ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការកំណត់តម្លៃដោយរដ្ឋាភិបាល ខាតប្រយោជន៍រាស្ត្រ


ដើម្បីស្តាប់ព័ត៌មាននេះ

ការកំណត់តម្លៃហៅទូរស័ព្ទចេញ ដោយក្រសួងពីររបស់ប្រទេសកម្ពុជា បាននាំឲ្យ
មានការរិះគន់ពីសំណាក់ក្រុមអ្នកសេដ្ឋកិច្ច អ្នកច្បាប់និងតំណាងក្រុមហ៊ុនទូរស័ព្ទ
ច័លតមួយចំនួន។ពួកគេចាត់ទុកថា ការធ្វើអន្តរាគមន៍នេះផ្ទុយនឹងគោលការណ៍
សេដ្ឋកិច្ចទីផ្សារសេរី និងច្បាប់វិនិយោគ។

នាងរស់ សុធា ជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ។ក្រុមអ្នកសេដ្ឋកិច្ច និង
មេធាវីនិយាយថា ការបញ្ជាដោយក្រសួងសេដ្ឋកិច្ចនិងក្រសួងប្រៃសណីយ៍កម្ពុជា
ឲ្យក្រុមហ៊ុនទូរស័ព្ទយកថ្លៃសេវាហៅចេញអប្បបរមាគឺប្រាសចាកពីគោលការណ៍
ទីផ្សារសេរីនិងច្បាប់វិនិយោគ។ហើយប្រការនេះមិនត្រឹមតែបង្អាក់ទឹកចិត្តវិនិយោគ
គិនប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យខាតប្រយោជន៍អ្នកប្រើប្រាស់ទូរស័ព្ទទៀតផង។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកថា អន្តរាគមន៍នេះជាវិធានការណ៍បញ្ចប់
សង្គ្រាមតម្លៃនៅក្នុង ប្រទេសក្រីក្រមួយនេះ។

កាលពីដើមសប្តាហ៍មុន ក្រសួងសេដ្ឋកិច្ច និង ក្រសួងប្រៃសណីយ៍បានបញ្ជានៅ
ក្នុងប្រកាសស្តីអំពីការកំណត់ថ្លៃ អប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័តនិងថ្លៃ
តភ្ជាប់បណ្តាញថា ក្រុមហ៊ុនទូរស័ព្ទទាំងអស់មិនត្រូវយកថ្លៃសេវា ហៅចេញក្នុង
ប្រព័ន្ធទូរស័ព្ទចល័តតែមួយក្រោម ៤,៥ សេនក្នុងមួយនាទី និងការហៅចេញឆ្លង
ប្រព័ន្ធមិនឲ្យនៅក្រោម៥,៩៥សេនក្នុងមួយនាទីទេ។ការបញ្ជានេះធ្វើឡើងបន្ទាប់
ពីមានការប្រកួតប្រជែងដ៏ខ្លាំងក្លា ជាពិសេសលើផ្នែកតម្លៃ ក្នុងចំណោមក្រុមហ៊ុន
សេវាទូរស័ព្ទចល័តទាំង៩នៅកម្ពុជា។ក្រុមហ៊ុនខ្លះបានបន្ទាបថ្លៃសេវាទូរស័ព្ទរបស់
ខ្លួនដោយមិន គិតប្រាក់ សម្រាប់ការហៅចេញក្នុងប្រព័ន្ធ និងចាប់ពី៤សេន ដល់
៧សេន ក្នុងមួយនាទីសម្រាប់ការហៅចេញក្រៅប្រព័ន្ធ។ ទីបំផុតនាំឲ្យមានជម្លោះ
រវាងក្រុមហ៊ុនទូរស័ព្ទចល័ត Beeling របស់រុស្ស៊ី និងក្រុមហ៊ុន Mobitel ដែលកាន់
កាប់ ទីផ្សារធំជាងគេ។

ដើម្បីទប់ស្កាត់ជម្លោះនេះ ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍បានចេញសា-
រាចរ និងប្រកាសបន្តកន្ទុយគ្នា។ ក៏ប៉ុន្តែការចេញសារាចរនិងប្រកាសកន្លងមកមិន
មានប្រសិទ្ធិភាព ដែលតម្រូវឲ្យក្រសួងទាំងពីរចេញប្រកាសចុង ក្រោយស្តីពីការ
កំណត់ថ្លៃសេវាតែម្តង។

ក៏ប៉ុន្តែលោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា និយាយថា ការ
កំណត់ថ្លៃនេះផ្ទុយទាំងស្រុងពីគោលការណ៍ សេដ្ឋកិច្ចទីផ្សារសេរីដែលរដ្ឋាភិបាល
មិនគួរមានតួនាទីចូលធ្វើអន្តរាគមន៍កំណត់ថ្លៃសេវាកម្មឡើយ ។ ការធ្វើដូច្នេះនឹង
រាំងខ្ទប់ការប្រកួតប្រជែងផ្នែកតម្លៃក្នុងចំណោម ក្រុមហ៊ុនទូរស័ព្ទចល័តដែលធ្វើ
ឲ្យអ្នកប្រើប្រាស់ បាត់បង់ផលចំណេញ។

"ការកំណត់ថ្លៃទូរស័ព្ទនេះ គឺខុសពីគោលការណ៍ទីផ្សារសេរី ហើយធ្វើឲ្យខាតប្រ-
យោជន៍ដល់អតិថិជន ដែលគាត់ ប្រើប្រាស់សេវាទូរស័ព្ទដែលមានតម្លៃថោកជាង
អ្វីដែលរដ្ឋកំណត់"។

គួរកត់សម្គាល់ថា មាត្រាទី៥៥នៃច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងថា កម្ពុជា
អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដែលទុកឱកាសឲ្យអ្នកទិញនិងអ្នកលក់ ជាអ្នក
កំណត់តម្លៃ ហើយរដ្ឋមិនមានសិទ្ធិកំណត់ថ្លៃជំនួសភាគីទាំងពីរឡើយ ។ លោក
ចាន់ សុផលថ្លែងថា រដ្ឋអាចកំណត់តម្លៃសេវា ឬមុខទំនិញអប្បបរិមា ឬអតិបរមា
បានចំពោះករណី ដែលតម្លៃនោះប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
តែប៉ុណ្ណោះ។ ផ្ទុយទៅវិញការប្រកួតប្រជែងថ្លៃសេវាទូរស័ព្ទនេះនឹងនាំឲ្យប្រជាជន
ជាច្រើនបានផលចំណេញ។

ទន្ទឹមនឹងនេះ អ្នកច្បាប់មួយចំនួនក៏បានលើកឡើងដែរថា ការកំណត់តម្លៃនេះ
ផ្ទុយគ្នាពីច្បាប់វិនិយោគរបស់កម្ពុជា។

យោងតាមមាតាទី១០ថ្មីនៃច្បាប់ស្តីពីវិនិយោគនៃប្រទេសកម្ពុជា ដែលធ្វើវិសោធន
កម្មកាលពីឆ្នាំ២០០៣ បានចែងថា រាជរដ្ឋាភិបាលមិនកំណត់ថ្លៃផលិតផល ឬថ្លៃ
សេវាកម្មនានានៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះឡើយ។

លោកលី តៃសេង នាយកប្រតិបត្តិក្រុមហ៊ុនមេធាវី HBS and Consultant បាន
និយាយថា ការប្រព្រឹត្តផ្ទុយនឹងច្បាប់វិនិយោគនេះ នឹងបង្អាក់ទឹកចិត្តវិនិយោគគិន
ដែលកំពុងវិនិយោគ និងអ្នកប៉នប៉ងមកវិនិយោគ។

"រដ្ឋចូលធ្វើអន្តរាគមន៍ក្នុងការកំណត់តម្លៃគឺថា វាខុសនឹងច្បាប់វិនិយោគយ៉ាងជាក់
ស្តែង ហើយបើក្នុងករណីយើងចេញវិធានការណ៍ណាមួយដោយបំពានលើច្បាប់
ខ្លួនឯងដែលមានស្រាប់ នោះវាអាចធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគ ដែលមាន
ស្រាប់ ហើយក៏អាចធ្វើឲ្យអ្នកដែលគេប្រុងមកវិនិយោគនោះ បាត់ជំនឿទុកចិត្តទៅ
លើប្រព័ន្ធច្បាប់របស់កម្ពុជាផងដែរ"។

ប៉ុន្តែក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA សម្លេងសហរដ្ឋអាមេរិក លោក
សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានច្រាន ចោលការរិះ
គន់របស់អ្នកសេដ្ឋកិច្ច និងអ្នកច្បាប់ ដោយអះអាងថា ប្រកាសនេះមិនមែនជាការ
លូកដៃក្នុងអាជីវកម្មរបស់ក្រុមហ៊ុនឯកជនឡើយ ប៉ុន្តែវាជាវិធានការបន្ទាន់ និង
ត្រឹមត្រូវដើម្បីបញ្ចប់វិវាទរវាង ក្រុមហ៊ុនទូរគមនាគមន៍។

"ដល់បញ្ហានេះកើតឡើង បើរដ្ឋអត់ឈរជាអាជ្ញាកណ្តាល គឺ បញ្ហាហ្នឹងអត់ដោះ
ស្រាយរួចទេ។ មិនមែនជាការលូកដៃទេ។គឺរដ្ឋត្រូវធ្វើជាអាជ្ញាកណ្តាលមួយដើម្បី
ឲ្យក្រុមហ៊ុនប្រកួតប្រជែងក្នុងលក្ខណៈមិនសម្លាប់គ្នាទៅវិញទៅមក។បញ្ហាសំខាន់
គឺគុណភាពនិងតំបន់គ្របដណ្តប់"។

ដូចគ្នានេះដែរ លោកលឹម សុវណ្ណារ៉ា អ្នកសេដ្ឋកិច្ចនៃកម្មវិធីអភិវឌ្ឍន៍សហប្រជា
ជាតិ UNDP បាននិយាយថា ក្នុងស្ថានភាពជម្លោះបែបនេះ វាមិនទាន់ដល់ពេល
ដែលរដ្ឋាភិបាលចាំបាច់ត្រូវកំណត់ថ្លៃសេវានោះទេ។ការធ្វើបែបនេះ ហាក់ដូចជា
ជួយរក្សាប្រយោជន៍ដល់ក្រុមហ៊ុនទូរស័ព្ទធំៗមួយចំនួន ដោយសារពួកគេអាច
រក្សាតម្លៃសេវាខ្ពស់ដដែល។ ចំណែកក្រុមហ៊ុនទូរស័ព្ទចល័តតូចៗដែលពឹងផ្អែក
លើការផ្តល់តម្លៃសេវាទាបដើម្បីកៀងគរអតិថិជននោះ អាចនឹងជួបវិបត្តិ។

លោក Eric Sidgwick អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី និយាយ
ថា ការកំណត់ថ្លៃនេះមិនប្រាកដថា បានជោគជ័យនោះទេ ។ ផ្ទុយទៅវិញ វិធាន
ការរដ្ឋបាលគួរតែត្រូវបានប្រើជំនួសឲ្យការកំណត់ថ្លៃ។

"ការកំណត់ថ្លៃមិនមែនជារឿងល្អនោះទេ។ ប្រសិនបើអ្នកចង់សម្រាលបញ្ហានេះ
ការកំណត់តម្លៃដូច្នេះមិនមែនជាជម្រើសល្អបំផុតទេ ។ អ្នកគួរតែបណ្តោយឲ្យ
តម្លៃធ្លាក់ដល់ចំណុចដែលវាអាចធ្លាក់ទៅដល់ ក្នុងទីផ្សារនេះ ហើយអ្នកស្វែង
រកយន្តការផ្សេងដើម្បីទូទាត់ជាមួយអ្នករងផលប៉ះពាល់វិញ"។

រហូតដល់ឆ្នាំ២០០៩នេះ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទជាង៤លាន
នាក់ក្នុងចំណោមប្រជាជនសរុប១៤លាននាក់។ ទឹកប្រាក់វិនិយោគក្នុងវិស័យទូរ
គមនាគមន៍នៅប្រទេសកម្ពុជា បានកើនពីជាង ៣០លានដុល្លារ កាលពីពាក់
កណ្ដាលឆ្នាំ២០០៨ ដល់ជាង២៣៤លានដុល្លារនៅពាក់កណ្ដាលឆ្នាំ២០០៩ដែល
អនុញ្ញាតឲ្យរដ្ឋាភិបាលរកចំណូលបានពីពន្ធប្រមាណ៣០លានដុល្លារក្នុងមួយ
ឆ្នាំ។

តំណាងផ្លូវការនៃក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Axiata 016, Star-Cell 098,
Beeline 090, Smart 010 និង Viettel 097 ដែល VOA សម្លេងសហរដ្ឋ
អាមេរិក បានទាក់ទង បានបដិសេធមិនផ្តល់យោបល់លើប្រកាសចុងក្រោយនេះ
ទេ។ ទោះយ៉ាងណា មន្ត្រីក្រៅផ្លូវការរបស់ក្រុមហ៊ុនមួយចំនួន និយាយថា ក្រុម
ហ៊ុនកំពុងរៀបចំតារាងតម្លៃថ្មី ហើយតម្លៃថ្មីនេះនឹងដាក់ចេញឲ្យប្រើប្រាស់ចាប់
ផ្តើមពីខែមករាឆ្នាំក្រោយតទៅ។ ស្របពេលជាមួយគ្នានេះមន្ត្រីនៃក្រុមហ៊ុនទាំង
នេះ និយាយថា ការកំណត់តម្លៃថ្មីនេះនឹងធ្វើឲ្យមានការបាត់បង់អតិថិជន ជា
ពិសេសសម្រាប់ក្រុមហ៊ុនដែលមាន បណ្តាញគ្របដណ្តប់នៅទន់ខ្សោយ។

អ្នកសេដ្ឋកិច្ចមួយចំនួនបានស្នើឲ្យក្រសួងពិចារណាលើសេចក្តីសម្រេចរបស់ខ្លួន
ឡើងវិញ។

ប៉ុន្តែលោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសា-
សន៍ថា ប្រកាសមិនអាចលុបចោលបានទេ។

តែតម្លៃដែលបានកំណត់អាចនឹងប្រែប្រួលនៅពេលស្ថានភាពស្ងប់ស្ងាត់ ឬមាន
ការស្នើសុំពីប្រតិបត្តិករទូរស័ព្ទ។ លោកសូរ ឃុនបន្តថា រៀងរាល់ពីរខែម្តងចាប់
ពីពេលនេះតទៅ ក្រសួងនឹងបើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុនទូរស័ព្ទដើម្បីរក
ដំណោះស្រាយល្អប្រសើរ។

ពីរាជធានីភ្នំពេញ ខ្ញុំ រស់ សុធា VOA សម្លេងស.រ.អា.៕

XS
SM
MD
LG