ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកថាក់ស៊ីនជាប្រធានបទ សង្រ្គាមពាក្យសំដីខ្មែរ-សៀម


ចាប់តាំងពីសប្ដាហ៍មុនមកម៉្លេះ សង្រ្គាមពាក្យសំដីរវាងប្រមុខដឹកនាំកម្ពុជា និង
ប្រទេសថៃបានចាប់ផ្ដើមឡើងនៅជុំវិញប្រធានបទរបស់អតីតនាយករដ្ឋមន្ដ្រីថៃ
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ អ្នកវិភាគនយោបាយខ្មែរនិយាយថា សង្គ្រាម
ពាក្យសំដីនេះបណា្ដលមកពីការរីករាលដាលនៃបញ្ហាព្រំដែន នៃប្រទេសទាំង
ពីរ។ ទោះជាយ៉ាងណា គណបក្សជំទាស់ព្រមានពីការជ្រៀតជ្រែកចូលកិច្ចការ
ផ្ទៃក្នុងរបស់ប្រទេសថៃពីសំណាក់ភាគីកម្ពុជា។

លោក គង់ សុឋានរិទ្ធ ផ្ដល់ព័ត៌មានលម្អិតពីទីក្រុងភ្នំពេញដូចតទៅ៖

សង្រ្គាមពាក្យសំដីរវាងនាយករដ្ឋមន្ដ្រីពីររូបបានចាប់ផ្ដើមឡើង ហាក់ដូចជាមិន
បានគ្រោងទុក។

កាលពីថ្ងៃពុធសប្ដាហ៍មុន ក្រោយពីជំនួបជាមួយលោកឆាវ៉ាលីត យុងឆៃយុត
អតីតនាយករដ្ឋមន្រ្ដីថៃនិងជាសម្ព័ន្ធមិត្តជាមួយលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា
អតីតនាយករដ្ឋមន្ដ្រីថៃដែលត្រូវបានទម្លាក់ពីដំណែងដោយរដ្ឋប្រហារយោធា
លោកហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសជាចំហថា លោកនឹងផ្ដល់
ការស្នាក់នៅយ៉ាងកក់ក្ដៅមួយដល់លោកថាក់ស៊ីន ប្រសិនបើអតីតនាយករដ្ឋ
មន្ដ្រីថៃ ដែលកំពុងភៀសខ្លួនរូបនេះមកកាន់កម្ពុជា។

ការសន្យានេះបានធ្វើឲ្យក្រុងបាងកកច្រឡោត ហើយលោកអាភិស៊ីប វិចាជីវ៉ា នាយករដ្ឋមន្ដ្រីថៃកំពុងកាន់អំណាច បានប្រកាសថា ក្រុងបាងកកនឹងចាត់វិធាន
ការផ្លូវច្បាប់ដើម្បីនាំយកលោកថាក់ស៊ីន ចេញពីប្រទេសកម្ពុជា។ លោក ថាក់
ស៊ីនត្រូវតុលាការប្រទេសថៃ ដាក់ទោសឲ្យជាប់ពន្ធនាគារពីបទអំពើពុករលួយ
ប៉ុន្ដែលោក បានរត់គេចខ្លួននៅក្រៅប្រទេស។

ពីរថ្ងៃក្រោយមក គ្រាន់តែឈានជើងដល់ ហួហ៊ីន ជាកន្លែងនៃកិច្ចប្រជុំកំពូល
អាស៊ាន លោកហ៊ុន សែន បានឆ្លើយតបវិញភ្លាមៗថា កម្ពុជានឹងមិនបញ្ជូន
លោកថាក់ស៊ីនចេញពីទឹកដីរបស់ខ្លួនទេ ប្រសិនបើលោកថាក់ស៊ីនបានមកដល់
កម្ពុជាមែននោះ ។ លោកប្រមុខរដ្ឋាភិបាលខ្មែរក៏បានបញ្ជាក់ទៀតថា លោក
មានបំណងតែងតាំងលោកថាក់ស៊ីន ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់លោកទៀត
ផង ដោយលោកធ្វើការប្រៀបធៀបរវាងករណីលោកថាក់ស៊ីនជាមួយនឹងករណី
លោកស្រីអ៊ុងសានស៊ូគ្យី ប្រមុខគណបក្សជំទាស់ក្នុងប្រទេសភូមា។

ការប្រកាសនេះ ដែលចោមរោមដោយក្រុមអ្នកកាសែត បានធ្វើឲ្យនាយករដ្ឋ
មន្ដ្រីថៃ លោកអាភិស៊ីប វិចាជីវ៉ា តបតជារបៀបបញ្ជួសថា នៅក្នុងពិភពលោក
នេះ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលជឿថា ករណីលោកថាក់ស៊ីនដូចគ្នាជា
មួយនឹងករណីលោកស្រីអ៊ុងសានស៊ូគ្យី ហើយលោកមិនដឹងថា លោកហ៊ុនសែន
ទទួលព័ត៌មានពីណាមកទេ។

សម្រាប់អ្នកវិភាគនយោបាយនៅកម្ពុជា សង្រ្គាមពាក្យសម្តីរវាងនាយករដ្ឋមន្ដ្រី
នៃព្រះរាជាណាចក្រជិតខាងទាំងពីរ មិនមែនជាភ្លើងដែលគ្មានផ្សែងនោះទេ។

លោកបណ្ឌិតរស់ ចន្រ្តាបុត្រ អនុប្រធានរាជបណ្ឌិសភាកម្ពុជា មានប្រសាសន៍ថា
ជម្លោះពាក្យសំដីនេះបានបណ្ដាលមកពីផលវិបាកនៃវិបត្តិនយោបាយនៅក្នុងប្រ-
ទេសថៃ ហើយរដ្ឋាភិបាលថៃបានប្រើ ប្រាស់បញ្ហាព្រំដែន និង ជម្លោះនៅជុំវិញ
ប្រាសាទព្រះវិហារសម្រាប់ច្របល់បញ្ចូលគ្នាជាមួយ និងបញ្ហានោះ។ លោករស់
ចន្រ្ដាបុត្រមានប្រសាសន៍ថា កម្ពុជាបានចាប់ផ្ដើមឆ្លើយតបជាមួយល្បែងនយោ
បាយរបស់ប្រទេសថៃវិញ។

“ទីមួយនយោបាយថៃ ដែលកំពុងតែមានអស្ថេរភាពហ្នឹង បានយកកម្ពុជាធ្វើជា
ចំណាប់ខ្មាំង។ ទី២ រាជរដ្ឋាភិបាលកម្ពុជាឈានទៅដល់ដំណាក់កាលទី២ដែល
មិនមែនចេះតែយើងសម្របសម្រួលទៅតាមថៃរហូតទេ ។ ដូច្នេះបញ្ហាថ្មីនេះ
គ្រាន់តែជាការទប់ទល់នូវការវាយលុករបស់ពួកអ្នកនយោបាយអាវលឿងរបស់
ថៃតែប៉ុណ្ណោះ "។

លោក ធន សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្ស អាដហុក និង ជាអ្នក
វិភាគនយោបាយមួយរូបក៏យល់ស្របដូចគ្នានេះដែរ។ លោកធន សារ៉ាយមាន
ប្រសាសន៍ថា ដោយសារពុំមានដំណោះស្រាយសម្រាប់ជម្លោះព្រំដែន រដ្ឋាភិ
បាលក្រុងភ្នំពេញបានយកបញ្ហាលោកថាក់ស៊ីនមកធ្វើជាកម្លាំងនយោបាយ។

“ពីព្រោះកាលរឿងព្រំដែនយើងនេះ ខាងភាគីថៃក៏យកជម្លោះផ្ទៃក្នុងមកយកព្រំ
ដែននេះធ្វើជាឧបករណ៍ដែរ។ ដូច្នេះធ្វើឲ្យបញ្ហាព្រំដែនកាន់តែដំណើរវែងឆ្ងាយ
រហូតមកដល់ពេលនេះ។ ឥឡូវនេះរាជរដ្ឋាភិបាលយើងឃើញថា អស់មានការ
ជជែកជាទ្វេភាគីបាន ហើយក៏យកបញ្ហាថាក់ស៊ីនមកកៀបមកវិញ"។

ទោះជាយ៉ាងណា លោកធន សារ៉ាយព្រមានថា នេះជាល្បែងនយោបាយប្រ-
ថុយប្រថានមួយ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវផ្ដួលរំលំពីអំណាចនាយករដ្ឋមន្ដ្រី ដោយការ
ធ្វើរដ្ឋប្រហារ មិនបង្ហូរឈាមកាលពីឆ្នាំ២០០៦។ លោកជាមេដឹកនាំថៃមួយរូប
ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាជនក្រីក្រ។

ដំណាលគ្នាជាមួយនឹងក្រុងបាងកកប្រឆាំងនឹងការគាំទ្រលោក ថាក់ ស៊ីន ពី
សំណាក់លោកហ៊ុន សែន ក្រុមបាតុករអាវលឿងដែលគាំទ្ររាជការរបស់ថៃ
បានគម្រាមធ្វើបាតុកម្មឡោមព័ទ្ធស្ថានទូតកម្ពុជាក្នុងក្រុងបាងកកដើម្បីទាម
ទារឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់មានជម្លោះនៅក្បែរប្រាសាទព្រះវិហារ។

លោកធន សារ៉ាយលើកឡើងថា កម្លាំងនយោបាយដ៏ខ្លាំងក្លាដែលមិនធ្លាប់មាន
និងទ្រព្យធនដ៏រឹងមាំរបស់លោក ថាក់ស៊ីន អាចជាក្រឡាអុកនយោបាយមួយដ៏
ល្អរបស់កម្ពុជាក្នុងការចាប់យករូបលោកសម្រាប់តថ្លៃជាមួយក្រុងបាងកកដែល
បានអូសបន្លាយបញ្ហាជម្លោះព្រំដែននៅក្បែរប្រសាទព្រះវិហារ។

ផ្ទុយទៅវិញ លោកខៀវ កាញារិទ្ធ រដ្ឋមន្ដ្រី្កក្រសួងព័ត៌មាន និង ជាអ្នកនាំពាក្យ
រដ្ឋាភិបាល លើកឡើងថា លោកថាក់ ស៊ីន មិនមែនជាក្រឡាអុកសម្រាប់ដោះ
ស្រាយបញ្ហាជាមួយប្រទេសថៃនោះទេ ប៉ុន្ដែកម្ពុជាចង់បានទំនាក់ទំនងល្អស្មើ
មុខស្មើមាត់ជាមួយក្រុងបាងកក។

“រឿងបញ្ហាព្រំដែនជារឿងការងារស្របច្បាប់ ហើយផ្អែកលើគោលការច្បាប់
កម្ពុជាមានទាំងអស់ ។ ហើយអញ្ចឹងកម្ពុជាមិនចាំបាច់យកថាក់ ស៊ីន ជាគន្លឹះ
ដោះទេ។កន្លងមកថ្មីៗនេះ យើងឃើញថាចេះតែមានការជាន់ជើងបន្តបន្ទាប់ពី
ប្រទេសថៃ។ យើងនិយាយអំពីសកម្មភាពដែលអនុញ្ញាតឲ្យប្រើប្រាស់ទីកន្លែង
មួយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលមួយទៀតដែលខ្លួនមានទំនាក់ទំនងការទូតជា
មួយ "។

ថ្វីបើភាគីទាំងសងខាង គឺកម្ពុជានិងប្រទេសថៃ កំពុងដើរក្រឡឹងនៅជុំវិញ កូន
អុកគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកសម រង្ស៊ី មេដឹកនាំគណបក្សជំទាស់
មានប្រសាសន៍ថា រឿងរ៉ាវនៅជុំវិញលោកថាក់ស៊ីន គឺមិនមែនជាបញ្ហាព្រំដែន
ហើយក៏មិនមែនជាបញ្ហា ដែលទាក់ទងនឹងការសន្យាវិនិយោគរបស់ ថាក់ ស៊ីន
នូវទឹកប្រាក់ប្រមាណជា១.០០០ លានដុល្លារនៅក្នុងខេត្តកោះកុងនោះទេ ប៉ុន្ដែ
វាជា រឿងនយោបាយជាមួយប្រទេសមួយទៀត។

“ អាចមានប្រទេសផ្សេងទៀត ដែលគេមានផលប្រយោជន៍ ។ បើមានប្រទេស
មួយមានវិបត្តិចុះខ្សោយ ប្រទេសមួយទៀតចំណេញ។ ដូច្នេះយើងមិនត្រូវធ្វើជា
កូនអុកប្រទេសណាមួយទៅបង្កើតរឿងឲ្យប្រទេសមួយទៀតមានរឿងរ៉ាវកាន់តែ
ធ្ងន់ធ្ងរទៅ នោះទេ។ ដូច្នេះផលប្រយោជន៍គេ គេចង់បង្វែឲ្យមើលទៅខាងលិច
ឲ្យភ្លេចបញ្ហា នៅខាងកើត "។

លោកបណ្ឌិត អ៊ឹម ហ្រ្វង់ស័រ បណ្ឌិតផ្នែកវិទ្យាសាស្ដ្រនយោបាយ និងជាប្រធាន
ផ្នែកឃ្លាំមើលការបោះឆ្នោតនិងសភារបស់មជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម មិនបាន
សម្លឹងឃើញហេតុផលដូចគ្នានេះទេ ។ លោកមានប្រសាសន៍ថា ទំនាស់ពាក្យ
សំដីរវាងនាយករដ្ឋមន្ដ្រីកម្ពុជានិងនាយករដ្ឋមន្ដ្រីថៃមានឫសគល់ពីទំនាក់ទំនង
មិនសូវល្អរវាងរដ្ឋាភិបាលប្រទេសថៃបច្ចុប្បន្ននិងរដ្ឋាភិបាលក្រុងភ្នំពេញ។

យ៉ាងណាក៏ដោយលោកធន សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក
ព្រួយបារម្ភខ្លាចថា ជម្លោះពាក្យសំដីនៃប្រមុខដឹកនាំប្រទេសជិតខាងទាំងពីរអាច
បណ្ដាលឲ្យមានជម្លោះយោធានៅតាមព្រំដែន។

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG