ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការ គ្រប់គ្រងធនធានធម្មជាតិ


ដើម្បីស្តាប់ព័ត៌មាននេះ

[កំណត់សម្គាល់និពន្ធនាយក៖ កម្ពុជាមិនបានរុករកនិងអភិវឌ្ឍធនធានធម្មជាតិ
ប៉ុន្មានទេ ក្នុងអំឡុងសង្គ្រាមស៊ីវិល និង ជម្លោះផ្ទៃក្នុងរវាងឆ្នាំ ១៩៧០ និង ឆ្នាំ
១៩៩៣ ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុង
រវាងពីរទសវត្សរ៍ចុងក្រោយនេះ ។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសា
ក្នុងបទសម្ភាសន៍មួយឈុតថា សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុង
ការគ្រប់គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា កាត់
បន្ថយភាពក្រីក្រ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

លោក អ៊ឹម សុធារិទ្ធ នៃវីអូអេផ្នែកខេមរភាសា បានរៀបចំកម្មវិធីប្រចាំសប្តាហ៍
មួយឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិង
កម្ពុជាដែលត្រូវចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ។ ក្នុងភាគទី១១នេះលោក
អ៊ឹម សុធារិទ្ធ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា ប្រជាពលរដ្ឋគ្មានឱកាស
ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាទេ បើទោះបីជារដ្ឋា
ភិបាលព្យាយាមបង្កើតសហគមន៍មូលដ្ឋាន ជួយការពារធនធានធម្មជាតិក៏
ដោយ]។

ប្រជាពលរដ្ឋកម្ពុជាមិន ដែលមានឱកាសចូលរួមឱ្យបានពេញលេញក្នុងកិច្ចការ
គ្រប់គ្រងធនធានធម្មជាតិ ដែលជាគោលការណ៍ ជាកម្មសិទ្ធិរបស់ប្រជាពល
រដ្ឋនោះទេ ហើយសក្តានុពលសមា្រប់ការចូលរួមរបស់ប្រជាពលរដ្ឋនាពេល
អនាគតមានតិចតួចបំផុត ពីព្រោះតែវប្បធម៌ការងារនិងយន្តការគ្រប់គ្រងធន
ធានធម្មជាតិរបស់រដ្ឋាភិបាល។នេះជាទស្សនៈរបស់អ្នកជំនាញដែលបានប្រាប់
វីអូអេ ផ្នែកខេមរភាសាក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយឈុត។ សារៈសំខាន់
នៃការចូលរួមរបស់ប្រជាពលរដ្ឋមិនត្រូវបានយកចិត្តទុកដាក់ ហើយប្រជាពល
រដ្ឋមានសារៈសំខាន់ តែនៅពេលណាគេត្រូវការសន្លឹកឆ្នោតដើម្បីច្បាមយក
អំណាចឬដើម្បីធ្វើប្រជាភិថុតិប៉ុណ្ណោះ។ អ្នកជំនាញឱ្យដឹងថា តាមពិត សង្គម
ដែលមានចំណេះដឹង ដែលកើតឡើងពីមហាជនរឹងមាំ គឺមានសារៈសំខាន់
ណាស់ មិនអាចយកអ្វីមកជំនួសបានទេសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ
ឱ្យមានប្រសិទ្ធិភាព ។

បណ្ឌិតឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី
ប្រចាំទីក្រុងហុងកុង បានប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមទូរស័ព្ទថា ប្រជា
ពលរដ្ឋសាមញ្ញមានសិទ្ធិក្នុងការលើកឡើងការព្រួយបារម្ភរបស់គេអំពីការគ្រប់
គ្រងធនធានធម្មជាតិ ព្រោះធនធានធម្មជាតិជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់
រូប ។ ការយកការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមកពិចារណា គឺ ជាផ្នែកមួយ
នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលរាល់រដ្ឋាភិបាលប្រជាធិបតេយ្យត្រូវតែ
អនុវត្ត។ លោកបន្តទៀតថា ទាក់ទិនទៅនឹងមហាជនខ្លាំង ដែលពេញដោយ
ចំណេះដឹង ប្រជាពលរដ្ឋកម្ពុជាដឹងអំពីរឿងរ៉ាវទាក់ទិននឹងសម្បតិ្តធម្មជាតិ ប៉ុន្តែ
ការរិតត្បិតសេរីភាពនៃការបញ្ចេញមតិ ធ្វើឱ្យគេមានការភ័យខ្លាច មិនហ៊ាន
លើកឡើងនូវក្តីកង្វល់របស់ខ្លួន។ លោកមានប្រសាសន៍ថា៖

“ខ្ញុំថា មតិមហាជន។ឥឡូវនេះគឺមានមតិមហាជន។ហើយគួររដ្ឋាភិបាលស្តាប់
មតិមហាជន ដែលបញ្ចេញទស្សនៈក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់
កម្ពុជាយើងហ្នឹង ហើយនិងផលវិបាកទាំងឡាយ ដូចជាការធ្វើឱ្យខូចបរិស្ថាន
ផ្សេងៗ។ រឿងនេះត្រូវតែយកចិត្តទុកដាក់ ហើយឆ្លើយតបមកវិញ ហើយចាត់
វិធានការយ៉ាងម៉េច។

បណ្ឌិត ផល ខូលីយ័រ (Paul Collier) សាស្រ្តាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យា
ល័យអក់ស្វ៊ត (Oxford) ចក្រភពអង់គ្លេស និងជាអ្នកនិពន្ធសៀភៅឈ្នះពាន
រង្វាន់ដែលមានចំណងជើងថា អ្នកក្ររាប់កោដិ៍ បានប្រាប់ វីអូអេ ផ្នែកខេមរ
ភាសាក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ជាទូទៅមហាជនខ្លាំង គឺ មានសារៈ
សំខាន់ណាស់ ក្នុងការធ្វើឱ្យរដ្ឋាភិបាលមានគណនីភាព និងធ្វើការសម្រេចចិត្ត
ត្រឹមត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ ។ លោកបន្តថា៖

“រដ្ឋាភិបាលមិនអាចសម្រេចចិត្តឱ្យបានត្រឹមត្រូវទេ ប្រសិនបើមិនមានមហាជន
ខ្លាំងដែលយល់ដឹងអំពីបញ្ហាទេនោះ ។ នេះគឺជាចំណុចទីមួយ ។ ប្រជាពលរដ្ឋ
ត្រូវតែក្រោកឡើង និងនិយាយ ជាពិសេសការគ្រប់គ្រងធនធានធម្មជាតិជាប់
ពាក់ព័ន្ធទៅនឹងអនាគត។ធនធានទាំងនេះនឹងត្រូវខ្សោះអស់។ដូច្នេះនិស្សារកម្ម
នៃធនធានទាំងនេះត្រូវទុកសម្រាប់ការវិនិយោគល្អទៅថ្ងៃអនាគត” ។

លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យនិងអតីតនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍
សង្គម បានបា្រប់ វីអូអេ ផ្នែកខេមរភាសាថា ចំណេះដឹងរបស់ប្រជាពលរដ្ឋសា-
មញ្ញអំពីការគ្រប់គ្រងធនធានធម្មជាតិមានកំណត់ដែលនេះជាឱកាសសម្រាប់
អ្នកតាក់តែងគោលនយោបាយ និង អាជ្ញាធរនានាមិនយកចិត្តទុកដាក់ចំពោះ
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋសាមញ្ញ។ លោកស្រីបន្តទៀតថា៖

“ប្រជាពលរដ្ឋខ្លួនឯងនៅខ្វះការយល់ដឹង។ការដែលឃើញគេធ្វើអញ្ចឹង លោក
មិនដឹងថា គេធ្វើហ្នឹងខុសច្បាប់ ឬត្រូវច្បាប់ ឬក៏ក្នុងនាមលោកជាប្រជាពលរដ្ឋ
លោកត្រូវធ្វើបាតុកម្មយ៉ាងម៉េច។ លោកអត់ច្បាស់អំពីកន្លែងហ្នឹងទេ។ ប្រសិន
បើលោកលើកជាកង្វល់ អ្វីដែលថាប៉ះពាល់ដល់ជីវភាពលោកហើយ ប៉ះពាល់
ដល់ការទទួលទានរបស់លោកហើយ។ អ្វីដែលលោកលើកទៅ វាបាត់នៅត្រឹម
ហ្នឹងទៅ មិនមានជាយន្តការអីសម្រាប់បន្តពីអាជ្ញាធរដែនដីមកដល់មន្ទីរខេត្ត
ឬ មកដល់ក្រសួងនៅក្នុងក្រុង។ យើងអត់មានស្ពានសម្រាប់ចម្លងសម្លេងអស់
ហ្នឹង” ។

ទោះបីជាមានការរិះគន់ជាច្រើនអំពីវិធានការរបស់រដ្ឋាភិបាលចំពោះការគ្រប់គ្រង
ធនធានធម្មជាតិ និងការរិតត្បិតចំពោះសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ
ក៏ដោយ ក៏លោកងួន ញ៉ិល អនុប្រធានរដ្ឋសភា នៅក្នុងបទសម្ភាសន៍តាមទូរ
ស័ព្ទជាមួយ វីអូអេ ផ្នែកខេមរភាសាបានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់
ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងធនធានធម្មជាតិខណៈដែលរដ្ឋាភិបាលលើកទឹក
ចិត្តឱ្យប្រជាពលរដ្ឋបង្កើតសហគមន៍មូលដ្ឋានដើម្បីជួយការពារធនធានធម្ម-
ជាតិ ។ លោកបន្តទៀតថា៖

“ឥឡូវនេះរដ្ឋាភិបាលបានចាត់តាំងប្រជាពលរដ្ឋយើង ចងក្រងជាសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើជាម្ចាស់លើធម្មជាតិ ដូចជាសហគមន៍ការពារព្រៃឈើ
សហគមន៍ការពារឡូត៍នេសាទ ។ អញ្ចឹងគឺថា គាត់នេសាទនៅឡូត៍របស់គាត់
អញ្ចឹងគាត់ការពារតែម្តង។ អ្នកណាទៅធ្វើផ្តេសផ្តាស ប្រព្រឹត្តខុស គាត់ចាប់តែ
ម្តង។ ប្រជាជនមានអំណាចចាប់អ្នកហ្នឹងតែម្តង ដោយសហការជាមួយសមត្ថ
កិច្ចត្រឹមត្រូវតាមច្បាប់។ដូច្នេះការបង្កើតសហគមន៍នេះមានប្រយោជន៍ណាស់
ដើម្បីអនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាជនសមស្របនឹងគាត់ជាម្ចាស់អំណាច”។

លោកសារ៉ុម អ្នកបើកបរនៅរាជធានីភ្នំពេញ បានប្រាប់វីអូអេផ្នែកខេមរភាសា
តាមទូរស័ព្ទថា លោកយល់ថា វាគឺជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ប្រ-
ជាពលរដ្ឋសាមញ្ញ ប៉ុន្តែ ការគាបសង្កត់ផ្នែកការបញ្ចេញមតិពីអ្នកនយោបាយ
ដែលប្រជាពលរដ្ឋប្រគល់អំណាចឱ្យនិងភាពអត់ឃ្លានបានធ្វើឱ្យលោកមិនអាច
គិតអំពីអ្វីទៀតបាន ។ លោកបន្តទៀតថា៖

“គឺជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋមែនហើយ ប៉ុន្តែសម្រាប់តែប្រទេស
រីកចម្រើនទេ សម្រាប់ស្រុកខ្មែរយើងហ្នឹង ការរីកចម្រើនមានតិចបំផុត ។ ប្រជា
ពលរដ្ឋសព្វថ្ងៃហ្នឹង សូម្បីតែ ជីវភាពរស់នៅរបស់គាត់ មើលទៅប្រហែល៣០
ទៅ៤០ភាគរយដែលក្រលំបាក ។ ក្រលំបាកហ្នឹងមិនមែនក្រធម្មតាទេ គឺក្រ
រហូតដល់អត់មានអីហូបប្រចាំថ្ងៃ។ អញ្ចឹងឱកាសនៃការត្រួតពិនិត្យធនធាន
ធម្មជាតិឱ្យដឹងយល់ថា វាជាសម្បត្តិរបស់យើង ត្រូវគ្រប់គ្រង ត្រូវថែរក្សាយ៉ាង
ម៉េចនោះ វាអត់មានឱកាសនឹងគិត ពីព្រោះមនុស្ស កាលណាគ្មានស៊ី ហើយ
គ្មានបញ្ញាអីនឹងគិតរឿងអញ្ចឹងៗទេ” ។

លោកសារឿន ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានប្រាប់វីអូអេផ្នែកខេមរភាសា
តាមទូរស័ព្ទថា លោកដឹងថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់នៅក្នុងសង្គមប្រជា
ធិបតេយ្យ លោកមានការទទួលខុសត្រូវជាអ្នកតាមអង្កេតមើលការគ្រប់គ្រង
ធនធានធម្មជាតិ ប៉ុន្តែលោកមិនអាចធ្វើអ្វីបានទេនៅក្នុងស្ថានភាពកម្ពុជាបច្ចុ-
ប្បន្ននេះ។ តែអ្វីដែលគាត់អាចឃើញនោះគឺ ភ្នំដ៏ប្រណិតនៅក្បែរផ្ទះលោកត្រូវ
គេដាក់គ្រាប់បំបែក ហើយផ្លូវនៅមុខផ្ទះត្រូវបានកម្ទេចដោយរថយន្តដឹកថ្មភ្នំ
ទាំងនោះ។

“ទីមួយគឺយើងបាត់បង់ធនធានធម្មជាតិ ដែលមនុស្សគ្រប់ជំនាន់ដែលកើតមក
ឃើញមានស្រាប់ ។ នៅពេលគេបំផ្លិចបំផ្លាញ មានន័យថា យើងបាត់បង់សោ
ភ័ណភាព សម្បត្តិធម្មជាតិមួយផ្នែក ហើយការដឹកជញ្ជូននោះ ធ្វើឱ្យខូចផ្លូវថ្នល់
សល់តាំងពីណាពីណីមក ។ តាំងពីជំនាន់មុនៗមកខ្ញុំក៏មិនបានដឹងថា មានគេ
យកថ្មភ្នំទៅធ្វើអីដែរ ប៉ុន្តែពេលខ្ញុំកើតមក ឃើញមានភ្នំនៅល្អច្រើនជាងបច្ចុ-
ប្បន្ន” ។

យោងតាមរបាយការណ៍ចេញផ្សាយដោយភ្នាក់ងារអភិវឌ្ឍ និងជំនួយអន្តរជាតិ
ញូហ្ស៊ីលែន ហៅកាត់ថា NZAID ក្នុងខណៈដែល៤០ភាគរយនៃប្រជាពលរដ្ឋ
កម្ពុជា មានកម្រិតចំណាយនៅក្រោមបន្ទាត់ភាពក្រីក្រ ដែលក្នុងចំណោមនោះ
១៥ ទៅ២០ភាគរយមានភាពទីទល់ក្រធ្ងន់ធ្ងរបំផុតដែលជីវភាពប្រចាំថ្ងៃរបស់
គេពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិនោះ ធនធានធម្មជាតិកម្ពុជាតាន់តែ
ខ្សត់ខ្សោយទៅ ។ អ្នកជំនាញឱ្យដឹងថា ការគាបសង្កត់ផ្នែកនយោបាយ ភាពអត់
ឃ្លាន ខ្វះចំណេះដឹងខាងផ្នែកគ្រប់គ្រងធនធានធម្មជាតិ ខ្វះព័ត៌មានអំពីការគ្រប់
គ្រងធនធានធម្មជាតិ និងការរំលោភអំណាច ធ្វើឱយប្រជាពលរដ្ឋមានការភ័យ
ខ្លាច មិនហ៊ានបង្ហាញការព្រួយបារម្ភរបស់គេ ដែលនេះអាចនាំឱ្យល្បឿននៃការ
បាត់បង់ធនធានធម្មជាតិកាន់តែលឿន និងចំណូលពីធនធានធម្មជាតិត្រូវបាន
ប្រើប្រាស់ខុសទិសដៅ ។

រាយការណ៍ពីរដ្ឋធានី វ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេផ្នែកខេមរភាសា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG