ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សុំ​ឱ្យ​អាមេរិក​បណ្តុះ​បណ្តាល ​ជំនាញ​ការ​ពារ​បេតិ​កភ័ណ្ឌ​ជាតិ


ប្រទេសកម្ពុជានៅថ្ងៃអង្គារនេះបានសុំឱ្យសហរដ្ឋអាមេរិកឱ្យជួយបណ្តុះបណ្តាលសមត្ថភាពជំនាញ និងឯកទេសស៊ើបអង្កេតនិង​ស្រាវជ្រាវរកបេតិកភ័ណវប្បធម៌​ដែលត្រូវបានលួចរត់ពន្ធ នៅក្នុងសម័យសង្គ្រាមដល់កងកម្លាំងប៉ូលិសការពារបេតិភ័ណ្ឌជាតិ។

លោកឧត្តមសេនីយ៍ទោតាន់ចាយ ប្រធាននាយកដ្ឋានប៉ូលិសការពារបេតិកភ័ណ្ឌ​ក្រសួងមហាផ្ទៃបានថ្លែងប្រាប់VOA ក្រោយពីជំនួបជាមួយលោកJohn Mortonថា កម្លាំង​ប៉ូលិសការពារបេតិកភ័ណ្ឌរបស់យើងមិនទាន់មានសមត្ថភាពជំនាញនិង ឯកទេសគ្រប់គ្រាន់ក្នុងការតាមដាន ស៊ើបអង្កេតឆ្លងដែន និង នីតិវិធីស៊ើបអង្កេតជាលក្ខណៈអន្តរជាតិចំពោះបទឧក្រិដ្ឋឆ្លងដែនដែលទាក់ទងនឹងសម្បត្តិវប្ប​ធម៌ជាតិទេ។

«ខ្ញុំ​បានលើក​សំណូម​ពរ​២៖ ​ទី១​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ឱ្យ​គាត់​ជួយហ្វឹក​ហ្វឺន​កង​កម្លាំង​លើ​កិច្ច​ប្រតិបត្តិ​ការ​ជា​ពិសេសលើការ​ងារ​ស៊ើប​អង្កេត​និង​នីតិ​វិធី​ក្នុង​ការ​ស៊ើប​អង្កេត​ជា​លក្ខណៈ​អន្តរ​ជាតិ​ ហើយ​ទី​២​ សុំ​ជំនួយ​ជា​មធ្យោបាយ​ប្រតិបត្តិ​ការ​ ដូច​ជា​រថយន្ត​ ម៉ូតូ​ និង​វិទ្យុ​ទាក់​ទង»។

លោក​ឧត្តម​សេនីយ៍​ទោ​តាន់​ចាយ​បាន​បញ្ជាក់​ថា​ កង​កម្លាំង​ប៉ូលិស​ការ​ពារ​បេតិ​កភ័ណ្ឌ​ជាតិ​របស់​យើង​មាន​លទ្ធ​ភាព​ត្រឹម​តែស៊ើប​អង្កេត​មុខ​សញ្ញា​ជន​ល្មើស​ និងពួក​ឧក្រិដ្ឋ​ជន​ក្នុង​ប្រទេស​ប៉ុណ្ណោះ។

លោក John Morton ឧប​ការីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បាន​ទទួលយកសំណើរបស់ភាគីកម្ពុជា ហើយសំណើ​នេះនឹងត្រូវពិភាក្សាគ្នាលម្អិត​បន្ថែមទៀត នៅពេលការិយាល័យទំនាក់ទំនងរបស់លោកត្រូវបង្កើតនៅកម្ពុជា​ឆាប់ៗនេះ។

លោកJohn Morton​ ​បានបញ្ជាក់ថា លោកនឹងខិតខំជួយកងកម្លាំងប៉ូលិសការពារបេតិកភ័ណ្ឌជាតិលើការងារស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកបេតិកភ័ណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាដែលបានបាត់ និងប្រគល់យកមកឱ្យប្រទេសកម្ពុជាវិញនិង​ការងារជួយ​បណ្តុះបណ្តាលធនធាន មនុស្សដល់កងកម្លាំងប៉ូលិសការពារបេតិកភ័ណ្ឌជាតិ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន។

នៅក្នុងជំហានដ៏សំខាន់មួយដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌ដែលមិនអាចជំនួស បាន ប្រទេសកម្ពុជាបានចាប់ផ្តើមប្រកាសអាសន្នស្តីពីគ្រោះថ្នាក់នៃវត្ថុបុរាណ ខ្មែរ Red List of Cambodian Antiquities at Risk នៅក្នុងខែកុម្ភៈឆ្នាំ២០១០។

យោងតាមការឃ្លាំមើលបេតិកភ័ណ្ឌ បេតិកភ័ណ្ឌរបស់ប្រទេសកម្ពុជាដែលមាន​តម្លៃប្រមាណ២០លានដុល្លារអាមេរិក ត្រូវបានគេលក់តាំងពីឆ្នាំ១៩៩៨។

យ៉ាងហោចណាស់៩០%នៃសម្ភារៈបានលក់នៅទីផ្សារវត្ថុ​បុរាណ បានមកដោយ​ខុសច្បាប់និងប្រមាណ១លានដុល្លារអាមេរិកនៃ​វត្ថុបុរាណខ្មែរត្រូវបានធ្វើពាណិជ្ជ​កម្មតាមរយៈផ្ទះលក់ឡាយឡុងក្នុងមួយឆ្នាំ។

លោកឧត្តមសេនីយ៍ទោតាន់ចាយបានថ្លែងថា យើងបង្ក្រាបបានចំនួន៣៨ករណី​ដែលមានជនល្មើស​ប្រមាណ២០នាក់ និងវត្ថុបុរាណប្រមាណ១០ដុំ រួមមានរូប​ព្រះ​ ​ចាប់តាំងពីការបង្កើតនាយកដ្ឋានប៉ូលិសការពារបេតិកភ័ណ្ឌជាតិនៅដើមឆ្នាំ២០០៧។

លោក John Morton បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលត្រូវបានគេលួចបេតិកភ័ណ្ឌជាតិ។ យើងភ្នាក់ងារពង្រឹងច្បាប់គយ និង​អន្តោប្រវេសន៍សហរដ្ឋអាមេរិក និង អាជ្ញាធរគយទទួលខុសត្រូវចំពោះការស៊ើប​អង្កេតការលួចវត្ថុបុរាណ និងវត្ថុបុរាណវប្ប​ធម៌ពីបរទេសដែលបាននាំចូល និង​លក់ដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក។ យើងកំពុងធ្វើការយ៉ាងជិតស្និត​ជាមួយប្រទេសកម្ពុជាដើម្បីបញ្ជាក់និងនាំត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណមួយចំនួនដែលយើងជឿថា យកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក»។

លោក John​ Morton​ បានទស្សនាកន្លែងអភិរក្សអង្គរ ដែលជាកន្លែងតម្កល់វត្ថុ​បុរាណប្រាសាទបាក់ខែង ប្រាសាទបាយ័ន ​ប្រាសាទតា​ព្រហ្មនិងប្រាសាទអង្គរ​វត្ត។

ក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើមាតុភូមិនិវត្តន៍នូវរូបចម្លាក់​របាំ​អប្សរា សម័យកាលក្រោយគ្រឹះសករាជ ប្រហែល១២០០ឆ្នាំ ដែលត្រូវបានរត់ពន្ធពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដោយរំលោភកិច្ចព្រមព្រៀងរវាង​ប្រទេសទាំងពីរ សំដៅការពារបេតិកភ័ណ្ឌវប្ប​ធម៌របស់ប្រទេសកម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG