ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៣អំពាវនាវឱ្យរដ្ឋាភិបាលធានាឱ្យមានការចូល
រួមពីសង្គមស៊ីវិលនៅក្នុងដំណើរការរៀបចំផែនការអភិវឌ្ឍន៍ជាតិ។ ការអំពាវនាវ
នេះបានធ្វើឡើងនៅមុនពេលដែលរដ្ឋាភិបាលត្រៀមចេញសេចក្តីព្រាងផែនការ
យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០០៩-២០១៣។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់ថា NGO Forum រួម
ជាមួយនឹងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា CCC និង អង្គការ
MEDICAM បានស្នើរដ្ឋាភិបាលឱ្យពិចារណានិងទទួលយកមតិយោបល់របស់
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសម្រាប់ដាក់បញ្ចូលទៅក្នុងផែនការយុទ្ធ
សាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០០៩-២០១៣។
សំណើនេះបានធ្វើឡើងក្នុងសិក្ខាសាលាមួយស្តីពីការចូលរួមរបស់សង្គមស៊ីវិល
ទៅក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ឆ្នាំ២០០៩-២០១៣
ដែលបានធ្វើឡើងក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ។
សំណើរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលនេះបានធ្វើឡើងខណៈពេលដែលក្រ-
សួងផែនការគ្រោងនឹងចេញសេចក្តីព្រាងទី១នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍
ជាតិឆ្នាំ២០០៩-២០១៣នេះ។
យោងតាមសារាចរណ៍របស់រដ្ឋាភិបាល ដែលបានដាក់ចេញនៅខែឧសភា ឆ្នាំ
២០០៩នេះ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០០៩-២០១៣បានកំណត់
គោលដៅជាអាទិភាពចំនួនបួន ចំណុច រួមមានត្រួសៗជាអាទិ៍ការធានាឱ្យបាន
ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ច ប្រសិទ្ធិភាពនៃសេវាសាធារណៈនិងការ
ធានាសម្រចឱ្យបានការកាត់បន្ថយអត្រានៃភាពក្រីក្រឱ្យបានលើសពី១% ក្នុង
មួយឆ្នាំ។
លោកឈិត សំអាត នាយកប្រតិបត្តិអង្គការ NGO Forum បានមានប្រសាសន៍
ថា ការចូលរួមរបស់សង្គមស៊ីវិលនៅក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្ត
អភិវឌ្ឍន៍ជាតិនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រ
និងជនងាយរងគ្រោះ ដោយសារអង្គការសង្គមស៊ីវិលនេះហើយគឺជាអ្នក ដែល
នៅជាប់ជាមួយប្រជាពលរដ្ឋទាំងនោះនិងដឹងច្បាស់ពីតម្រូវការរបស់ពួកគេ។
“យើងនឹងធ្វើយ៉ាងម៉ិចឱ្យរដ្ឋាភិបាលធ្វើការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ
ទៅដល់សង្គមស៊ីវិលផ្សេងៗ ពីព្រោះថា គាត់ហ្នឹងហើយគឺជាអ្នកដែលរស់នៅ
ជិត និង នៅក្នុងភាពក្រីក្រ។ អញ្ចឹងមានតែគាត់ទេ ទើបអាចប្រាប់ថា ធ្វើយ៉ាង
ម៉ិចទើបអាចកាត់បន្ថយភាពក្រីក្ររបស់គាត់បាន"។
គួរបញ្ចាក់ថា ការដាក់បញ្ចូលមតិយោបល់របស់សង្គមស៊ីវិលទៅក្នុងផែនការយុទ្ធ
សាស្រ្តអភិវឌ្ឍន៍ជាតិនេះត្រូវធ្វើតាមរយៈក្រុមការងារបច្ចេកទេសរួមគ្នាចំនួន១៩
របស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
លោកLarry Strange នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកម្ពុជា
ហៅកាត់ថា CDRI ដែលជាសមាជិកមួយរូបនៅក្នុងក្រុមការងាររៀបចំផែនការ
និងការកាត់បន្ថយភាពក្រីក្រ បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា សង្គម
ស៊ីវិលមានតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលនិង
ដៃគូអភិវឌ្ឍន៍ដើម្បីធានាឱ្យមានការអភិវឌ្ឍនៅកម្ពុជា។
“យើងទាំងអស់គ្នាត្រូវសម្តែងឱ្យអស់ពីចិត្តដើម្បីគាំទ្រជាមួយរដ្ឋាភិបាល ក៏ដូច
ជាដៃគូអភិវឌ្ឍន៍ ជាមួយការធានាឱ្យមានការវិលត្រឡប់វិញនូវកំណើនសេដ្ឋកិច្ច
របស់កម្ពុជា ក៏ដូចជាការផ្តល់នូវលទ្ធផលដ៏បន្ទាន់សម្រាប់សេចក្តីត្រូវការផ្នែក
អភិវឌ្ឍន៍មិនគ្រាន់តែវិស័យសេដ្ឋកិច្ចទេ ប៉ុន្តែក្នុងវិស័យ សុខភាព អប់រំ ក៏ដូច
ជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជនបទ” ។
លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការបានមានប្រសាសន៍ថា ក្រសួងរបស់
លោកកំពុងពិនិត្យ ពិចារណាការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិលហើយ។
ពីរាជធានីភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងសហរដ្ឋអាមេរិក៕