ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃអប្បរមាសេវាទូរស័ព្ទខុស គោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី


ដើម្បីស្តាប់ព័ត៌មាននេះ

អ្នកសេដ្ឋកិច្ចឯករាជ្យនៅក្នុងប្រទេសកម្ពុជាមិនបានលូកដៃផ្តល់យោបល់ទៅលើ
ការកំណត់តម្លៃអប្បរមាសម្រាប់ក្រុមហ៊ុនសេវាទូរស័ព្ទទេ បើទោះជាការកំណត់
តម្លៃនេះត្រូវគេមើលឃើញថា បានប៉ះពាល់ដល់ប្រយោជន៍អ្នកប្រើប្រាស់ទូរស័ព្ទ
រាប់លាននាក់ក៏ដោយ។

គិតមកដល់ត្រឹមថ្ងៃអាទិត្យនេះ ក្រុមហ៊ុនសេវាទូរស័ព្ទដែលធ្លាប់ផ្តល់អាត្រាតម្លៃ
ហៅចេញដោយឥតគិតថ្លៃ ឬ ទាបជាង ២សេនក្នុងមួយនាទី បានតម្លើងថ្លៃហៅ
ចេញរបស់ពួកគេដល់៥សេនឬ៦សេនក្នុងមួយនាទីវិញ។

ការតម្លើងសេវាហៅចេញទូរស័ព្ទទំាងនេះធ្វើឡើងបន្ទាប់ពីក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានដាក់បញ្ជាកាលពីដើម
ខែធ្នូឆ្នាំ២០០៩ឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត និងអចល័តទំាង៩យកថ្លៃសេវាទូរស័ព្ទ
អប្បរមាចន្លោះពី ៤,៥ សេន និង ៥,៩៥ សេន។ បទបញ្ជាដែលចូលជាធរមាន
កាលពីថ្ងៃទី១០កុម្ភៈនេះ ត្រូវក្រុមអ្នកសេដ្ឋកិច្ច និងក្រុមមេធាវីឯករាជ្យចាត់ទុក
ថា ខុសនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរីហើយនិងច្បាប់វិនិយោគដែលរដ្ឋា
ភិបាលមិនត្រូវលូកដៃចូលក្នុងការកំណត់ថ្លៃឲ្យក្រុមហ៊ុនធ្វើអាជីវកម្មឡើយ។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ដែលប្រមូលផ្តុំអ្នកជំនាញ
ការផ្នែកសេដ្ឋកិច្ចកម្ពុជាជាង ៦០ នាក់ បាននិយាយថាសមាគមរបស់លោកមិន
បានដាក់សំណើជាផ្លូវការទៅរដ្ឋាភិបាល ដើម្បីឲ្យមានការកែប្រែទេ ត្បិតបរិយា-
កាសនយោបាយក្នុងប្រទេសកម្ពុជាមិនអំណោយផលសម្រាប់អ្នកសេដ្ឋកិច្ចក្នុង
ការធ្វើអន្តរាគមន៍ឡើយ។

«បរិស្ថានយើងកន្លងមក វាផ្សារភ្ជាប់ទៅនឹងបរិយាកាសនយោបាយប្រទូសរាយ
គ្នាខ្លាំង។ មានការវាយប្រហារគ្នាខ្លាំងៗ ឈានដល់ការប៉ះពាល់សុវត្ថិភាពបុគ្គល
ហើយប្រសិនបើមានមតិជំទាស់ គេច្រើនចាត់ទុកថា ជាអ្នកប្រឆាំង ដែលបង្កើត
ជាបរិយាកាសមួយមិនអំណោយផលឲ្យបញ្ញាជនមួយចំនួនក្លាហានបញ្ចេញមតិ
ឯករាជ្យនោះ។

ប្រទេសកម្ពុជាមានអ្នកស្រាវជ្រាវនិងអ្នកសេដ្ឋកិច្ចសរុបជិត៥០០នាក់ដែលកំពុង
ធ្វើការនៅតាមស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ
និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នានា។ ក៏ប៉ុន្តែអ្នកសេដ្ឋកិច្ច ជាច្រើនជា
ពិសេសអ្នកសេដ្ឋកិច្ចឯករាជ្យដែលមិនស្ថិតក្នុងជួររដ្ឋាភិបាល ត្រូវគេសម្គាល់ថា
បានចូលរួមចំណែកតិចតួចប៉ុណ្ណោះក្នុងការធ្វើគោលនយោបាយសេដ្ឋកិច្ច ឬ ក៏
មានសម្លេងតិចតួចបំផុតក្នុងការបញ្ចេញទស្សនៈកែលម្អ។ផ្ទុយពីនេះនៅប្រទេស
មួយចំនួនទៀត ទំាងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនិងប្រទេសកុម្មុយនីស្ត
ជាក់ស្តែង ដូចជាប្រទេសថៃនិងប្រទេសវៀតណាមជាដើម អ្នកសេដ្ឋកិច្ចសកម្ម
យ៉ាងខ្លាំងក្នុងការចូលរួមកែប្រែគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋ។ អន្តរាគមន៍
របស់អ្នកសេដ្ឋកិច្ច ឬអ្នកច្បាប់ទៅលើគោលនយោបាយរបស់រដ្ឋាភិបាលដែលប៉ះ
ពាល់ដល់ប្រជាជនភាគច្រើន ត្រូវគេចាត់ទុកថា ជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍ
សង្គមជាតិ។

សម្រាប់ប្រទេសកម្ពុជា លោកចាន់ សុផលបាននិយាយថា រាល់ការកែប្រែគោល
នយោបាយសេដ្ឋកិច្ចនានា ជាជាក់ស្តែង ការចេញប្រកាសកំណត់តម្លៃអប្បរមា
សម្រាប់ការហៅចេញទូរស័ព្ទ ជាដើមគឺធ្វើឡើងដោយស្ងាត់ៗដោយក្រសួងពាក់
ព័ន្ធតែប៉ុណ្ណោះ។ ចំណែកអ្នកសេដ្ឋកិច្ចឯករាជ្យហាក់ដូចមិនមានឱកាសក្នុងការ
ចូលរួមពិភាក្សានិងផ្តល់យោបល់នោះទេ។

លោកឆេង គឹមឡុង អ្នកប្រឹក្សាសេដ្ឋកិច្ចនិងជាសាស្ត្រាចារ្យសេដ្ឋកិច្ចនៃសកល
វិទ្យាល័យកម្ពុជា មានប្រសាសន៍ថា អ្នកសេដ្ឋកិច្ចកម្ពុជានៅខ្វះការប្រមូលផ្តុំជា
ធ្លុងមួយដើម្បីធ្វើឲ្យការបញ្ចេញទស្សនៈមានឥទ្ធិពល។ ក៏ប៉ុន្តែលោក និយាយថា
បើទោះជាអ្នកសេដ្ឋកិច្ចរួបរួមគ្នាប្រឹងបញ្ចេញទស្សនៈដើម្បីកែលម្អ ប៉ុន្តែជាទូទៅ
គឺមិនមានប្រយោជន៍ឡើយ ជាពិសេសបទបញ្ជារបស់ក្រសួងប្រៃសណីយ៍ និង
ទូរគមនាគមន៍។

«ផ្នែកឯករាជ្យហ្នឹងក៏ចង់ផ្តល់ជាយោបល់ដែរ។ក៏ប៉ុន្តែយើងបានត្រឹមតែនិយាយ
ទេ។ មានរឿងច្រើនទៀតដែលនិយាយទៅថា ក្រសួងទូរគមនាគមហ្នឹងគឺរាល់
ច្បាប់ រាល់អនុក្រិត ប្រកាស គាត់ធ្វើអត់មានស្តាប់យោបល់អ្នកដទៃទេ ទោះបី
អ្នកដទៃប្រាប់យ៉ាងម៉េចក៏ដោយ គាត់នៅតែធ្វើអញ្ចឹង»។

ក៏ប៉ុន្តែលោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ អះអាងថា
ក្រសួងរបស់លោក បានធ្វើការពិភាក្សាជាមួយអ្នកសេដ្ឋកិច្ចជាច្រើនហើយមុន
នឹងចេញប្រកាសតម្លើងថ្លៃសេវាទូរស័ព្ទ។ក្រសួងរបស់លោកនឹងស្វាគមន៍រាល់
សំណើកែលម្អពីក្រុមអ្នកសេដ្ឋកិច្ចនានាដើម្បីយកមកពិចារណា។

«ឲ្យតែមក យើងទទួលទំាងអស់។ ប៉ុន្តែគ្រាន់តែថា វិជ្ជមានឬអវិជ្ជមានគឺថា
យើងមិនទាន់អាចឆ្លើយបាន។ ធម្មតាទេ គាត់ជាអ្នកសំណូមពរ ហើយយើង
នេះគឺជាអ្នកពិនិត្យសម្រេច។ តែបើសិនក្រុមការងារខ្ញុំគេពិនិត្យទៅត្រូវធ្វើយ៉ាង
ម៉េច គេហ្នឹងជម្រាបជូន។

នៅប្រទេសកម្ពុជាមានក្រុមហ៊ុនបម្រើសេវាទូរស័ព្ទចំនួន៩ ដូចជា សេវាទូរស័ព្ទ
Mobitel ០១២, Mfrone ០១១, Hello ០១៦, Metfone ០៩៧, Star Cell
០៩៨, Cube ០១៣, Excell ០១៨, Smart 0១0 និង Beeline ០៩០ ដែល
វិនិយោគដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីប្រទេសវៀតណាម ម៉ា-
ឡេស៊ី អ៊ីស្រាអែល ម៉ាឡេស៊ី និងប្រទេសរុស្ស៊ីជាដើម។ ក្រុមហ៊ុនទំាងនេះបាន
ប្រកួតប្រជែងគ្នាយ៉ាងខ្លំាងនៅអំឡុងឆ្នាំ ២០០៩ ។ ជាពិសេស ការប្រណាំង
ប្រជែងរបស់ក្រុមហ៊ុនសេវាទូរស័ព្ទចំនួន៥គឺសេវាទូរស័ព្ទ០៩៨, ០១៣, ០១៨,
០១០ និង០៩០ដែលទាញទម្លាក់ការហៅចេញឲ្យចុះទាបស្ទើរស្មើសូន្យ។ការចុះ
ថ្លៃនេះផ្តល់ផលចំណេញយ៉ាងច្រើនដល់អ្នកប្រើប្រាស់យ៉ាងហោចណាស់៤លាន
នាក់។ ក៏ប៉ុន្តែ ចាប់ពីពេលនេះទៅ អ្នកប្រើប្រាស់ត្រូវបង្កើនការចំណាយរបស់
ពួកគេទៅដល់ទាបបំផុតត្រឹម៥សេនក្នុងមួយនាទី ឬ ស្មើនឹង២១០រៀល។

បើធៀបនឹងអត្រាតម្លៃទូរស័ព្ទនៅប្រទេសវៀតណាមគឺត្រឹមតែ១០០ដុងឬស្មើនឹង
២២រៀលប៉ុណ្ណោះក្នុងមួយនាទី រីឯប្រទេសថៃកន្លះបាត ឬប្រហែល៧៥រៀលក្នុង
មួយនាទី។ប្រទេសទំាងពីរនេះមានចំនួនប្រជាជនរស់ក្រោមបន្ទាត់ក្រីក្រតិចជាង
កម្ពុជា។ កម្ពុជាមានចំនួនប្រជាជនក្រីក្រប្រហែល៣០ភាគរយ ដែលរកចំណូល
បានតិចជាង១ដុល្លារក្នុងមួយថ្ងៃ។

លោករស់ ខេមរា អ្នកសេដ្ឋកិច្ចនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយ និងជាសមាជិក
នៃសមាគមសេដ្ឋកិច្ចកម្ពុជានិយាយថា ដើម្បីឲ្យការអន្តរាគមន៍មានលក្ខណៈវិជ្ជា
ជីវៈ អ្នកសេដ្ឋកិច្ចចាំបាច់ត្រូវតែធ្វើការស្រាវជ្រាវមួយបញ្ជាក់ពីការខាតបង់របស់
ប្រជាជននៅពេលដែលតម្លៃសេវាទូរស័ព្ទឡើងថ្លៃ។ ក៏ប៉ុន្តែអ្នកសេដ្ឋកិច្ចនឹងមិន
ចំណាយថវិកា និងពេលវលាធ្វើការស្រាវជ្រាវនោះទេត្បិតពួកគេយល់ថា បើទោះ
ជាមានលទ្ធផលស្រាវជ្រាវក៏ការតវ៉ាគ្មានប្រសិទ្ធិភាពដែរ។

ដោយឡែក ក្រុមអ្នកច្បាប់ក៏បានលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេដូចគ្នា
នឹងអ្នកសេដ្ឋកិច្ចដែរ។

លោកលី តៃសេង ប្រធានក្រុមហ៊ុនមេធាវី HBSនិងConsultant បាននិយាយ
ថាមេធាវីនឹងជ្រើសរើសមិនមានប្រតិកម្មជាមួយរដ្ឋាភិបាលឡើយ ព្រោះក្រៅពី
មិនមានប្រសិទ្ធិភាពហើយនោះ វាអាចប៉ះពាល់ទៅលើការងាររបស់ពួកគេថែម
ទៀតផង។

«ពាក់ព័ន្ធនឹងរឿងអាជីវកម្ម មិនសូវមានមេធាវីខាងហ្នឹងបញ្ចេញយោបល់ប៉ុន្មាន
ទេ ព្រោះជាទូទៅគាត់អាចគិតបារម្ភពីផលប៉ះពាល់លើអាជីវកម្មរបស់គាត់ដែរ។
ហើយបើសិនជាយើង មេធាវី មិននិយាយទេ អាហ្នឹងអាចកាត់បន្ថយការចូលរួម
ចំណែកនៅក្នុងសង្គមរបស់មេធាវីហ្នឹងដែរ»។

លោកធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សADHOបានយល់ស្របការលើក
ឡើងរបស់ក្រុមអ្នកសេដ្ឋកិច្ចនិងអ្នកច្បាប់ ដោយលោកមានប្រសាសន៍ថា បញ្ហា
តម្លៃហៅទូរស័ព្ទចេញគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលជា
ច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនៅតែបន្តច្រានចោលយ៉ាងលឿនរាល់ការ
រិះគន់ផ្សេងៗទៀត។ ប្រការនេះនាំឲ្យមានការខាតបង់ក្នុងការងារអភិវឌ្ឍប្រទេស
ជាតិ។

«ឲ្យតែមានការទិតៀនគឺប្រតិកម្មតែម្តង មិនចង់ឱ្យមានការទិតៀនទេ។ មានការ
ចាប់ទោសអូសដំណើរដល់ការទិតៀន ដែលធ្វើឲ្យអ្នកទំាងអស់គ្នាបញ្ចេញមតិ
ទៅព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯង។ អាហ្នឹងអត់ចំណេញ វាជាការរំាងខ្ទប់នូវការ
រីកចម្រើនសេដ្ឋកិច្ច ក្នុងការរីកចំរើនសង្គម»។

ប៉ុន្តែលោក ជាម យៀប សមាជិកសភាមកពីគណបក្សកាន់អំណាច មានប្រសា-
សន៍ថា រដ្ឋាភិបាលមិនដែលច្រានចោលការចូលរួមផ្តល់យោបល់ពីអ្នកជំនាញ
ទេ។ ប៉ុន្តែអ្នកសេដ្ឋកិច្ចនិងអ្នកច្បាប់ខ្លួនឯងទេដែលចេះតែខ្លាចរអានិងភ័យខ្លាច។
ទោះយ៉ាងណា លោកជាម យៀប និយាយថា លោកក៏មិនពេញចិត្តចំពោះការ
កំណត់តម្លៃអប្បរមាលើថ្លៃសេវាទូរស័ព្ទដែរ ប៉ុន្តែនេះជាគោលនយោបាយរបស់
ក្រសួងនីមួយៗ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG