉ែធ្យូងថ្ម រ៉ែធ្យូងភក់និងរ៉ែផូស្វាត សរុបចំនួន១០៤
អាជ្ញាបណ្ណ ទៅឱ្យក្រុមហ៊ុនទំាងក្នុងស្រុក និង ក្រៅស្រុកសរុបចំនួន២០។ ក្នុង
ចំណោមនោះ មានក្រុមហ៊ុនចំនួន១៩បានទទួលអាជ្ញាបណ្ណ ស្រាវជ្រាវ និងរុក
រករ៉ែ និងមានក្រុមហ៊ុន១បានទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែ នេះបើយោងតាម
របាយការណ៍ប្រចំាឆ្នាំ២០០៩របស់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល។ របាយ
ការណ៍ដដែលនេះបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគរ៉ែទំាងនេះភាគច្រើនមកពី
ប្រទេសអូស្ត្រាលី កូរ៉េ ចិន និង ក្រុមហ៊ុនមកពីប្រទេសវៀតណាម ក្នុងនោះរួម
បញ្ជូលទំាងក្រុមហ៊ុនធំៗមួយចំនួនដូចជាក្រុមហ៊ុន Oxiana Cambodia ក្រុម
ហ៊ុនLiberty Mining និងក្រុមហ៊ុន Southern Gold របស់ប្រទេសអូស្ត្រាលី
ក្រុមហ៊ុន Hang Seng Coal Mine របស់ចិន និងក្រុមហ៊ុនVinacomin របស់
វៀតណាមដែលកំពុងសិក្សានិងស្រាវជ្រាវរករ៉ែលោហៈ រ៉ែបុកស៊ីតនៅខេត្តក្រចេះ
រតនគិរី និងខេត្តមណ្ឌលគីរីជាដើម។

កាលពីថ្ងៃពុធ ក្រុមហ៊ុនវិនិយោគរ៉ែ Southern Gold របស់ប្រទេសអូស្ត្រាលី
បានអះអាងនៅក្នុងរបាយការណ៍របស់ខ្លួនថា ឆ្លងកាត់ការជីកនិងខួងរករ៉ែមាស
ចំនួន៧អណ្តូងនៅខេត្តក្រចេះដែលបញ្ចប់ទៅកាលពីខែមករានោះ បានបង្ហាញ
ថា ក្នុងអណ្តូងរ៉ែមួយដែលមានទំហំផ្ទៃមុខកាត់១ម៉ែត្រ និងជម្រៅរហូតដល់ជាង
២០០០ម៉ែត្រ មានរ៉ែមាសចំនួន 9.09 ក្រាមនិងរ៉ែប្រាក់រហូតដល់ទៅ307ក្រាម
ដែលរែងបានពីសាច់ដីមួយតោន។ ក្រុមហ៊ុនSouthern Gold ដែលបានចាប់
ផ្តើមរុករករ៉ែនៅប្រទេសកម្ពុជាចាប់តំាងពីឆ្នាំ២០០៨ ដោយមានគម្រោងចំណាយ
ប្រចំាឆ្នាំពី1,5លានដុល្លារទៅ3លានដុល្លារសម្រាប់ប្រតិបត្តិការរុករកនេះនឹងចាប់
ផ្តើមខួងអណ្តូងរ៉ែរកមាសចំនួន17ផ្សេងទៀតនៅខែមេសាខាងមុខ។

គួរកត់សម្គាល់ថា នៅប្រទេសកម្ពុជាការធ្វើអាជីវកម្មរ៉ែលោហៈ ដូចជាការជីករក
ត្បូងថ្មនិងមាសជាលក្ខណៈសិប្បកម្មតូចតាចនិងធ្វើឡើងតាមបែបប្រពៃណីនោះ
បានកើតមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយការធ្វើអាជីវកម្មរ៉ែខ្សាច់ និង
ថ្ម បានរីកដុះដាលជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះ ប្រសិនបើ
ការធ្វើអាជីវកម្ម រ៉ែលោហៈ ជាទ្រង់ទ្រាយមធ្យម ឬឧស្សាហកម្ម ពិតជាអាចចាប់
ផ្តើមលេចចេញជារូបរាងនៅក្នុងរយៈពេល ៥ឆ្នាំទៀតមែននោះ វានឹងក្លាយជា
ប្រភពចំណូលដ៏សំខាន់ បន្ទាប់ពីធនធានរ៉ែរាវ ដូចជាប្រេងកាត និងឧស្ម័ន ដែល
កម្ពុជារំពឹងថា នឹងអាចធ្វើអាជីវកម្មនៅឆ្នាំ២០១៣ខាងមុខ។ ធនធានរ៉ែរាវ ដែល
មូលនិធិរូបិយវត្ថុអន្តរជាតិធ្លាប់បានវាយតម្លៃថា នឹងផ្តល់ចំណូលឲ្យប្រទេសកម្ពុជា
ប្រមាណ175លានដុល្លារសម្រាប់ការចាប់ផ្តើមអាជីវកម្មផលិតដំបូង ហើយទឹក
ប្រាក់អាចកើនឡើងត្រឹម 1,7ពាន់លានដុល្លារនៅឆ្នាំ២០២១។

ដោយឡែកចំពោះចំណូលដែលនឹងទទួលបានពីធនធានរ៉ែរឹងវិញ លោក ស៊ុយ
សែម មានប្រសាសន៍ថា មិនទាន់មានទិន្ន័យពិតប្រាកដនៅឡើយទេ រហូតមក
ដល់ពេលនេះ។ ប៉ុន្តែលោកជឿជាក់ថា ប្រភពធនធាននេះនឹងមានសក្តានុពល
សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹង
វិស័យកសិកម្មជាដើម។

«រ៉ែមិនលុយ? យកមាសមកមិនលុយ? យកអាលុយមីញ៉ូមមកមិនលុយ? យក
ដែកមក មិនលុយ? តែបានលុយធ្វើអីក៏បានដែរ។ស្រុកយើងខ្វះអីធ្វើហ្នឹងទៅ»។

អង្គការសង្គមស៊ីវិលនានាស្វាគមន៍ចំពោះគម្រោងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែនេះ។
ក៏ប៉ុន្តែស្ថាប័នទំាងនេះនិយាយថា ការធ្វើអាជីវកម្មធនធានរ៉ែអាចនឹងធ្វើឲ្យមាន
ការបំផ្លាញបរិស្ថាន បង្កើនគម្លាតរវាងអ្នកមាន និងអ្នកក្រ និងបង្កអសន្តិសុខក្នុង
សង្គមខណៈដែលសមត្ថភាពរបស់ស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធនៅមានកម្រិត
នៅឡើយ ជាពិសេស ក្នុងការតាមដានសកម្មភាពធ្វើអាជីវកម្មនិងយន្តការគ្រប់
គ្រងចំណួលឲ្យមានតម្លាភាពជាដើម៕

សូមលោកអ្នកអញ្ជើញរង់ចាំតាមដានព័ត៌មានស្តីពីគម្រោងធ្វើអាជីវកម្មធនធានរ៉ែ
នៅប្រទេសកម្ពុជាភាគទី២នៅថ្ងៃស្អែកជាបន្តទៀត។

អត្ថបទ​ទាក់ទង

XS
SM
MD
LG