ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលអាចពិចារណាសមាជិក ភាពអង្គការតម្លាភាពឧស្សាហកម្ម និស្សារណកម្ម(EITI)


ដើម្បីស្តាប់ព័ត៌មាននេះ

[កំណត់សម្គាល់និពន្ធនាយក៖កម្ពុជាមិនបានរុករកនិងអភិវឌ្ឍធនធានធម្មជាតិ
ប៉ុន្មានទេ ក្នុងអំឡុងសង្គ្រាមស៊ីវិល និង ជម្លោះផ្ទៃក្នុងរវាងឆ្នាំ ១៩៧០ និង ឆ្នាំ
១៩៩៣ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុង
រវាងពីរទសវត្សរ៍ចុងក្រោយនេះ ។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសា
ក្នុងបទសម្ភាសន៍មួយឈុតថា សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុង
ការគ្រប់គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា កាត់
បន្ថយភាពក្រីក្រ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។

លោកអ៊ឹម សុធារិទ្ធនៃវីអូអេផ្នែកខេមរភាសាបានរៀបចំកម្មវិធីប្រចាំសប្តាហ៍មួយ
ឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិងកម្ពុជា
ដែលត្រូវបានចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ ។

ក្នុងភាគទី៩នេះ លោកអ៊ឹមសុធារិទ្ធ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា រដ្ឋាភិ
បាលអាចពិចារណាសុំចូលជាសមាជិកអង្គការផ្តួចផ្តើមគំនិតតម្លាភាពឧស្សាហ
កម្មនិស្សារណកម្ម (EITI) ដើម្បីជួយដល់កិច្ចការគ្រប់គ្រងធនធានធម្មជាតិឱ្យ
មានប្រសិទ្ធភាព]។

ប្រទេសកម្ពុជាអាចនឹងដាក់ពាក្យសុំចូលជាសមាជិកអង្គការផ្តួចផ្តើមគំនិតតម្លា
ភាពឧស្សាហកម្មនិស្សារណកម្ម ដែលហៅកាត់ថា EITI ក្នុងខណៈដែលមាន
ការរិះគន់យ៉ាងខ្លាំងចំពោះអសមត្ថភាពក្នុងការផ្តល់សម្បទានឱ្យមានតម្លាភាព។
អសមត្ថភាពក្នុងការចាត់វិធានការប្រកបដោយតម្លាភាពក្នុងការគ្រប់គ្រងធនធាន
ធម្មជាតិ តម្រូវឱ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងរកជំនួយ ។ រដ្ឋាភិបាលកម្ពុជាជឿ
ជាក់ថា អង្គការ EITI មានជំនាញគ្រប់គ្រាន់ក្នុងវិស័យនេះ ។ នេះបើតាមសម្តី
លោក ជាម យៀប អ្នកតាក់តែងច្បាប់មកពីគណបក្សប្រជាជនកម្ពុជា និង ជា
ប្រធានគណកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាជាតិ
កម្ពុជា ។

លោកមានប្រសាសន៍ដូច្នេះថា៖ “ដោយយល់ឃើញថា EITI គឺជាអង្គការមួយ
ដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រេងឥន្ធនៈ…” រដ្ឋាភិបាល
កម្ពុជា ដែលមានគោលបំណងចែកចាយចំណូលធនធានធម្មជាតិដល់ប្រជា
ពលរដ្ឋកម្ពុជាទូទៅកំពុងពិចារណាការសុំចូលជាសមាជិកអង្គការEITI។ លោក
ជាម យៀបសង្កត់ធ្ងន់ថា៖ “ក្នុងកាលៈទេសៈណាមួយដែលត្រូវការចាំបាច់គឺត្រូវ
សុំចូលជាសមាជិក EITI នេះ”។

អង្គការផ្តួចផ្តើមគំនិតតម្លាភាពឧស្សាហកម្មនិស្សារណកម្ម (EITI) ដែលមានទី
តាំងនៅទីក្រុង អូស្លូ (Oslo) ប្រទេសណ័រវ៉េ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ។
នៅឆ្នាំ២០០១ លោកថូនី ប្ល៊ែរ (Tony Blair) អតីតនាយករដ្ឋមន្ត្រីចក្រភពអង់
គ្លេសបានប្រកាសគំនិតបង្កើតការផ្តួចផ្តើមគំនិតតម្លាភាពឧស្សាហកម្មនិស្សារ-
ណកម្មនេះ នៅជំនួបកំពូលពិភពលោកសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរ
ភាពដែលបានរៀបចំឡើងនៅទីក្រុងJohannesburg នៃប្រទេសអាហ្វ្រិកខាង
ត្បូង។ EITIផ្តោតលើតម្លាភាព និងគណនីយភាពក្នុងការគ្រប់គ្រងឥន្ធនៈ និង
ឧស្ម័ន ។ EITI តម្រូវឱ្យក្រុមហ៊ុនទាំងឡាយផ្សព្វផ្សាយជាសាធារណៈអំពីការ
ចំណាយរបស់គេទៅឱ្យរដ្ឋាភិបាលនៃប្រទេសដែលខ្លួនកំពុងធ្វើអាជីវកម្ម។នៅ
ពេលនេះ EITI មានសមាជិកចំនួន ៣០ប្រទេស នៅទូទាំងពិភពលោក ដែល
ក្នុងចំណោមនោះ មាន៥ប្រទេសនៅក្នុងទ្វីបអាស៊ី ដោយរាប់បញ្ចូលទាំងប្រ-
ទេសទីម័រខាងកើតក្នុងតំបន់អាស៊ីអគេ្នយ៍ផងដែរ។

ិបណ្ឌិតស៊ែម បាតឡិត(Sam Bartlett) នាយកតំបន់នៃលេខាធិការដ្ឋានអន្តរ
ជាតិEITI សម្រាប់កិច្ចការក្នុងទ្វីបអាស៊ី ដែលមានទីតាំងនៅទីក្រុងអូស្លូ ប្រទេស
ណ័រវ៉េបានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា អង្គការ EITI ទទួលស្វា-
គមន៍ប្រទេសកម្ពុជាក្នុងការសុំចូលសមាជិករបស់ខ្លួន ។ ដោយសារតែប្រទេស
កម្ពុជាកំពុងប្រឈមនឹងបញ្ហាស្មុគ្រស្មាញដែលប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀត
កំពុងជួបប្រទះដែរនោះ ការចូលជាសមាជិកនៃអង្គការ EITI នឹងផ្តល់សក្តានុ-
ពលដ៏សម្បើមសម្រាប់ការកែលំអដល់បញ្ហានៃគ្រប់គ្រងធនធានធម្មជាតិកម្ពុជា
បច្ចុប្បន្ន ដោយហេតុថា យន្តការរបស់ EITI បើទោះបីមិនមែនវត្ថុទិពដែលអាច
ផ្លាស់ប្តូរភ្លាមៗបានក៏ដោយ ក៏យន្តការនេះត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ជា
វេទិកាដល់ការកែទម្រង់ ដើម្បីធ្វើឱ្យការគ្រប់គ្រងធនធម្មជាតិអាចត្រូវបានពង្រឹង
និងកែលំអ ។

លោកបាឡិតមានប្រសាសន៍ថា៖ “ប្រសិនបើមន្រ្តីរដ្ឋាភិបាល និងតំណាងរាស្ត្រ
ចាប់អារម្មណ៍សុំចូលជាសមាជិក EITI យើងទទួលស្វាគមន៍។ យើងរៀបចំខ្លួន
ជាស្រេចនឹងគាំទ្រអ្នកមានចំណែកទាំងឡាយចូលរួមដោយមធ្យោបាយផ្សេងៗ
ដើម្បីឱ្យពួកគេអាចយកយន្តការ EITI ទៅសម្របនឹងការប្រឈមមុខទាំងឡាយ
នៅកម្ពុជា” ។

បណ្ឌិតបាឡិត បារម្ភផងដែរថា រដ្ឋាភិបាលកម្ពុជាអាចស្ទាក់ស្ទើរក្នុងការសុំចូល
ជាសមាជិក EITI ដោយសារតែអង្គការឃ្លាំមើលការគ្រប់គ្រងធនធានធម្មជាតិ
អន្តរជាតិ ក្លបលវិតណេស(Global Witness)ដែលមានជំលោះធ្ងន់ធ្ងរជាមួយ
រដ្ឋាភិបាលកម្ពុជា ជាសមាជិកគណកម្មការនាយករបស់ EITI។

ឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ លោកជាម យៀបបានប្រាប់វីអូអេផ្នែកខេមរ
ភាសាថា វាអាស្រ័យទៅលើរាជរដ្ឋាភិបាលកម្ពុជាជាអ្នកសម្រេចចិត្ត ប៉ុន្តែប្រសិន
បើកម្ពុជាសុំចូល កម្ពុជានឹងផ្តល់អំណាចទៅឱ្យគណកម្មការនាយករបស់ EITI
ដើម្បីពិនិត្យមើលលទ្ធភាព ។

លោកជាម យៀប មានប្រសាសន៍ដូច្នេះថា៖ “អានេះវាស៊ីសងនឹងគណកម្មការ
នាយករបស់គេទេ ។ ហើយប្រសិនបើក្លបលវិណេសនៅតែមានកំហឹង ឬនៅតែ
ចង់សងសឹកដល់រាជរដ្ឋាភិបាលកម្ពុជាឬប្រទេសកម្ពុជា ជាការធម្មតាទេ ពីព្រោះ
កន្លងទៅនោះយើងឃើញថា វាមានការប៉ះទង្គិចគ្នាខ្លះហើយ។ ប៉ុន្តែការងារនេះ
គឺជាការងាររបស់ប្រជាជនកម្ពុជាទូទៅ។បើក្លបលវិតណេសនៅក្នុងហ្នុង ហើយ
នៅតែខឹងសំបារចំពោះកម្ពុជា អាហ្នឹងវាស៊ីសង ទៅលើការសម្រេចរបស់គេទេ
បាទ” ។

អង្គការក្លបលវិតណេស ដែលជាអង្គការឃ្លាំមើលកិច្ចការគ្រប់គ្រងធនធានធម្ម-
ជាតិអន្តរជាតិមានទីតាំងនៅប្រទេសអង់គ្លេស បានធើ្វយុទ្ធនាការប្រឆាំងនឹងការ
កាប់ឈើខុសច្បាប់នៅកម្ពុជាតាំងពីឆ្នាំ១៩៩៥។ នៅបីឆ្នាំចុងក្រោយនេះ អង្គការ
ក្លបលវិតណេសបានចេញផ្សាយរបាយការណ៍ពីរ“ខ្សែស្រឡាយលក់ជាតិ” និង
“ប្រទេសសម្រាប់លក់” ដែលបានរិះគន់រដ្ឋាភិបាលកម្ពុជាយ៉ាងចាស់ដៃចំពោះ
ការគ្រប់គ្រងធនធានធម្មជាតិ ដោយបានប្រកាស់ថាឥស្សរជនកម្ពុជាមានលទ្ធ
ភាព ពង្រីកកិច្ចការជំនួញរបស់គេដើម្បីកេងប្រវ័ញ្ចចំរាញ់យកទ្រព្យសម្បត្តិរបស់
ជាតិ។ រាជរដ្ឋាភិបាលបដិសេធរបាយការណ៍ទាំងនេះ ហើយរបាយការណ៍នេះ
ក៏ត្រូវបានហាមឃាត់មិនឱ្យចែកចាយនៅក្នុងកម្ពុជាផងដែរ ។

នាងអេលីណ័រ នីកូល( Eleanor Nichol)អ្នកយុទ្ធនាការអង្គការក្លបលវិតណេស
បានប្រាប់ វីអូអេ ផ្នែកខេមរភាសាក្នុងសម្ភាសន៍មួយ នៅរដ្ឋធានីវ៉ាស៊ីងតោនថា
គោលបំណងរបស់អង្គការក្លបលវិតណេសនោះ គឺ មិនបោះពុម្ពផ្សាយឯកសារ
ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាទេ ប៉ុន្តែការណ៍ពិតមានផលប៉ះពាល់មន្ត្រីមួយចំនួន
ដោយមិនអាចជៀសផុតបាន ។

នាងនីកូលបន្តថា៖ “វាមិនមែនជាព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាលទេ ប៉ុន្តែអ្វីដែល
កើតឡើងនោះគឺ តាមពិតទៅវាហាក់ដូចជាចង្អុលត្រឡប់ទៅលើសមាជិករដ្ឋាភិ
បាលកម្ពុជា ពីព្រោះអ្នកទាំងនោះមានបំណងប្រើប្រាស់អំណាចរបស់ខ្លួនដើម្បី
កេងប្រវ័ញ្ចយកប្រយោជន៍ពីធនធានធម្មជាតិរបស់ជាតិ។ដូច្នេះចង់មិនចង់យូរៗ
ទៅ វានាំឱ្យយើងមានទំនាក់ទំនងមិនល្អជាមួយរដ្ឋាភិបាលកម្ពុជា” ។

នាងEleanor Nicholថ្មីៗនេះបានប្រាប់VOAផ្នែខេមរភាសាថា វាជាការអភិវឌ្ឍ
វិជ្ជមានមួយ ដែលអ្នកតាក់តែងច្បាប់កម្ពុជាពិចារណាលើសារគន្លឹះមួយចំនួន
របស់EITI ដែលកាយវិការនោះ អង្គការក្លបលវិតណេសសូមស្វាគមន៍។ ក៏ប៉ុន្តែ
នាងនីកូលបន្តទៀតថា កម្ពុជាមិនគួរពិចារណាតែទៅលើEITIប៉ុណ្ណោះទេ តែគួរ
ពិចារណាទៅលើអភិបាលកិច្ចទួទៅនៃការគ្រប់គ្រងធនធានធម្មជាតិផងដែរ។

នាងនីកូលបន្តទៀតថា៖ “សមាជិកភាព និងការទទួលយកសារគន្លឹះរបស់ EITI
គឺជាជំហានវិជ្ជមានទីមួយ ប៉ុន្តែរដ្ឋាភិបាលមិនគួរមានទស្សនៈថា វាគឺជាកត្តាតែ
មួយគត់ដែលត្រូវផ្តោតទៅលើនោះទេ ។ រដ្ឋាភិបាលក៏ត្រូវការពិនិត្យផងដែរនូវ
របៀបផ្តល់សម្បទាន និងអ្នកណាជាអ្នកទទួលសម្បទាន ដើម្បីធ្វើឱ្យបា្រកដថា
អាជីវកម្មទទួលបានផលល្អបំផុតសម្រាប់ប្រទេសកម្ពុជា និង ពលរដ្ឋកម្ពុជា”។

លោក ម៉ម សម្បត្តិ ដែលជាប្រធានក្រុមប្រឹក្សាភិបាលអង្គការសម្ព័ន្ធភាពដើម្បី
តម្លាភាពចំណូលធនធានដែលទើបនឹងបង្កើតថ្មី គាំទ្រដល់ការប៉ុនប៉ងណាមួយ
របស់រដ្ឋាភិបាលកម្ពុជាក្នុងការសុំចូលជាសមាជិកEITI ពីព្រោះការដែលក្លាយជា
ប្រទេសអនុវត្តយន្តការផ្តួចផ្តើមគំនិតតម្លាភាពឧស្សាហកម្មនិស្សារណកម្ម EITI នឹងធ្វើឱ្យប្រទេសកម្ពុជាទទួលបានផលជាវិជ្ជមានជាច្រើន ។ ប្រយោជន៍ដែល
បានមកពីការចូលជាសមាជិកEITI រួមមាន៖លទ្ធភាពគ្រប់គ្រងធនធានធម្មជាតិ
ប្រកបដោយតម្លាភាព និងគណនីយភាព ការកាត់បន្ថយភាពមិនប្រក្រតីឱកាស
សម្រាប់អង្គការសង្គមស៊ីវិល សាធារណជននិងអ្នកមានចំណែកទាំងអស់ទទួល
បានព័ត៌មាន និងចូលរួមក្នុងដំណើរការសម្រេចចិត្តក្នុងការគ្រប់គ្រងធនធានធម្ម
ជាតិ ។ លោកសម្បត្តិបន្តទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការ
ធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងធនធានធម្ម
ជាតិឱ្យមានប្រសិទ្ធភាពគឺជានិន្នាការវិជ្ជមានបង្ហាញអំពីគោលបំណងក្នុងការសុំ
ចូលជាសមាជិក EITI ។

លោកសម្បត្តិមានប្រសាសន៍ថា៖ “បើមើលទៅតាមលំអានដែលបានអនុវត្តមក
ដល់សព្វថ្ងៃនេះ ហាក់ដូចជាមានការរីកចម្រើនច្រើន នៅក្នុងគន្លងមួយ ដែល
បង្ហាញនូវចំណុចវិជ្ជមានជាច្រើន ដែលបង្ហាញអំពីឆន្ទៈនយោបាយក្នុងការចុះ
ឈ្មោះចូលជាសមាជិកEITI ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាឱ្យ
បានល្អិតល្អន់ដើម្បីឱ្យក្លាយជាប្រទេស EITI"។

បណ្ឌិត ស៊ែម បាតឡិត (Sam Bartlett)នាយកតំបន់នៃលេខាធិការដ្ឋានអន្តរ
ជាតិEITIសម្រាប់កិច្ចការទ្វីបអាស៊ីបានប្រាប់វីអូអេផ្នែកខេមរភាសាថា ការដែល
ក្លាយជាសមាជិក EITI ប្រទេសទទួលបានផលប្រយោជន៍ជាច្រើន ។

លោកបាឡិតមានប្រសាសន៍ដូច្នេះថា៖ “នៅពេលដែលប្រទេសដូចជាប្រទេស
កម្ពុជា ឬឥណ្ឌូណេស៊ី ឬ ទីម័រខាងកើតប្តេជ្ញាអនុវត្តយន្តការ EITI មានអង្គការ
ជំនួយជាច្រើនអាចផ្តល់ហិរញ្ញវត្ថុដើម្បីជួយកសាងសមត្ថភាពរបស់រដ្ឋាភិបាល
ពង្រឹងសមត្ថភាពសង្គមស៊ីវិល ចុះផ្សព្វផ្សាយជាមួយនឹងក្រុមហ៊ុនដែលតម្រូវឱ្យ
ចូលរួម ហើយយើងនៅឯលេខាធិការដ្ឋាន ធ្វើការយ៉ាងជិតស្និទជាមួយនឹងអង្គ
ការទាំងនោះ ដើម្បីព្យាយាមសម្របសម្រួលកិច្ចការនោះដើម្បីធ្វើឱ្យប្រាកដថា
ប្រទេសអនុវត្តទាំងឡាយ ទទួលបានការគាំទ្រដែលគេត្រូវការដើម្បីអនុវត្តយន្ត
ការ EITI ប្រកបដោយប្រសិទ្ធភាព” ។

នៅតំបន់អាស៊ីអគ្នេយ៍ ក្រៅពីប្រទេសទីម័រខាងកើត ដែលជាប្រទេសសមាជិក
EITI ប្រទេសឥណ្ឌូណេស៊ី ប្តេជ្ញាថា នឹងអនុវត្ត EITI ហើយប្រទេសហ្វីលីពិន
និងប្រទេសវៀតណាម កំពុងពិនិត្យមើលថាតើ យន្តការ EITI អាចស៊ីសង្វាក់
នឹងយន្តការបទបញ្ញត្តិ ហើយថាតើវាជាយន្តការត្រូវនឹងស្ថានភាពរបស់គេដែរ
ឬយ៉ាងណា ។ អ្នកជំនាញឱ្យដឹងថា EITI ពិតជាបង្កើតវេទិកាដើម្បីកែលំអការ
គ្រប់គ្រងធនធានធម្មជាតិ ប៉ុន្តែការផ្តល់សម្បទានជាមួយនឹងក្របខ័ណ្ឌច្បាប់
ដែលបង្កើតមូលដ្ឋានគ្រឹះគឺជាកត្តាធំបំផុត ដោយហេតុថា ប្រសិនបើមូលដ្ឋាន
គ្រឹះពុកផុយ វាគ្មានប្រយោជន៍នឹងដាក់អ្វីល្អៗពីលើវានោះទេ ពីព្រោះទីបំផុតវា
នឹងដួលរលំទាំងស្រុងជាមិនខាន ។

រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេ សម្លេងសហរដ្ឋអាមេ-
រិកផ្នែកខេមរភាសា ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG