ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាអនុម័តថវិកាជាតិឆ្នាំ២០១០មាន ទឹកប្រាក់ជិត២.០០០លានដុល្លារ


ដើម្បីស្តាប់ព័ត៌មាននេះ

ថវិកាជាតិឆ្នាំ២០១០ ដែលមានទឹកប្រាក់ជិត២.០០០លានដុល្លារអាមេរិក ត្រូវ
បានអនុម័ត ប៉ុន្តែក្រុមសមាជិកសភាគណបក្សប្រឆាំងបានរិះគន់ការចំណាយ
ច្រើនលើវិស័យការពារជាតិ និងសន្តិសុខ ច្រើនជាងវិស័យសង្គមកិច្ច។

លោកជន សក្តា សូមជូនព័ត៌មាននេះ។

រដ្ឋសភាកម្ពុជា នៅថ្ងៃអង្គារ៍នេះ បានអនុម័តកញ្ចប់ថវិកាជិត២.០០០ លាន
ដុល្លារអាមេរិកសម្រាប់ការចំណាយនៅក្នុងឆ្នាំ២០១០ ដោយបង្កើនការចំណាយ
លើវិស័យការពារជាតិនិងសន្តិសុខរហូតដល់២៨,៤% ច្រើនលើសវិស័យសង្គម
កិច្ច។

សមាជិកសភាចំនួន ៨១រូបនៃសមាជិកសភាមានវត្តមានចំនួន ១០៣រូប បាន
បោះឆ្នោតអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១០ ដែលមានទឹកប្រាក់ ១៩៩៣លាន
ដុល្លារអាមេរិក គឺ មានជាង១០០លានដុល្លារអាមេរិក កើនលើសថវិកាជាតិឆ្នាំ
២០០៩។

នៅក្នុងថវិកាជាតិឆ្នាំ២០១០នេះ ការចំណាយសម្រាប់វិស័យការពារជាតិ និង
សន្តិសុខ មានចំនួនជាង ២៧៦លានដុល្លារ គឺកើនពីចំនួន ២២៣លានដុល្លារ
នៅក្នុងឆ្នាំ២០០៩ ។ ក្រសួងសុខាភិបាលទទួលបានទឹកប្រាក់ជាង ១៤៤លាន
ដុល្លារ ដែលកើនឡើង ១៩,១%លើសកញ្ចប់ថវិកាឆ្នាំ ២០០៩ ក្រសួងអប់រំ
ជាង១៩៨លានដុល្លារ ដែលកើនឡើង១១,១%លើសកញ្ចប់ថវិកាឆ្នាំ ២០០៩
ក្រសួងកសិកម្មជាង ២១លានដុល្លារ ដែលកើនឡើង១៣,៦% លើសកញ្ចប់
ថវិកាឆ្នាំ២០០៩ ក្រសួងអភិវឌ្ឍន៍ជនបទជិត២០លានដុល្លារ ដែលកើនឡើង
៣០,៤%លើសកញ្ចប់ថវិកាឆ្នាំ២០០៩ និង ក្រសួងធនធានទឹកជាង៨,៨លាន
ដុល្លារ ដែលកើនឡើង១៧,៣% លើសកញ្ចប់ថវិកាឆ្នាំ២០០៩។

លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ
យ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភា ដែលបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១០នេះ
ដែលជាឧបករណ៍សម្រាប់អនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាលឱ្យសម្រេច
បានតាមគោលដៅទាំងឡាយ ជាពិសេសគោលនយោបាយចតុកោណរបស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

"រដ្ឋាភិបាលនៅតែប្រកាន់នូវមហិច្ឆិតាខ្ពស់ដែលចង់បានកំណើនសេដ្ឋកិច្ចកម្ពុជា
ចំនួន៧%ក្នុង១ឆ្នាំនិងកាត់បន្ថយភាពក្រីក្រយ៉ាងតិច១%ក្នុង១ឆ្នាំ"។

លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ថា តំណាងរាស្ត្រ
៣រូបរបស់យើងមិនបោះឆ្នោតគាំទ្រច្បាប់ថវិកាជាតិឆ្នាំ២០១០នេះទេ។

"រដ្ឋាភិបាលយើងមិនឃើញបង្កើនការចំណាយឱ្យសមស្របតាមអ្វីដែលជាបញ្ហា
ជាក់ស្តែង ដូចជាលើវិស័យសុខាភិបាល អប់រំ និង កសិកម្ម មានការបង្កើនតិច
តួចពេក ។ យើងអត់ពេញចិត្តនឹងច្បាប់នេះទេ ដោយសាររដ្ឋាភិបាលមិនត្រឹម
តែសម្រាលទុក្ខរបស់ប្រជាពលរដ្ឋ ថែមទាំងដាក់បន្ទុកទៅលើប្រជាពលរដ្ឋ"។

លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា យើងមិន
អាចទទួលបាននូវច្បាប់ថវិកាជាតិឆ្នាំ២០១០ ដែលគ្មានតម្លាភាព និងការបង្ខំឱ្យ
ប្រជាពលរដ្ឋបង់ពន្ធលើអចលនទ្រព្យ និងយានជំនិះគ្រប់ប្រភេទ។

"ច្បាប់ថវិកាជាតិឆ្នាំ២០១០នេះបង្ខំឱ្យប្រជាពលរដ្ឋបង់ពន្ធ ហើយការបង់ពន្ធ
បន្ថែមនេះមិនអាចធ្វើបានទេនៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបវិបត្តិសេដ្ឋ
កិច្ច ហើយអត់អាចជួយប្រជាពលរដ្ឋ។ ធម្មតាការបង្ខំឱ្យប្រជាពលរដ្ឋបង់ពន្ធ
មានន័យថា បង្ខំឱ្យប្រជាពលរដ្ឋទទួលនូវបន្ទុកថែមមួយទៀត ពីអ្វីដែលវិបត្តិ
សេដ្ឋកិច្ចដាក់លើប្រជាពលរដ្ឋហើយ។ឥឡូវនេះទាំងអ្នកមានទាំងអ្នកក្រជួប
វិបត្តិទាំងអស់នៅក្នុងប្រទេសកម្ពុជា"។

ក្រុមសមាជិកសភាគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ច្បាប់ថវិកាជាតិ
ឆ្នាំ ២០១០នេះ បានឆ្លុះបញ្ជាំងនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីធានា
កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងធានាការពារបូរណ
ភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ប្រទេសថៃ។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

XS
SM
MD
LG