ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរមូលបត្រ៥ប្រទេស នៅអាស៊ីជួបគ្នានៅកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

អាជ្ញាធរទទួលបន្ទុកទីផ្សារមូលបត្រនៃប្រទេសចំនួន៥ក្នុងទ្វីបអាស៊ីបានជួបគ្នា
នៅប្រទេសកម្ពុជា ដើម្បីកសាងសមត្ថភាពរបស់ផងខ្លួន ក្នុងការត្រួតពិនិត្យ
ដំណើរការផ្សារមូលបត្រឲ្យបានជោគជ័យ។

នាង រស់ សុធា សូមជូនសេចក្តីរាយការណ៍ពិស្តារដូចតទៅ៖

អ្នកជំនាញទីផ្សារមូលបត្រសរុបជាង២០នាក់មកពីប្រទេសកម្ពុជា វៀតណាម
ឡាវ ម៉ាឡេស៊ី និង ឥណ្ឌាបានជួបជុំគ្នានៅទីក្រុងភ្នំពេញរយៈពេល៤ថ្ងៃដើម្បី
សហការគ្នាពង្រឹងតួនាទីរបស់អាជ្ញាធរត្រួតពិនិត្យផ្សារមូលបត្រ ឬ ផ្សារទុននៃ
ប្រទេសនិមួយៗ ។ ការជួបជុំគ្នានេះធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិ
ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលទើបបានបញ្ចប់ទៅនៅថ្ងៃសុក្រ
សប្តាហ៍នេះ។

នៅថ្ងៃទី១នៃអង្គសិក្ខាសាលានេះ ប្រទេសម៉ាឡេស៊ី និងឥណ្ឌា ដែលបានបើក
ដំណើរការផ្សារមូលបត្ររបស់ខ្លួនជា ច្រើនទសវត្សរ៍មកហើយនិងប្រកបដោយ
ជោគជ័យនោះ បានដើរតួជាអ្នកចែករំលែកបទពិសោធន៍ និង ផ្តល់យោបល់។
ចំណែក៣ ថ្ងៃចុងបញ្ចប់នៃសិក្ខាសាលានេះគឺជាសិក្ខាសាលាហ្វឹកហ្វាត់ពង្រឹង
សមត្ថភាពដល់អ្នកជំនាញមកពីប្រទេស៣គឺកម្ពុជា វៀតណាមនិងឡាវ ទៅលើ
ការត្រួតពិនិត្យផ្សារមូលបត្រឲ្យដំណើរការដោយជោគជ័យ។

សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងស្របពេលប្រទេសកម្ពុជាគ្រោងនឹង
បើកផ្សារមូលបត្ររបស់ខ្លួននៅខែធ្នូ ឆ្នាំ២០០៩នេះ ហើយឡាវនឹងបើកផ្សារ
មូលបត្រនៅ ឆ្នាំ២០១០ ។ ខណៈដែលផ្សារទុនអាយុជិតមួយទសវត្សរ៍របស់
ប្រទេសវៀតណាមនៅមិនទាន់ដើរដោយរលូននៅឡើយ។

លោក ចន ហ្ស៊ីនគីន ប្រធាននាយកប្រតិបត្តិនៃសមាជីវកម្មអភិវឌ្ឍន៍ឧស្សាហ
កម្មមូលបត្រម៉ាឡេស៊ី ដែលជាអ្នកសហការរៀបចំសិក្ខាសាលានេះ បានចាត់
ទុកការសិក្ខាសាលាហ្វឹកហ្វាត់នេះមានសារៈសំខាន់បំផុត ជាពិសេសសម្រាប់
ប្រទេសកម្ពុជានិងឡាវ ដែលកំពុងឆ្ពោះទៅបើកដំណើរការផ្សារមូលបត្ររបស់
ខ្លួន ព្រោះថា ប្រសិនបើប្រទេសទាំងនេះមិនមានសមត្ថភាពធ្វើឲ្យផ្សារទុនជោគ
ជ័យពីដំបូងទេនោះ ផ្សារទុនរបស់ពួកគេនឹងមិនងាយងើបក្បាលរួចឡើយ។

"ប្រសិនបើអ្នកជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដូចជាចក្រភពអង់គ្លេសនិង
សហរដ្ឋអាមេរិក ដែលមានផ្សារមូលបត្រជាច្រើនឆ្នាំមកហើយនោះ អ្នកអាចដឹង
បានពីអ្វីដែលកំពុងដំណើរការខុស។ ដូច្នេះអ្នកនឹងនិយាយថា មិនមានបញ្ហា
អ្វីទេនៅពេលអ្នកខាតបង់ប្រាក់នាពេលនេះ ហើយអ្នកនឹងវិលមកវិនិយោគសារ
ជាថ្មី។ ក៏ប៉ុន្តែប្រសិនបើអ្នកជា ប្រទេសសេដ្ឋកិច្ចទើបងើបឡើងដែលទើបមាន
ផ្សារមូលបត្រថ្មី ដែលប្រជាជនមិនទាន់ស្គាល់ច្បាស់នោះ ប្រសិនបើពួកគេជួប
បទពិសោធន៍ដ៏អាក្រក់ ពួកគេនឹងលែងមានជំនឿ ហើយនឹងមិនវិលរកទីផ្សារ
នេះទៀតឡើយ"។

ដោយសារបែបនេះហើយ លោកចន ហ្ស៊ីនគីន និយាយថា សិក្ខាសាលានេះជា
ឱកាសល្អបំផុតដែលអាចឲ្យប្រទេស ទាំង៣លើកឡើងពីបញ្ហាប្រឈមនៃដំណើរ
ការផ្សារមូលបត្ររបស់ផងខ្លួន មុននឹងឈានទៅរកការពង្រឹងសមត្ថភាពដោះ
ស្រាយបញ្ហា។

លោក ស៊ុយ សុខរស្មី មន្ត្រីនៃនាយកដ្ឋានស្រាវជ្រាវហ្វឹកហ្វាត់ និងអភិវឌ្ឍន៍ទី
ផ្សារមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជាដែលបានចូលរួមក្នុងសិក្ខាសាលា
នេះជាមួយអ្នកជំនាញការខ្មែរ៥នាក់ផ្សេងទៀត លោកនិយាយថា ក្រុមរបស់
លោកបានលើកយកបញ្ហាប្រឈមចម្បងចំនួន៤ធំៗដែលកំពុងកើតមានក្នុង
ដំណើរឆ្ពោះទៅរកការបង្កើតផ្សារទុននៅកម្ពុជាដើម្បីរកដំណោះស្រាយ។

"ទី១ គឺសមត្ថភាពគ្រប់គ្រង គឺ មនុស្សដែលជាអ្នកគ្រប់គ្រងហ្នឹងអត់ទាន់មាន
សមត្ថភាពគ្រប់គ្រាន់ទេ។ ចំនុចទី២គឺ ការពង្រឹងនូវបទដ្ឋានគតិយុត្តិរបស់យើង
គឺច្បាប់ អនុក្រិត ប្រកាស សារាចរ។ ទី៣គឺទីផ្សារ ចង់សំដៅលើទីផ្សារដែល
ដំណើរការដោយមានប្រព័ន្ធត្រឹមត្រូវ។ ហើយមួយចុងក្រោយគឺការដែលធ្វើឲ្យ
អ្នកចូលរួមក្នុងទីផ្សារមានជំនឿទុកចិត្ត លើទីផ្សារ"។

លោកស៊ុយ សុខរស្មី សង្កត់ធ្ងន់ថា ផ្សារទុនរបស់ខ្មែរអាចដំណើរការបានដោយ
រលូន លុះត្រាតែបញ្ហាប្រឈមទាំងនេះត្រូវបានដោះស្រាយ។

បញ្ហាដូចគ្នានេះក៏កើតមានផងដែរនៅប្រទេសឡាវ ។ លោកស្រី វ៉ាត់ថាណាដា
ឡាឡយ អនុប្រធានគណៈកម្មការមូលបត្រឡាវបានលើកឡើងថា ក្តីកង្វល់ធំ
បំផុតរបស់រដ្ឋាភិបាលឡាវ គឺសមត្ថភាពគ្រប់គ្រងបញ្ហារបស់គណៈកម្មការមូល
បត្រដែលទាមទារការពង្រឹងបន្ថែមធ្វើយ៉ាងណាឲ្យគណៈកម្មការនេះអាចទប់
ស្កាត់ភាពចលាចលក្នុងផ្សារមូលបត្រ ទាន់ពេលវេលា។

ប្រទេសឡាវដែលមានប្រជាជនត្រឹមជាង៥លាននាក់ គ្រោងបើកផ្សារទុនលើក
ដំបូងរបស់ខ្លួននៅខែតុលាឆ្នាំ២០១០ ដោយមានក្រុមហ៊ុនតិចជាង១០នឹងចូល
រួមលក់សន្លឹកហ៊ុនកៀងគរមូលធន។

ដោយឡែក នៅប្រទេសវៀតណាមវិញ លោកស្រី ឌួង ធីភឿង នាយករងនៃ
នាយកដ្ឋានត្រួតពិនិត្យផ្សារមូលបត្រ នៃគណៈកម្មការមូលបត្ររដ្ឋវៀតណាម
បានរៀបរាប់ថា ផ្សារមូលបត្រវៀតណាមដែលបានបើកដំបូងកាលពីឆ្នាំ២០០០
នោះ មានការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០០៦មក ។ រហូតមកដល់
ពេលនេះ ផ្សារមូលបត្រទាំងពីររបស់វៀតណាម គឺផ្សារមូលបត្រហូជីមិញនិង
ផ្សារមូលបត្រហាណូយមានក្រុមហ៊ុនចុះបញ្ជីសរុប៥០០និងមានគណនីជួញ
ដូរសន្លឹកហ៊ុនសរុប៦៧ម៉ឺនគណនី។ចំណែកតម្លៃជួញដូរវិញគឺរហូតដល់៣០០
លានដុល្លារក្នុងមួយថ្ងៃ។

ក៏ប៉ុន្តែ បើទោះជាផ្សារទុនវៀតណាមកំពុងទទួលជោគជ័យយ៉ាងធំធេងក៏ដោយ
លោកស្រីឌួង ធីភឿងនិយាយថា ផ្សារទុនរបស់រដ្ឋកុម្មុយនិស្តមួយនេះជួបប្រទះ
នឹងការអុកឡុកជាច្រើនពីអ្នកវិនិយោគ សន្លឹកហ៊ុន និងក្រុមហ៊ុនមូលបត្រ។ក្នុង
នោះមានការរំលោភបទបញ្ញតិ ដោយទិញ និងលក់ស្តុកប្រភេទតែមួយនៅក្នុង
ថ្ងៃតែមួយ ការបើកគណនីច្រើន លើសពី២នៅក្រុមហ៊ុនមូលបត្រផ្សេងគ្នាដើម្បី
បោកបន្លំ បំភាន់ បន្លំសន្លឹកហ៊ុន និង ការបញ្ជាទិញសន្លឹកហ៊ុនដោយមិនឆ្លង
កាត់ក្រុមហ៊ុនមូលបត្រជាដើម។

លោកស្រីឌួង ធីភឿងនិយាយថា បញ្ហាទាំងអស់នេះកើតឡើងដោយសារតែភាព
ទន់ខ្សោយនៃប្រព័ន្ធច្បាប់ និង ការខ្វះអំណាចរបស់គណៈកម្មាការមូលបត្រវៀត
ណាម ដែលមិនអាចចាត់វិធានការអនុវត្តដោយផ្ទាល់ចំពោះជនបោកបន្លំក្នុង
ផ្សារទុន។

ហេតុដូច្នេះ តាមរយៈសិក្ខាសាលាហ្វឹកហ្វាត់នៅប្រទេសកម្ពុជា លោកស្រីអះ
អាងថា ក្រុមការងាររបស់លោកស្រីនឹងធ្វើសេចក្តីពង្រាងថ្មីមួយដើម្បីពង្រឹង
អំណាចរបស់គណៈកម្មការមូលបត្រ។

"យើងនឹងត្រូវធ្វើសេចក្តីព្រាងពីផែនការសកម្មភាពមួយសម្រាប់ផ្សារមូលបត្រ
របស់យើងដើម្បីកសាងសមត្ថភាពគណៈកម្មការត្រួតពិនិត្យដែលអាចគ្រប់គ្រង
បញ្ហាបាន។

ខុសពីប្រទេសម៉ាឡេស៊ី ដែលបានបើកផ្សារទុនដោយជោគជ័យចាប់តាំងពីឆ្នាំ
១៩៦០មក។ ពោលគឺក្រៅពីមានប្រព័ន្ធច្បាប់ដ៏រឹងមាំហើយ គណៈកម្មការមូល
បត្រម៉ាឡេស៊ីមានសមត្ថភាពនិងអំណាចពេញលេញក្នុងការចាត់វិធានការទៅ
លើបុគ្គលិក ឬក្រុមហ៊ុនចុះបញ្ជីដែលប្រព្រឹត្តបទល្មើស។ជាក់ស្តែងយោងតាម
លោកស្រី ហ្វូ លីម៉ី នាយកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យប្រឹក្សាទូទៅនៃ
គណៈកម្មការមូលបត្រម៉ាឡេស៊ី បានឲ្យដឹងថា រហូតមកដល់ពេលនេះ គណៈ
កម្មការមូលបត្រម៉ាឡេស៊ីបានលុបឈ្មោះក្រុមហ៊ុនក្នុងស្រុកចំនួន៥ហើយចេញ
ពីបញ្ជីផ្សារទុនគឺធ្វើឡើងភ្លាមៗបន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះប្រព្រឹត្តបទ
ល្មើសណាមួយ។

ដោយឡែក នៅប្រទេសកម្ពុជា លោកស៊ុយ សុខរស្មី នៃគណៈកម្មការមូលបត្រ
កម្ពុជា បាននិយាយរបៀបស្ទាក់ស្ទើរថា ដោយសារកម្ពុជាខ្វះធនធានមនុស្សនិង
ខ្វះបទពិសោធន៍លើកិច្ចការផ្សារទុន ដូច្នេះលោកមិនទាន់ប្រាកដថា កម្ពុជាអាច
យកច្បាប់ទៅអនុវត្តលើជនល្មើសបានប្រសិទ្ធិភាពកម្រិតណានៅឡើយ។

យ៉ាងណាក៏ដោយ បញ្ហាប្រឈមទាំងឡាយដែលប្រទេសទាំង៣ កម្ពុជា វៀត
ណាមនិងឡាវបានលើកឡើងក្នុងសិក្ខាសាលានេះ មិនទាន់មានដំណោះស្រាយ
រួមណាមួយនោះទេ។

លោកឡេសលី វីលៀម អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអន្តរជាតិនៃរដ្ឋាភិបាល
អូស្ត្រាលី ដែលជាអ្នកសហការរៀបចំសិក្ខាសាលានេះដែរនោះ និយាយថា អ្នក
ជំនាញការនៃប្រទេសទាំង៣ មានពេល៣ខែក្នុងការពិភាក្សារកដំណោះស្រាយ
បញ្ហាប្រឈមរបស់ពួកគេរៀងៗខ្លួន និងបញ្ជូនដំណោះស្រាយនោះដល់ថ្នាក់លើ
របស់ពួកគេដើម្បីពិនិត្យ សម្រេច។ បន្ទាប់មក នៅខែកុម្ភៈឆ្នាំ ២០១០អ្នកជំនាញ
ដដែលនៃប្រទេសទាំងនេះនឹងជួបជុំគ្នាជាថ្មីម្តងទៀតនៅប្រទេសម៉ាឡេស៊ី ដើម្បី
លើកយកវិធីសាស្ត្ររបស់ពួកគេទៅបង្ហាញ ហើយពេលនោះប្រទេសនិមួយៗ
នឹងទទួលបានការណែនាំបន្ថែមពីអ្នកជំនាញការផ្សារមូលបត្រអន្តរជាតិ។

លោកវីលៀមបន្តថា បន្ទាប់ពីកិច្ចប្រជុំលើកទី២នៅប្រទេសម៉ាឡេស៊ី ប្រទេស
ទាំង៣នេះនឹងអាចចងក្រងផែនការសកម្មភាពមួយ ដែលជួយឲ្យអាជ្ញាធរមូល
បត្រកាន់តែមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម។

ពីទីក្រុងភ្នំពេញ ខ្ញុំ រស់ សុធា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG