ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

USAIDផ្តល់ការបណ្តុះបណ្តាល មន្ត្រីប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាលកម្ពុជា


សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានចាប់ផ្តើមបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រ-
ឆាំងនឹងអំពើពុករលួយ ដល់មន្ត្រីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល
ចំនួន ៦២ នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អំពើពុករលួយ ដែលកំពុងតែ
ស៊ីរូងផ្ទៃក្នុងសង្គមកម្ពុជា។

អង្គការតម្លាភាពអន្តរជាតិ Transparency International បានដាក់អំពើពុក
រលួយរបស់ប្រទេសកម្ពុជា ក្នុងលំដាប់ថ្នាក់លេខ ១៥៨ នៃប្រទេសសរុប ១៨០
នៅក្នុងឆ្នាំ ២០០៩ ដែលស្ថិតលើ ប្រទេសឡាវ និងភូមា។

ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID នៅក្នុងឆ្នាំ ២០០៤
បានរកឃើញថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់ចំណូលរវាងពី ៣០០ ទៅ
៥០០ លានដុល្លាអាមេរិក ក្នុង មួយឆ្នាំៗ ដោយសារអំពើពុករលួយ។

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល
បានថ្លែងបើកវគ្គបណ្តុះបណ្តាលនេះថា យើងត្រូវស្វែងយល់ឱ្យច្បាស់លាស់អំពី
វិធីសាស្ត្រសិក្សាស្រាវជ្រាវនានា នៅក្នុងវគ្គសិក្សា៣ថ្ងៃនេះ ដើម្បីយកចំណេះដឹង
មកធ្វើការស្ទាបស្ទង់មតិប្រកបដោយប្រសិទ្ធិភាព និងច្បាស់លាស់។

"គ្រូមកទីនេះ ជួយផ្តល់ជំនួយចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដល់យើង
។ ការងាររៀនសូត្រ៣ថ្ងៃនេះ ពិតជាមានឥទ្ធិពលធ្វើឱ្យប្រែប្រួលនូវគុណភាពនៃ
ការងាររបស់ យើង យ៉ាងពិតប្រាកដ" ។

វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ បានធ្វើឡើងក្រោមជំនួយឧបត្ថមរបស់ទីភ្នាក់-
ងារអភិវឌ្ឍន៏អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID និងអង្គការ Pact កម្ពុជា។

វគ្គបណ្តុះបណ្តាលនេះបានផ្តោតជាសំខាន់ទៅលើវិធីសាស្ត្រសិក្សាស្រាវជ្រាវប្រ-
ឆាំងនឹងអំពើពុករលួយ រួមមានការស្ទាប់ស្ទង់អំពើពុករលួយ ដោយកំណត់បញ្ហា
វត្ថុបំណង បញ្ហាប្រឈម ឬ ផលវិបាកការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ និង
បទពិសោធន៏ ព្រមទាំងការបង្ហាញលទ្ធផលនៃការសិក្សាស្រាវ ជ្រាវ។

មុខជំនាញទាំងនេះ ត្រូវបានបង្ហាត់បង្រៀនដោយកញ្ញា Christine Lohrman
ដែលជាអ្នកនិពន្ធ ស្តីពីការស្រាវជ្រាវអំពើពុករលួយលើកដំបូងបំផុតនៅកម្ពុជា
ក្នុងឆ្នាំ ២០០៥ ដោយផ្តោតលើអំពើពុករលួយ និងជីវភាពប្រជាពលរដ្ឋខ្មែរ ការ
យល់ឃើញរបស់ប្រជាពលរដ្ឋទៅលើអំពើពុករលួយ ការរស់នៅក្រោមការគ្រប់-
គ្រងនៃអំពើពុករលួយ និងការវិភាគទៅលើទម្រង់ ប្រចាំថ្ងៃនៃការប្រព្រឹត្តអំពើ
ពុករលួយនៅក្នុងកម្ពុជា។

លោកឱម យិនទៀង បានបញ្ចាក់ថា"ការងារស្ទាបស្ទង់មតិ គឺជាការងារបច្ចេក
ទេសមួយ ហើយមានផលប្រយោជន៍យ៉ាងខ្លាំងក្លា ដល់ការពិចារណាការដឹក
នាំ និងការសម្រេចចិត្ត បើអ្នកដំណើរការស្ទាបស្ទង់មតិប្រកាន់បានខ្ចាប់ខ្ចួនតាម
ក្បួនខ្នាតបច្ចេកទេស និងយល់ពី សភាពការណ៍ច្បាស់លាស់នៅមូលដ្ឋាន"។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានហៅវគ្គបណ្តុះបណ្តាលវិធី
សាស្ត្រ ប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយនេះថា ជាជំហ៊ានដ៏សំខាន់មួយ ប៉ុន្តែ
យើងទាមទារឱ្យមាន ឆន្ទៈនយោបាយរបស់រដ្ឋាភិបាលពិតប្រាកដ។

"បើរដ្ឋាភិបាល មានឆន្ទៈនយោបាយក្នុងការលុបបំបាត់អំពើពុករលួយនេះ
ហើយ យើងត្រូវរៀនពីបច្ចេកទេស ដើម្បីការទប់ស្កាត់អំពើពុករលួយនេះ។"

កាលពីខែធ្នូ ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំង
អំពើពុករលួយ ដែលបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ដើម្បីលប់បំបាត់
អំពើពុករលួយស៊ីរូងផ្ទៃក្នុងសង្គមកម្ពុជា និងជាឧបសគ្គដល់ការអភិវឌ្ឍន៍ និង
និតិរដ្ឋនៅកម្ពុជា៕

XS
SM
MD
LG