ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាព្យួរអភ័យឯកសិទ្ធិ លោកសមរង្ស៊ី


សមាជិកសភាភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេចជាឯកច្ឆន្ទ
លើកអភ័យឯកសិទ្ធិសមាជិកសភារបស់លោកសម រង្ស៊ី។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖

សមាជិកសភាភាគច្រើនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃច័ន្ទនេះ បានសមេ្រច
ជាឯកច្ឆន្ទ បោះឆ្នោតព្យួរអភ័យឯកសិទ្ធិសមាជិកសភាតំណាងរាស្រ្តរបស់លោក
សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងលើសម្លេង៨៧ទល់៨៧សម្លេង ដើម្បីបើក
ផ្លូវដល់តុលាការ ខេត្តស្វាយរៀង ធ្វើការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការបំផ្លិច
បំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាមនៅខេត្តស្វាយរៀង ។

សមាជិកសភាចំនួន២៣រូបរបស់គណបក្សសម រង្ស៊ីនិងសមាជិកសភារបស់គណ
បក្សសិទ្ធិមនុស្ស បានធ្វើពហិការមិនបានចូលរួមកិច្ចប្រជុំសភា ជាសម្ងាត់ដើម្បី
ពិនិត្យនិងអនុម័តការលើកអភ័យឯកសិទ្ធិសភារបស់លោកសម រង្ស៊ីនេះទេ ។

សមាជិកសភារបស់គណបក្សប្រឆាំងបានប្រមូលផ្តុំគ្នានៅពីមុខអគាររដ្ឋសភានិង
បានអានសេចក្តីថ្លែងការណ៍ក្រោយពីរដ្ឋសភាបានដកអភ័យឯកសិទ្ធិលោក សម
រង្ស៊ី។ ហើយក្រោយមកសមាជិកសភារបស់គណបក្សប្រឆាំងបានដើរក្បួនដង្ហែរ
យ៉ាងស្ងាត់ស្ងៀមដោយសន្តិវិធីមួយ ដោយមានកាន់ផែនទីរបស់ប្រទេសកម្ពុជា
មួយផ្ទាំងមកជាមួយផងធ្វើដំណើរពីអគាររដ្ឋសភាឆ្ពោះមកគេហដ្ឋានរបស់លោក
នាយករដ្ឋមន្រ្តីហ៊ុន សែន ក្បែរវិមានឯករាជ្យ រួចបន្តដំណើរទៅកាន់ទីស្នាក់ការ
គណបក្សសម រង្ស៊ី ក្រោមការឃ្លំាមើលពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលនិងការដាក់
ពង្រាយរបស់កម្លាំងសមត្ថកិច្ចច្រើនរាប់សិបនាក់ ។

លោក យឹម សុវណ្ណ អ្នកនំាពាក្យ និង ជាអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី
បានថ្លែងបា្រប់ក្រុមអ្នកកាសែតនៅពីមុខអគាររដ្ឋសភាថា ការដកអភ័យឯក
សិទ្ធិរបស់លោកសម រង្ស៊ីនេះ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលរបស់លោកនា
យករដ្ឋមន្រ្តីហ៊ុន សែនមិនអើពើអ្វីទាំងអស់ចំពោះទុក្ខកង្វល់របស់ព្រះវររាជបិតា
នរោត្តមសីហនុ ចំពោះប្រជាកសិករកម្ពុជា ដែលកំពុងបាត់បង់ដីស្រែរបស់ខ្លួន
ដោយសារការ ទន្រ្ទានកាន់កាប់របស់អាជ្ញាធរវៀតណាម។

"យើងមានការសោកស្តាយយ៉ាងខ្លំាង។ រដ្ឋសភាធ្វើនេះហាក់បីដូចជាព្រងើយ
កន្តើយចំពោះការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះ
ដោយសារការបាត់បង់ដីធ្លីនៅក្នុងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង"។

គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ក៏បានចេញសេចក្តីថ្លែងការណ៍
មួយប្រឆាំងជំទាស់ទៅនឹងការព្យួរអភ័យឯកអភ័យសមាជិកសភាតំណាងរាស្រ្ត
របស់គណបក្សសម រង្ស៊ី ផងដែរ ដោយបានហៅការព្យួរអភ័យឯកសិទ្ធិនេះថា
ជាការបន្ទាបបន្ថោកតម្លៃអភ័យឯកសិទ្ធិ ក៏ដូចជាការបន្ទាបបន្ថោកដល់តម្លៃអ្នក
តំណាងរាស្រ្ត ដោយធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រួបង្រៀនឯករាជ្យកម្ពុជា និងជាប្រធានក្រុម
ឃ្លាំមើលកម្ពុជា ក៏បានរិះគន់ថា ទង្វើរបស់រដ្ឋសភានេះគ្រាន់តែជាការផ្គាប់ចិត្ត
ដល់ប្រទេសជិតខាងតែប៉ុណ្ណោះ។

"ករណីបញ្ហាបូរណភាពទឹកដី វាជាបញ្ហាធំធេងណាស់។ក្នុងនាមជាប្រជាពលរដ្ឋ
ខ្មែរទាំងអស់ត្រូវតែចូលរួមការពារ ហើយអ្វីដែលអ្នកតំណាងរាស្រ្តបានលើក
ឡើង អាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់បញ្ហាករណីបរ-
ទេសឈ្លានពាននេះ"។

ចំណែកឯលោក ចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស
ADHOCវិញបានលើកឡើងថា រដ្ឋសភារបស់ប្រទេសកម្ពុជា គួរតែបង្វែទិសមក
ជួយប្រជាពលរដ្ឋតាមលក្ខខណ្ឌទុក្ខលំបាក រឿងដីធ្លី និង រឿងបញ្ហាទំនាស់ព្រំ-
ដែនជាមួយនិងប្រទេសថៃ វាប្រសើរជាជាងការគិតគួរមកលើការដកអភ័យ
ឯកសិទ្ធិសមាជិកសភាអ្នកតំណាងរាស្រ្តគណបក្សប្រឆំាង។

"ការដកអភ័យឯកសិទ្ធិនេះ វាធ្វើឲ្យប្រទេសដទៃហ្នឹង មើលងាយដល់ស្ថាប័ន
សភាជាតិយើង ហើយបើស្ថាប័នសភាជាតិយើងធ្វើតាមអ្វីដែលគ្មានការគិតគូរ
គ្មានការពិចារណាលើអភ័យឯកសិទ្ធិនេះ វាធ្វើឲ្យអ្នកតំណាងរាស្រ្តដទៃទៀត
លែងហ៊ានធ្វើអ្វីជួយប្រជាពលរដ្ឋទាំងអស់"។

ផ្ទុយពីការលើកឡើងរបស់មន្រ្តីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល លោក
ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអា-
មេរិកថា រដ្ឋសភាបានអនុម័តទៅតាមមាត្រាទី ៨០ ស្តីអំពីច្បាប់ លក្ខន្តិកៈអ្នក
តំណាងរាស្រ្តតែប៉ុណ្ណោះ។

លោកងួន ញ៉ិលបានបញ្ជាក់ទៀតថា ការព្យួរអភ័យឯកសិទ្ធិនេះ រដ្ឋសភាកម្ពុជា
ធ្វើឡើងដោយពុំទទួលរងសម្ពាធពីប្រទេសវៀតណាមនោះទេ ។

"ថ្នាក់ដឹកនាំរបស់ប្រទេសយើង គឺថា ធ្វើតាមនីតិវិធីផ្លូវច្បាប់ ដូច្នេះមិនទទួល
សម្ពាធពីខាងប្រទេសណាមួយទេ"។

ក្រសួងយុត្តិធម៌របស់ប្រទេសកម្ពុជា កាលពីសប្តាហ៍មុន បានស្នើសុំឲ្យរដ្ឋសភា
កម្ពុជាលើកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី ដោយចោទប្រកាន់ថា លោក
សម រង្ស៊ី បានដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជានិងប្រ-
ទេសវៀតណាម និងញុះញ៉ង់ឱ្យមានការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ និងបទល្មើស
មជ្ឈិម ដោយពុំបានសម្រេចផល កាលពីថ្ងៃទី២៥ ខែតុលា នៅក្នុងខេត្តស្វាយ
រៀង។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ៕

XS
SM
MD
LG