ដើម្បីស្តាប់ព័ត៌មាននេះ
កំណត់សម្គាល់និពន្ធនាយក៖ កម្ពុជាមិនបានរុករកនិងអភិវឌ្ឍធនធានធម្មជាតិ
ប៉ុន្មានទេក្នុងអំឡុងសង្គ្រាមស៊ីវិលនិងជម្លោះផ្ទៃក្នុងរវាងឆ្នាំ១៩៧០ និង១៩៩៣
ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុងរវាងពីរ
ទសវត្សរ៍ចុងក្រោយនេះ ។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសាក្នុងបទ
សម្ភាសន៍មួយឈុតថា សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុងការគ្រប់
គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាកាត់បន្ថយភាព
ក្រីក្រនិងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
លោកអ៊ឹម
សុធារិទ្ធ វីអូអេ ផ្នែកខេមរភាសា
បានរៀបចំកម្មវិធីប្រចាំសប្តាហ៍មួយ
ឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិងកម្ពុជា
ដែលត្រូវចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ។
ក្នុងភាគទី១៣នេះ
លោកអ៊ឹម សុធារិទ្ធរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា អ្នក
ជំនាញនិយាយថា
ប្រព័ន្ធផ្សព្វផ្សាយក៏អាចជាអ្នកសម្របសម្រួលដោយផ្ទាល់
និងដោយប្រយោល តែអកុសល
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក
មិនសូវផ្តោតលើ
ការផ្សព្វផ្សាយអំពីបញ្ហាធនធានធម្មជាតិទេ
។ សេចក្តីរាយការណ៍នេះមានខ្លឹម
សារដូចតទៅ៖
ទោះបីប្រព័ន្ធផ្សព្វផ្សាយមានតួនាទីដ៏សំខាន់ក្នុងការរាយការណ៍អំពីការគ្រប់គ្រង
ធនធានធម្មជាតិក៏ដោយ អ្នកជំនាញឱ្យដឹងថា ច្បាស់ណាស់ថា
ប្រព័ន្ធផ្សព្វ
ផ្សាយក្នុងស្រុកមិនសូវផ្សាយអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេស
កម្ពុជាទេ។នេះគឺបណ្តាលមកពីវាជាបញ្ហារសើប
ដែលអ្នកប្រព្រឹត្តបទល្មើសជា
ច្រើនជាឥស្សរជននយោបាយ
ឬ អ្នកជំនួញដែលស្និទ្ធនឹងមន្រ្តីរដ្ឋាភិបាល
នេះ
បើតាមសម្តីរបស់អ្នកជំនាញ ដែលបានប្រាប់ វីអូអេ ផ្នែកខេមរភាសាក្នុងបទ
សម្ភាសន៍តាមទូរស័ព្ទមួយឈុត
។
បណ្ឌិតផល ខូលីយ័រ (Paul
Collier) ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកល
វិទ្យាល័យអក់ស្វ៊ត (Oxford
University) នៃចក្រភពអង់គ្លេសនិងជាអ្នកនិពន្ធ
សៀវភៅឈ្នះពានរង្វាន់
ដែលមានចំណងជើងថា “អ្នកក្ររាប់កោដិ៍៖ ហេតុអ្វី
បានជាប្រទេសក្រីក្របំផុតបរាជ័យ
ហើយតើត្រូវដោះស្រាយដោយរបៀបណា”
មានប្រសាសន៍ថា ដើម្បីកសាងសង្គមមួយដែលមានចំណេះដឹង ប្រព័ន្ធផ្សព្វ
ផ្សាយល្អគឺត្រូវការជាចាំបាច់
ពីព្រោះប្រព័ន្ធផ្សព្វផ្សាយអាចជួយផ្តល់ព័ត៌មាន
ដល់ប្រជាពលរដ្ឋដើម្បីឱ្យដឹងអំពីបញ្ហា
និង ប្រយោជន៍សាធារណ ។ បណ្ឌិត
ខូលីយ័រហៅប្រជាពលរដ្ឋដែលមានចំណេះដឹងទាំងនេះថា
ជាមហាជនសំខាន់
ដែលអាចជួយធ្វើឱ្យរដ្ឋាភិបាលមានគណនីភាពចំពោះការគ្រប់គ្រងធនធានធម្ម
ជាតិ ។ ប៉ុន្តែលោកខូលីយ័រមានប្រសាសន៍ថា
វាជាការលំបាកក្នុងការកសាង
មហាជនសំខាន់ក្នុងខណៈដែលមិនមានប្រព័ន្ធផ្សព្វផ្សាយល្អ ។ លោកបាន
ប្រាប់វីអូអេផ្នែកខេមរភាសាថា៖
“អ្នកកំពុងធ្វើការរបស់អ្នកដោយផលិតកម្មវិធីវិទ្យុ។ វាជាការលំបាកនឹងដឹងអំពី
ព័ត៌មានផ្សេងៗ
នៅក្នុងសង្គមមួយដែលគ្មានកាសែតល្អ
មានព័ត៌មានតិចតួច
នៅក្នុងទស្សនាវដ្តី
ហើយមិនសូវមានកម្មវិធីវិទ្យុល្អ។ នេះជាបញ្ហាមួយ។ សង្ឃឹម
ថា
មានមនុស្សស្តាប់ ហើយកសាងផ្អែកលើព័ត៌មាន
ដើម្បីក្រោកឡើង ដើម្បី
បង្កើនល្បឿន។ការចាំបាច់ត្រូវការមនុស្សគ្រប់គ្នានៅក្នុងសង្គមមានចំណេះដឹង
ច្រើនអំពីបញ្ហាហ្នឹង
។ យើងត្រូវការតែអ្វីដែលហៅថា
មហាជនសំខាន់តែមួយ
ក្រុម
ដែលមានគ្នាពីរបីពាន់នាក់
ដែលមានការយល់ដឹងអំពីបញ្ហា
ដើម្បីធ្វើឱ្យ
រដ្ឋាភិបាលមានគណនីភា”
។
ក្នុងករណីប្រទេសកម្ពុជា
លោកស្រីជា វណ្ណាត
អតីតនាយកមជ្ឈមណ្ឌលអភិ-
វឌ្ឍន៍សង្គម
និង ជាអ្នកវិភាគឯករាជ្យ
បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរ
ស័ព្ទថា
វាជាការពិតដែលប្រទេសកម្ពុជាមិនមានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកល្អ
ដែលមានសមត្ថភាពក្នុងការផ្តល់ព័ត៌មានអំពីបញ្ហាគ្រប់គ្រងធនធានធម្មជាតិ
ប៉ុន្តែជួនកាលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិហាក់ដូចជាដើរតួនាទីនេះ
។ លោក
ស្រីបន្តទៀតថា៖ “អ្វីដែលយើងឮនោះ គឺឮតាមវិទ្យុអាស៊ីសេរី និង វិទ្យុសម្លេង
សហរដ្ឋអាមេរិក
ដែលបំពងសម្លេងមកប្រជាពលរដ្ឋ”
។
សេចក្តីថ្លែងនេះត្រូវបានបញ្ជាក់ដោយប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ
គឺ
លោកសារ៉ុម ដែលបានប្រាប់វីអូអេផ្នែកខេមរភាសាថា
លោកបានឮអំពីបញ្ហា
គ្រប់គ្រងធនធម្មជាតិ
តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ
ក្នុងខណៈ ដែល
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកម្រធ្វើការផ្សព្វផ្សាយ ។
លោកបន្តថា៖ “វិទ្យុ
ទូរ
ទស្សន៍គេមិនសូវនិយាយអំពីការគ្រប់គ្រងធនធានធម្មជាតិទេ
។ ច្រើនតែឮពី
វិទ្យុ វីអូអេ
និង អាស៊ីសេរី
ដូចជាគណៈកម្មការទន្លេមេគង្គមានផែនការធ្វើអីៗ
អញ្ចឹង។
វិទ្យុទូរទស្សន៍នៅក្នុងស្រុកខ្មែរមិនសូវនិយាយ
គេនិយាយតែអំពីការ
រីកចម្រើន
។ តែមានខ្លះដែរ ដូចជាគេធ្វើស្ប៉តខ្លីៗ
អប់រំយើងកុំឱ្យសម្លាប់សត្វ
ព្រៃឱ្យមានទិវាដាំដើមឈើរបស់រដ្ឋាភិបាល។ប៉ុន្តែរឿងធំដុំដ៏ទៃទៀតមិនដែល
ឃើញមាន”
។
លោកពុយ
គា អ្នកឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន Kyodo របស់
ជប៉ុន
ហើយនិងជាសមាជិកគណៈកម្មការនាយកនៃក្លឹបអ្នកកាសែតកម្ពុជា
បានទទួលស្គាល់ថា
ការផ្សព្វផ្សាយអំពីការគ្រប់គ្រងធនធានធម្មជាតិរបស់ប្រ-
ព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានកំណត់
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ
មានការ
ផ្សព្វផ្សាយទូលំទូលាយជាង
ជាពិសេសបញ្ហារសើប ។ លោកបន្ថែមទៀតថា៖
“យើងឃើញថា
មានសារព័ត៌មានមួយចំនួន
ដូចជាវិទ្យុវីអូអេ
សម្លេងសហរដ្ឋ
អាមេរិក ឬមួយក៏ RFI ឬ
វិទ្យុអាស៊ីសេរី ។
អញ្ចឹងទាំងអស់ហ្នឹងគាត់តែងបាន
ផ្សព្វផ្សាយច្រើនដែរ
អំពីបញ្ហាទាក់ទងទៅហ្នឹងសកម្មភាពអសកម្ម
ឬ ក៏អំពើ
ដែលគេហៅថា
អវិជ្ជមានមួយចំនួននៅក្នុងសង្គម”
។
លោក ពុយ
គា បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា
លោកបានកត់
សម្គាល់ឃើញថា
មានកត្តាបីដែលរារាំងមិនឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្តោត
លើការគ្រប់គ្រងធនធានធម្មជាតិ ។ លោកបាននិយាយដូច្នេះថា៖ “ទីមួយបញ្ហា
សេដ្ឋកិច្ច
ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅមានកម្រិត ។ ដូច្នេះ
ប្រធានបទទាក់ទងទៅនឹងបញ្ហានៃការគ្រប់គ្រងធនធានធម្មជាតិហ្នឹង វាមិនទាន់
ជាអាទិភាព ។
ចំណុចទីពីរខ្ញុំយល់ថា
សុវត្ថិភាពរបស់អ្នកសារព័ត៌មានពុំទាន់
មានពេញលេញនៅឡើយទេ
ក្នុងនោះគឺផ្តោតសំខាន់ទៅលើការចុះទៅយកព័ត៌
មាន
ឬការស៊ើបអង្កេតព័ត៌មាន
នៅក្នុងតំបន់
ឬមួយក៏ស្ថាប័នណាដែលពាក់ព័ន្ធ
ទៅនឹងបញ្ហារសើប
ដូចជាបញ្ហាពុករលួយ
ឬ មួយក៏បញ្ហាមិនប្រក្រតី។ ទីបីខ្ញុំ
ទទួលស្គាល់ថា
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន
ស្ថានភាពសារព័ត៌មានគឺថា
នៅ
មាននិន្នាការភាគច្រើនលំអៀងទៅកាន់រដ្ឋាភិបាល
ឬគណបក្សកាន់អំណាច”។
ដោយបានទទួលស្គាល់អំពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការគ្រប់គ្រង
ធនធានធម្មជាតិ
លោកឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការ
សិទ្ធិមនុស្សអាស៊ី
ប្រចាំទីក្រុងហុងកុង បានប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមទូរ
ស័ព្ទថា
ប្រព័ន្ធផ្សព្វផ្សាយនាំមកជូនប្រជាពលរដ្ឋនូវព័ត៌មាន
និងដំណឹងផ្សេងៗ
ទាក់ទិនទៅនឹងធនធានធម្មជាតិ
ដើម្បីឱ្យពួកគេយល់ដឹងយ៉ាងទូលំទូលាយ
និង
ធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាព ។ លោកមានប្រសាសន៍ថា៖ “គេ
ស្តាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក
ឬ ក៏វិទ្យុអាស៊ីសេរី
ឬ វិទ្យុជាតិដែរនៅក្នុងស្រុក
យើងហ្នឹង។គេស្តាប់។យើងមានប្រព័ន្ធផ្សព្វផ្សាយច្រើន ក៏ប៉ុន្តែគា្នខ្លាច។
អាហ្នឹង
ទាល់តែមានព័ត៌មានផ្សេងៗដើម្បីថ្លឹងថ្លែង
ហើយអាចមានសិទ្ធិសេរីភាពក្នុងការ
និយាយស្តី
បញ្ចេញមតិ ហើយក៏ជាមុខនាទីប្រព័ន្ធផ្សព្វផ្សាយ
កាសែត វិទ្យុដែរ
ដើម្បីយកការណ៍
និង សម្ភាសអីផ្សេងៗដើម្បីផ្សព្វផ្សាយ
។ អាហ្នឹងគឺជាមុខ
នាទីរៀងៗខ្លួនដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដឹង”
។
នាងអេលីណ័រ
នីកូល(Eleanor
Nichol) អ្នកយុទ្ធនាការអង្គការក្លូបលវិតណេស
បានប្រាប់ វីអូអេ ផ្នែកខេមរភាសាថា
ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយត្រូវបានផ្តល់
សេរីភាពពេញលេញក្នុងការយកព័ត៌មានអំពីរឿងរ៉ាវ ដែលទាក់ទិននឹងធនធាន
ធម្មជាតិមកផ្សព្វផ្សាយ
វាអាចជួយនាំយកតម្លាភាពដ៏សំខាន់ទៅដល់ការគ្រប់
គ្រងធនធានធម្មជាតិរបស់រដ្ឋាភិបាលកម្ពុជា
។ នាងនីកូល បន្ថែមថា៖ “ប្រសិន
បើគេអនុញ្ញាតឱ្យមានការផ្សព្វផ្សាយព័ត៌មានស្តីអំពីអ្នកណាធ្វើអាជីវកម្មលើធន
ធានអ្វីនោះ
ប្រជាពលរដ្ឋនៅក្នុងតំបន់
និង អង្គការសង្គមស៊ីវិល
មានលទ្ធភាព
នឹងមើលឃើញអ្វី
និងអ្នកណាទទួលការគ្រប់គ្រងធនធានរបស់គេ
ហើយចាប់
ផ្តើមអំពាវនាវដល់រដ្ឋាភិបាលឱ្យមានការទទួលខុសត្រូវចំពោះរឿងនោះ”
។
អ្នកបានជំនាញឱ្យដឹងថា
ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ក្នុងឋានៈជាអ្នក
សម្របសម្រួលដែលនាំយកព័ត៌មាននិងយោបល់នៃអ្នកមានចំណែកទាំងអស់
ដើម្បីឱ្យគេអាចចូលរួមឱ្យបានពេញលេញ
ក្នុងដំណើរការនៃការសម្រេចចិត្តការ
តាក់តែគោលនយោបាយ
និងការអនុវត្តច្បាប់ ។
តែអ្នកជំនាញនិយាយថា ជា
អកុសល
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសកម្ពុជាមិនទាន់អភិវឌ្ឍនិងនៅ
ឆ្ងាយពីតួនាទីដ៏សកម្មក្នុងការលើកឡើងនូវការប្រឈមមុខទាំងឡាយក្នុងការ
គ្រប់គ្រងធនធានធម្មជាតិ
ដែលកម្ពុជាកំពុងជួបប្រទះ
។
រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេផ្នែកខេមរភាសា៕