ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុនមូលនិធិប្រមូល ទុនវិនិយោគជួបបរាជ័យ


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមហ៊ុនមូលនិធិប្រមូលទុនវិនិយោគ ដែលប្រមូលមូលធនពីបរទេសមកវិនិ-
យោគនៅកម្ពុជា កំពុងប្រឈមនឹងភាពបរាជ័យក្នុងការប្រមូលទុនដោយសារ
ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលលោក។ ក្រុមហ៊ុនខ្លះផ្អាកគម្រោងរបស់ខ្លួនខ្លះ
ទៀតបាននិងកំពុងស្វះស្វែងកៀងគរមូលធនពីបរទេសយ៉ាងលំបាក។

នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖

កាលឆ្នាំ២០០៨កម្ពុជាដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុតលំដាប់
លេខ២នៅទ្វីបអាស៊ី គឺជាទិសដៅវិនិយោគដ៏ក្តៅគគុករបស់ក្រុមហ៊ុនមូលនិធិ
ប្រមូលទុនវិនិយោគឯកជន ឬហៅជាភាសាអង់គ្លេស Private Equity Fund។
នាពេលនោះ ក្រុមហ៊ុនមូលនិធិប្រមូលទុនវិនិយោគឯកជនចំនួន៣ធំៗបានចាប់
ផ្តើមដំណើរការ អាជីវកម្មរបស់ពួកគេ ដោយចាប់ផ្តើមប្រមូលទុនមកវិនិយោគ
នៅស្រុកខ្មែរ ក្នុងនោះរួមមានក្រុមហ៊ុនមូលនិធិប្រមូលទុន Leopard Capital
ក្រុមហ៊ុនCambodia Emeraldនិងក្រុមហ៊ុនFrontier Investment and
Development Partners។

ក្រុមហ៊ុនមូលនិធិប្រមូលទុនវិនិយោគឯកជនទាំងនេះ គឺជាក្រុមហ៊ុនដែលដើរ
កៀងគរមូលធនពីវិនិយោគគិនបរទេសនៅគ្រប់ច្រកល្ហកដើម្បីយកធនធានទាំង
នោះមកវិនិយោគលើវិស័យនានាដែលមានសក្តានុពលសេដ្ឋកិច្ចនៅប្រទេស
កម្ពុជា។

ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងប្រមូលមូលធនរបស់ពួកគេទាំងអស់ប្រ-
ឈមនឹងភាពបរាជ័យដោយសារវិបត្តិសេដ្ឋកិច្ចសាកលលោកដ៏កំណាច ដែល
ធ្វើឲ្យវិនិយោគគិនញញើតក្នុងការចូលហ៊ុនបោះទុនធ្វើអាជីវកម្មជាមួយពួកគេ។

លោកប្រេត ហ្គ័រឌុន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambodia Emerald ដែលរំពឹងថាអាចកៀងគរមូលធនពី អ្នកវិនិយោគបរទេសយ៉ាងហោចណាស់
១០០លានដុល្លារសម្រាប់ការវិនិយោគ បានថ្លែងថា ក្រុមហ៊ុនរបស់លោកបាន
សម្រេចផ្អាកការងារកៀងគរមូលធនពីបរទេសនេះរយៈពេលមួយឆ្នាំហើយ។
"នៅពេលនេះយើងបានផ្អាកការប្រមូលមូលនិធិនេះហើយគឺដោយសារតែវិបត្តិ
សេដ្ឋកិច្ចដែលកើតមានជាទូទៅ នៅក្នុងសកលលោកនេះ"។

លោកប្រេត ហ្គ័រឌុន ដែលបានប្តូរក្រុមហ៊ុនមូលនិធិប្រមូលទុនវិនិយោគរបស់
លោកទៅជាក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីការធ្វើជំនួញវិញនោះ បានអះអាងថាក្រុម
ហ៊ុនរបស់លោកទំនងជានឹងចាប់ផ្តើមការងារកៀងគរមូលធនវិញនាឆ្នាំក្រោយ។

ដូចនេះដែរ ក្រុមហ៊ុនFrontier Investment and Development Partners ដែលមានគម្រោងប្រមូលទុនប្រមាណ២០០ លានដុល្លារតាំងពីឆ្នាំ២០០៨មក
នោះ រហូតមកទល់ពេលនេះមិនទាន់ប្រមូលបានគ្រប់ចំនួននៅឡើយ។ លោក
ម៉ាវីនយ៉េវ ជាប្រធានក្រុមហ៊ុន បាននិយាយថា លោកកំពុងបន្តស្វះស្វែងរកអ្នក
វិនិយោគ ដោយមិនទាន់អាចកំណត់បានថា តើផែនការអាចសម្រេចបាននៅ
ពេលណានៅឡើយ។

"វិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យអ្នកវិនិយោគដកទុនពីការវិនិយោគនៅទីផ្សារដែលសេដ្ឋ
កិច្ចទើបងើបឡើង។នៅទ្វីបអាស៊ី ពួកគេសម្លឹងរកការវិនិយោគតែនៅប្រទេសចិន
និងឥណ្ឌាប៉ុណ្ណោះ បើទោះជាប្រទេសទាំងពីរមានស្ថានភាពតឹងតែងក៏ដោយ។
ដូច្នេះប្រទេស ដែលមានការអភិវឌ្ឍតិចតួចគឺមានប្រឈមការលំបាកក្នុងការប្រ-
មូលទុន។

ខណៈដែលក្រុមហ៊ុនទាំងពីរខាងលើមិនទាន់មានសកម្មភាពវិនិយោគអ្វីនៅឡើយ
នោះ ក្រុមហ៊ុនLeopard Capital គឺជាក្រុមហ៊ុនមូលនិធិប្រមូលទុនវិនិយោគតែ
មួយគត់ដែលកៀងគរបានប្រាក់មួយចំនួនសម្រាប់វិនិយោគនៅប្រទេសកម្ពុជា នា
ពេលបច្ចុប្បន្ននេះ។

លោកដាក់ក្លាស ក្លេតុន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Leopard Capital
ដែលបានកំណត់ថា នឹងប្រមូលទុនឲ្យបាន ១០០លានដុល្លារ នៅដំណាច់ឆ្នាំ
២០០៩នេះ បាននិយាយថា មកដល់ពេលនេះ ក្រុមហ៊ុនរបស់លោកប្រមូលបាន
មូលនិធិសរុបជាង២៨លានដុល្លារប៉ុណ្ណោះពីវិនិយោគគិននៅទ្វីបអឺរ៉ុប អាមេរិក
និងអាស៊ី ប្រហែល១០០នាក់។

លោកដាក់ក្លាសសង្ឃឹមថា នឹងអាចប្រមូលទុនបានសរុបពី ៣០លាន ទៅ៤០
លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ ដែលតិច ជាងការគ្រោងទុកយ៉ាងហោចណាស់
៦០ភាគរយ ឬស្មើនឹង៦០លានដុល្លារ។

"ខ្ញុំមិនអាចនិយាយបានថា វាងាយស្រួលប្រមូលមូលធននោះទេនាពេលនេះ
ប៉ុន្តែវាអាចធ្វើទៅបាន។ ហើយបើ ទោះជាយើងមិនអាចប្រមូលទុនបានច្រើន
ថែមទៀតក៏ដោយ ក៏មិនបញ្ហាដែរ ព្រោះយើងគឺជាមូលនិធិទី១ដែលបង្កើតបាន
ការវិនិយោគមួយចំនួន"។

សព្វថ្ងៃលោក ដាក់ក្លាស គ្រោងយកមូលធននោះ វិនិយោគលើគម្រោង៤ រួមមាន
សំណង់គេហដ្ឋាននៅខេត្តសៀមរាប ដាំស្រូវលើផ្ទៃដី៤.០០០ហិកតានៅខេត្ត
កំពង់ឆ្នាំង ផលិតស្រានិងក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីនៅខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ក្រុមហ៊ុនមូលនិធិប្រមូលទុនវិនិយោគឯកជន ជាទូទៅតែងយក
ទុនដែលពួកគេប្រមូលទៅចូលហ៊ុន វិនិយោគជាមួយក្រុមហ៊ុនជំនួញនានាដែល
កំពុងដំណើរការស្រាប់ និងមានសន្ទុះរីកចម្រើន ឬមួយពួកគេអាចយក ទុននេះ
បង្កើតជាអាជីវកម្មថ្មីមួយដោយខ្លួនឯង។ក្រុមហ៊ុនប្រភេទនេះត្រូវបង្វិលទុនដែល
ខ្លួនប្រមូលបាន និង ផលចំណេញពីការវិនិយោគឲ្យទៅម្ចាស់វិនិយោគវិញក្នុង
រយៈពេល៦ឆ្នាំ ទៅ១០ឆ្នាំ បើទោះជាការវិនិយោគរបស់ពួកគេខាតឬចំណេញ
ក៏ដោយ។

ក្រុមហ៊ុនប្រភេទនេះត្រូវអ្នកជំនាញការខាងសេដ្ឋកិច្ចចាត់ទុកថា បានដើរតួនាទី
យ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក បន្ទាប់ពីការបោះទុនវិនិយោគ
ដោយផ្ទាល់ពីបរទេស។

លោករស់ សីលវ៉ា អគ្គនាយករងនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសា-
សន៍ថា ភាពបរាជ័យក្នុងការប្រមូលទុនរបស់ក្រុមហ៊ុនមូលនិធិប្រមូលទុនវិនិ-
យោគទាំងនេះគឺជាការខាតបង់មួយផ្នែកដល់សេដ្ឋកិច្ចជាតិ ព្រោះថា បើក្រុមហ៊ុន
ទាំងអស់អាចកៀងគរទុនបានច្រើនសម្រាប់វិនិយោគ សេដ្ឋកិច្ចជាតិក៏លូតលាស់
ទៅតាមហ្នឹងដែរ។

លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចខ្មែរ ក៏យល់ឃើញដូចគ្នាដែរ
ហើយលោកនិយាយថា ប្រទេសរីកចម្រើននានា មានក្រុមហ៊ុនកៀងគរមូលធន
ច្រើនណាស់ដែលជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់ពួកគេឲ្យរីកចម្រើនកាន់តែខ្លាំង
ថែមទៀត។

ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា លោកសុផលលើកឡើងថា ក្រុមហ៊ុនមូលនិធិប្រ-
មូលមូលធនវិនិយោគជាច្រើននៅស្ទាក់ស្ទើរក្នុងការបង្កើតអាជីវកម្ម ដោយសារ
ប្រទេសនេះនៅមានចំណុចខ្សោយមួយចំនួន ដូចជាប្រព័ន្ធច្បាប់ បរិយាកាស
វិនិយោគ និងអំពើពុករលួយជាដើម។

" គឺបញ្ហាការអនុវត្តច្បាប់ ឬតុលាកាត់ក្តីមិនយុត្តិធម៌ ការសូកប៉ាន់ដើម្បីក្បត់កិច្ច
សន្យានេះជាបញ្ហាប្រឈមសម្រាប់ អ្នកវិនិយោគ"។

អង្គការតម្លាភាពអន្តរជាតិនៅឆ្នាំ២០០៨បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាឲ្យ
ស្ថិតក្នុងលំដាប់ទី១៦៦ក្នុងចំណោម ប្រទេសចំនួន១៨០ ដែលធ្វើឲ្យកម្ពុជាក្លាយ
ជាប្រទេសពុករលួយជាងគេបំផុតនៅទ្វីបអាស៊ីបន្ទាប់ពីប្រទេសភូមា ទន្ទឹមនឹង
នោះ របាយការណ៍កម្មវិធីអាជីវកម្មរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ២០១០
បានចាត់ចំណាត់ថ្នាក់ឲ្យកម្ពុជាស្ថិតក្នុងលំដាប់ ទី១៤៥ក្នុងចំណោមប្រទេស
១៨៣ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលពិបាកក្នុងការធ្វើ អាជីវកម្មបំផុត
ក្នុងតំបន់អាស៊ីអគ្នេយ៍បន្ទាប់ពីប្រទេសឡាវ។

យ៉ាងណាក៏ដោយ លោកចាន់ សុផលវាយតម្លៃថា រយៈពេល៥ឆ្នាំទៅមុខទៀត
ប្រសិនបើសេដ្ឋកិច្ចងើបឡើងខ្លាំង ក្រុមហ៊ុនមូលនិធិកៀងគរមូលធនវិនិយោគ
ជាច្រើននឹងមកវិនិយោគនៅកម្ពុជា។

ពីទីក្រុងភ្នំពេញ ខ្ញុំ រស់ សុធា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG