ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាសុំឱ្យអាមេរិកលុប ពន្ធលើទំនិញនាំចូល


ដើម្បីមើល វីដេអូ អំពីព័ត៌មាននេះ

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាមួយរូបបានស្នើឲ្យសហរដ្ឋអាមេរិក លុប
ចោលពន្ធលើការនាំសម្លៀកបំពាក់មកពីប្រទេសកម្ពុជាមកលក់នៅក្នុងប្រទេស
អាមេរិកដើម្បីជួយស្តារសេដ្ឋកិច្ចប្រទេសជាតិនិងសង្គ្រោះដល់កម្មករក្រីក្រដែល
កំពុងបាត់បង់ការងារ។ ការស្នើនោះបានធ្វើឡើងនៅក្នុងសវនាការរបស់គណៈ
កម្មាធិការពាណិជ្ជកម្មរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដ៏សំខាន់មួយ
កាលពីថ្ងៃព្រឹកថ្ងៃអង្គារក្នុងរដ្ឋធានី Washington ។ ក្រុមសហជីពកម្មករក្នុង
ប្រទេសកម្ពុជាគាំទ្រដល់ការស្នើសុំនោះ ហើយជំរុញឲ្យសហរដ្ឋអាមេរិករឹតបន្តឹង
ដល់ប្រទេសកម្ពុជាឲ្យមានការអនុវត្តច្បាប់ការងារនិងគោរពសិទ្ធិសេរីភាពរបស់
កម្មករ។

លោក តាំងសារ៉ាដា មានសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះពីរដ្ឋធានី
Washington។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ប្រទេស កម្ពុជា លោកចម ប្រសិទ្ធិ បានស្នើ
ឱ្យអនុគណៈកម្មាធិការពាណិជ្ជកម្មនៃ
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក
លុបចោលការយកពន្ធលើផលិតផល
សម្លៀកបំពាក់ដែលនាំចូលពីកម្ពុជា
មកលក់ក្នុងសហរដ្ឋអាមេរិកដើម្បីជួយ
សង្រ្គោះដល់សេដ្ឋកិច្ច និង ពលរដ្ឋក្រី
ក្ររបស់កម្ពុជា។

“នៅក្នុងអនុគណៈកម្មាធិការដែលកំពុង
ពិភាក្សានេះ យើងបានសំណូមពរគាត់
ធ្វើម៉េចឲ្យបានទម្លាក់ពន្ធឲ្យចុះដល់សូន្យឲ្យផលិតផលកម្ពុជាយើង ជាពិសេស
សម្លៀកបំពាក់"។

អនុគណៈកម្មាធិការពាណិជ្ជកម្មសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបើក
សវនាការមួយ កាលពីព្រឹកថ្ងៃអង្គារ ក្នុងរដ្ឋធានីWashingtonដើម្បីពិនិត្យសើរ
រើឡើងវិញនូវកម្មវិធីផ្តល់ការអនុគ្រោះពន្ធក្នុងវិស័យពាណិជ្ជកម្ម ។ សវនាការ
នោះមានការចូលរួមពីក្រុមអ្នកជំនាញខាងផ្នែកពាណិជ្ជកម្មមួយចំនួនដើម្បីផ្តល់
សក្ខីកម្ម។

លោក ចម ប្រសិទ្ធិ ក៏បានស្នើឲ្យគណៈម្មាធិការនេះផ្តល់លទ្ធភាពបើកទីផ្សារ
សហរដ្ឋអាមេរិកដល់គ្រប់ផលិតផលរបស់កម្ពុជាដើម្បីចូលលក់ក្នុងសហរដ្ឋអា-
មេរិកដោយមិនកំណត់ចំនួននិងមិនជាប់ពន្ធ។

លោក Sander Levin ប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្មសភាតំណាង
រាស្រ្តសហរដ្ឋអាមេរិកពីខាងគណៈបក្សប្រជាធិបតេយ្យនៃរដ្ឋ Michigan បាន
ថ្លែងបា្រប់ VOA សម្លេងសហរដ្ឋអាមេរិកថា អនុគណៈកម្មាធិការរបស់លោក
និងពិចារណាសំណើរបស់កម្ពុជា ខណៈដែលសហរដ្ឋកំពុងធ្វើឲ្យមានតុល្យ
ភាពផ្នែកពាណិជ្ជកម្មជាមួយបណ្តាប្រទេសដទៃក្នុងពិភពលោក។

“អ្នកគួរយល់ថា តុល្យភាពគួរត្រូវដោះស្រាយឲ្យបានសម្រាប់បញ្ហាពាណិជ្ជកម្ម។
យើងមានការវិនិយោគជាមួយប្រទេសកម្ពុជាខាងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និង
ពាណិជ្ជកម្ម ដូច្នេះយើងចង់ដោះស្រាយបញ្ហាទាំងនោះ ប៉ុន្តែយើងក៏មានកិច្ច
ព្រមព្រៀងជាមួយប្រទេសដទៃទៀតដែរ។ ដូច្នេះយើងត្រូវរកយន្តការដ៏ត្រឹមត្រូវ
សម្រាប់ច្បាប់សម្លៀកបំពាក់។ យើងកំពុងធ្វើការលើបញ្ហានោះហើយ។ វាមាន
បញ្ហាស្មុគស្មាញច្រើនជាមួយប្រទេសរបស់លោក។ហើយយើងមានមោទនភាព
ជាមួយកិច្ចដែលប្រទេសរបស់លោកបានធ្វើកន្លងមក”។

ទាក់ទិននឹងការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាដល់សហរដ្ឋអាមេរិកឲ្យលុបចោល
ពន្ធលើសម្លៀកបំពាក់នេះ ក្រុមមេដឹកនាំកម្មករក្នុងប្រទេសកម្ពុជាបានស្វាគមន៍
និងជ្រោមជ្រែងដល់ការស្នើសុំនោះ។

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោកជា មុន្នី មានប្រ-
សាសន៍ថា លោកយល់ស្របដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការស្វែងរកការ
អនុគ្រោះពន្ធពីសហរដ្ឋអាមេរិកសម្រាប់ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាចូល
សហរដ្ឋអាមេរិក ប៉ុន្តែសហរដ្ឋអាមេរិកគួរដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាឲ្យ
គោរពច្បាប់ការងារនិងសិទ្ធិរបស់កម្មករ។

“សម្រាប់ខ្ញុំ ខ្ញុំគាំទ្រទៅនឹងសំណើរបស់លោកចម ប្រសិទ្ធិ តែយើងសូមឲ្យសហ
រដ្ឋអាមេរិកហ្នឹងមានកិច្ចព្រមព្រៀងមួយ សូមឲ្យគោរពច្បាប់និងគោរពសិទ្ធិរបស់
កម្មករ កម្មការិនី”។

តំណាងរាស្រ្តគណបក្សជំទាស់ក្នុងប្រទេសកម្ពុជាថ្លែងថា កម្ពុជាគួរពង្រឹងដល់
ការគោរពសិទ្ធិមនុស្ស ការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មករ និងការ
គោរពដល់ច្បាប់ការងារ ដែលជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេចក្តីទុកចិត្តដល់
សហរដ្ឋអាមេរិកដើម្បីឲ្យមានការអនុគ្រោះពន្ធលើសម្លៀកបំពាក់។ លោកសុន
ឆៃ សមាជិកសភាតំណាងរាស្រ្តខាងគណបក្សសម រង្ស៊ី មានប្រសាសន៍ប្រាប់
VOA តាមទូរស័ព្ទថា កម្ពុជាធ្លាប់ទទួលបានសិទ្ធិពិសេសក្នុងការនាំផលិតផល
សម្លៀកបំពាក់ក្នុងស្រុករបស់ខ្លួន ដែលនាំចូលមកលក់ក្នុងសហរដ្ឋអាមេរិក
ដោយមិនចាំបាច់បង់ពន្ធនោះម្តងរួចមកហើយ តែកម្ពុជាបានបន្លែបន្លំដល់ការ
នាំចេញនោះ។

“ទំនិញខ្លះបានហូរចូលពីប្រទេសជិតខាងដោយយកកូតាប្រទេសកម្ពុជាហ្នឹង
គ្រាន់តែវ៉ៃផ្លាកសម្លៀកបំពាក់ខែ្មរហ្នឹងហើយដោយយកទីផ្សារពិសេសដែលគេ
ផ្តល់ឲ្យយើងហ្នឹងដោយលក់សម្លៀកបំពាក់ដែលចេញពីប្រទេសជិតខាងហើយ
រដ្ឋាភិបាលយើងមិនអាចគ្រប់គ្រងបាន”។

សមាគមវាយណភ័ណ្ឌនិងសម្លៀកបំពាក់នៃបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកនិង
បណ្តាប្រទេសនៅអឌ្ឍគោលខាងលិចចំនួន២៩បានប្រឆាំងជំទាស់នឹងសំណើ
របស់កម្ពុជាក្នុងការសុំឲ្យសហរដ្ឋអាមេរិកលើកលែងការយកពន្ធលើសម្លៀក
បំពាក់មកលក់ក្នុងសហរដ្ឋអាមេរិកដោយសារពួកគេបារម្ភខ្លាចខូចខាតដល់
វិស័យកាត់ដេររបស់គេ។

ប៉ុន្តែលោកចម ប្រសិទ្ធិ មានប្រសាសន៍ថា បណ្តាប្រទេសទាំងនោះមិនគួរព្រួយ
បារម្ភអំពីប្រទេស កម្ពុជាដែលជាប្រទេសតូចតាចដូចគ្នានោះទេ។

“ភាគរយនៃទីផ្សាររបស់អាមេរិកត្រូវចិនស្រូបយកចង់អស់៣០ភាគរយ។ហើយ
គាត់អត់ទៅតវ៉ាជាមួយចិន គាត់មកតវ៉ាជាមួយកូនកង្កែបនៅទីនេះវិញ។អាកូន
កង្កែបដូចគ្នា ក្រដូចគ្នាមិនជួយយិតយោងគ្នាបែរទៅភ័យគ្នាឯងវិញ មិនភ័យ
ខ្លា”។

កម្ពុជាមានកម្មកររោងចក្រកាត់ដេរចំនួន៣៥0.000នាក់ពីឆ្នាំ ២០០៦ដល់ឆ្នាំ
២០០៧។ នៅក្នុងខណៈដែលពិភពលោកជួបប្រទះវិបត្តិសេដ្ឋកិច្ចកម្ពុជារងការ
ប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដែលគេឃើញសហគ្រាសរោងចក្រកាត់ដេរក្នុងប្រ-
ទេសកម្ពុជាចំនួន១៣៥បានបិទទ្វារ ឈប់ដំណើរការដោយប្រកាសក្ស័យធន។ ការបិទរោងចក្រនោះបាននាំឲ្យកម្មករជាង៦ម៉ឺននាក់បាត់បង់ការងារហើយកម្ម
ការិនីមួយចំនួនបង្ខំចិត្តធ្វើការតាមរង្គសាល ហាងខារ៉ាអូខេ ក្លឹបម៉ាស្សា ឬ ក្លឹប
រាត្រីជាដើម។

រាយការណ៍ពីរដ្ឋធានីWashington ខ្ញុំ តាំងសារ៉ាដា VOA សម្លេងសហរដ្ឋ
អាមេរិក៕

XS
SM
MD
LG